28 C
Phnom Penh

ញត្តិ​​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​​ កុំ​យាង​ចូល​រួម​សម័យ​ប្រជុំ​សភា​ដំបូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​​ តំណាង​របស់​អង្គការ​សង្គម​ស៊ីវិល​​ចំនួន​១០​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ព្រះ​បរម​រាជវាំង​​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិថ្វាយ​ព្រះ​មហាក្សត្រ​នរោត្តម​ សីហ​មុនី​ ស្នើ​ឲ្យ​ព្រះ​អង្គ​កុំ​យាង​ធ្វើ​​ជា​ព្រះ​រាជ​​ធិបតី​​ភាពនៅ​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង​​នៅ​ថ្ងៃ​នេះ។ ហើយសំណៅ​នៃ​ញត្តិ​ស្រដៀង​គ្នា​នេះដែរ​ដែល​មាន​​ស្នាម​មេដៃជាង​២៦០.០០០​​​ត្រូវ​បាន​ថ្វាយ​ព្រះ​មហា​ក្សត្រ​កាល​ពី​ថ្ងៃ​សៅរ៍​។

សមត្ថ​កិច្ច​បាន​រា​រំាងព្រះ​សង្ឃ​និងមន្ត្រី​សង្គម​ស៊ី​វិល​មិន​ឲ្យ​ដាក់​ញត្តិ​ថ្វាយព្រះ​មហា​ក្ស​ត្រ ន​​រោត្ត​ម សី​ហ​មុនី កាល​ពី​ម្សិល​មិញ។​​(ស៊ីវ​ ចាន់​ណា​)
សមត្ថ​កិច្ច​បាន​រា​រំាងព្រះ​សង្ឃ​និងមន្ត្រី​សង្គម​ស៊ី​វិល​មិន​ឲ្យ​ដាក់​ញត្តិ​ថ្វាយព្រះ​មហា​ក្ស​ត្រ ន​​រោត្ត​ម សី​ហ​មុនី កាល​ពី​ម្សិល​មិញ។​​(ស៊ីវ​ ចាន់​ណា​)

លោក​ ស៊ីង ពៅ អាយុ​៥៤​ឆ្នាំ​​ជា​អ្នក​គាំទ្រ​ម្នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​៤០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​​ក្បែរ​​សារមន្ទីរ​ជាតិ​កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​តាម​មើល​ការ​ដាក់​ញត្តិ​​ថ្វាយ​​ព្រះ​មហាក្សត្រ​នៅ​ព្រះ​បរម​រាជ​វាំង​បាន​និយាយ​ថា “ប្រសិន​បើ​ព្រះ​មហា​ក្សត្រ​ធ្វើ​ព្រះ​រាជ​ធិបតី​​សម័យ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​មែន​ នោះ​នឹង​​ផ្ទុយ​ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​” ។ លោក​ ស៊ីង ពៅ បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ព្រះ​មហាក្សត្រ​នឹង​ព្រះ​តម្រិះ​លើ​ខ្លឹម​សារ​របស់​ញត្តិ​នេះ​”។

ព្រះមហាក្សត្រ​​នរោត្តម​ សីហមុនី បាន​បញ្ជាក់​ពីរ​លើក​​រួច​មក​ហើយ​​ថា ច្បាប់​តម្រូវ​ឲ្យ​​ព្រះ​អង្គ​យាង​ចូល​រួម​​សម័យ​ប្រជុំ​សភា​ដំបូង​ ហើយ​បាន​ទទូច​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គំរាម​ធ្វើ​ពហិការ​សម័យ​ប្រជុំ​នេះ​ទទួល​យក​អសនៈ​របស់​​ខ្លួន​ផង​ដែរ​។​

លោក ហូ ឌី ហូ (Ho Dy Ho) ​តំណាង​ឲ្យ​ព្រះ​មហាក្សត្រ​ សីហមុនី បាន​ទទួល​​យក​ញត្តិ​កាល​ពី​ម្សិលមិញ​ ហើយ​បាន​អះ​អាង​ថា ព្រះ​មហាក្សត្រ​ទ្រង់​បាន​ទទួល​យក​ញត្តិ​ដែល​​​បាន​ថ្វាយ​កាល​ពី​ថ្ងៃ​សៅរ៍​​ដោយ​ផ្ទាល់​​។​ លោក​ ហូ ឌីហូ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ថ្វាយ​ញត្តិ​​ជូន​ព្រះ​មហាក្សត្រ​ ប៉ុន្តែ​យើង​​មិន​ទាន់​បាន​​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះ​អង្គ​នៅ​ឡើយ​ទេ​”។

លោក​ យឹម​ សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ខណៈ​ពេល​​គណបក្ស​របស់​លោក​​បាន​ជួយ​សម្រប​សម្រួល​​ថ្នាក់​ដឹកនាំ​តាម​មូលដ្ឋាន​​ ដើម្បី​ប្រមូល​ស្នាម​មេដៃ​​ជាង​២៦០.០០០​នាក់​ លើ​​ញត្តិ​កាល​ពី​ថ្ងៃ​សៅរ៍​ កម្លាំង​ជំរុញ​ឲ្យ​មាន​ញត្តិ​នេះ​គឺ​ចេញ​ពី​ប្រជាពលរដ្ឋ​សាមញ្ញ​។

លោក​បាន​មានប្រសាសន៍​ថា “វា​ជា​​គំនិត​របស់​ប្រជាពលរដ្ឋ​។ យើង​ផ្ដល់​យោបល់​ខ្លះ​ដល់​ពួក​គាត់​ពី​របៀ​ប​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ​​មហាក្សត្រ​ ហើយ​យើង​បាន​សម្របសម្រួល​ជាមួយ​នគរបាល​ ដែល​ការពារ​នៅ​តំបន់​ក្បែរ​ព្រះ​បរមរាជវាំង​”។

វត្តមាន​របស់​នគរបាល​​ក្បែរ​ព្រះ​បរម​រាជ​វាំង​មាន​ចំនួន​ច្រើន​កាល​ពី​ចុង​សប្ដាហ៍​។​ នៅ​ពេល​ប្រជាពលរដ្ឋ​ប្រហែល​២០០​នាក់​​ព្យាយាម​ដង្ហែក្បួន​ទៅ​ក្បែរ​​ព្រះ​បរម​រាជវាំង​នៅ​ម៉ោង​៨ព្រឹក​ថ្ងៃ​ម្សិលមិញ​ ដើម្បី​ថ្វាយ​ញត្តិ​​ចុង​ក្រោយ​នេះ​ ពួក​គាត់​ត្រូវ​បានរារាំង​ដោយ​​នគរ​បាល​ប្រឆាំង​កុបកម្ម​ដែល​មាន​ចំនួន​ប្រហាក់​ប្រហែល​ បាន​​ដាក់​​របាំងបិទ​​​តីរវិថី​ ស៊ីសុវត្ថិ​។

លោក​ វន ពៅ ប្រធាន​សមាគមន៍​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​​បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​រារាំង​យើង​មិន​ឲ្យ​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ ដូច្នេះ​ពួក​គេ​​ក្បត់​ព្រះ​មហាក្សត្រ​ និង​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​​”។ លោក​ វន ពៅ​ រួម​ជាមួយ​នឹង​មនុស្ស​បី​នាក់​​ផ្សេង​ទៀត​​នៅ​​ទីបំផុត​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​​កាត់​របាំង​ដើរ​ទៅ​ព្រះបរម​រាជវាំង​ដោយ​​នាំ​យក​​ញត្តិ​ទៅ​ជាមួយ​នៅ​ម៉ោង​ប្រហែល​១០ និង​៣០​នាទី​ព្រឹក​។

លោក​ ជាម យៀប អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​មានប្រសាសន៍​ថា ការ​ថ្វាយ​ញត្តិ​​កាល​ពី​ចុង​​សប្ដាហ៍​នឹង​មិន​គ្រាន់​តែ​បង្ហាញ​ពីអ​​ប្រសិទ្ធិភាព​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ការ​ព្យាយាម​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ ក្នុង​ការ​បន្ថែម​របៀប​វារៈ​របស់​​ខ្លួន​ផង​ដែរ​។

លោក​ ជាម យៀប បាន​មានប្រសាសន៍​ថា “អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​​សហគមន៍​ និង​សង្គម​​ស៊ីវិល… ៨០​ភាគរយ​ក្នុង​ចំណោម​ពួក​គេ​​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​”៕

ប្រែសម្រួលដោយ​ អ៊ួច សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស