លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់ខ្លាំងៗដល់គណបក្សសង្គ្រោះជាតិដោយ សារតែគណបក្សនេះ បានធ្វើបាតុកម្មរបស់ខ្លួននៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុនរយៈពេលយូរជាងរយៈពេលកំណត់ និងបានស្តីបន្ទោសគណបក្សនេះលើករណីអំពើហិង្សា ដែលបានកើតឡើងនៅក្បែរស្ពានព្រះមុនីវង្ស និង បណ្តាលឲ្យមនុស្សស្លាប់ ។
កម្មករសំណង់អាយុ២៩ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់ ខណៈដែលកំពុងអង្គុយនៅលើម៉ូតូរបស់ខ្លួន នៅក្បែរកន្លែងប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ានៅក្នុងតំបន់ជុំវិញស្ពានព្រះមុនីវង្ស។
លោក ស ខេង បានលើកឡើងក្នុងសេចក្តីប្រកាសចេញកាលពីម្សិលមិញថា “គណបក្សសង្គ្រោះជាតិបានរំលោភច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងកិច្ចព្រមព្រៀងជាមួយសាលារាជធានី ដោយបានធ្វើការតវ៉ារយៈពេលបីថ្ងៃបីយប់ និងបានដើរក្បួននៅទីកន្លែងផ្សេងៗគ្នា ដែលស្ថិតខាងក្រៅទីលានប្រជាធិបតេយ្យ ហើយបង្កផលប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ក្នុងរាជធានីភ្នំពេញ រហូតឈានដល់មានសកម្មភាពបំផ្លិចបំផ្លាញបានកើតឡើង ពោលគឺមានការបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន និងការប្រឆាំងកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ច”។
លោក ស ខេង បានស្តីបន្ទោស “មនុស្សដែលមានគំនិតអាក្រក់មួយចំនួនតូច” រឿងប៉ះទង្គិចគ្នា ដែលធ្វើឲ្យកម្មករសំណង់ត្រូវបានបាត់បង់ជីវិត និងអ្នកផ្សេងទៀតរងរបួសធ្ងន់ ដោយបានថ្លែងបន្តថា អាជ្ញាធរគួរតែធ្វើការផ្សព្វផ្សាយខ្លឹមសារនៅក្នុងសេចក្តីប្រកាសនេះជាទូទៅ ដើម្បីបង្ការព័ត៌មានមិនពិតដែលអាចកើតមាន។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញបានទទួលលិខិតនេះហើយ ហើយនឹងអនុវត្តតាមសំណើរបស់លោក ស ខេង ដើម្បីផ្សព្វផ្សាយសេចក្តីប្រកាសនេះ។ លោកបានថ្លែងថា “ជានិច្ចកាល យើងតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ហើយយើងមិនស្ទាក់ស្ទើរនៅក្នុងការអនុវត្តបទបញ្ជាដែលយើងបានទទួលនាពេលនេះទេ”។ លោកបន្ថែមថា វិធានការសន្តិសុខត្រូវបានដាក់រួចហើយសម្រាប់ការបើកសម័យប្រជុំដំបូងនៃរដ្ឋសភានៅព្រឹកនេះ។
លោក អ៊ុច សំអុន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា លោកក៏បានទទួលលិខិតនេះផងដែរ ហើយនឹងអនុវត្តតាមការណែនាំក្នុងលិខិតនេះ។ លោកបានមានប្រសាសន៍ថា “យើងបានផ្សព្វផ្សាយលិខិតនេះទៅអាជ្ញាធរមូលដ្ឋាន និងទៅប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ដឹងពីបញ្ហានេះ”។ លោកបានបន្ថែមថា ទោះជាយ៉ាងណា លោកនឹងមិនទប់ស្កាត់នរណាម្នាក់មិនឲ្យមកកាន់រាជធានីភ្នំពេញដើម្បីចូលរួមបាតុកម្មរបស់គណបក្សប្រឆាំង ក្នុងពេលអនាគតនោះទេ។ លោកបានថ្លែងថា “យើងនឹងមិនរារាំងប្រជាពលរដ្ឋមិនឲ្យមកចូលរួមបាតុកម្មទេ ប៉ុន្តែ យើងចង់ឲ្យពួកគាត់ដឹងអំពីថា តើត្រូវដោះស្រាយបញ្ហាដែលពួកគេនឹងប្រឈមយ៉ាងណា [ប្រសិនបើការប៉ះទង្គិចគ្នាផ្ទុះឡើង] នោះ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធថា អ្នកគាំទ្រគណបក្សនេះមិនបានបំផ្លាញទ្រព្យសម្បត្តិណាមួយទេ។ លោកបានថ្លែងថា “វាមិនពិតទេពីព្រោះយើងបានធ្វើបាតុកម្មដោយសន្តិវិធី។ យើងមិនបានបំផ្លាញទ្រព្យសម្បត្តិណាមួយឡើយ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី