អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់មានប្រសាសន៍កាលពីម្សិលមិញថា រយៈពេលមួយសប្តាហ៍ បន្ទាប់ពីបុរសម្នាក់ត្រូវបានបាញ់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត អំឡុងការជាប់គាំងរវាងកងកម្លាំងសន្តិសុខនិងក្រុមបាតុករនោះ ការស៊ើបអង្កេតមួយដែលថា តើនរណាជាអ្នកទទួលខុសត្រូវក្នុងករណីនេះ គឺមិនទាន់សន្និដ្ឋានបញ្ចប់ឡើយ។
លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គមានប្រសាសន៍បន្តថា “ខ្ញុំមិនមានព័ត៌មានថ្មីពាក់ព័ន្ធនឹងបញ្ហានេះទេ។ ពួកគេកំពុងធ្វើការរបស់ខ្លួន ប៉ុន្តែ ខ្ញុំមិនទាន់ទទួលបានព័ត៌មានណាមួយទេ”។
កាលពីថ្ងៃទី១៥ ខែកញ្ញា នៅចុងបញ្ចប់ថ្ងៃទី១នៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលប្រឆាំងនឹងលទ្ធផលឆ្នោតផ្លូវការ ហើយកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារមកលើក្រុមបាតុករមួយក្រុម និងអ្នកធ្វើដំណើរដែលមានកំហឹងដោយសារការដាក់របាំងលួសបន្លា បិទផ្លូវមិនឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញបាន។ អ្នកយកព័ត៌មាននៅកន្លែងហេតុការណ៍នោះ បានធ្វើជាសាក្សីថា កងកម្លាំងនគរបាលបង្ក្រាបកុបកម្ម និងកងរាជអាវុធហត្ថបំពាក់ដោយឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងអាវុធផងដែរ។
ទោះជាយ៉ាងណា នគរបាលបានច្រានចោលម្តងហើយម្តងទៀតថា កងកម្លាំងសន្តិសុខមិនមានអាវុធទេ ការប៉ះទង្គិចគ្នានោះចុងបញ្ចប់បណ្តាលឲ្យ លោក ម៉ៅ សុខចាន់ ស្លាប់ដោយសារត្រូវបាញ់ចំក្បាល។ អ្នកជំនាញផ្នែកសន្តិសុខបានលើកឡើងកាលពីសប្តាហ៍មុនថាមិនមានអ្វីសង្ស័យទេ ដែលថា កងកម្លាំងសន្តិសុខមានកំហុសក្នុងអំពើហិង្សានោះ។
លោក ម៉ៃខល ស្កុត (Michael Scott) ជាសាស្ត្រាចារ្យមួយរូបប្រចាំសាកលវិទ្យាល័យ ច្បាប់វីស្ខន់សិន និងជាអ្នកជំនាញផ្នែកយុទ្ធសាស្ត្រគោលនយោយបានលើកឡើងតាមរយៈអ៊ីម៉េលថា “ការប្រើប្រាស់កម្លាំងដ៏គ្រោះថ្នាក់បែបនេះគឺមិនត្រឹមត្រូវឡើយក្នុងការឆ្លើយតបចំពោះការប្រើប្រាស់កម្លាំងមិនប្រកបដោយគ្រោះថ្នាក់នោះ ដែលភាគច្រើនការចោលដុំថ្មត្រូវបានចាត់ទុកថា ជាកម្លាំងមិនប្រកបដោយគ្រោះថ្នាក់ទេ” ។
លោកមានប្រសាសន៍បន្តថាទោះបីប្រជាពលរដ្ឋបានប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់ក៏ដោយ ក៏កងកម្លាំងសន្តិសុខមិនគួរជាប់ពាក់ព័ន្ធក្នុងការ “ប្រើប្រាស់កម្លាំងដ៏គ្រោះថ្នាក់ដែរ ហើយគួរតែមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ក្នុងក្រុមមនុស្សនោះរងរបួសឡើយ” ដោយបន្ថែមថា សកម្មភាពរបស់នគរបាលបានបង្ហាញថា “មានវិសមាមាត្រកម្លាំង” ចំពោះការចោលដុំថ្មដោយក្រុមបាតុករ។
លោក ផល ថោនសិន (Paul Townsend) អ្នកប្រឹក្សាយោបល់ ក្រុមហ៊ុន ក្រោនឌីណាមិក (Crowd Dynamics) ជាក្រុមហ៊ុនមួយរបស់ប្រទេសអង់គ្លេសដែលផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល និងជាអ្នកផ្តល់គម្រោងសុវត្ថិភាពលើព្រឹត្តិការធំៗបានលើកឡើងថា ការបាញ់កាំភ្លើងឡើងលើគឺទំនងជាធ្វើឲ្យក្រុមបាតុករភ័យស្លន់ស្លោជាជាងធ្វើឲ្យពួកគេស្ងប់ស្ងាត់។ លោកថ្លែងបន្តថា “ក្នុងករណីធ្វើឲ្យក្រុមមនុស្សស្ងប់ស្ងាត់ ដោយផ្តល់ព័ត៌មានជាចាំបាច់បំផុតដល់ពួកគេតាមដែលអ្នកអាចធ្វើបាន ហើយការបាញ់កាំភ្លើងឡើងលើ មិនអាចធ្វើឲ្យពួកគេស្ងប់ស្ងាត់បានឡើយ”។
លោក ថោនសិន មានប្រសាសន៍បន្ថែមថា អាជ្ញាធរគួរតែផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋជាមុន អំពីការដាក់របាំងលួសបន្លាណាមួយនៅក្នុងទូទាំងរាជធានីនោះ និងការបិទផ្លូវនៅស្ពាននេះផងដែរ។ លោក ថោនសិន បានថ្លែងបន្ថែមទៀតថា “វាជាការសំខាន់ ត្រូវតែទទួលព័ត៌មានពីក្រុមប្រជាពលរដ្ឋនោះឲ្យបាន ហើយត្រូវធ្វើឲ្យបានមុនប្រជាពលរដ្ឋនៅក្នុងក្រុមមនុស្សនោះផ្លាស់ប្តូរចិត្ត”។
លោក ចាន់ សុវ៉េត អនុប្រធានកម្មវិធីឃ្លាំមើលអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា កងកម្លាំងសន្តិសុខនៅប្រទេសកម្ពុជាគឺមានការហ្វឹកហាត់ខ្សោយណាស់អំពីការគ្រប់គ្រងក្រុមមនុស្ស ជាពិសេសអំឡុងពេលមានបាតុកម្ម។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍បន្តថា “នៅពេលណាដែលភ្នាក់ងាររដ្ឋាភិបាល បានប្រើប្រាស់កម្លាំងយ៉ាងច្រើនលើសលប់ក្នុងការបង្ក្រាបក្រុមបាតុករ និងអ្នកតវ៉ាដីធ្លីនោះ…ពួកគេមិនដែលទទួលខុសត្រូវចំពោះជនរងគ្រោះ ដែលបានបាត់បង់ជីវិតនោះឡើយ”។
ស្ថានភាពស្រដៀងគ្នានេះដែរ បានកើតឡើងកាលពីខែឧសភា ឆ្នាំ២០១២ នៅក្នុងខេត្តក្រចេះ នៅពេលកងកម្លាំងសន្តិសុខដែលបំពាក់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលភូមិប្រមា ដើម្បីបញ្ឈប់ការតវ៉ាដីធ្លីមួយ ហើយក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់ត្រូវបាញ់ស្លាប់នៅពេលនោះ។ ក្រោយមកក្រុមមន្ត្រីបានលើកឡើងថា ការបាញ់ប្រហារនោះគឺជាឧបទ្ទវហេតុមួយ ហើយថា មិនមានការស៊ើបអង្កេតចាំបាច់ណាមួយក្នុងករណីនោះទេ។
លោកឧត្តមសេនីយ៍ទោ ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានការពារការហ្វឹកហ្វឺនរបស់កងកម្លាំងនគរបាល។ លោកមានប្រសាសន៍បន្តថា “ប៉ុន្តែ នៅក្នុងព្រឹត្តិការណ៍ខ្លះយើងមិនអាចជៀសវាងពីការបង្ក្រាបដោយប្រើកម្លាំងប្រដាប់អាវុធច្រើននោះទេ។ ឧបទ្ទវហេតុដូច្នោះ មិនអាចព្យាករបានឡើយ។យើងមិនចង់ឃើញមានការស្លាប់ណាមួយដែលជាលទ្ធផលនៃការប៉ះទង្គិចគ្នារវាងកម្លាំងប្រដាប់អាវុធ និងក្រុមបាតុករឡើយ”។ លោកបានអះអាងម្តងទៀតថា មិនមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យនោះមានអាវុធឡើយ។
យ៉ាងណាមិញ អ្នកស្រី ជាវ សុខវី ភរិយាសពលោក ម៉ៅ សុខចាន់ បាននិយាយកាលពីម្សិលមិញថា រដ្ឋាភិបាលត្រូវតែស្វែងរក និងកាត់ទោសឃាតករ ដែលបានសម្លាប់ប្តីរបស់អ្នកស្រី។ អ្នកស្រី ជាវ សុខវី និយាយបន្តថា “វាមានរយៈពេល៧ថ្ងៃមកហើយ ហើយនៅមិនទាន់មាននរណាម្នាក់មកសួរខ្ញុំ ឬប្រាប់ខ្ញុំអំពីអ្វីមួយអំពីការស៊ើបអង្កេតនោះទេ”៕
(រាយការណ៍បន្ថែមដោយ Ben Wood
និង អ៊ាងម៉េងឡេង)
ប្រែសម្រួលដោយ ឃិន ណៃ