លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាផ្លូវការកាលពីរសៀលម្សិលមិញអំឡុងពិធីមួយនៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី។
អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង ត្រូវបានតែងតាំងជំនួសលោកឧត្ដមសេនីយ៍ឯក យ៉ា គឹមអ៊ីដែលត្រូវបានតែងតាំងកាលពីឆ្នាំ២០០៤ហើយបច្ចុប្បន្ននេះលោកនឹងមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្តលើផ្ទៃប្រទេស។
ថ្លែងនៅក្នុងថ្ងៃដែលព្រះមហាក្សត្រ នរោត្ដម សីហមុនី យាងជាអធិបតីបើកសម័យប្រជុំសភាលើកដំបូង ទោះបីជាមានការអំពាវនាវពីគណបក្សសង្គ្រោះជាតិឲ្យព្រះអង្គពន្យារពេលក្នុងការបើកសម័យប្រជុំនេះក៏ដោយ ក៏ លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង បានថ្លែងថា លោកនឹងប្តេជ្ញាការពារព្រះមហាក្សត្រ និង អនុវត្តតាមរដ្ឋធម្មនុញ្ញ។
លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង បានថ្លែងថា “ ខ្ញុំសន្យាការពារព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ហើយនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់រំលោភស្ថាប័នទាំងនេះបានឡើយ”។
លោកឧត្ដមសេនីយ៍ឯក យ៉ា គីមអ៊ី បានថ្លែងនៅឯពិធីនោះថា លោកបានធ្វើការដោយមិនខ្លាចការនឿយហត់ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញមានសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ និងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញដោយមានការបង្ក្រាបការជួញដូរគ្រឿងញៀន និងការឆក់ប្លន់ជាដើម។ លោកថ្លែងបន្តថា “យើងបានធ្វើការយ៉ាងសកម្ម ដើម្បីរក្សាសន្តិសុខអំឡុងព្រឹត្តិការណ៍បុណ្យជាតិនិងអន្តរជាតិរួមទាំងអំឡុងពេលបោះឆ្នោតផងដែរ ប៉ុន្តែ ទោះបីជាយើងប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏រាជធានីភ្នំពេញនៅតែបន្តប្រឈមនឹងបញ្ហាដោយការជួញដូរគ្រឿងញៀន ក្រុមក្មេងទំនើង ការឆក់ប្លន់ និងការធ្វើបាតុកម្ម ព្រមទាំងការកកស្ទះចរាចរណ៍ដដែល”។ លោកបានបន្ថែមថា លោកសង្ឃឹមថា មេបញ្ជាការកងរាជអាវុធហត្ថថ្មីនឹងព្យាយាមបំពេញការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសាធារណជន។
មន្ត្រីកងរាជអាវុធហត្ថត្រូវបានចោទប្រកាន់ថា មិនបានធ្វើការការពារ ហើយបណ្តោយឲ្យមានបញ្ហាកើតឡើងនៅពេលដែលមនុស្សមួយក្រុមប្រដាប់ដោយដំបង ដុំថ្ម និងដំបងឆក់វាយប្រហារទៅលើក្រុមអ្នកតវ៉ា ដោយអហិង្សានិងក្រុមអ្នកយកព័ត៌មាននៅរមណីយដ្ឋានវត្តភ្នំកាលពីយប់ថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស៕
ប្រែសម្រួលដោយ ឃិន ណៃ