28 C
Phnom Penh

លោក​ ហ៊ុន សែន បន្ត​តំណែង​​​ជា​​​នាយក​រដ្ឋមន្ត្រី​មួយ​​​អាណត្តិ​​​​ទៀត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​បន្ទាប់​ពីសភា​​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ ដែល​​មិន​មាន​វត្ត​មាន​របស់​សមា​ជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋសភា​ថ្មី​ដែល​មាន​គណបក្ស​តែ​មួយ​នេះ​បាន​បោះ​ឆ្នោត​គាំទ្រ​​​លោក​​ ហ៊ុន សែន ឲ្យ​​ធ្វើ​ជា​នាយក​រដ្ឋ​​​មន្ត្រី​មួយ​អាណត្តិ​ប្រាំ​ឆ្នាំ​ទៀត កាលពី​ម្សិលមិញ​ និង​បាន​អនុម័​តលើ​ការ​រុះ​រើ​គណៈ​​​រដ្ឋមន្ត្រីដ៏​ធំរបស់​លោក​។

នៅ​ក្នុងការ​បោះ​ឆ្នោត​ជា​កញ្ចប់​ដែល​មាន​ការ​អនុម័ត​យល់​ព្រម​ជា​ឯក​ច្ឆន្ទ​​ ​ពី​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាំង​៦៨​រូប​នេះ​ ក៏​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ ហេង សំរិន អាយុ​៧៩​ឆ្នាំ​ ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ម្ដង​ទៀត​ និង​បាន​​បោះ​ឆ្នោត​បង្កើត​ក្រសួង​ថ្មី​មួយ​គឺ​ក្រសួង​មុខ​ងារ​សា​ធារណៈ​ ព្រម​ទាំង​បង្កើត​​​​តួនាទី​​​ថ្មី​ចំនួន​១៣​សម្រាប់​រដ្ឋមន្ត្រី​​​ប្រគល់​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រីផងដែរ​។

ដោយ​បាន​ត្រឡប់​មក​កាន់​តំណែង​​ចាស់​របស់​លោក​វិញ លោក​ ហេង សំរិន បាន​ស្វា​គមន៍​​សហការី​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ទាំង​ថ្មី​ទាំង​ចាស់​ដែល​បាន​ត្រឡប់​​មក​កាន់​តួនាទី​របស់​ខ្លួន​វិញ។

លោក​ ហេង សំរិន ​បាន​មាន​ប្រសាសន៍​អំពី​សមាជិកសភា​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​របស់​លោក​ថា “ឈ្មោះ​ប្រធាន​ និង​អនុ​ប្រធាន​រដ្ឋសភា​ និង​ឈ្មោះ​សមាជិក​គណៈកម្ម​ការ​​បច្ចេក​ទេស​នៃ​រដ្ឋសភា និង​ឈ្មោះ​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី៥នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យល់​ព្រម​ ដោយ​សំឡេង​៦៨​លើ​៦៨​សំឡេង​ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែកញ្ញា​ ឆ្នាំ២០១៣”។

បន្ទាប់​ពី​សម័យ​ប្រជុំ​រយៈ​ពេល​ខ្លី​លើក​ទី​២ របស់​រដ្ឋសភា រដ្ឋាភិបាល​ថ្មីនេះ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះជា​ផ្លូវ​ការ​នៃ​រដ្ឋមន្ត្រី​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី ដែល​​ក្នុង​នោះ​​មានការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​ក្រសួង​ចំនួន​១០ក្នុង​ចំណោម​ក្រសួង​ទាំង​២៧​។

លោក​ ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ត្រូវ​ផ្លាស់​ទៅ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​ ហើយ​លោក ស៊ុយ សែម អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហកម្ម រ៉ែ និង​ថាមពល​ ពេល​នេះ​គឺ​ជា​សមាជិក​រដ្ឋសភា។ លោក ស៊ុន ចាន់​ថុល អតី​ត​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា​ ឥឡូវ​នេះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោក អ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នឹង​ជំនួស​លោក ច័ន្ទ សារុន ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ ឥឡូវ​នេះ​លោក​ ច័ន្ទ សារុន គឺ​ជា​ទេសរដ្ឋមន្ត្រី​ទទួ​ល​បន្ទុក​បេសកកម្ម​ពិសេស​​នៅ​ក្រោម​លោក ហ៊ុន សែន ។

លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នឹង​ជំនួស​លោក​ ​គាត ឈន់។ ពេល​នេះ​លោក គាត ឈន់ គឺ​ជា​សមា​​ជិក​រដ្ឋសភា​​ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី។ លោក ហង្ស ជួន​ណារ៉ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​នឹងជំនួស​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​។ ពេល​នេះ​លោក​ អ៊ឹម សិទ្ធី គឺ​ជា​សមាជិក​រដ្ឋសភា។

លោក ប្រាក់ សុខុន រដ្ឋលេខា​ធិការ​ទីស្ដី​ការ​​​​​​​គណៈរដ្ឋមន្ត្រី​ នឹង​ជំនួស​លោក​ សូរ ឃុន ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​។ ពេល​នេះ​លោក សូរ ឃុន គឺ​ជា​សមា​ជិក​រដ្ឋសភា។ លោក ភឿង សកុណា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ នឹ​ង​ជំនួស​លោក ​ហ៊ឹម ឆែម ជា​រដ្ឋមន្ត្រី​។ លោក ហ៊ឹម ឆែម ​ក៏​​ក្លាយ​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​នៅ​ក្រោម​លោក​ ហ៊ុន សែន ផងដែរ​។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​សង្គម​កិច្ច និង​ប្ដូ​រ​ក្រសួង​គ្នា​។ លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាន​ជំនួស​ដោយ​លោក សាយ សំអាល់​ ដែល​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​វិនិយោគរ​បស់​រដ្ឋ​សភា​។ ឥឡូវ​នេះ​លោក ម៉ុក ម៉ារ៉េត គឺ​ជា​សមា​ជិក​រដ្ឋសភា​។

លោក ឈាង វុន សមាជិក​រដ្ឋសភា​មក​ពី​​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ថា​ ការ​ដោះ​ដូររដ្ឋ​មន្ត្រីមួយ​ចំនួន​​នេះ​គឺ​ជា​ការ​​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​របស់​ប្រជា​ជន​។ លោក​បាន​​និយាយ​ថា “ពីរដ្ឋាភិបាល​មួយ​អាណត្តិ​ទៅ​រដ្ឋាភិបាល​មួយអាណត្តិ និង​ពី​រដ្ឋសភា​អាណត្តិ​ថ្មី​នីមួយ​ៗ ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​រដ្ឋា​ភិបាល​។ វា​មាន​ន័យ​ថា ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ជន​”។

មុន​ពេល​សម្រាក​កិច្ច​ប្រជុំ​រដ្ឋសភារយៈ​ពេល​ខ្លី​នេះ​​ លោក ហ៊ុន សែន ដែ​ល​បាន​កាន់​អំណាច​អស់​រយៈពេល​២៨​ឆ្នាំ​មក​ហើយ​នេះ បាន​ឡើង​ថ្លែង​ជា​ចុង​ក្រោយ​​អំពី​អវត្តមាន​គួរ​ឲ្យ​កត់​សម្គាល់​នៃ​​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​កិច្ច​ប្រជុំ​សភា​នេះ​។

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋសភា​ ដើម្បី​តវ៉ា​នឹង​លទ្ធផល​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​ដែល​ខ្លួន​អះអាង​ថា ត្រូវ​បាន​លួច​បន្លំ​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​​ និង​អះ​អាង​ថា ខ្លួន​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ​។​សមាជិក​សភា​ជាប់​ឆ្នោត​ទាំ​ង​៥៥រូប​របស់​គណបក្ស​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សៀម​រាប​​រង់​ចាំ​​​ឲ្យ​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី បញ្ចប់​ការ​បើក​សម័យ​ប្រជុំ​សភា​​នេះ ​ហើយកាលពី​ថ្ងៃ​ច័ន្ទ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​រដ្ឋ​សភា​ថ្មី​នេះ​ថា មិន​ស្រប​តាម​​រដ្ឋធម្មនុញ្ញ។

លោក​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​អះ​អាង​នេះ។ លោក​មាន​ប្រសាសន៍​ថា “យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​មិន​មែន​ជា​ចំណាប់​ខ្មាំងរបស់​ក្រុមណាមួយ​ទេ ពីព្រោះ​យើង​បាន​មក​បំពេញ​ភារកិច្ច​របស់​យើង​ទៅ​តាម​រដ្ឋធម្ម​​​នុញ្ញ។ ​​​​​​​ពួកគេ​និយាយ​ថា រដ្ឋសភា​ឯក​បក្ស ហើយ​កិច្ច​ប្រជុំ​របស់​យើ​ង​ខុស​ច្បាប់​ ប៉ុន្តែទា្វរ​ទាំង​អស់​នៅ​ជាន់​ក្រោម​ និង​នៅ​ក្នុង​អគារ​នេះ​មិន​បាន​ចាក់​សោ​រារាំង​​សមាជិក​ដែល​មក​ពី​គណ​បក្ស​នយោបាយ​មួយ​ទៀត​​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ទេ”។

នាយក​រដ្ឋមន្ត្រី​រូ​ប​​នេះ​បាន​បន្ត​ថា “ពួក​គេ​ដើរ​ចេញ​ដោយ​ខ្លួន​ឯង​ បើ​អ៊ីចឹ​ង​មាន​ន័យ​ថា តើ​យើង​គួរ​ទៅ​ខេត្ត​សៀម​រាប​ ដើម្បី​ចូល​រួម​ជា​មួយ​ពួក​គេ​នៅ​ទីនោះ​ឬ? ឬ​យើង​គួរ​ចូល​មក​ក្រោម​ដំបូល​រដ្ឋសភា​? រដ្ឋធម្មនុញ្ញ​ចែង​ថា កិច្ច​ប្រជុំ​សភា​ត្រូវ​ស្ថិត​នៅ​ក្រោម​អធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ​ ហើយ​កន្លែង​ប្រជុំ​​សភា​ត្រូវ​ស្ថិត​នៅ​ភ្នំពេញ​ លើក​លែង​តែ​មាន​ករណី​​​​ពិសេស”​។

រួម​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​តែ​ង​តាំង​នាយក​រដ្ឋមន្ត្រី​ តែងតាំង​ប្រធាន​រដ្ឋសភា និង​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី​នោះ ការ​បោះ​ឆ្នោត​កាល​​​​​​ពី​ម្សិល​មិ​ញ​នេះ ក៏​បាន​​បោះ​ឆ្នោត​ផ្លាស់​ប្ដូរ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​មុខ​ងារ​សាធារណៈ​នៃ​ទីស្ដី​​​​​​​​​ការ​គណៈ​រដ្ឋមន្ត្រី ដែល​ទទួល​បន្ទុក​រៀប​ចំ​ការ​ងារ​ និង​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ​នោះ​​​ទៅ​​​​​​​​​​​ជា​​​​​​​ក្រសួង​មុខ​ងារ​​សាធារណៈ​ផង​ដែរ​ ដែល​ត្រូវ​​​​​​​​​​​​​ដឹក​នាំ​ដោយ​លោក ពេជ្រ ប៊ុនធិន រដ្ឋ​លេខា​​​​​​​​​​ធិកា​រ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​នេះ​តែ​ម្ដង​។

​រដ្ឋសភា​ក៏​បាន​បង្កើត​តួនាទី​ថ្មី​ចំនួន​១៣ សម្រាប់​​រដ្ឋមន្ត្រី​​ប្រគល់​​ឲ្យ​នាយក​រដ្ឋមន្ត្រី​​​ផង​ដែរ  ដែល​តួនាទីទាំង​​នេះ​​​ធ្លាប់​ស្ថិត​នៅ​ក្រោម​​ក្រសួង​នីមួយ​ៗ​រៀងៗខ្លួន​​​ ហើយ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​វិស័យ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​របស់​លោក ហ៊ុន សែន។

យោង​តាម​ឯក​សារ​ដែល​ត្រូវ​បាន​ផ្សព្វ​​ផ្សាយ​កាល​ពី​ម្សិលមិញ​ លោក ហ៊ុន សែន ក៏​មាន​ឧបនាយក​រដ្ឋមន្ត្រី​តិច​ជាង​មុន​ដែរ​ គឺ​មាន​តែ​ប្រាំបួន​រូប​ប៉ុណ្ណោះ។

ឈ្មោះរបស់​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ក៏​បាត់​ពី​បញ្ជី​ឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​ទាំង​១១​នេះ​​ដែរ​ ហើយ​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ដែល​គណបក្ស​របស់​លោក​មិន​ទទួលបាន​​​​មួយ​អាសនៈ​សោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​កាលពី​ខែ​កក្កដានេះក៏​បាត់​ឈ្មោះ​ពី​តំណែង​ឧបនាយក​រដ្ឋមន្ត្រីដែរ និងគ្មាន​តួនាទី​​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល​ទេ។ លោក ហ៊ុន សែន នឹង​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​​​​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​​នៅ​ថ្ងៃ​នេះ៕

ប្រែសម្រួល​ដោយ មូល គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស