ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីសហគមន៍បឹងកក់ និងបុរីកីឡា ដែលភាគច្រើនមានស្នាមជាំហើម បានដើរទៅសាលាខណ្ឌដូនពេញកាលពីម្សិលមិញ និងស្តីបន្ទោសមន្ត្រីនៅទីនោះដោយសារការប្រើអំពើហិង្សា ដែលបានផ្ទុះឡើងនៅវត្តភ្នំ កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលពួកគេកំពុងធ្វើការតវ៉ាដោយសន្តិវិធី។
ក្រុមមន្ត្រីនមកពីខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម្សិលមិញ បានបដិសេធដាច់អហង្ការថា មិនបានជាប់ពាក់ព័ន្ធក្នុងការប្រើអំពើហិង្សានេះទេ។
កាលពីយប់ថ្ងៃអាទិត្យ នគរបាល និងបុរសស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់ប្រដាប់ដោយដំបងឆក់ និងចំពាមកៅស៊ូ បានវាយប្រហារទៅលើសកម្មជននារីប្រឆាំងការបណ្តេញចេញមួយក្រុមមានគ្នាប្រហែលជិត៣០នាក់ ដែលកំពុងធ្វើកូដកម្មអត់អាហារមួយ ដើម្បីតវ៉ាលទ្ធផលការបោះឆ្នោតដ៏ចម្រូងចម្រាស និងបន្ទាប់មកបង្វែរអាវុធរបស់ខ្លួនដាក់បុគ្គលិកសិទ្ធិមនុស្ស និងអ្នកយកព័ត៌មាន។
លោក ឈឹម ឌីណា អភិបាលរងខណ្ឌ ដូនពេញ មានប្រសាសន៍ថា “អាជ្ញាធររបស់យើងមិនបានពាក់ព័ន្ធក្នុងហេតុការណ៍នេះទេ។ យើងមិនដឹងអំពីអំពើហិង្សានេះទេ”។
បន្ទាប់ពីការវាយប្រហារនេះភ្លាម រថយន្តមួយគ្រឿងដឹកបុរសប្រហែល២០នាក់ប្រដាប់ដោយដំបងឆក់ ត្រូវបានគេឃើញចាកចេញពីវត្តភ្នំ និងបើកបរសំដៅចូលទៅក្នុងសាលាខណ្ឌដែលនៅក្បែរនោះ។ កាលពីម្សិលមិញ ក្រុមអ្នកតវ៉ាប្រឆាំងការបណ្តេញចេញក៏បានធ្វើដំណើរទៅកាន់សាលាខណ្ឌ ដើម្បីសុំរឺម៉កកង់បីពីរគ្រឿង និងម៉ូតូចំនួនពីរគ្រឿងពីមន្ត្រីសាលាខណ្ឌ ពីព្រោះយានទាំងនេះជារបស់ពួកគាត់ ដែលត្រូវបានដកទុកបន្ទាប់ពីការវាយប្រហារ។
នៅពេលពួកគេត្រូវបានរារាំងមិនឲ្យចូលដល់ផ្លូវនៅទល់មុខរបាំងបន្លាលួស និងសន្តិសុខខណ្ឌ ពួកគេបានរុរើរបាំងរាំងផ្លូវ និងបន្តទៅដល់មាត់ច្រកទល់មុខសាលាខណ្ឌ។ នៅទីនោះ តំណាងបីនាក់ត្រូវបានអនុញ្ញាតឲ្យចូលជួបលោក ឌីណា និងលោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក គឹម វុត្ថា ប្រធានសន្តិសុខសាធារណៈប្រចាំនៅខណ្ឌដូនពេញ។
បើទោះជាអាជ្ញាធរបានប្រគល់យានយន្តដែលបានដកហូតទុក បន្ទាប់ពីជំនួបរយៈពេលកន្លះម៉ោង ពួកគេបានបដិសេធថា មិនបានដឹងអំពីការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ។ ក្រោយមក លោក វុត្ថា បានប្រាប់ក្រុមអ្នកយកព័ត៌មាន “ខ្ញុំមិនដឹងអំពីការប្រើអំពើហិង្សាទេ”។
អ្នកស្រី ទេព វន្នី សកម្មជនប្រឆាំងការបណ្តេញចេញ ដែលបានចូលរួមក្នុងជំនួបនោះដែរ បានមានប្រសាសន៍ថា “អាជ្ញាធរខណ្ឌបានបដិសេធនូវអ្វីដែលពួកគេបានធ្វើ”។ អ្នកស្រីបានបន្តថា “ប្រសិនបើអាជ្ញាធរមិនរៀបចំទេ ក៏គ្មានអ្វីកើតឡើងដែរ”។ អ្នកស្រីបន្ថែមថា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែនរោត្តម មុនីនាថ បានព្រះប្រទានជាអំណោយជាទឹកប្រាក់ចំនួន១.២០០ដុល្លារដល់ជនរងគ្រោះ រាប់ទាំងអ្នកស្រី ស៊ី ហៀប អាយុ៦៤ឆ្នាំ ត្រូវជាម្តាយរបស់អ្នកស្រី វន្នី ដែលស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ និងបានធូរស្រាលពីរបួសនៅចន្លោះភ្នែកទាំងពីររបស់អ្នកស្រី ដោយសារអ្នកស្រីត្រូវបានវាយប្រហារដោយកូនឃ្លីធំមួយចេញពីចំពាមកៅស៊ូ។
អ្នកស្រី វន្នី ក៏បានសម្តែងការខកចិត្តថាគណបក្សសង្គ្រោះជាតិ ដែលសមាជិករបស់ខ្លួនបានវិលត្រឡប់ពីខេត្តសៀមរាបវិញ កាលពីម្សិលមិញបន្ទាប់ពីពួកគេទៅទីនោះ ដើម្បីធ្វើពហិការការបើកសម័យប្រជុំសភាជាតិកាលពីថ្ងៃច័ន្ទ មិនបានថ្កោលទោសការវាយប្រហារនេះជាសាធារណៈឡើយ។
នៅក្នុងសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញ អង្គការតាមឃ្លាំមើលសិទ្ធិមនុស្ស និងលើកលែងទោសអន្តរជាតិ និងអង្គការសិទ្ធិមនុស្សចំនួនបីទៀត បានថ្កោលទោសការប្រើកម្លាំងហួសហេតុរបស់រដ្ឋាភិបាលប្រឆាំងនឹងបាតុករសន្តិវិធី ហើយចាត់ទុកការវាយប្រហារនៅវត្តភ្នំ ជាឧទាហរណ៍មួយ។ ស្ថានទូតអាមេរិកបានហៅឧបទ្ទវហេតុនេះថា “ជាការរំខាន”។
អ្នកស្រី វន្នី បានមានប្រសាសន៍ថា “យើងមានអារម្មណ៍ឯកោ នៅពេលយើងមិនឮប្រតិកម្មណាមួយពីគណបក្សសង្គ្រោះជាតិ”។ អ្នកស្រីបានបន្តថា “ហេតុអ្វីបានជាពួកគេមិនធ្វើសេចក្តីថ្លែងការណ៍ ឬឆ្លើយតបអំពីហេតុការណ៍នេះ ខណៈដែលយើងកំពុងស្វែងរកយុត្តិធម៌និងតម្លាភាពក្នុងការបោះឆ្នោត
តាមរយៈកូដកម្មអត់អាហាររបស់យើង?”។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ខណៈដែលលោកមានការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យ គណបក្សរបស់លោករងការរំខាន ដោយសារមានរឿងហេតុផ្សេងទៀត។ឮ លោក សុន ឆ័យ បានមានប្រសាសន៍ថា “យើងមានបញ្ហាសំខាន់ៗជាច្រើននៅចំពោះមុខយើង ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ដែលចូលរួមសម័យប្រជុំសភាទាំងខុសច្បាប់ និងបញ្ហាផ្សេងទៀត”។
លោកបានថ្លែងថា “បឹងកក់ គឺជាបញ្ហាសំខាន់មួយ ប៉ុន្តែយើងមិនអាចត្រឡប់ទៅជួយពួកគេ[អ្នកភូមិ]បាន បើទោះជាយើងបានដឹងអ្វីកើតឡើងក៏ដោយ”។
លោក កឹម ឡី អ្នកស្រាវជ្រាវឯករាជ្យបានលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែច្របូកច្របល់ដោយសារតែល្បិចនយោបាយ មនោសញ្ចេតនាដូចជាអារម្មណ៍របស់អ្នកស្រី វន្នី ជាដើម នោះ នឹងរីករាលដាល សូម្បីតែក្នុងចំណោមអ្នកគាំទ្រគណបក្ស។
លោក កឹម ឡី បានថ្លែងថា “ពួកគេគ្រាន់តែសំឡឹងមើលបទបញ្ញត្តិ រដ្ឋសភា រដ្ឋាភិបាល ប៉ុណ្ណោះ ប៉ុន្តែពួកគេភ្លេចមើលទាំងមូល។ ឥឡូវនេះ ពួកគេ[សកម្មជន]កំពុងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនិយាយជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ…ប៉ុន្តែពួកគេ[គណបក្សសង្គ្រោះជាតិ]មានពេលតិចណាស់ សម្រាប់ជជែកជាមួយពួកគេ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី