កាលពីម្សិលមិញ សមាជិកសភាបក្សសង្គ្រោះជាតិបានស្បថនៅមុខប្រាសាទអង្គរវត្តថា ខ្លួននឹងធ្វើពហិការសម័យប្រជុំបើករដ្ឋសភានៅថ្ងៃនេះ ហើយសន្យាថា “មិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ”។
ដោយគណបក្សប្រឆាំងស្ថិតនៅក្នុងខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះជាផ្លូវការនូវសំឡេងភាគច្រើននៃអាសនៈរដ្ឋសភាទាំង១២៣ បាននិយាយថា សមាជិកសភា៦៨រូបរបស់ខ្លួននឹងចូលរួមសម័យប្រជុំបើករដ្ឋសភានៅព្រឹកនេះ ព្រមទាំងចូលរួមពិធីស្បថចូលកាន់តំណែង ដែលគ្រោងធ្វើនៅរសៀលថៃ្ងនេះ នៅព្រះបរមរាជវាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានចរចាគ្នារយៈពេលពីរថ្ងៃ កាលពីដើមសប្តាហ៍មុន នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាលើកចុងក្រោយ ដើម្បីបំបែកភាពទាល់ច្រកក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ដែលបក្សទាំងពីរអះអាងថា បានឈ្នះរៀងៗខ្លួន។
ប៉ុន្តែ ដោយការចរចាទាំងនោះបានជាប់គាំងដោយសារការទាមទាររបស់គណបក្សប្រឆាំងឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតី ដែលកើតមាននៅថ្ងៃបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិបាននាំសមាជិកសភាពជាប់ឆ្នោតទាំង៥៥រូបរបស់ខ្លួន និងសមាជិកសភាប្រាំបីនាក់ទៀត ដែលខ្លួនអះអាងថា គួរតែបានជាប់ឆ្នោតដែរនោះ ទៅក្រុងសៀមរាបកាលពីចុងសប្តាហ៍នេះ ហើយមានគម្រោងឲ្យពួកគេស្នាក់នៅទីនោះរហូតដល់ថ្ងៃអង្គារ។
លោក សម រង្ស៊ី បានថ្លែងកាលពីម្សិលមិញថា “ការដែលយើងមកក្រុងសៀមរាបរួមគ្នានេះ មានន័យថា យើងនឹងមិនចូលរួមសម័យប្រជុំបើករដ្ឋសភាទេ។ វត្តមានរបស់យើងនៅទីនេះបង្ហាញយ៉ាងច្បាស់ហើយ”។ លោកបានមានប្រសាសន៍អំពីការដែលសមាជិកសភាទាំងនេះបានសន្យានៅចំពោះមុខប្រាសាទពិភពលោកដ៏ល្បីឈ្មោះនេះថា “យើងប្តេជ្ញាស្មោះត្រង់ចំពោះប្រជាពលរដ្ឋ មិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រៀមខ្លួនលះបង់ជីវិតដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ និងប្រយុទ្ធប្រឆាំងចំពោះភាពអយុត្តិធម៌”។
លោក ប្រាក់ សុខុន មកពីគណបក្សប្រជាជនកម្ពុជា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថាគណបក្សរបស់លោកប្តេជ្ញាបើកសម័យប្រជុំរដ្ឋសភានៅថ្ងៃនេះ ព្រមទាំងបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការ ដោយការតែងតាំងរដ្ឋមន្ត្រី និងតួនាទីជាន់ខ្ពស់ផ្សេងៗទៀត បន្ទាប់ពីថ្ងៃនោះ។
លោកបានមានប្រសាសន៍អំពីគម្រោងនៅថ្ងៃនេះថា “បន្ទាប់ពីកិច្ចប្រជុំនេះ យើងនឹងទៅព្រះបរមរាជវាំង។ យើងនឹងស្បថចូលកាន់តំណែងនៅថ្ងៃនេះ ហើយយើងនឹងរៀបចំរចនាសម្ព័ន្ធរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋាភិបាលនៅថ្ងៃបន្ទាប់”។
អ្នកវិភាគ និងមេធាវីមិនយល់ស្របថា រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាធ្វើកិច្ចការទាំងអស់នេះ ដោយគ្មានគណបក្សប្រឆាំងចូលរួមនោះទេ។ គណបក្សប្រឆាំងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ។ ប៉ុន្តែ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាអាចធ្វើបាន ហើយនឹងធ្វើទៀតផង។ លោកបានមានប្រសាសន៍ថា “រដ្ឋធម្មនុញ្ញមិនរារាំងយើងទេ។ រដ្ឋធម្មនុញ្ញបើកផ្លូវឲ្យយើង”។
ទោះបីជាលោក ហ៊ុន សែន គំរាមបែងចែកអាសនៈរបស់គណបក្សប្រឆាំងទៅឲ្យគណបក្សប្រជាជន ប្រសិនបើគណបក្សប្រឆាំងនៅតែធ្វើពហិការនោះ លោក ប្រាក់ សុខុន និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធចាប់តាំងពីពេលនោះថា មិនអាចមានរឿងបែបនេះទេ។
ចំណែកឯលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងជាយូរមកហើយនោះ ធ្លាប់ធ្វើពហិការមិនចូលរួមការបើកសម័យប្រជុំសភាលើកដំបូង ដោយសារលទ្ធផលបោះឆ្នោតមិនត្រឹមត្រូវ ប៉ុន្តែបានប្តូរចិត្តវិញនៅនាទីចុងក្រោយ។ បន្ទាប់ពីចាញ់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតដែលមានបញ្ហាស្រដៀងគ្នានេះកាលពីឆ្នាំ២០០៨ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សដែលដាក់ឈ្មោះតាមឈ្មោះរបស់លោកនៅពេលនោះមិនទទួលយកអាសនៈរបស់ខ្លួនទេ។ ប៉ុន្តែ បន្ទាប់ពីការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃបើករដ្ឋសភានោះ គណបក្សប្រឆាំងបានផ្លាស់ប្តូរឥរិយាបថជាថ្នូរនឹងការសន្យាពីគណបក្សប្រជាជនកម្ពុជា ដើម្បីកែទម្រង់វិធានផ្ទៃក្នុងរដ្ឋសភាមួយចំនួន។ ប៉ុន្តែ ការសន្យានោះមិនដែលយកមកអនុវត្តទេ។
ដោយសមាជិកសភារបស់ខ្លួនទាំងអស់ស្ថិតនៅក្នុងក្រុងសៀមរាប លោក សម រង្ស៊ី បានបញ្ជាក់កាលពីម្សិលមិញថា រឿងនេះនឹងមិនអាចកើតឡើងម្តងទៀតបានទេ ហើយបានមានប្រសាសន៍ថា រដ្ឋាភិបាលណាមួយដែលកើតចេញពីសម័យប្រជំុបើករដ្ឋសភានៅថ្ងៃនេះ នឹងមិនស្របច្បាប់ឡើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងនឹងបន្តធ្វើពហិការរដ្ឋសភា និងធ្វើឲ្យរដ្ឋាភិបាល និងរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាមិនស្របច្បាប់ ពីព្រោះការធ្វើបែបនេះផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យមានពហុបក្ស”។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សលោកមិនទាន់សម្រេចថា តើនឹងបន្តធ្វើមហាបាតុកម្មដែលបានធ្វើឲ្យអ្នកគាំទ្រគណបក្សប្រឆាំងរាប់ម៉ឺននាក់ ចូលមកទីលានប្រជាធិបតេយ្យនៅក្នុងរាជធានីភ្នំពេញ អស់រយៈពេលបីថ្ងៃជាប់ៗគ្នាកាលពីសប្តាហ៍មុនឬយ៉ាងណាទេ នៅពេលដែលសមាជិកសភាត្រឡប់មកពីសៀមរាបវិញ នៅថ្ងៃអង្គារ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើញត្តិមួយប្រឆាំងលទ្ធផលបោះឆ្នោតនេះ ដែលញ្ញតិ្តនោះមានបំណងយកស្នាមមេដៃពីប្រជាពលរដ្ឋប្រហែល៣,២លាននាក់ ដែលបានបោះឆ្នោតជាផ្លូវការឲ្យគណបក្សសង្គ្រោះជាតិ។ លោកមានប្រសាសន៍ថា “យើងនឹងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ៣,៣លាននាក់ពីទូទាំងប្រទេស ដើម្បីបង្ហាញថា ប្រជាពលរដ្ឋភាគច្រើន ច្រានចោលលទ្ធផលបោះឆ្នោតនេះ។ ការធ្វើញ្ញត្តិនេះគឺជាវិធីមួយទៀតក្នុងការធ្វើឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមិនស្របច្បាប់”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកក៏នៅតែមានសង្ឃឹមថា ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងប្តូរព្រះទ័យរបស់ព្រះអង្គ ហើយយល់ព្រមពន្យារពេលការបើកសម័យប្រជុំសភានេះ រហូតដល់គណបក្សទាំងពីរដោះស្រាយការខ្វែងគំនិតរបស់ខ្លួននៅលើតុចរចារួចហើយសិន។ ប៉ុន្តែ សមាជិករាជវង្សានុវង្ស និងទីប្រឹក្សាស្និទ្ធនឹងស្ថាប័នព្រះមហាក្សត្របាននិយាយថា ព្រះមហាក្សត្រនឹងបើកសម័យប្រជុំសភានៅថ្ងៃនេះដូចការគ្រោងទុក៕
ប្រែសម្រួលដោយ មូល គឹមហឿន