សាលាឧទ្ធរណ៍បានកាត់បន្ថយទោសមកនៅត្រឹមប្រាំមួយខែប៉ុណ្ណោះក្នុងចំណោមទោសជាប់ពន្ធនាគារដើមរយៈពេលបីឆ្នាំកន្លះដែលតុលាការបានផ្តន្ទាទៅលើកូនប្រុសឧកញ៉ាម្នាក់ ពីបទវាយបុរសម្នាក់នឹងស្នាប់កាំភ្លើង និងបំផ្លាញទ្រព្យសម្បត្តិភោជនីយដ្ឋាន។
ដួង ឧត្តមឆវិន អាយុ២៤ឆ្នាំ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីខែឧសភា ជាមួយ ដួង គឹមឡុង អាយុ១៧ឆ្នាំ ត្រូវជាប្អូនប្រុសរបស់ខ្លួន ដែលត្រូវបានព្យួរទោសរយៈពេលប្រាំខែពីបទវាយតប់គ្នានៅក្នុងភោជនីយដ្ឋានមួយស្ថិតនៅក្នុងខណ្ឌចំការមន ដែលអំឡុងការវាយតប់គ្នានោះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិភោជនីយដ្ឋានមួយចំនួន ហើយបុរសម្នាក់បានរងរបួសក្បាល បន្ទាប់ពីជនដៃដល់បានវាយនឹងស្នាប់កាំភ្លើង។
ជម្លោះនេះបានកើតឡើងអំឡុងបុណ្យចូលឆ្នាំខ្មែរ ហើយជនដៃដល់រួមជាមួយនឹងអង្គរក្សរបស់ខ្លួនបានគេចខ្លួនពីកន្លែងកើតហេតុបន្ទាប់ពីហេតុការណ៍នោះ។
ដួង គឹមឡុង ត្រូវបានចាប់ខ្លួនមួយថ្ងៃក្រោយមកនៅឯខុនដូរបស់ឪពុកខ្លួន។ កាំភ្លើងAK-47 គ្រាប់និងកាំភ្លើងខ្លីមួយដើមត្រូវបានរឹបអូសបានពីរថយន្តទំនើបរបស់ជននេះ។ បុរសរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តាះអាសន្នមុនពេលបើកសវនាការ។
លោកស្រី សេង សុគន្ធ ជាក្រឡាបញ្ជីបានមានប្រសាសន៍កាលពីម្សិលមិញថា “សាលាឧទ្ធរណ៍បានសម្រេចកាត់បន្ថយទោសមកត្រឹមប្រាំមួយខែប៉ុណ្ណោះក្នុងចំណោមទោសជាប់ពន្ធនាគាររយៈពេលបីឆ្នាំកន្លះនោះ ហើយទោសដែលនៅសល់នឹងត្រូវព្យួរ”។ ដោយសារគាត់បានអនុវត្តទោសនោះរួចហើយ ដូច្នេះមានន័យថា គាត់អាចត្រូវដោះលែងនៅពេលឆាប់ៗក្នុងខែក្រោយនេះ។
លោកស្រី សេង សុគន្ធ បានមានប្រសាសន៍ថា ប្រាក់សំណងដែលត្រូវបង់ទៅឲ្យម្ចាស់ភោជនីយដ្ឋាន ដែលពីដំបូងគឺចំនួន៤០លានរៀលនោះ ក៏ត្រូវកាត់បន្ថយពាក់កណ្តាលផងដែរ ដោយលោកស្រីបានបន្ថែមថា សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកានៅថ្ងៃសុក្រ។
លោកឧកញ៉ា ដួង ងៀប ជាឪពុករបស់ ឧត្តម ឆវិន បានមានប្រសាសន៍កាលពីខែឧសភាថា លោក មុំ ឌីណា អាយុ២៨ឆ្នាំ ជាជនរងគ្រោះដោយការវាយនឹងស្នាប់កាំភ្លើងនោះបានដកពាក្យបណ្តឹងរបស់ខ្លួនដែលបានប្តឹងកូនប្រុសរបស់លោកទាំងពីរវិញហើយ។
លោក ធូ មណី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសេចក្តីសម្រេចនេះទេ ដោយបានមានប្រសាសន៍ថា លោកជាប់ប្រជុំនៅសាលាក្តីខ្មែរក្រហម។
លោក ណាច ទ្រី មេធាវីតំណាង ឧត្តមឆវិន ដែលគេស្គាល់ថាឈ្មោះ ដួង ឆាយ ដែរនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយមានប្រសាសន៍ថា “ ខ្ញុំមិនទាន់ដឹងរឿងនេះនៅឡើយទេ”។
លោក អ៊ឹម សុផាន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ដោយបង្វែរសំណួរទៅចៅក្រមជំនុំជម្រះវិញ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ឧត្តមឆវិន ត្រូវបានកាត់បន្ថយទោសដោយសារតែគេមានខ្នង។ លោកបានមានប្រសាសន៍ថា “វាគឺដោយសារគេជាកូនអ្នកមាន។ អ្នកមានអំណាចតែងតែមានឥទ្ធិពលលើតុលាការ”៕
ប្រែសម្រួលដោយ សោម សារុន