29 C
Phnom Penh

២០​​​ឆ្នាំ​​​​​​កន្លង​​​ផុត​​​​​​ រដ្ឋធម្មនុញ្ញ​​​​​​នៅ​​​តែពុំ​​​ទាន់​​​ហុច​​​ផ្លែផ្កា​​​ដូច​​​ការ​​​ប្រាថ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បរិយាកាស​​​​​​ក្នុង​​​រាជធានី ភ្នំពេញ ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ធៀបនិង​​​២០ឆ្នាំមុ​​​ន​​​គឺជាបរិយាកាសដ៏រីក​​​រាយ​​​​​​ និង​​​ពោរ​​​ពេញ​​​ដោយ​​​​​​សុទិដ្ឋិនិយម​​​​​​​​​​​​មួយ​​​​​​នៅ​​​ពេល​​​​​​ដែល​​​អតីត​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម​​​ សីហនុ ឡាយ​​​ព្រះ​​​ហស្ត​​​លេខា​​​​​​លើ​​​រដ្ឋធម្មនុញ្ញ​​​​​​ថ្មី​​​ និង​​​​​​បាន​​​ឡើង​​​គ្រង​​​រាជ្យ​​​បល្ល័ង្ក​​​សា​​​ជា​​​ថ្មី​​​។

ការ​​​ប្រកាស​​​ដាក់​​​ឲ្យ​​​ប្រើ​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​ ដែល​​​ជាការ​​​​​​បញ្ចប់​​​អាណត្តិ​​​របស់អាជ្ញាធរ​​​បណ្តោះ​​​អាសន្ន​​​​​នៃ​​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​នៅ​​​កម្ពុជា ​​​(អ៊ុន​​​តាក់​​​​​​) នេះ​​​ ក៏​​​ជាសញ្ញា​​​បង្ហាញ​​​ពីការ​​​បញ្ចប់​​​​​​ដំណើរ​​​ការ​​​សន្តិភាព​​​ផ្លូវការ​​​​​​ក្រោយពេល​​​​​​មាន​​​សង្គ្រាម​​​​​​ស៊ីវិល​​​​​​​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​  និង​​​ពី​​​ការ​​​ចាប់ផ្តើម​​​​​ប្រព័ន្ធ​​​នយោ​​​បាយ​​​សេរី​​​​​​ពហុ​​​បក្ស​​​​​​​​​​​​នៅ​​​ក្នុង​​​តំបន់​​​​​នេះ​​​ផងដែរ​​​​។

នេះ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​ព្រះមហាក្សត្រ​​​ទើប​​​នឹង​​​ឡើង​​​គ្រងរាជ្យ​​​​​​ប្រាថ្នា​​​ចង់​​​បាន ​​​​​​ពេល​​​ព្រះអង្គ​​​  យាង​​​ចេញ​​​ពី​​​ព្រះបរម​​​រាជវាំង​​​ដើម្បីស្វាគមន៍​​​មនុស្ស​​​ជាង​​​៤.០០០​​​នាក់​​​ដែលបាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​អំឡុង​​​​​​ព្រះរាជ​​​ពិធី​​​គ្រងរាជ្យ​​​សម្បត្តិ​​​រ​​​បស់​​​​​​​​​ទ្រង់​​​។​​​ ព្រះអង្គ​​​​​​​​​មាន​​​ព្រះរាជ​​​បន្ទូល​​​នៅ​​​ពេល​​​នោះ​​​ថា​​​ “​​​វា​​​ជា​​​រឿង​​​មិន​​​អាច​​​ប្រកែក​​​បាន​​​ទេ​​​ថា​ នៅ​​​ថ្ងៃ​​​នេះ​​​ប្រទេស​​​កម្ពុជា ​​​ និង​​​ប្រជា​​​រាស្ត្រ​​​​​​ជាទី​​​​​​ស្រឡាញ់​​​របស់​​​យើង​​​មាន​​​​​​​​​​​​​​​​​​រដ្ឋធម្មនុញ្ញ​​​​​​ដែល​​​មាន​​​​​​លក្ខណៈ​​​សេរី​​​​​​ ​​​​​​និង​​​មាន​​​​​​លក្ខណៈ​​​ប្រជា​​​ធិប​​​តេយ្យ​​​បំផុត​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​របស់​​​​​​យើង​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​​​​​​ដែល​​​មាន​​​លទ្ធិ​​​​​​ប្រជា​​​ធិបតេយ្យ​​​ពិតប្រាកដ​​​​​​បំផុត​​​​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​។

លោក​​​យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Aka​​-​shi) ជា​​​ប្រធាន​​​អ៊ុនតាក់​​​ បាន​​​ឲ្យ​​​ពិន្ទុ​​​​​​បេសកកម្ម​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​នៅ​​​កម្ពុជា​​​ចំនួន​​​ “ប្រាំបួន​​​ពិន្ទុក្នុង​​​ចំណោម​​​​​​១០​​​ពិន្ទុ​​​”​​​ ដោយ​​​បាន​​​យោង​​​​​​​​​លើ​​​​​​ប្រព័ន្ធ​​​​ប្រជា​​​ធិប​​​​​​តេយ្យ​​​​​​អាស្រ័យ​​​​​​រដ្ឋធម្មនុញ្ញ​​​​​​​​​ដែល​​​តំណាងរាស្ត្រ​​​​​​ជាប់ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ឆ្នាំ​​​​​​១៩៩៣​​​បាន​​​ដាក់ចូលជា​​​ធរមាន​​​​​​។​​​

ប៉ុន្តែ​​​​​​ រយៈពេល​​​២០​​​ឆ្នាំ​​​ក្រោយ​​​​​​មកនេះ​​​ ត្រង់​​​ថា តើ​​​រដ្ឋ​​​ធម្មនុញ្ញ​​​នេះ​​​ពិត​​ជា​​​បាន​​​បង្កើត​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​សេរី​​​ពហុ​​​បក្ស​​​មែន​​​ ឬ​​​ក៏​​​អត់​​​នោះ​​​ ​​​គឺ​​​នៅ​​​​តែ​​​មាន​​​ការ​​​ជជែក​​​គ្នា​​​​​មិន​​​ទាន់​​​​​​ដាច់​​​​​​ស្រឡះ​​​នៅ​​​ឡើយ​​​​​​ទេ​​​។

​​​លោក​​​ សឺន សូប៊ែរ្តិ៍​​​  ដែល​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​​​​ជួរ​​​គណៈកម្មាធិការ​​​មាន​​​សមាជិក​​​១២​​​រូប​​​ដែល​​​ទទួល​​​បន្ទុក​​​តាក់​​​តែង​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​នេះ​​​ចន្លោះ​​​ពី​​​ខែ​​​កក្កដា​​​ ដល់​​​ខែ​​​សីហា​​​ ឆ្នាំ​​​១៩៩៣​​​នោះ​​​​​​​​​ បាន​​​លើកឡើង​​​ថា​​​ រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​នេះ​​​មិន​​​បាន​​​ធានា​​​ឲ្យមាន​​​សិទ្ធិ​​​សេរី​​​ភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​ ការ​​​ជួប​​​ជុំ​​​ និង​​​លទ្ធិ​​​ប្រជា​​​ធិ​​​បតេយ្យ​​​​​​សេរី​​​ពហុបក្ស​​​ដូច​​​ការ​​​ប្រាថ្នា​​​​​​ទេ​​​​​​ ដោយ​​​សារពុំ​​​មាន​​​ការ​​​បង្កើត​​​​​​​​​ភ្លាមៗ​​​នូវ​​​អាជ្ញា​​​កណ្តាល​​ឯក​​​រាជ្យ​​​មួយ​​​ ដើម្បី​​​ធានាថា សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល ​​​គឺ​​​ស្រប​​​​​​តាម​​​មាត្រា​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញ​​​។

លោក​​​ សឺន​​​ សូប៊ែរ្តិ៍  បាន​​​ថ្លែង​​​ពី​​​ប្រទេស​​​បារាំង​​​កាល​​​ពីម្សិលមិញថា “គន្លឹះ​​​សំខាន់​​​នៃ​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​នេះ​​​ឯង​​​​​​ ប៉ុន្តែ ការអនុវត្ត​​​វា  ​​​គឺ​​​​​ប្រាសចាក​​​ទាំង​​​ស្រុង​​​​​​ពី​​​គោល​​​ដៅ​​​របស់​​​វា​​​”។ លោក​​​ សឺន​​​ សូប៊ែរ្តិ៍  បាន​​​បញ្ជាក់​​​ថា វត្ត​​​មាន​​​នៃ​​​អាជ្ញាកណ្តាល​​​ឯករាជ្យ​​​ និង​​​ស្វយ័ត​​​​​​​​​​​​​​សម្រាប់​​​ដោះស្រាយ​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​នេះ​​​អាច​​​ជួយ​​​បញ្ចៀស​​​​​​រឿងដ៏​​​​​​​​​អកុ​​​សល​​​មួយ​​​​​​ចំនួន​​​ ដូច​​​ជា​​​ករណី​​​ទម្លាក់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទី​​​១​​​ គឺ​​​ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម  រណប្ញទ្ធិ ​​​ពី​​​អំណាច​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​បង្ហូរ​​​ឈាមគ្នា​​​​​​ និង​​​ការ​​​គ្រប់​​​គ្រង​​​ដែល​​​ស្ទើរតែ​​​មិន​​​អាច​​​មាន​​​ការ​​​តតាំង​​​បាន​​​​​​របស់​​​​​​គណ​​​បក្ស​​​ប្រជាជន​​​​​​​​​​​​កម្ពុជា​​​លើ​​​ប្រទេស​​​នេះ​​​​​​​​​​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​គួរ​​​តែត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៩៣​​​ ប៉ុន្តែ រដ្ឋាភិបាល​​​បាន​​​រង​​​ចាំ​​​រហូតមក​​​​​​ដល់​​​ឆ្នាំ​​​១៩៩៨។ អំឡុង​​​ពេល​​​នោះ​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​អាច​​​គ្រប់​​​គ្រង​​​រដ្ឋាភិបាល​​​បាន​​​ ប៉ុន្តែ ក្រោយ​​​រដ្ឋ​​​ប្រហារ​​​ឆ្នាំ​​​១៩៩៧ ​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​បាន​​​ស្ថិត​​​នៅក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាត់​​​​​​ទៅ​​​ហើយ​​​​​​​​​។

លោក​​​ ខាលីល ថេយើ (Carlyle Thayer) ​​​អ្នក​​​ជំនាញ​​​ផ្នែក​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​​​​នៅ​​​សាលា​​​បណ្ឌិត​​​សភា​​​កង​​​កម្លាំ​​​ងការ​​​ពារ​​​ជាតិ​​​អូស្ត្រាលី​​​ (Australian Defense Force Academy)  ក្នុង​​​ទីក្រុង​​​​​​កង់​​​បេរ៉ា​  បាន​​​លើក​​​ឡើង​​​ថា  ​​ កង្វះ​​​​​​ស្ថាប័ន​​​​​​​​​ជាន់​​​ខ្ពស់​​​​​​នេះ​​​គឺ​​​បាន​​​ធ្វើ​​​ឲ្យ​​​បាត់​​​បង់​​​ឱកាសសម្រាប់​​​​​​ការ​​​​​​ធានា​​​ឲ្យ​​​បាន​​​នូវ​​​សិទ្ធិ​​​របស់​​​​​​ប្រជា​​​ព​​​ល​​​រដ្ឋ​​​ និង​​​ការ​​​បោះឆ្នោត​​​​​​​​​ដោយ​​​សេរី​​​ ដូចមាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញ​​​”។

លោក​​​ ថេយើ ដែល​​​ដើរ​​​​តួ​​​​​​​​​​​​​​​ជា​​​​​​អ្នក​​​សង្កេត​​​​​​ការណ៍​​​របស់​​​អ៊ុន​​​តាក់​​​ អំឡុង​​​ការ​​​​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​​​​១៩៩៣​​​នោះ​​​ ​​​បាន​​​ថ្លែង​​​ថា “​​​សូម្បី​​​តែ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​ដែល​​​មាន​​​ការ​​​គោរព​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ដូច​​​ជា​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ ក៏​​​គេ​​​នៅ​​​តែ​​​ត្រូវ​​​ការ​​​តុលាកា​​​រ​​​កំពូល​​​ដែល​​​អាច​​​ចេញ​​​សេចក្តី​​​សម្រេច​​​ក្នុង​​​វិវាទ​​​នានា​​​ ដើម្បី​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ទទួល​​​​​​យក​​​សេចក្តី​​​សម្រេច​​​នោះ​​​ដោយ​​​​​​អស់​​​ចិត្ត​​​​​​ដែរ​​​”។

លោក​​​​​​​​​បាន​​​ថ្លែង​​​ថា “រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​បង្កើត​​​លទ្ធិ​​​​​​ប្រជាធិបតេយ្យ​​​សេរី​​​ពហុ​​​បក្ស​​​ ប៉ុន្តែ ត្រឹម​​​តែ​​​រដ្ឋធម្មនុញ្ញ​​​ម្យ៉ាង​​​ គឺ​​​មិន​​​គ្រប់​​​គ្រាន់ទេ​​​ គេ​​​នៅ​​​ត្រូវការ​​​ស្ថាប័ន​​​ឯករាជ្យ​​​ និង​​​ស្វយ័ត​​​ទៀត​​​ ហើយ​​​បើ​​​​​​​​​សិន​​​ស្ថាប័ន​​​នីតិ​​​​​​ប្រតិបត្តិ​​​ និង​​​ស្ថាប័ន​​​តុលា​​​ការ​​​មិន​​​ឯករាជ្យ​​​​​​ទៅ​​​ហើយ​​​នោះ​​​ រដ្ឋ​​​ធម្ម​​​នុញ្ញ​​​នឹង​​​មាន​​​បញ្ហា​​​ក្នុងការ​​​អនុវត្ត​​​​​​មិន​​​ខាន​​​”។

លោក សុក​​​​​​ សំអឿន ជាមេធាវី​​​ដ៏​​​ល្បី​​​​​​​​​មួយ​​​រូប​​​ និង​​​ជាប្រធាន​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា​​​ ដែល​​​ជាអង្គការ​​​ផ្តល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ដោយ​​​មិន​​​គិត​​​ថ្លៃ​​​ បាន​សម្តែង​​​​​​ការ​​​យល់​​​ស្រប​​​ថា រដ្ឋ​​​ធម្មនុញ្ញ​​​​​​នេះ​​​គឺ​​​នៅមិន​​​ទាន់​​​​​​ជួយ​​​ឲ្យ​​​មាន​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​តាម​​​​​​ទស្សន​​​វិស័យ​​​​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម​​​​​​  សីហនុ​​​ មែន​​​​​​​​​។
លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​តុលាការ​​​កំពូល​​​អាច​​​ចេញ​​​សេចក្តី​​​សម្រេច​​​លើ​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​​​​រដ្ឋធម្មនុញ្ញ​​​​​​បាន​​​ ប៉ុន្តែ នៅ​​​ទី​​​នេះ​​​ ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​មិន​​​មែន​​​ជា​​​តុលាការ​​​ទេ​ ហើយ​​​សមាជិក​​​​​​​​របស់​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​ ក៏​​​មិន​​​មែន​​​ជា​​​ចៅក្រម​​​ដែរ ពួក​​​គឺ​​​ជា​​​អ្នក​​​នយោ​​​បាយ​​​។ ប្រសិន​​​បើ​​​វា​​​ជាតុលាការ​​​វិញ​​​ ពួក​​​គេ​​​ប្រាកដ​​​ជា​​​នឹង​​​ផ្តោ​​​ត​​​លើ​​​ច្បាប់​​​ ប៉ុន្តែ​​​ នៅ​​​ទីនេះ​​​ [ប្រទេស​​​កម្ពុជា​​​] ពួក​​​គេ​​​ផ្តោ​​​តតែ​​​​​​លើ​​​ឥទ្ធិពល​​​នយោបាយ​​​​​​​​​ និង​​​លម្អៀង​​​​​​ទៅ​​​រក​​​គណបក្ស​​​កាន់​​​អំណាច​​​ប៉ុណ្ណោះ​​​”។

សម្រាប់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​  ស៊ីសុវត្ថិ​​​​​​  សិរី​​​រ័ត្ន​​​​​​​​​​​​​​​ ​​​ដែលជា​​​អ្នក​​​ដឹកនាំ​​​គណៈប្រតិភូ​​​​​​របស់គណ​​​បក្ស​​​ហ៊្វុនស៊ិនប៉ិច​​​ ចំនួន​​​ប្រាំមួយ​​​រូប​​​នៅ​​​​​​ក្នុង​​​ជួរ​​​គណៈ​​​កម្មា​​​ធិការ​​​តាក់​​​តែង​​​រដ្ឋធម្មនុញ្ញ​​​នេះវិញ​​​ ភាព​​​ប្រាស​​​ចាកដ៏​​​​​​ធំបំផុត​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ និង​​​ប្រព័ន្ធ​​​នយោ​​​បាយ​​​ថ្មី​​​​​​ដែល​​​កើត​​​ចេញ​​​មក​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញ​​​នេះ​​​ គឺកង្វះ​​​ឆន្ទៈ​​​ខាង​​​គណបក្ស​​​ប្រជា​​​ជន​​​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក្នុង​​​ការ​​​បោះបង់​​​ទម្លាប់​​​ដែល​​​ខ្លួន​​​បាន​​​បង្កើត​​​​​​​​​ពេល​​​ប្រទេស​​​កម្ពុជា​​​​​​ នៅ​​​ជា​​​រដ្ឋ​​​ឯកបក្ស​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ និង​ក្នុងការ​​​បើក​​​ចំហ​​​​​​រដ្ឋ​​​នេះ​​​ចំពោះការ​​​សម្តែង​​​​​​មតិ​​​ និង​​​ទស្សន​​​វិស័យ​​​ដែល​​​ផ្ទុយពី​​​​​​គំនិត​​​របស់​​​​​​ខ្លួន​​​​​​។

ព្រះ​​​អង្គ​​​បាន​​​មាន​​​បន្ទូល​​​ថា “កម្ពុជា​​​ពុំ​​​មាន​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​ដូច​​​ការស្រមៃ​​​​​​ចង់​​​បាន​​​ឡើយ​​​។ ប្រជាជាតិ​​​នេះ​​​ឥឡូវ​​​​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​ប្រទេស​​​​​​ប្រជាធិបតេយ្យ​​​​​​ដែលដើរ​​​តាម​​​​​​ការ​​​​​​​​​ចង្អុល​​​បង្ហាញ​​​​​​បាត់​​​ទៅ​​​ហើយ​​​។ អ្នក​​​អាច​​​បើក​​​មើល​​​​​​ទូរទស្សន៍​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​គណ​​​បក្ស​​​ប្រជាជ​​​ន​​​កម្ពុជា​​​ ហើយ​​​អ្នក​​​នឹង​​​ឃើញ​​​​​​មាន​​​ការ​​​ពិភាក្សា​​​​​​ និង​​​​​​ការ​​​ផ្លាស់​​​ប្តូរ​​​យោបល់​​​​​​​​​តែ​​​ក្នុង​​​ចំណោម​​​គ្នីគ្នា​​​​​​របស់​​​ពួ​​​កគេ​​​​​​ប៉ុណ្ណោះ​​​ ពួកគេ​​​មិន​​​អញ្ជើញ​​​អ្នក​​​ផ្សេង​​​ឲ្យ​​​ចូល​​​រួម​​​​​​ទេ​​​។

ព្រះ​​​អង្គម្ចាស់​​​បាន​​​បន្តថា “ នៅ​​​ពេល​​​ [ តាក់​​​​​​តែង​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ] ម្នាក់ៗ​​​​​​​​​​​​មាន​​​អារម្មណ៍​​​​​​​​​រំភើប​​​ណាស់​​… ពេល​​​នោះ​​​​​​មាន​​​អារម្មណ៍​​​​​​ថា​​​ មាន​​​ការ​​​​​​រួប​​​រួម​​​គ្នា​​​ជាធ្លុង​​​មួយ​​​ គឺ​​​ពីអ្នក​​​​​​ដែល​​​​បែក​​​បាក់​​​​​​គ្នា​​​ដោយ​​​សារ​​​សង្គ្រាម ​​​មក​​​ជាអ្នក​​​​​​រួប​​​រួម​​​គ្នា​​​សា​​​ជា​​​ថ្មី​​​ម្តង​​​ទៀតនៅ​​​​​​​​​ក្នុង​​​នាមជា​​​ប្រជាជាតិកម្ពុជា​​​។ សម្តេច​​​ឪ​​​បាន​​​ប្រាប់​​​យើង​​​ឲ្យ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ កំុ​​​ឲ្យ​​​​​​គិត​​​ពីអ្វី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​យើង​​​បែក​​​បាក់​​​គ្នា​​​​​​។​​​ វា​​​ជាផ្នែក​​​មួយ​​​​​​​​​​​​នៃ​​​ទស្សន​​​វិស័យ​​​ថ្មី​​​មួយ​​​នៅ​​​ក្នុង​​​​​​​​​ពេល​​​នោះ​​​។យើង​​​មិន​​​ខ្លាច​​​គណបក្ស​​​ប្រជា​​​ជន​​​​​​ទេ​​​ ហើយ​​​​​​គណបក្ស​​​ប្រជាជន​​​ក៏មិន​​​ខ្លាច​​​គណបក្ស​​​​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​ដែរ​​​”។

ព្រះ​​​អង្គ​​​ម្ចាស់​​​ សិរី​​​រ័ត្ន​​​ បាន​​​មាន​​​បន្ទូល​​​បន្ត​​​​​​​​​​​​ថា ព្រះ​​​អង្គម្ចាស់​​​ រណប្ញទ្ធិ​​​​​​ និង​​​ថ្នាក់​​​ដឹកនាំ​​​​​​​​​​​​​​​គណ​​​បក្ស​​​ប្រជាជន​​​​​​ គឺ​​​​​​សុទ្ធ​​​តែ​​​មាន​​​​​​កំហុស​​​ដូចគ្នា​​​។ ព្រះ​​​អង្គ​​​ម្ចាស់​​​បាន​​​បញ្ជាក់​​​​​​ថា “ គណបក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​ គឺ​​​មាន​​​មេដឹកនាំ​​​ខុស​​​។ ព្រះ​​​អង្គ​​​ម្ចាស់​​​ រណប្ញទ្ធិ មិន​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​​​​ការ​​​អនុវត្ត​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ឡើយ​​​​​​​​​… ពេល​​​ទ្រង់​​​ចូល​​​មក​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ហើយបាន​​​​​​ក្លាយ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទី​​​១​​​​​​​​​ ​​​ទ្រង់​​​​​​ឈប់​​​ត្រឹមហ្នឹង​​​​​​តែ​​​ម្តង​​​”។

លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ក៏​​​ជាស​​​មាជិក​​​មួយ​​​រូប​​​របស់​​​គណ​​​បក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​ក្នុងជួរ​​​គណៈកម្មាធិការ​​​តាក់​​​តែង​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​នៅ​​​ក្នុងឆ្នាំ​​​១៩៩៣​​​ដែរ​​​​​​នោះ​​​បាន​​​ចាត់​​​ទុក​​​ថ្ងៃ​​​នេះ​​​ថា ​​​ជា​​​​​​ “ខួប​​​ដ៏ក្រៀម​​​ក្រំ​​​” ហើយ​​​​​​បាន​​​ហៅ​​​រដ្ឋ​​​ធម្មនុញ្ញថា ជា​​​ច្បាប់​​​ “ ដ៏​​​គួរ​​​ឲ្យ​​​ខក​​​ចិត្ត​​​” មួយ​​​។

លោក​​​ សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​មាត្រា១​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​ចែង​​​ច្បាស់​​​​​​ពី​​​ប្រព័ន្ធ​​​​​​នយោបាយ​​​សេរីពហុបក្ស​​​នោះ​​​​​​ក្តី​​​សង្ឃឹម​​​ដែល​​​ផ្តល់​​​ដោយ​​​​​​រដ្ឋធម្មនុញ្ញ​​​​​​​​​​​​​​​​​​ក្នុង​ការ​​​បញ្ចប់​​​ប្រព័ន្ធ​​​នយោបាយ​​​កុម្មុយ​​​នីស្ត​​​​​​​​​ក្នុង​​​ទស្សវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​គឺ​​​បាន​​​រលាយ​​​បាត់​​​យ៉ាង​រហ័ស​​​ដូច​​​អំបិល​​​ត្រូវ​​​ទឹក​​​ដូច្នោះ​​​ដែរ​​​​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការ​​​ប្រយុទ្ធ​​​បង្ហូរ​​​ឈាម​​​គ្នា​​​​​​ក្នុងឆ្នាំ​​​១៩៩៧​​​ថា “[គណបក្ស​​​ប្រជាជន​​​] បាន​​​ចាប់​​​ផ្តើម​​​ពីការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​​​​ដើម្បីកម្ចាត់​​​គូប​​​ដិបក្ខ ​​​ដោយ​​​​​​បាន​​​សម្លាប់​​​មន្ត្រី​​​គណបក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​រាប់​​​រយ​​​នាក់​​​ និ​​​ងធានា​​​ឲ្យ​​​​​​បាន​​​ថា គ្មាន​​​គូបដិបក្ខ​​​យោធា​​​មាន​​​អំណាច​​​ណាមួយ​​​​​​នៅ​​​រាំង​​​ផ្លូវ​​​របស់​​​ខ្លួន​​​។​​​​​​ក្រោយ​​​មក​​​ គេ​​​បាន​​​បង្កើត​​​ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​​​​មួយ​​​​​​ដែល​​​មាន​​​ប្រសិទ្ធិភាព​​​ជាទី​​​បំផុត​​​ក្នុងការ​​​ជួយ​​​ឲ្យ​​​ពួក​​​គេ​​​បន្តកាន់អំណាច​​​រហូត​​​”​​​។

លោក​​​បាន​​​ពន្យល់​​​ថា “ដូច្នេះ ​​​ទោះ​​​បីជា​​​រដ្ឋ​​​ធម្មនុញ្ញ​​​បច្ចុប្បន្ន​​​មាន​​​ចែងអំ​​​​​​ពី​​​នយោបាយ​​​សេរី​​​ពហុ​​​បក្ស​​​ក៏​​​ដោយ​​​ ក៏​​​យើង​​​បាន​​​វិល​​ទៅ​​​រក​​​រដ្ឋ​​​ធម្មនុញ្ញចាស់​​​ដែល​​​គណបក្ស​​​​​​មួយ​​​នេះ​​​ដឹកនាំ​​​រដ្ឋ​​​ និង​​​ត្រួតត្រា​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​​​​បាត់​​​​​​ទៅ​​​ហើយ​​​​​​” ដោយ​​​លោក​​​សំដៅ​​​លើ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ឆ្នាំ​​​១៩៨៩​​​ក្នុង​​​សម័យ​​​រដ្ឋ​​​​​​កម្ពុជា​​​​​​ ដែល​​​មាត្រា​​​ទី​​​១​​​ចែង​​​អំ​​​ពី​​​រដ្ឋ​​​ឯកបក្ស​​​។

លោក​​​ ជាម​​​ យៀប សមាជិក​​​សភា​​​​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែលស្ថិត​​​​​​ក្នុង​​​ចំណោម​​​​​​ប្រតិ​​​ភូ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទាំង​​​ប្រាំ​​​រូប​​​ក្នុង​​​ជួរ​​​គណៈកម្មាធិការ​​​តាក់​​​តែង​​​រដ្ឋ​​​ធម្មនុញ្ញ​​​ នោះ​​​ ​​​​​​បាន​​​លើក​​​ឡើង​​​ថា របប​​​រាជា​​​ធិបតេយ្យ​​​អាស្រ័យ​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​នៅ​​​ក្នុង​​​​​​​​​​​​រយៈពេល​​​​​​ពីរ​​​ទសវត្ស​​​រ៍​​​ចុង​​​ក្រោយ​​​នេះ​​​ គឺជាការ​​​វិវឌ្ឍ​​​គួរ​​​ឲ្យកត់​សម្គាល់​​​មួយ​​​​​​។​​​ លោក​​​ថ្លែងថា “យើ​​​ងបាន​​​ទទួល​​​ជោគ​​​ជ័យ​​​​​​ច្រើន​​​ណាស់​​​។ យើង​​​បាន​​​សម្រេច​​​​​​កំណើន​​​សេដ្ឋ​​​កិច្ច​​​ ហើយ​​​យើង​​​គិត​​​ពី​​​អនាគត​​​​​​​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​មាន​​​ចែង​​​ក្នុ​​​ង​​​រដ្ឋ​​​ធម្មនុញ្ញ”​​​។ លោក​​​បាន​​​បន្តថា រដ្ឋ​​​ភិបាល​​​ដែល​​​ដឹកនាំ​​​ដោយ​​​​​​លោក​​​​​​ ហ៊ុន​​​ សែន​​​ តែង​​​អនុវត្ត​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ក្នុងការ​​​អនុម័ត​​​ច្បាប់​​​ប្រហែល​​​៤០០​​​ចាប់​​​តាំង​​​ពី​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​និង​​​ដាក់​​​ឲ្យ​​​ប្រើប្រាស់​​​មក​​​។

លោក​​​ស្រី​​​ ជា វណ្ណាត​​​ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​ឯករាជ្យ​​​​​​ដែល​​​បម្រើ​​​ការងារ​​​ជា​​​អ្នក​​​បក​​​ប្រែ​​​ឲ្យលោក​​​  យ៉ាស៊ូស៊ី អាកាស៊ី ក្នុង​​​ឆ្នាំ​​​១៩៩៣​​​ បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​ដែល​​​មើល​​​ពី​​​សំបក​​​ក្រៅ​​​ ឃើញថា​​​ ការ​​​ដឹកនាំ​​​​​​រដ្ឋាភិបាល​​​ហាក់​បី​​​​​ដូចជា​​​អនុវត្ត​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​នោះ​​​ ធាតុពិត​​​ជាក់​​​ស្តែង​​​គឺ​​​ថា រដ្ឋ​​​ធម្មនុញ្ញ​​​​​​ដើរ​​​តួនាទី​​​តិច​​​តួច​​​ណាស់​​​ក្នុងការ​​​ងារ​​​ដឹកនាំ​​​ប្រទេស​​​នេះ​​​។

លោក​​​ស្រី​​​​​​មាន​​​ប្រសាសន៍ថា “ឧទា​​​ហរណ៍​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​ចែងអំ​​​​​​ពី​​​ការ​​​បែង​​​ចែក​​​អំណាច ​​​ ពី​​​អំណាច​​​នីតិ​​​ប្រតិបត្តិ និង​អំណាច​​​តុលាការ​​​។ ជាការ​​​ពិត​​​ណាស់​​​ យើង​​​មាន​​​ស្ថាប័ន​​​ទាំង​​​បី​​​ពិត​​​មែន​​​​​​ ក៏​​​ប៉ុន្តែ ធាតុ​​​ពិត​​​ជាក់​​​ស្តែងគឺថា​​​ ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​ពុំ​​​មាន​​​ប្រសិទ្ធភាពនៅ​​​​​​ក្នុងការ​​​រក្សា​​​​​​តុល្យភាព​​​អំណាច​​​ទេ​​​ ដែល​​​ប្រកា​​​រនេះ​​​​​​​​​គឺ​​​ផ្ទុ​​​យ​​​​​​ពី​​​ស្មារតី​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​”​​​។

លោកស្រីបាន​​​លើកឡើង​​​ថា​​​ លទ្ធិប្រជា​​​ធិបតេយ្យ​​​​​​មិន​​​មែន​​​បង្កើត​​​​​​ឡើង​​​នៅ​​​ក្នុង​​​បន្ទប់​​​ប្រជុំ​​​​​​ដោយ​​​គណៈ​​​ប្រតិភូ​​​ ដូចជា​​​លោក​​​ សម​​​ រង្ស៊ី លោក​​​ ជាម​​​ យៀប​​​ និង​​​ព្រះអង្គម្ចាស់​​​ សិរីរត្ន័​​​ទេ​​​ ផ្ទុយ​​​ទៅ​​​វិញ​​​គឺ​​​​​​កើត​​​ចេញ​​​សន្សឹម​​​ៗ​​​ដោយ​​​អំណាច​​​ប្រជាជន​​​។​​​​​​ លោក​​​ស្រីបាន​​​លើក​​​ឡើង​​​ថា “លទ្ធិ​​​​​​ប្រជា​​​​​​ធិបតេយ្យ​​​​​​គឺអាស្រ័​​​យ​​​លើការតស៊ូ​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​​​​​​​ ហើយ​​​នៅ​​​​​​ក្នុង​​​រយៈពេល​​​២០​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ​​​ប្រជាពល​​​រដ្ឋ​​​បាន​​​ចាប់​​​ផ្តើម​​​ទទួល​​​​​​ស្គាល់​​​តម្លៃ​​​នៃដំណើរការ​​​ប្រជាធិប​​​តេយ្យ​​​ ហើយ​​​បាន​​​ទុកវា​​​ជាផ្នែក​​​មួយ​​​នៃជីវិត​​​រស់​​​នៅ​​​របស់​​​ខ្លួន​​​​​​​​” ដោយ​​​លោក​​​ស្រី​​​បាន​​​សំដៅ​​​លើ​​​ចលនា​​​ទាម​​​ទារ​​​សិទ្ធិ​​​របស់​​​ស្ត្រី​​​ និង​​​​​​កម្មករ​​​ដែល​​​កំពុង​​​មាន​​​លក្ខណៈ​​​ផុស​​​ផុល​​​និង​​​​​​លទ្ធផល​​​​​​​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​​​​ក្នុងការ​​​បោះ​​​ឆ្នោ​​​តជាតិ​​​កាល​​​ពីពេល​​​ថ្មី​​​ៗ​​​នេះ​​​។ លោក​​ស្រី​​​ថ្លែង​​​ថា “​​​​​​​​​២០​​​ឆ្នាំ​​​បន្ទាប់​​​​​​ពី​​​យើង​​​បាន​​​ចង​​​ក្រង​​​ និ​​​ងតម្កល់​​​វា​​​ទុក​​​សម្រាប់​​​អនុវត្ត​​​រួច​​​ លទ្ធិ​​​ប្រជាធិបតេយ្យ​​​កំពុង​​​ចាក់​​​ប្ញសនៅ​​​​​​​​​កម្ពុជា​​​ដោយ​​​​សន្សឹម​​​ៗ​​​​​​ហើយ​​​​​​”៕

ប្រែសម្រួល​​​ដោយ​​  ច័ន្ទ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស