32 C
Phnom Penh

អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​ដោះ​លែង​​ទណ្ឌិ​ត​ដែល​ជាប់ចោទ​សម្លាប់​លោក​ ជា​ វិជ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ អង្គការ​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ​​បាន​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​បុរស​ពី​រ​​​នាក់​​​​ដែល​គេ​ជឿថា ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយមិន​ត្រឹម​ត្រូវ​ថា​បាន​សម្លាប់​លោក ជា វិជ្ជា មេដឹក​នាំ​សហជីព​សេរី​កម្មករ​ដែល​និយាយ​ឥត​​សំចៃ​​កាលពី​ឆ្នាំ​២០០៤ នៅមុន​ការ​បើក​សវនា​ការ​កាត់​ក្តី​ចុង​ក្រោយ​នៅ​តុលាការ​កំពូល​នៅថ្ងៃនេះ។

លោក ជា​ វិជ្ជា ត្រូវ​បាន​ឃាត​ករ​បាញ់​សម្លាប់​​​​ទាំង​កណ្តាល​ថ្ងៃនៅ​ជិត​តូ​បលក់​​កាសែត​មួយ​ក្បែរ​វត្ត​លង្កា​ កាលពី​ថ្ងៃ​ទី​២២​​ ខែ​មករា​ ឆ្នាំ​២០០៤។ ប៊ន សំណាង​ និង​ សុខ សំអឿន ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ភ្លាមៗ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​​​កាលពី​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​បើក​សវនាការ​ជំនុំ​ជម្រះ​ឡើង​វិញ។ កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ ដើម្បី​​​​អនុវត្ត​ទោស​រយៈ​ពេល​២០ឆ្នាំ​ក្នុង​ម្នាក់ៗ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​លើក​​ឡើង​ថា រឿង​ក្ដី​នេះ​គួរ​ត្រូវ​បាន​​ដក​ការ​ចោទ​ប្រកាន់​​។​ លោក ប្រេដ អាដាម នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ថា “ព្រះ​រាជ​អាជ្ញា​បាន​​​​​​​ទទួល​​​​ស្គាល់​ជាយូរ​មក​ហើយ​ថា មិន​មាន​មូល​ដ្ឋាន​ក្នុង​ការ​ផ្ដន្ទាទោស​បុរស​ទាំង​ពីរនាក់​នេះ​ពី​បទ​​​ធ្វើ​ឃាត​លោក​ ជា វិជ្ជា ឡើយ​ ប៉ុន្តែ​រដ្ឋា​​​ភិបាល​​​​​​​នៅ​តែ​បន្ត​ធ្វើ​ការ​ចោទ​ប្រកាន់​​មនុស្ស​​​​​​​​​ដែល​មិន​បាន​ប្រព្រឹត្ត​បទ​​ល្មើស​ដដែល​​”។ អង្គការ​​លើក​លែង​ទោស​អន្តរជាតិ​ បាន​ហៅ​ការ​កាត់​​​​ក្ដី​នេះ​ថា “មិន​ត្រឹម​ត្រូវ​​ទាល់​តែ​សោះ”។

អង្គការ​លើកលែង​ទោស​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា “ដោយ​ចាត់​ទុក​ថា ខ្វះ​ភ័ស្តុតាង​ក្នុងការ​ដាក់​បន្ទុក​លើ​ ប៊ន សំណាង និង​ សុខ សំអឿន ​ជាគុណ​វិបត្តិ​ធ្ងន់​ធ្ងរ​ចំពោះ​ការ​ស៊ើប​អង្កេត​បទ​ព្រហ្មទណ្ឌ​លើ​ពួក​គេ​ទាំង​ពីរ និង​​​ការ​​រំលោភ​សិទ្ធិ​​របស់​ពួក​គេ​ក្នុងការ​ទទួល​បាន​ការ​​បើក​សវនាការ​ដោយយុត្តិធម៌​នោះ អង្គការ​លើក​លែង​ទោស​​​​​​​អន្តរ​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់​នេះ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ”។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា “អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវ​នាវ​​​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់​នេះ​ដែល​បាន​ជាប់​ពន្ធ​នាគារ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត​”។ ហើយអង្គការ​ពល​កម្ម​អន្តរជាតិ​ របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​លើក​ឡើ​ង​​ថា  “បើទោះ​ណា​ជា​ករណី​សម្លាប់​លោក ជា វិជ្ជា ទៅ​ដល់​ដៃ​តុលាការ​ហើយ​ក៏​ដោយ ក៏​មិន​​​មាន​​​​​​ការ​​ស៊ើប​អង្កេត​ពេញ​លេញ ដោយ​ឯក​រាជ្យ​ និង​មិន​លម្អៀង​ លើ​ការ​ធ្វើឃាត​នេះ​​ឡើយ​ ហើយ​អ្នក​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ពីមុន​នោះ​​​​​​​​​​​​ត្រូវ​បាន​បញ្ជូនទៅ​កាន់​ពន្ធនាគារ​វិញ​ ដោយ​​​​​​​មិន​​បាន​ស្វែង​រក​ភ័ស្តុ​តាង​ថ្មីណាមួយ​ឡើយ”។

អង្គការ​ពល​កម្ម​អន្តរជាតិ​បាន​លើក​ឡើង​ទៀត​ថា ​នៅ​តែ​ត្រូវ​ការ​ការ​ស៊ើប​អង្កេត​ដោយ​​​​​​​មិន​លម្អៀង​​ដដែល​។ ក្រុមគ្រួសារ​ទណ្ឌិត​ទាំង​​​​​​​​​​​​​ពីរ​នាក់​នេះ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់​នេះ​ដែរ​។

អ្នកស្រី នួន គឹមស្រ៊ី ជាម្ដាយ​របស់​ ប៊ន សំណាង​ ​និយាយ​កាលពី​ម្សិល​មិញ​ថា “សូម​ព្រះ​មហាក្សត្រ [​នរោត្តម សីហមុនី ] លោក​​​​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​តុលាការ​កំពូល​ មេត្តាជួយ​ដោះ​លែង​កូន​ប្រុស​របស់​ខ្ញុំផង​ ពីព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​ទេ”៕

ប្រែសម្រួលដោយ សោម សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស