28 C
Phnom Penh

ទឹក​ជំនន់បណ្តាល​ឲ្យ​មនុស្ស​ប្រាំពីរនាក់​បាត់បង់ជីវិត នឹងកំពុងបន្តការគំរាមកំហែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យដឹងកាលពីម្សិលមិញថា ទឹក​ជំនន់ទូទាំងប្រទេស​ បច្ចុប្បន្ន បាន​សម្លាប់​ប្រជា​ជន​ប្រាំបីនាក់ហើយ ក្នុងនោះ​មានកុមារ​បួន​​​នាក់ បើគិតតាំងពី​ទឹកបាន​កើនឡើង​ដល់​កម្រិត​កម្ពស់​ត្រូវប្រកាសអាសន្ន នៅតំបន់​មួយ​ចំនួន​កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទឹកជំនន់​កំពុង​តែបង្កផល​ប៉ះពាល់​ដល់​ខេត្ត​ចំនួនប្រាំពីរ ហើយអាជ្ញាធរ​បាន​ជម្លៀស​ប្រជា​​​ជន​ជាច្រើន​រយ​គ្រួសារ​នៅទូទាំង​ប្រទេស​រួច​ហើយ។

​លោក កែវ វី ​អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាននៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​​​​មហន្តរាយ​ បាន​មានប្រ​សាសន៍ថា “គិត​​​ពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ ប្រជាជន​ប្រាំពីរ​នាក់​បានស្លាប់​ ដោយសារ​ទឹក​ជំ​នន់”។

លោក ឈិន ឆាយទី លេខា​គណៈ​កម្មាធិ​ការ​គ្រប់គ្រង​គ្រោះមហន្តរា​យខេត្ត​កំពង់ចាម បាន​ឲ្យដឹងផងដែរថា ​ម្នាក់ក្នុងចំណោម​ប្រជា​​​ជន​ដែល​បាន​បាត់បង់ជីវិត​ គឺជាក្មេងប្រុស​អាយុ​​​១៥ឆ្នាំ ដែលបានលង់ទឹក​នៅពេល​លំនៅដ្ឋាន​របស់ជនរងគ្រោះ​​ នៅក្នុង​ឃុំកំពង់រាប ត្រូវ​​​បាន​​​ទឹក​ជន់លិច។ លោកបាន​ឲ្យដឹង​បន្ថែម​ទៀតថា ​កុមារី​អាយុ៨ឆ្នាំម្នាក់ ក៏បានលង់ទឹកដែរ  បន្ទាប់ពី​បាន​ធ្លាក់ចូលទៅក្នុងទឹក នៅ​មុខ​លំនៅដ្ឋានរបស់​នា​ង នៅ​ឃុំ ព្រែកតាណុង ​ស្រុក កោះ​​​សូ​​​ទិន​​​ កាលពីថ្ងៃអាទិត្យ។

លោកវី បាន​ឲ្យដឹង​បន្តទៀតថា នៅខេត្ត​ឧត្តរមានជ័យ​​ បុរសអាយុ៧០​ឆ្នាំម្នាក់​​​បាន​​​លង់​​​ទឹក នៅពេល​ធ្លាក់ពីលើស្ពាន ចូលទៅ​​​ក្នុងទឹក​​​ជំនន់នៅស្រុក​អន្លង់​វែងកាលពីថ្ងៃអាទិត្យ។ បុរស​ម្នាក់​ទៀត​អាយុ​៥០ឆ្នាំ ក៏បាន​ស្លាប់​កាល​​​​​​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ផង​ដែរ​ បន្ទាប់​ពី​ផ្ទុះសេខ្សែភ្លើង​ ដោយសារ​រន្ទះបាញ់ ចូល​​​ក្នុង​លំនៅដ្ឋា​ន​របស់​គាត់ ​ហើយ​ក៏បាន​​​ដាច់​ធ្លាក់ចូល​ក្នុងទឹក​ ជាហេតុ​បណ្តាល​ឲ្យ​​​គាត់​ត្រូវ​ឆក់ចរន្តអគ្គិសនី នៅ​ស្រុកសំរោង។

លោក វី ​បាន​​បន្ថែម​ទៀតថា ​បុរស​ម្នាក់​ទៀត​បាន​លង់ទឹកក្នុងខ្សែទឹកហូរ ក្នុងស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគិរី កាលពីថ្ងៃសៅរ៍ ហើយ​​ បន្តថា ​​​ មាន​ការបញ្ជាក់​ច្បាស់​ថា ទារកអាយុ១​ខួប ​និង​ក្មេង​ស្រី​អាយុ​៦ឆ្នាំ មកពី​ខេត្ត​​ក្រចេះ​បាន​ស្លាប់​ ជាហេតុនាំឲ្យ​ចំ​នួន​អ្នកស្លាប់​សរុប​ដោយ​សារ​ទឹកជំនន់ឆ្នាំ​នេះ​​កើន​​​ឡើងដល់​២០នាក់ហើយ​។

លោក ស្រៀង សុផា មន្ត្រី​​​គ្រប់​​​គ្រង​​​ទឹក​​​ថ្នាក់​ឃុំ បាន​ឲ្យដឹងថា ទឹកជំនន់​នៅ​ទន្លេ​​​មេ​​​គង្គ ​​​ក៏បាន​កើនឡើង​ដល់ចំណុច​កម្ពស់​ទឹក​​​នៅ​​​ស្រុក​ស្អាង ​ខេត្តកណ្តា​ល ​ផងដែរ​កាល​​​ពីថ្ងៃ​​​សៅរ៍ ពោលគឺ​ឡើងជិត​ដល់ចំណុច​ត្រូវ​​​ប្រ​​​​​​កាស​​​អាសន្ន។ លោក សុផា ​មានប្រសាសន៍ថា “​យើង​​​​នឹងប្រកាស​អាសន្ននៅពេល​ទឹកឡើង​ដល់​៧,៥​​​​ម៉ែត្រ។ បច្ចុប្បន្ន​​​កម្ពស់ទឹក​​​ស្ថិត​​​នៅ​​​ចំណុច​៧,៤៨ម៉ែត្រ។ ដូច្នេះយប់នេះ យើង​​​នឹង​ប្រកាស​​​អាសន្ន”។

នៅខេត្តស្ទឹងត្រែង ដែលទឹកបាន​ឡើង​ដល់​​​ចំណុច​ត្រូវ​ប្រកាសអាសន្ន កាល​ពីថ្ងៃ​សៅរ៍​​​​​​​សប្តាហ៍មុន​នោះបានឡើង​ប្រហែល​២០សង់​ទី​​ម៉ែត្របន្ថែម​ទៀត​ កាលពីម្សិលមិញ​​ ជា​េហតុ​បណ្តាល​ឲ្យភូមិ១១ផ្សេងទៀត កំពុង​ត្រូវ​ទឹក​ជន់លិច។ ប្រជាជនសរុប​៦៦៤គ្រួសារ​ត្រូវបា​​​ន​​​​​​ជម្លៀស​​​​ចេញទៅ​តំបន់​សុវត្ថិភាព នៅក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែ​ង​ ខណៈដែលប្រជាជន​៣៥០​​​គ្រួសារ​នៅ​​​​​​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ជម្លៀស​​​ចេញផង​ដែរ។លំនៅដ្ឋាន​សរុប​២.០០០ខ្នង​ក៏​ត្រូវបាន​​​ទឹកជន់​​​លិច​​​នៅក្នុង​​​ខេត្ត​ក្រចេះផង​ដែរ៕

ប្រែសម្រួលដោយ  ចេវ  ប៊ុននី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស