យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានបានដឹងថា ទាហានអាមេរិក ដែលមិនទាន់រកឃើញ អំឡុងសម័យសង្គ្រាមវៀតណាម បន្ទាប់ពីបានបាត់ខ្លួនក្នុងបេសកកម្មរបស់ខ្លួន ដោយសារតែយន្តហោះរបស់ទាហានរូបនោះត្រូវបានបាញ់ទម្លាក់នៅខេត្តមណ្ឌលគិរី ក្បែរព្រំប្រទល់រវាងប្រទេសកម្ពុជា និងវៀតណាម កាលពីឆ្នាំ១៩៦៤ ត្រូវបានរកឃើញហើយ។
ពលបាលអាមេរិកឈ្មោះ ឡរែនវូត(Lawrence Woods) កើតក្នុងឆ្នាំ១៩២៥ នៅទីក្រុង ក្លាកវីល រដ្ឋថិនណេស៊ី កាលនោះមានអាយុ៣៨ឆ្នាំ ធ្វើការនៅក្នុងផ្នែកកម្លាំងទ័ពអាកាសពិសេសទី៥ និងជាសមាជិកក្រុមបេសកកម្មមួយមានគ្នាប្រាំបីនាក់ ដែលត្រូវបានវាយប្រហារដោយកងកម្លាំងរបស់សត្រូវនៅពេលក្រុមការងារនេះកំពុងតែបំពេញបេសកកម្មផ្គត់ផ្គង់បន្តផ្នែកអាកាស ពីទីក្រុងណាត្រាង ទៅកាន់តំបន់មួយនៅក្បែរព្រំដែនវៀតណាមកម្ពុជា នេះបើយោងតាមកំណត់ហេតុផ្លូវការ។
យន្តហោះ ហ្វ៊ែឆាល សេ១២៣ ប្រូវ៉ាយឌ័រ (Fairchild C123 Provider) បានធ្លាក់នៅក្នុងទឹកដីកម្ពុជា និងត្រូវបានបំផ្លិចបំផ្លាញទំាងស្រុងដោយសារភ្លើងឆេះ លើកលែងតែនៅផ្នែកកន្ទុយនៃយន្តហោះ ហើយមិនមានឆត្រយោងត្រូវបានគេមើលឃើញហោះចេញពីយន្តហោះទេ។ បេសកកម្មស្វែងរកក្រោយពេលយន្តហោះបានធ្លាក់ ទទួលបានលទ្ធផលដែលបង្ហាញថា សាកសពចំនួនប្រាំពីរត្រូវបានរកឃើញ ក៏ប៉ុន្តែ សាកសពរបស់ពលបាល ឡរែន វូត នៅតែរកមិនឃើញ។
កុមារី លីសា ហ្សីម៉ាន់ស្គី (Lisa Szymanski) ដែលកាលពីពេលនោះនាងមានអាយុ១៣ឆ្នាំ នៅពេលឪពុករបស់នាងបានទៅប្រទេសវៀតណាម បានប្រាប់ទីភ្នាក់ងារព័ត៌មាន អាសូស៊ីអេតធីត ប្រេស (Associated Press) ថា “ពួកគេមិនអាចរកសំណល់ឪពុករបស់ខ្ញុំឃើញទេ ពីព្រោះគាត់បាននៅផ្នែកខាងក្រោយនៃយន្តហោះនោះ ហើយនៅផ្នែកខាងក្រោយនៃយន្តហោះនោះហើយដែលជាផ្នែកផ្ទុះ”។ នាងបាននិយាយបន្តទៀតថា ទោះបីជាទទួលបានដំណឹងអំពីហេតុការណ៍ធ្លាក់យន្តហោះនោះក៏ដោយ ក៏ការរកមិនឃើញសាកសពបានផ្តល់ក្តីសង្ឃឹមដល់គ្រួសាររបស់នាង ពោលគឺគ្រួសាររបស់នាងមានសង្ឃឹមថា ពលបាលរូបនោះត្រូវបានចាប់ធ្វើជាទណ្ឌិតពន្ធនាគារនៃសង្គ្រាមនោះ។
ព័ត៌មានលម្អិតទាក់ទងទៅនឹងពេលវេលា និងរបៀបស្វែងរកសំណល់ផ្សេងតាមស្ថានភាពជាក់ស្តែង ឬក៏ស្ថានភាពច្បាស់លាស់នៃលទ្ធផលស្វែងរក នៅពេលនោះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរសំណួររបស់អ្នកសារព័ត៌មានទៅទីបញ្ជាការគណនេយ្យរួមអាមេរិក POW/MIA (JPAC) នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ក៏ប៉ុន្តែ ស្ថាប័ននេះមិនបានឆ្លើយតបទៅនឹងសំណួរទាំងនោះទេ។
ក៏ប៉ុន្តែ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានមួយ នៅស្រុកកំណើតរបស់ពលបាល ឡរែន វូត អ្នកស្រី ហ្សីម៉ាន់ស្គី បានទទួលដំណឹងថា ភ័ស្តុតាង ឌីអិនអេ (DNA) ទទួលបានពីសមាជិកគ្រួសារ នៅដំណាក់កាលដំបូងនៃការស៊ើបអង្កេត បានបង្កើតអត្តសញ្ញាណរបស់សាកសព។
លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តមណ្ឌលគិរី បានឲ្យដឹងកាលពីម្សិលមិញថា នគរបាលមិនបានដឹងអំពីប្រតិបត្តិការស៊ើបអង្កេតថ្មីៗនៅក្នុងតំបន់នោះទេ ហើយមិនបានដឹងអំពីសេចក្តីរាយការណ៍ទាក់ទងនឹងសំណល់ដែលកំពុងតែត្រូវបានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះទេ ក៏ប៉ុន្តែ អាចនិយាយបានថា សាកសពត្រូវបានរកឃើញកាលពីពេលមុន។ លោកមានប្រសាសន៍ថា “កាលពីឆ្នាំ២០០៤ អ្វីដែលនៅសល់របស់ទាហានអាមេរិក ត្រូវបានរកឃើញនៅទីនេះ ក៏ប៉ុន្តែ វាមិនមែនជាសាកសពទេ គ្រាន់តែជាបំណែកតូចៗនៃឆ្អឹងប៉ុណ្ណោះ”។
ករណីធ្លាក់យន្តហោះក្នុងឆ្នាំ១៩៦៤ បានកើតឡើងនៅពេលសង្គ្រាមវៀតណាមចាប់ផ្តើម ដោយមានពលបាល ឡរែន វូត និងកងកម្លាំងទ័ពអាកាសពិសេសទី៥របស់ខ្លួន ដែលជាផ្នែកមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើចម្បាំងគ្មានការព្រមព្រៀង និងដែលស្ថិតក្នុងចំណោមកម្លាំងទាហានបង្ក្រាបសហរដ្ឋអាមេរិកដំបូងៗ ដែលបានប្តេជ្ញាចំពោះយុទ្ធនាការនេះ។
ភាគច្រើនក្នុងចំណោមទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅកម្ពុជា គឺជាទាហានទ័ពអាកាស ហើយយន្តហោះរបស់ពួកគេត្រូវបានបាញ់ទម្លាក់ ក្នុងសង្គ្រោម អំឡុងពេលមានការវាយប្រហារដោយគ្រាប់ បែកទៅលើកម្លាំងដឹកជញ្ជូនទីក្រុងហូជីមីញ កាត់តំបន់ភាគខាងកើតនៃប្រទេសកម្ពុជា និងជាប្រព័ន្ធផ្គត់ផ្គង់ដ៏សំខាន់សម្រាប់វៀតណាមខាងជើង។
បេសកកម្មដំបូងក្នុងការស្វែងរកទាហានបាត់ខ្លួនប្រតិបត្តិការក្នុងសង្គ្រាម ក្នុងប្រទេសកម្ពុជា ត្រូវបានអនុវត្តក្នុងខែកក្កដាឆ្នាំ១៩៩០ ។ តាំងពីពេលនោះមក ទាហានអាមេរិក២៨នាក់ត្រូវបានរកឃើញដោយក្រុមអ្នករុករក JPAC ក៏ប៉ុន្តែ ទាហានអាមេរិក៥៣នាក់ទៀតនៅតែមិនទាន់ត្រូវបានរកឃើញ៕
ប្រែសម្រួលដោយ កង សុធា