អ្នកធ្វើដំណើរត្រូវប្រើផ្លូវវាង និងចំណាយ ពេលយូរ ហើយតុលាការកំពូល និង សាលាឧទ្ធរណ៍ ត្រូវបានបិទទ្វារផងដែរកាលពីម្សិលមិញ ដោយសារកងកម្លាំងសន្តិសុខបានដាក់របាំងលួសបន្លាបិទផ្លូវសំខាន់ៗ និងផ្លូវតូចៗមួយចំនួន បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍នៅកណ្ដាលរាជធានី។

របាំងលួសបន្លាត្រូវបានដាក់ភាគច្រើននៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ និង មហាវិថីព្រះនរោត្ដម មិនឲ្យធ្វើដំណើរចេញចូលទៅកាន់ព្រះបរមរាជវាំង និងរដ្ឋសភាជាតិ ដែលនៅទីនោះតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានចូលរួមប្រជុំសភានៅថ្ងៃដំបូង ទោះបីជាមិនមានតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិចូលរួមប្រជុំក៏ដោយ។
ផ្លូវនានាដែលភ្ជាប់ទៅវិមានឯករាជ្យ និងផ្លូវនានាដែលភ្ជាប់មហាវិថីព្រះនរោត្ដមទៅផ្លូវលេខ៥១ ក៏ត្រូវបានបិទផងដែរ។ នគរបាលបង្ក្រាបកុបកម្មជាច្រើននាក់ត្រូវបានដាក់ពង្រាយតាមបណ្ដោយមហាវិថីព្រះនរោត្ដម នៅជិតអគាររដ្ឋសភាជាតិ និងនៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលនៅទីនោះមានការប៉ះទង្គិចគ្នាមួយបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅពេលមនុស្សមួយក្រុមភាគច្រើនជាក្មេងទំនើងស្លៀកពាក់ស៊ីវិល បានវាយប្រហារលើក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្ដេញចេញពីដីធ្លី ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកយកព័ត៌មាន ខណៈដែលកម្លាំងកងរាជអាវុធហត្ថបានឈរមើលហេតុការណ៍នោះ។
លោកឧត្ដមសេនីយ៍ទោ ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធជាងមួយពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាសុវត្ថិភាពជូនតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ដែលបានមកចូលរួមសម័យប្រជុំសភាលើកដំបូង។
មន្ត្រីតុលាការបានឲ្យដឹងថា ដំណើរការនៅឯសាលាឧទ្ធរណ៍ និងតុលាការកំពូល ដែលមានទីតាំងនៅជិតព្រះបរមរាជវាំងបានត្រូវរាំងស្ទះដោយសារបុគ្គលិកមិនអាចចូលទៅកាន់តុលាការទាំងពីរនេះបាន។
លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូលបានថ្លែងថា “តុលាការកំពូលមិនបានធ្វើការទេថ្ងៃនេះ ដោយសារតែមានការបិទផ្លូវ ហើយយើងមិនអាចចូលទៅធ្វើការបានទេ”។
លោកស្រី សេង សុគន្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថា គម្រោងបើកសវនាការត្រូវបានពន្យារពេល។
អ្នកធ្វើដំណើរដែលមិនសប្បាយចិត្តបានរង់ចាំខណៈនគរបាលចរាចរដែលឈរជើងនៅតាមមហាវិថីព្រះនរោត្ដមអនុញ្ញាតឲ្យតែរថយន្តណាមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ អាចឆ្លងកាត់របាំងបាន ដែលក្រសួងមហាផ្ទៃបានលើកឡើងថា អាចនឹងដាក់របាំងបិទផ្លូវនេះរហូតដល់ថ្ងៃពុធ។
កញ្ញា នុត ស្រីនិត អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបៀលប្រាយ ដែលមានទីតាំងនៅជិតវិមានរដ្ឋសភានោះ មានបញ្ហាដោយសារការបិទផ្លូវនេះ ដោយត្រូវចំណាយពេលយ៉ាងយូរ ហើយនាងមិនសប្បាយចិត្តសោះ ព្រោះនាងត្រូវតែរង់ចាំអស់រយៈពេលជាច្រើនម៉ោងក្នុងការធ្វើដំណើរឆ្លងកាត់របាំងផ្លូវតែបួនកន្លែងប៉ុណ្ណោះ។
កញ្ញា ស្រីនិត បាននិយាយថា “ខ្ញុំត្រូវទៅដល់សាលាដើម្បីប្រឡងនៅពេលរសៀល ដូច្នេះ ខ្ញុំត្រូវស្រូតទៅបន្តិច ពីព្រោះខ្ញុំបារម្ភថា ពួកគេនឹងបិទផ្លូវទៀត។ប៉ុន្តែ ឥឡូវនេះខ្ញុំបានចំណាយពេលប្រហែលពីរម៉ោងក្នុងការទើបបានមកដល់សាលានេះ”។
លោក ស៊ិន ម៉េង អាយុ២៩ឆ្នាំ បាននិយាយថា លោកគ្រាន់តែធ្វើដំណើរតែពីរប្លុកប៉ុណ្ណោះទៅកាន់ហាង The Warehouse ជាហាងលក់ស្រាដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤០ដែលលោកជាអ្នកគ្រប់គ្រងហាងនោះ ប៉ុន្តែ លោកបានចំណាយពេលរង់ចាំនៅចំណុចប្រសព្វត្រង់មហាវិថីព្រះនរោត្ដម អស់រយៈពេលបីម៉ោងឯណោះ។
លោក ស៊ិន ម៉េង បានមានប្រសាសន៍ថា “ខ្ញុំមិនចូលចិត្តបញ្ហាកើតឡើងបែបនេះទេ។នៅក្នុងឆ្នាំនេះ នេះជាលើកដំបូងហើយដែលជួបបញ្ហាបែបនេះ។ប្រសិនបើមានបាតុកម្ម ពួកគេនឹងបិទផ្លូវ ប៉ុន្តែ បើមិនមានបាតុកម្មទេ អ៊ីចឹងពួកគេគួរតែបើកផ្លូវ។នោះហើយគឺជាអ្វីដែលពួកគាត់ព្រួយបារម្ភ”។
ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងស្នើឲ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងអត់ធ្មត់ “ចំពោះការដាក់បិទផ្លូវនេះដែលនឹងត្រូវបិទ រហូតដល់ថ្ងៃពុធ”។ ដោយហៅបញ្ហាសន្តិសុខថា “ជាការចាំបាច់” នោះ ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងត្រូវធានាថា “សង្គមកម្ពុជាត្រូវមាននិរន្តរភាព ស្ថិរភាព និងការអភិវឌ្ឍ”៕
(រាយការបន្ថែមដោយ គីម ចាន់)
ប្រែសម្រួលដោយ ឃិន ណៃ