ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កម្មកររោងចក្រកាត់ដេរចំនួនប្រាំបួននាក់ និងអ្នកគ្រប់គ្រងជនជាតិចិនចំនួនពីរនាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីកុបកម្មមួយបានផ្ទុះឡើងក្នុងចំណោមកម្មករចំនួន៣០០នាក់ ដែលតវ៉ាសុំដំឡើងប្រាក់ខែខ្ពស់ជាងនេះ និងធ្វើឲ្យស្ថានភាពការងារប្រសើរឡើង។
លោក ម៉ៅ សុវណ្ណ នាយនគរបាលសង្កាត់បានមានប្រសាសន៍ថា កម្មករនៅរោងចក្រកាត់ដេរ អេស អិល (SL Garment Factory) ក្នុងសង្កាត់ស្ទឹងមានជ័យបានទម្លាយចូលក្នុងបរិវេណរោងចក្រនៅពេលរសៀល និងបានកម្ទេចរថយន្តជាង៣០គ្រឿង ព្រមទាំងកុំព្យូទ័រ និងគ្រឿងម៉ាស៊ីនផ្សេងទៀតនៅក្នុងរោងចក្រនេះ។
លោក ម៉ៅ សុវណ្ណ បានមានប្រសាសន៍ថា “ពួកគេក៏បានប៉ះទង្គិចជាមួយនិយោជិតផ្សេងទៀតនៅក្នុងរោងចក្រនេះដែរ។ អំពើហិង្សាបានកើតឡើង ពីព្រោះមេដឹកនាំសហជីពបានញុះញង់ឲ្យកម្មករវាយទៅលើកម្មករផ្សេងទៀត ហើយនេះបានបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ”។
កម្មករមកពីរោងចក្រកាត់ដេរ អេស អិល ដែលជារបស់ជនជាតិសិង្ហបុរី ដែលផលិតសម្លៀកបំពាក់ម៉ាក Levis’s and Gap របស់អាមេរិក បាននិងកំពុងតែធ្វើកូដកម្មរយៈពេលជាងមួយខែមកហើយ ដើម្បីទាមទារប្រាក់បន្ថែមសម្រាប់អាហារថ្ងៃត្រង់ ហៅមេដឹកនាំសហជីពដែលត្រូវបានបណ្តេញចេញមកធ្វើការងារវិញ និងបណ្តេញទីប្រឹក្សាក្រុមហ៊ុនម្នាក់ចេញ ឈ្មោះ មាស សុថា ដែលតាមចោទថា បាននាំមន្ត្រីយោធាស្លៀកពាក់ស៊ីវិលទៅយាមការពាររោងចក្រនេះ។
កាលពីដើមខែនេះ ម្ចាស់រោងចក្របានយល់ព្រមចំពោះសម្បទានខ្លះក្នុងចំណោមសម្បទានរបស់កម្មករតាមលក្ខខណ្ឌថា ឲ្យបុគ្គលិកត្រឡប់មកធ្វើការវិញ។
លោក សុថា បានមានប្រសាសន៍កាលពីម្សិលមិញថា ក្នុងនាមលោកជាកូនហ៊ុនម្នាក់នៅក្នុងរោងចក្រនេះ លោកនឹងមិនចុះចេញឡើយ។ ក្រុមហ៊ុននឹងធ្វើពាក្យបណ្តឹងប្តឹងមេដឹកនាំសហជីពខ្លះ។ លោក សុថា បានបន្តថា “អំឡុងការប៉ះទង្គិចគ្នានោះ មនុស្សចំនួន១១នាក់បានរងរបួសរួមទាំងជនជាតិចិនពីរនាក់ផង ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរី [កាលពីថ្ងៃសៅរ៍] ពីព្រោះពួកគេស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ យើងនឹងបញ្ជូន [ របាយការណ៍ស្តីពីទ្រព្យសម្បត្តិដែលខូចខាតទាំងអស់] ជាមួយនឹងពាក្យបណ្តឹងមួយទៅតុលាការឆាប់ៗនេះ ដើម្បីឲ្យតុលាការចាត់ការទៅតាមច្បាប់”។
លោក ឡាយ សុផុន កម្មកររោងចក្រអាយុ៣២ឆ្នាំដែលមានវត្តមាននៅកន្លែងកើតហេតុនោះមានប្រសាសន៍ថា អំពើហិង្សាបានកើតឡើង បន្ទាប់ពីកម្មករដែលបន្តសកម្មភាពកូដកម្ម បានចាប់ផ្តើមវាយតប់គ្នាជាមួយនឹងកម្មករដែលវិលត្រឡប់មកកាន់ការងាររបស់ខ្លួនវិញ។ លោកបន្តថា “យើងត្រូវការដំណោះស្រាយមួយពីក្រុមហ៊ុន។ ពួកគេបានសន្យាប្រាប់យើងថា នឹងរកដំណោះស្រាយ ក៏ ប៉ុន្តែ មកទល់ពេលនេះពួកគេមិនបានដោះស្រាយទេ”។
លោក អាត់ ធន់ ប្រធានសម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបដិសេធថា មិនបានញុះញង់ឲ្យកម្មករប្រើអំពើហិង្សាទេ។ លោកថ្លែងថា “ យើងគ្រាន់តែជួយកម្មករ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដូច្នេះអំពើហិង្សាមិនពាក់ព័ន្ធជាមួយខ្ញុំទេ ពីព្រោះពួកគេប្រព្រឹត្តដោយខ្លួនឯង”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី