28.4 C
Phnom Penh

កម្មករ​និយាយ​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាច្រើន​នាក់​ឈរ​ជើង​នៅ​ខាងក្រៅ​រោង​ចក្រ​អេស​អិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​និង​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា មន្ត្រីកង​រាជ​អាវុធ​ហត្ថជាង​១០០នាក់​បាន​ឈរ​ជើងនៅ​ខាង​ក្រៅ​រោង​​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ ហើយ​បាន​រារាំង​កម្មករ​មិន​ឲ្យ​ចូលបំពេញការ​ងារ​វិញឡើយ។

កម្មករ​នៅ​រោង​ចក្រ​កាត់​ដេរ​អេស​អិល​​​គ្រប់​គ្រង​ដោយ​ជន​ជាតិ​សិង្ហបុរី​ ដែល​ផលិត​​សម្លៀក​បំពាក់​យីហោ Levi’s និង​ Gap របស់​អាមេរិកនេះ បាន​ធ្វើ​កូដកម្ម​រយៈ​ពេល​​ជា​ង​មួយ​ខែ​មក​ហើយ​ដើម្បី​ទាមទា​រ​ថ្លៃ​អាហារ​ថ្ងៃ​​​​ត្រង់ ឲ្យ​យក​មេ​ដឹក​នាំ​សហ​ជីពដែលត្រូវ​បាន​បណ្តេញ​ចេញ​ចូល​បម្រើ​ការ​ងារ​វិញ និង​ទាម​​​​​​​ទារ​ឲ្យបណ្តេញ​លោក មាស​ សុធា ជា​ទីប្រឹក្សា​របស់​ក្រុម​ហ៊ុន​នេះ ដែល​តាម​ការ​ចោទ​ប្រកាន់​​​​មក​ថា បាន​យក​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្លៀក​ពាក់​ជាស៊ីវិល​មក​យាម​រោង​ចក្រ​អេស​អិល​ទាំង​ពីរ​នេះ។

កូ​ដកម្ម​​នេះ​បាន​ក្លាយ​ជា​ហិង្សា​កាល​ពី​ថ្ងៃ​​​សុក្រ នៅ​ពេល​​កម្ម​ករ​ដែល​ធ្វើការ​តវ៉ានោះ​បាន​ចាប់​ផ្តើម​ក្លាយ​ជា​កុបកម្ម​  ហើយ​បាន​បំផ្លាញ​​​​ទ្រព្យ​សម្បត្តិ​រោង​ចក្រនេះ។

លោក គួច​ ចំរើន អភិបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍ថា មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ដែល​ឈរ​ជើង​នៅ​ខាងក្រៅ​រោង​ចក្រ​ទាំង​ពីរ​របស់​​​​ក្រុម​ហ៊ុន​នេះ​គឺ​ដើម្បី​ការ​ពារ​មិន​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។ លោក គួច ចំរើន​ បាន​មាន​ប្រសា​សន៍​ថា “ឥឡូវនេះ​មន្ត្រី​កង​រាជ​អាវុធ​ហ​ត្ថ​កំពុង​ឈរ​ជើង​នៅ​ខាង​ក្រៅ​រោង​ចក្រ​ទាំង​ពីរ​របស់​ក្រុម​​​​ហ៊ុន​នេះ​ដើម្បី​ការ​ពារ​សន្តិសុខ​ ពីព្រោះ​យើង​បារម្ភពី​អំពើ​ហិង្សា​ដែល​នឹង​កើត​ឡើង​ម្ត​ងទៀត​”។ លោក គួច ចំរើន​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា មាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាង​១០០នាក់​។

កម្ម​ករ​ឈ្មោះ​ អ៊ូច នឿន អាយុ​៣៣ឆ្នាំ​ បាន​និយាយថា លោក​បាន​ឃើញ​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ប្រហែល​១០០នាក់​ឈរ​ជើង​នៅ​ខាងក្រៅ​រោង​ចក្រ​នេះ ហើយ​មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ជា​ច្រើន​ទៀត​នៅ​ខាង​ក្នុង​បរិ​​​វេណ​រោង​ចក្រ​ផង​ដែរ។

លោក អ៊ូច នឿន បាន​និយាយ​ថា “ ពួកគេ​បាន​រារាំង​កម្ម​ករ​ដែល​ចង់​ចូល​បម្រើ​ការ​ងារ​វិញ​មិន​ឲ្យចូល​ទៅខាង​​​ក្នុង​ឡើយ”។ លោក​​បន្ថែម​ថា រោង​ចក្រ​បាន​បិទ​សេចក្តី​ប្រកាស​នៅខាងក្រៅ​​​រោង​ច្រក​ដែល​មាន​ខ្លឹម​​​​​​​សារ​ថា ក្រុម​ហ៊ុន​នឹង​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​សម្រាប់​ខែ​កញ្ញា​នេះ​​​ដោយ​សារ​តែ​ការ​ធ្វើ​កូដ​កម្ម​នេះ​ឯង​។

លោក​និយាយ​ថា “យើង​មិន​អាច​ទទួល​​​​យក​តាម​សេចក្ដី​ប្រកាស​នេះ​បាន​ទេ ព្រោះ​​​​កម​្មករ​ម្នាក់ៗត្រូវ​ទទួល​បាន​​ប្រាក់​ប្រហែល​១០​ដុល្លារ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​សម្រាប់​ខែ​នេះ​”។ លោក​បាន​បន្ថែម​ថា កម្មករ​គួរ​តែ​​ទទួល​​បាន​ប្រាក់​ខែ​ពេញ​នៅខែ​ដែល​ពួកគេ​បាន​ធ្វើ​​​​កូដ​កម្មនេះ​។

ទោះជា​យ៉ាង​ណា លោក មាស សុធា ជា​ទី​ប្រឹក្សា​ក្រុម​ហ៊ុន​ដែល​កម្មករ​ចង់​បណ្ដេញ​ចេញ​នោះ​បាន​​​មាន​ប្រសាសន៍​ថា កម្មករ​ដែល​​​ធ្វើ​​​ការតវ៉ា​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រោងចក្រ​ ប៉ុន្តែ​ពួកគេ​ភ័យ​ខ្លាច​មិន​ហ៊ាន​ធ្វើ​​​ការ​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​កាល​​​ពី​ថ្ងៃ​សុក្រនោះ។ លោក​ មាស​ សុធា បាន​មាន​ប្រសា​សន៍​ថា “យើង​បាន​អនុញ្ញាត​ឲ្យ​កម្ម​ករ​ដែល​ធ្វើ​ការ​តវ៉ា​ទាំង​អស់​ចូល​ក្នុង​រោង​ចក្រ​ ប៉ុន្តែ​ពួកគាត់​មិន​អាច​ធ្វើការ​បាន​ទេ​ ពីព្រោះ​កម្មករ​មួយ​ក្រុម​បាន​គំរាម​វាយ​ពួកគេ​”។

លោក​បាន​អះអាង​ថា កម្មករ​ទាំង​អស់​នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ ដោយសារ​តែ​ការ​ធ្វើ​កូដ​កម្ម​​​​នៅ​ក្នុង​ខែ​កញ្ញា​នេះ ប៉ុន្តែ​លោក​បាន​បដិ​​​សេធ​​​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​វត្ត​មាន​របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នៅ​រោង​ចក្រ​​នេះ​ឡើយ​។

លោក​ ខៀវ សាវុធ ប្រធាន​នាយក​ដ្ឋាន​ដោះស្រាយ​ជម្លោះ​ការងារ​នៅ​ក្រសួង​សង្គម​​​​កិច្ច​​ បាន​មាន​ប្រសាសន៍​ថា ក្រសួង​នឹង​រៀប​​​ចំ​​​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ហ៊ុន​ និង​តំណាង​សហ​​​ជីព​​​​នៅ​ពេល​ឆាប់ៗ​​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​៕

ប្រែសម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស