នៅពេលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបោះឆ្នោតនៅក្នុងរដ្ឋសភាដើម្បីជ្រើសរើសថ្នាក់ដឹកនាំសភា និងរដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលរបស់ខ្លួនកាលពីម្សិលមិញ មន្ត្រីមកពីគណបក្សសង្គ្រោះជាតិបានលើកឡើងថា សមាជិកសភាមកពីគណបក្សនេះនឹងមិនទទួលយកអាសនៈរបស់ខ្លួននៅក្នុងសភាឡើយ លុះត្រាតែគណបក្សនេះទទួលបានតំណែងជាប្រធានសភា។
លោក សុន ឆ័យ ជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីថ្ងៃម្សិលមិញថា “ខ្ញុំគិតថា កិច្ចចរចារយៈពេលពីរថ្ងៃនោះ គឺជាឱកាសចុងក្រោយសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការទទួលយកសំណើរបស់យើង ប៉ុន្តែគេមិនចាប់អារម្មណ៍នឹងសំណើនេះឡើយ។ ខ្ញុំទទួលបានដំណឹងថា [ឥឡូវនេះពួកគេកំពុងតែហៅយើង] ឲ្យធ្វើសច្ចាប្រណិធាន ដើម្បីទទួលយកតំណែងជាសមាជិករដ្ឋសភាមុនពេលកិច្ចចរចាថ្មីអាចចាប់ផ្ដើម ក៏ប៉ុន្តែរឿងនេះគឺមិនអាចទទួលយកបានទេ”។ លោកបានបន្ថែមថា លោកមិនសូវមានជំនឿថា គណបក្សទាំងពីរអាចវិលត្រឡប់ទៅកាន់តុចរចាវិញឡើយ។
លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិនឹងមិនចូលរួមប្រជុំនៅរដ្ឋសភាឡើយ លុះត្រាតែថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរព្រមព្រៀងគ្នាជាមុនសិន ប៉ុន្តែរហូតមកទល់ពេលនេះ [នៅមិនទាន់មាន] កិច្ចព្រមព្រៀងនៅឡើយទេ ហេតុដូច្នេះខ្ញុំគិតថា [យើងនឹងមិនចូលរួមប្រជុំនៅក្នុងសភាឡើយ]”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “អាសនៈរបស់យើងគឺជារបស់យើង។ យើងមិនចាំបាច់ប្រញាប់ធ្វើសច្ចាប្រណិធានចូលកាន់តំណែងនិងផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាទេយើងនៅមានសិទ្ធិ និងពេលវេលា ដើម្បីធ្វើការតវ៉ា ពីព្រោះបញ្ហានេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ”។ លោកបានមានប្រសាសន៍បន្តទៀតថា “យើងគួរតែឈរលើជំហរដ៏រឹងមាំ ដើម្បីធ្វើឲ្យប្រទេសជាតិមានការផ្លាស់ប្ដូរ គឺមិនត្រូវព្រួយបារម្ភតែពីអាសនៈរបស់ខ្លួនឡើយ”។
ថ្លែងទៅកាន់អ្នកយកព័ត៌មានក្រោយការបោះឆ្នោតសម្រាប់តំណែងនៅក្នុងរដ្ឋសភាកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិដែលចង់បានតំណែងជាប្រធានរដ្ឋសភានោះ គឺជារឿងដែលមិនធ្លាប់មាននៅក្នុងប្រព័ន្ធរដ្ឋសភា។ លោក ហ៊ុន សែន បានសួរថា “កិច្ចចរចាបានជាប់គាំងហើយ ប៉ុន្តែវាមិនអាចទៅរួចទេ។ តើអស់លោកធ្លាប់ឃើញគណបក្សដែលមានសំឡេងភាគតិចកាន់តំណែងជាប្រធានរដ្ឋសភាលើពិភពលោកនេះដែរឬទេ?”។ លោកបានមានប្រសាសន៍ថា “[ការទាមទាររបស់គណបក្សសង្គ្រោះជាតិ] គឺចង់ធ្វើជាប្រធានរដ្ឋសភា… យើងផ្ដល់តំណែងជាប្រធានគណៈកម្មការចំនួន៤និងអនុប្រធានគណៈកម្មការចំនួនប្រាំ”។
លោកបានមានប្រសាសន៍បន្ថែមថា ការស្នើរបស់គណបក្សសង្គ្រោះជាតិឲ្យមានការស៊ើបអង្កេតឯករាជ្យចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតត្រូវបានដកចេញពីតុចរចានៅថ្ងៃទី២ នៃកិច្ចចរចា។ លោក ហ៊ុន សែន បានថ្លែងថា “យើងនៅតែរក្សាជំហររបស់យើង ប៉ុន្តែវាហាក់បីដូចជាលំបាកបន្ដិចហើយ។ ខ្ញុំនឹងផ្ដល់ [តំណែងជាប្រធានគណៈកម្មការរបស់រដ្ឋសភា] ប៉ុន្តែវាត្រូវតែធ្វើឡើងដោយមានការបោះឆ្នោតគាំទ្រពីសមាជិកសភាគណបក្សប្រជាជន”។
ទោះបីជាការអះអាងរបស់លោក ហ៊ុន សែន ជារឿងផ្ទុយក្ដី តែគណបក្សចាញ់ឆ្នោតដែលទទួលបានតំណែងជាប្រធានរដ្ឋសភានេះ គឺធ្លាប់កើតមានរួចហើយ។ កាលពីខែកក្កដា ឆ្នាំ២០០៤ ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ ដែលគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គបានចាញ់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិនោះ ត្រូវបានផ្ដល់តំណែងជាប្រធានរដ្ឋសភាជាង១១ខែក្រោយពីការបោះឆ្នោត គឺបន្ទាប់ពីព្រះអង្គបានយល់ព្រមចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន។
លោកស្រី ជូឡុង សូមូរ៉ា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ និងជាភរិយារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានបដិសេធមិននិយាយថា តើនៅពេលណាសមាជិកសភារបស់គណបក្សប្រឆាំងនឹងទទួលយកអាសនៈនៅក្នុងរដ្ឋសភាឡើយ ប៉ុន្តែលោកស្រីមានប្រសាសន៍ថា អាសនៈទាំងនេះនឹងត្រូវបានបំពេញនៅទីបំផុត។
លោកស្រីបានថ្លែងថា “អាសនៈទាំងនេះគឺបានមកពីសំឡេងឆ្នោតដែលប្រជាពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រ ហើយប្រជាពលរដ្ឋបានបោះឆ្នោតឲ្យបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។ ហេតុដូច្នេះហើយ អាសនៈទាំងនេះ គឺជាអាសនៈដែលគួរតែត្រូវបានកាន់កាប់ដោយសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ”។
សមាជិកសភានៃគណបក្សសង្គ្រោះជាតិផ្សេងៗទៀតក៏បានផ្តល់សញ្ញាផងដែរថា ការធ្វើពហិការមិនចូលរួមប្រជុំសភានេះគឺមិនមែនធ្វើឡើងរហូតនោះទេ។
លោក អ៊ូ ច័ន្ទរិទ្ធ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា នៅពេលគណបក្សប្រជាជនកម្ពុជាបោះជំហានទៅមុខនៅក្នុងការបង្កើតរដ្ឋាភិបាលនោះ គណបក្សសង្គ្រោះជាតិក៏បាន “ផ្លាស់ប្ដូរជំហររបស់ខ្លួន” ដែរ ប៉ុន្តែលោកបានបដិសេធមិនបរិយាយថា តើអ្វីទៅជាជំហរថ្មីរបស់គណបក្សសង្គ្រោះជាតិឡើយ។
លោកបានលើកឡើងថា “ពួកគេ [គណបក្សប្រជាជនកម្ពុជា] មិនព្រមឈប់ឡើយ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវតែផ្លាស់ប្ដូរជំហររបស់យើង។ ប្រសិនបើគ្មានសម័យប្រជុំ [នៅក្នុងរដ្ឋសភាទេនោះ] យើងនឹងផ្អាក ហើយចរចា។ ប៉ុន្តែថ្ងៃនេះ [គណបក្សប្រជាជនកម្ពុជា] បានបើកសម័យប្រជុំ ហើយធ្វើដំណើរឆ្ពោះទៅមុខ”។
លោក សម រង្ស៊ី បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងបើកសន្និសីទកាសែតមួយនៅម៉ោង៩ព្រឹកនេះ “ដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញពីសំណាក់គណបក្សប្រជាជនកម្ពុជា”។
លោក កែម ឡី អ្នកវិភាគនយោបាយឯក រាជ្យបានមានប្រសាសន៍ថា ឱកាសនៃកិច្ចចរចាលើកក្រោយរវាងគណបក្សទាំងពីរ គឺមានតិចតួចណាស់ ក៏ប៉ុន្តែ លោកបានលើកឡើងថា លោកជឿជាក់ថា សមាជិកសភារបស់គណបក្សសង្គ្រោះជាតិ នឹងទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភាក្នុងពេលឆាប់ៗ ដើម្បីពុះពារធ្វើយ៉ាងណាឲ្យមានការធ្វើកំណែទម្រង់នៅក្នុងរដ្ឋសភា ហើយឆ្លៀតឱកាសនេះបន្តដាក់សម្ពាធទៅលើគណបក្សប្រជាជនកម្ពុជាតាមរយៈមហាបាតុកម្ម។ លោក កែម ឡី បានមានប្រសាសន៍បន្ថែមថា “ពួកគេនឹងចូលរួមនៅក្នុងរដ្ឋសភា ហើយនឹងរួមដៃគ្នា ដើម្បីជំរុញឲ្យមានកំណែទម្រង់តាមការចង់បានរបស់ខ្លួន”៕
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី, ឃួន ណារីម និង ផន បុប្ផា)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង