35 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ប្ដេជ្ញា​ធ្វើ​ពហិការមិន​ចូល​រួម​ប្រជុំ​សភា​ ហើយ​នឹង​ធ្វើ​បាតុកម្ម​បន្តទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​កា​រ​បើក​​សម័យ​ប្រជុំ​សភា​ដំបូង​ដែល​មាន​តែ​សមាជិក​សភា​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួម​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា ខ្លួន​នឹង​​នៅ​តែ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ ហើយ​ប្រើ​មហា​បាតុ​កម្ម​ជា​មធ្យោបាយ​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិ​បាល​ឲ្យ​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​ ដើម្បី​ស្វែង​រក​ “យុត្តិធម៌” បន្ទាប់​ពី​ខ្លួន​បាន​អះអាង​ថា ការ​បោះឆ្នោត​ជាតិ​មាន​ការ​​លួច​បន្លំ​នោះ​។

បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទូល​ថ្វាយព្រះ​មហាក្សត្រ​​​នរោត្តម​ សីហមុនី ឲ្យ​ពន្យារ​ពេល​នៃ​ការ​បង្កើត​រដ្ឋសភា​ថ្មី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​​លើក​ក្រោយ​ៗ​ប្រឆាំង​រដ្ឋាភិបាល​​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ ហើយ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា លោក​ និង​លោក​ កឹម​ សុខា អនុប្រធាន​បក្ស​​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បង្កើន​ការ​ដាក់​​សម្ពាធ​​​ពី​អន្តរ​ជាតិ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​តែ​រៀប​ផែនការ​ ដើម្បី​ប្រមូល​អ្នក​គំាទ្រ​ឲ្យ​បន្ត​ធ្វើ​បាតុកម្ម​​ដោយ​សន្ដិវិធី​​បន្ត​ទៀត​ ហើយការ​បដិសេធ​មិន​គោរព​ច្បាប់​រដ្ឋ​ដោយ​កម្លាំង​មហាជន​តាម​សន្ដិវិធីក៏​អាច​ត្រូវ​ធ្វើ​ដែរ​ ប្រសិន​បើ​ស្រប​ច្បាប់​”។​ លោក​ សម រង្ស៊ី បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ​ “ទាំង​វិធាន​ការ​​ក្នុងប្រទេស​​ និង​ក្រៅ​ប្រទេស​” ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។

លោ​ក សម រង្ស៊ី បានមានប្រសាសន៍​បន្ត​ថា “យើង​មាន​អ្នកគាំទ្រ​ទូទាំង​ពិភព​លោក​ ហើយ​យើង​នឹង​ស្នើ​ឲ្យ​សហគមន៍​ខ្មែរ​នានា​ឲ្យ​ជួយ​បញ្ចុះ​បញ្ចូល​​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​ ហើយ​លោក​​ កឹម សុខា​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រ​ទេស​​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ខាង​មុខ​នេះ​”។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ធ្វើ​បាតុកម្ម​លើក​ក្រោយ​របស់​ខ្លួន​ក៏​ដោយ ក៏​ខ្លួន​គិត​ថា បាតុ​កម្ម​លើក​ក្រោយ​នឹង​មាន​​ការ​ចូល​រួម​ពី​អ្នក​​គាំទ្រ​យ៉ាង​ច្រើន​ ដែលមិន​អាច​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​​កន្លែង​ដែល​​មហាបាតុកម្ម​លើ​ក​មុនៗត្រូវ​​បាន​ធ្វើ​ឡើង​បាន​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​​នឹង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​ [លើ​ក​ក្រោយៗ] ប៉ុន្តែ​ខ្ញុំ​គិត​ថា ទីធ្លា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​​គឺ​មិន​អាច​ផ្ទុក​អ្នក​គំាទ្រ​បាន​ឡើយ​​សម្រាប់​មហាបាតុកម្ម​លើក​​ក្រោយ​ៗ​នេះ។ យើង​អាច​រៀប​ចំបាតុកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា​វិញ​”។

លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​​របស់​គណបក្សសង្គ្រោះ​ជាតិ​បាន​មាន​ប្រសា​សន៍​ថា គណបក្ស​ប្រឆាំង​នឹង​​រិះរក​​ជម្រើស​ផ្សេង​ៗ​សម្រាប់​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ដើម្បី​ចូល​រួម​ប្រជុំ​សភា​ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ការ​ធានា​ថា អំណាច​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ​ក្រោយ​​​នេះ​ នឹង​ត្រូវមាន​ការ​ចែក​រំលែក​ជាមួយ​​គណ​បក្ស​ប្រឆាំង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ទាម​ទារ​អប្បបរមា​ [របស់​យើង]​ គឺ​ថា យ៉ាង​ហោច​ណាស់​គណបក្ស​ប្រជាជន​កម្ពុជា​គួរ​តែ​ទទួល​ស្គាល់​យើង​ថា​ជា​អ្នក​ឈ្នះ​ស្នើគ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​លើក​ក្រោយ​នេះ​ ហេតុ​ដូច្នេះ​យើង​អាច​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ជាមួយ​គ្នា​ ដោយ​មិន​ធ្វើ​ឲ្យ​ពួក​គេ​ស្រប​ច្បាប់​ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ៗ​អាក្រក់​ៗដូច​មុន​ទៀត​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ផ្ដល់​សិទ្ធិ​ទាំង​ស្រុង​នៅ​ក្នុង​រដ្ឋសភា​មក​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​​ គឺ​ជា​សម្បទាន​មួយ​ ដែល​គណ​បក្ស​សង្គ្រោះ​​ជាតិអាច​ទទួល​យក​​បាន​។

លោក សុន ឆ័យ​ បាន​ថ្លែង​ថា ការ​ទទួល​យក​​អ្វី​មួយ​តិច​តួច​​ជា​ថ្នូរ​​នឹង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​ ដែល​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដឹកនាំ​ប្រទេស​ត​ទៅ​មុខទៀត​នោះ​ នឹង​អាច​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​ការ​​រិះគន់​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ ប្រសិន​បើ​ទុក​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ធ្វើ​ការ​សម្រេ​ច​ចិត្ត​អ្វី​ដោយ​ខុស​ច្បាប់​​នៅ​អាណត្តិ​៥​ឆ្នាំ​ក្រោយ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​រដ្ឋាភិបាល​​​នៅ​តែ​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​​កម្ពុជា​ ហើយ​រដ្ឋ​សភា​​នៅ​តែ​ធ្វើ​អ្វីៗ​តាម​ដែល​លោក​ ហ៊ុន សែន​ ចង់​ អ៊ីចឹង​​យើង​មិន​អាច​ធ្វើ​អ្វីៗ​បាន​ឡើយ​ [ក្នុង​នាម​ជា​គណបក្ស​ប្រឆាំង]។

នៅ​ក្នុង​កិច្ច​ចរចា​ចំនួន​ពីរ​លើក​កាល​ពី​សប្ដាហ៍​មុន​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​​ព្រម​ព្រៀង​ជា​គោល​ការណ៍​​ដោយ​ព្រម​​ធ្វើ​កំណែ​ទម្រង់​​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ជា​សម្បទាន​មួយ​ដែល​លោក​ សុន ឆ័យ​ និយាយ​ថា មិន​គ្រប់​គ្រាន់​នឹង​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ឃើញ​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ពេញ​ចិត្ត​នោះ​ទេ​។

លោក​ សុន ឆ័យ​ បាន​ថ្លែង​បន្ថែម​​ថា “គ្មាន​​ការ​ព្រម​ព្រៀង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​អាច​ផ្ដល់​ក្ដី​សង្ឃឹម​ និង​ទំនុក​ចិត្ត​​ដល់​សាធារណជន​ [ ដែលថា ​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​មាន​អំណាច​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ]។ ហេតុ​​ដូច្នេះ​ខ្ញុំ​គិត​ថា យើង​នឹង​មិន​ចូលរួម​ [ក្នុង​រដ្ឋាភិបាល] ​ឡើយ​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​​គ្មាន​អ្វី​ដែល​អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ក្ដី​សង្ឃឹម​នោះ​។ យើង​ [នឹង​​] ទុក​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ខុស​ត្រូ​វ​ទាំង​ស្រុង​”។

លោក​ ព្រាប កុល​ នាយក​ប្រតិបត្តិ​អង្គ​ការ​តម្លាភាព​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រហែល​ជា​​មិន​មាន​ឱកាស​ទទួលបាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​កិច្ច​ចរចា ដោយ​ធ្វើ​ពហិការ​មិន​ចូល​រួម​សម័យ​ប្រជុំសភា​ដំបូង​ក៏​ដោយ​ ក៏​ជំហរ​​ដ៏​រឹង​មាំ​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​​​នៅ​តែ​ធ្វើ​ឲ្យ​គណបក្សសង្គ្រោះ​ជាតិ​​ទទួល​បាន​ការ​គំាទ្រ​បន្ថែម​​ក្នុង​ចំណោម​អ្នក​គំាទ្រ​របស់​ខ្លួន​ដែរ​។

លោក​ ព្រាប​ កុល​ បាន​ថ្លែង​ថា “គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​​សមាជិក​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ហេតុ​ដូច្នេះ​ហើយ​គណបក្ស​នេះ​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង​នយោបាយ​របស់​ខ្លួន​​ជាមួយ​អ្នក​គាំទ្រ​​នៅ​តាម​មូល​ដ្ឋាន​ ហើយ​នឹង​បន្ត​ប្រើ​ប្រាស់​​ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​គំាទ្រ​ ដើម្បី​ធ្វើ​ឲ្យ​ការ​​ទាម​ទារ​របស់​ខ្លួន​មាន​ជាប់​ពាក់​ព័ន្ធ​និង​មាន​ឥទ្ធិពល​​លើ​របៀប​វារៈ​របស់​ខ្លួន​នៅ​ពេល​​ខាង​មុខៗ​ទៀត​”។ លោក​បាន​បន្ថែម​ថា កំណែ​ទម្រង់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ទំនង​​ជា​មិន​ប្រែប្រួល​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​លំបាក​ណាស់​នៅ​ក្នុង​ការ​ព្យាករណ៍​ពី​ជំហរ​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​ឥឡូវ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​​ព្រម​ចូល​រួម​​សម័យ​ប្រជុំ​​សភា​ដំបូង​នៅ​ក្នុង​ថ្ងៃ​នេះ​ ប៉ុន្តែ​ខ្ញុំ​​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​កំណែទម្រង់​​លើក​មុនៗរបស់​ខ្លួន​ខ្លះ​ៗ​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​នយោបាយ​របស់​ខ្លួន​អាច​រស់​រាន​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​”។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​បាន​លើក​ឡើង​ថា ការ​គិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា ​ធ្វើ​ការ​​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋ​សភា​អាច​នឹង​ធ្វើ​ឲ្យ​​ការ​បោះ​ឆ្នោតលើក​​ក្រោយ​ៗ​​បរាជ័យនោះ​​ នឹង​រារាំង​មេដឹកនាំ​របស់​ខ្លួន​មិន​ឲ្យ​ទទួល​​បាន​​អ្វី​ក្រៅ​តែ​ពី​​អំណាច​នៅ​ក្នុង​រដ្ឋសភា​ឡើយ​។

លោក​ស្រី​បាន​ថ្លែង​ថា វា​ហាក់​បី​ដូច​​ជា​ គណបក្ស​សង្គ្រោះ​ជាតិ​​ ជា​ពិសេស​អ្នក​គំាទ្រ​របស់​ខ្លួន​ព្រួយ​បារម្ភ​ជ្រុល​ពេល​​ថា តើ​ខ្លួន​នឹងត្រូវ​​ជ្រើស​រើស​​​ឲ្យ​ចូល​ជា​សមាជិក​និង​គ្រប់​គ្រង​យ៉ាង​ដូចម្ដេច​​​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​”។ លោក​ស្រី​ ជា វណ្ណាត បានមាន​ប្រសា​សន៍​​បន្ថែម​ថា “ពួក​គេ​គួរ​តែ​មាន​ទំនុក​ចិត្ត​និង​បន្ត​​ការងារ​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត​ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​សម្រេច​​វាសនា​របស់​ខ្លួននៅ​អាណត្តិ​ប្រាំ​ឆ្នាំ​ក្រោយ​។ ពួក​គេ​ចាំ​បាច់​ត្រូវ​តែ​ចាប់​​ផ្ដើម​ដើរ​តួនាទី​យ៉ាង​សកម្ម​ សំខាន់​ និង​ចំាបាច់​នៅ​ក្នុង​ការ​ចែក​រំលែក​អំណាច​​”៕

ប្រែសម្រួលដោយ​ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស