29 C
Phnom Penh

ប្រេសិត​ពិសេស​ U.N លើក​ឡើង​ពី​ក្ដី​កង្វល់​​ជុំវិញ​អំពើ​ហិង្សា​​ក្រោយ​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រ​ចាំ​ប្រទេស​ កម្ពុជា​ លោក សុរិយា ស៊ូបេឌី ​(Surya Subedi) កាល​ពី​ម្សិល​មិញ បាន​ដាក់​​របាយ​ការណ៍​មួយ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ (Human Rights Council) នៅ​ទី​ក្រុង​ហ្សឺណែវ ​ហើយ​​លោក​បាន​លើក​ឡើង​ពី​កង្វល់​យ៉ាង​ខ្លាំង​របស់​លោក អំពី​អំពើ​ហិង្សា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត និង ការ​ខកខាន​របស់​រដ្ឋាភិបាល ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​​(គ.ជ.ប.) ដែល​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​​លើ​ករណី​នៃ​ការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស។

របាយការណ៍​របស់​លោក ស៊ូបេឌី ដែល​​បាន​​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​​កាល​ពី​​ខែ​សីហា​ នោះ​ ត្រូវ​បាន​​ផ្ញើ​ជូន​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា ដែល​​បាន​បណ្តាល​ឲ្យ​​មាន​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ដោយ​សារ​មាន​ការ​តវ៉ា​នឹង​លទ្ធ​ផល​​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​​គណបក្ស​សង្គ្រោះ​​ជាតិ​​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​បើក​សម័យ​​ប្រ​ជុំ​សភា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ច័ន្ទ​។

ផ្អែក​​តាម​បេសកម្ម​មួយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២ និង​មួយ​ទៀត​កាល​ពី​ខែ​ឧសភា​ ក្នុង​ឆ្នាំ​នេះ របាយ​ការណ៍​សង្ខេប​របស់​លោក ស៊ូបេឌី បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​ មិន​បាន​ធានា​នូវ​សេរីភាព​​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទេ ហើយ​​កាន់​តែ​មិន​មាន​ភាព​អត់​ធ្មត់​ចំពោះ​ការ​រិះ​គន់​​ស្ថាបនា​។

ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស នៅ​ក្នុង​ទី​ក្រុងហ្សឺណែវ លោក ស៊ូបេឌី បាន​បន្ថែម​​ពាក្យ​ផ្ទាល់​មាត់​មួយ​ចំនួន​ទៀត ទៅ​លើ​របាយ​ការណ៍​អង្កេត​របស់​លោក ហើយ​បាន​​បញ្ជាក់​ថា  ខណៈដែលការ​បោះ​ឆ្នោត​​​ប្រព្រឹត្ត​ទៅ​​​ដោយសន្តិវិធី​នោះ ​​​សុទិដ្ឋិនិយម​របស់​លោក ត្រូវ​បាន​ធ្វើ​ឲ្យ​បរាជ័យ​ដោយ​សារ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​ការ​ខក​ខាន​របស់​រដ្ឋាភិ​បាល​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​មិន​បាន​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​មិន​លម្អៀង​ តម្លាភាព​អាច​ជឿ​ទុក​ចិត្ត​បាន​ និង​ឲ្យ​បាន​ហ្មត់​ចត់​​លើ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​ទាំង​នោះ​។

លោក​បាន​បញ្ជាក់​ថា “សេចក្តី​សង្ឃឹម​ដ៏​មុត​មាំ​របស់​ប្រជាពលរដ្ឋ​សម្រាប់​សន្តិភាព​នោះ ត្រូវ​រលាយ​ទៅ​វិញ​នៅ​ពេល​កង​កម្លាំង​សន្តិសុខ​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ក្រុម​បាតុករ​ ហើយ​បាន​សម្លាប់​អ្នក​ឈរ​មើល​ស្លូត​ត្រង់​ម្នាក់​ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​បាន​​មួយ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ”។ លោក​ ស៊ូបេឌី បាន​បន្ថែម​ថា “ខ្ញុំ​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ដោយសារ​ថា អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទំនង​ជា​មាន​ការ​រើស​អើង​ និង​ការ​ប្រើ​ប្រាស់​កង​កម្លាំង​យ៉ាង​ច្រើន​លើស​លប់​​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ ជា​ពិសេស​ខ្ញុំ​មាន​ក្តី​បារម្ភ​ចំពោះរបាយការណ៍​ដែល​លើក​ឡើង​ថា កង​កម្លាំង​សន្តិសុខ​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​គ្រាប់​ពិត​ទៅ​លើ​ក្រុម​មនុស្ស​​នៅ​ក្នុង​​​ហេតុ​ការណ៍​ខ្លះ​ ហើយ​ថា​ ​ប្រជាពលរដ្ឋ​​ជា​ច្រើន​ រួម​ទាំង​ក្រុម​យុវជន​​ផង​ដែរ បានរង​បួស​ដោយ​សារ​ការ​វាយ​នឹង​ដំបង​ឆក់​”។

លោក​មាន​ប្រសាសន៍​បន្ត​ថា លោក​ក៏​មាន​​ក្តី​បារម្ភផងដែរ​ ចំពោះ ​ “ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​” លើ​ករណី​ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ ចេញ​ពី​រមណីយដ្ឋានវត្តភ្នំ​ អំឡុង​ពេល​ពិធី​បួង​សួង​ដោយ​សន្តិវិធី​មួយ​នៅ​យប់​នោះ​ ដែលនៅ​ទី​នោះ​ព្រះ​អង្គ​បាន​ធ្វើ​កូដ​កម្ម​​​អត់​អាហារ​ និង​មាន​ការ​​ព្រួយ​បារម្ភ​ចំពោះ​​ការ​វាយ​ប្រហារ​ពី​សំណាក់​​កង​កម្លាំង​នគរបាល​មក​លើ​ក្រុម​សកម្មជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​​ចេញ​ពី​ដី​ធ្លី​មួយ​ក្រុម​ ដែលក៏​បាន​ធ្វើ​កូដកម្ម​ដោយ​អត់​អាហារ​ផង​ដែរ និង​អ្នក​យក​ព័ត៌​មាន​ដែល​មាន​វត្តមាន​នៅ​ពេល​នោះ​ កាល​ពី​យប់​ថ្ងៃអាទិត្យ​។

លោក ស៊ូបេឌី បាន​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ថា “នៅ​ក្នុង​ការ​​ជំរុញ​អាជ្ញាធរ ដោយ​ប្រើ​ពាក្យ​សំដី​ខ្លាំងៗ ​ឲ្យ​មាន​ការ​អត់​ធ្មត់​​កុំ​​ប្រើ​អំពើ​ហិង្សា​បន្ថែម​ទៀត​នោះ​ ខ្ញុំ​​សង្កត់​ធ្ងន់​ថា ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​គឺជា​សិទ្ធិ​មនុស្ស​ ​ដែល​ត្រូវ​តែ​គោរព​ជា​​ចាំ​បាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​”។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា “ដោយ​សង្កេត​​ឃើញ​ថា អាជ្ញាធរ​ដែល​បាន​អត់​ធ្មត់​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​កន្លង​មក​ ជាថ្មី​ម្តង​ទៀត​​បាន​ងាក​ទៅ​រក​​វិធីសាស្ត្រ​ចាស់​ដែល​រំលោភ​​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ជាមូល​ដ្ឋាន​  កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ខ្ញុំ​ជឿថា វា​​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​​នេះ​សម្រេច​ចិត្ត​ធ្វើ​ឲ្យប៉ះពាល់​ដល់​អនាគត​របស់​​ខ្លួន​​”។

លោ​ក​បាន​បន្ថែម​ថា លោក​មាន​បំណង​បន្ត​អាណត្តិ​របស់​លោក​ដែល​បាន​ចាប់​ផ្ដើម​កាលពី​ខែមីនា ឆ្នាំ​២០០៩ បន្ត​វេន​ពី​លោក យ៉ាស់ស្កាយ ជន​ជាតិ​កេនយ៉ា និង​សាស្ត្រាចារ្យ​ច្បាប់​លោក  ភីតធើ  ឡឺព្រីច  ដែល​​បាន​លាលែង​ពី​តំណែង​បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក។

គណៈប្រតិភូ​ជប៉ុន​មួយក្រុមនៅ​ឯក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ខ្លួន​បាន​​ព្រៀង​​សេចក្ដី​​សម្រេច​​ ដែល​​ស្នើ​ឲ្យ​មាន​ការ​បន្ត​អាណត្តិ​សម្រាប់​​លោក ស៊ូបេឌី ដើម្បី​ត្រួត​ពិនិត្យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាថ្មី​ ជា​សំណើ​មួយ​ត្រូវ​បាន​​គាំទ្រ​​ដោយ​​គណៈប្រតិភូ​មក​ពី​ប្រទេស​អូស្ត្រាលី​​។

ជាការ​ឆ្លើយ​តប​វិញ លោក ស៊ុន សួន ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​​នៅ​ទីក្រុង​ហ្សឺណែវ បាន​មាន​ប្រសាសន៍​ថា ការ​បន្ត​អាណត្តិ​ជា​ថ្មី​របស់​លោក ស៊ូបេឌី កំពុង​​តែ​ពិចារណា​។ លោក​ក៏​បាន​ថ្លែង​សម្រាល​អំពី​​ការ​បង្ក្រាប​ដោយ​ហិង្សា​មក​លើ​ក្រុម​បាតុករ​អហិង្សា​កាលពី​ពីរសប្តាហ៍​កន្លង​មក​​ដោយ​អះ​អាង​​ថា បរិយាកាស​នៅ​ពេល​មុន​ និង​ក្រោយ​​ពេល​​បោះ​ឆ្នោត​គឺ​​មាន​ភាព​ស្ងប់​ស្ងាត់​ច្រើន​។

លោក​ថ្លែង​បន្ត​ថា “អ្នក​សង្កេត​ការ​ណ៍​ជាតិ​និង​អន្តរជាតិ​មក​ពី​បណ្ដា​ប្រទេស​នានា​ បាន​បន្ត​​ការ​ស្វាគមន៍​របស់​ខ្លួន​ចំពោះ​ការ​បោះ​ឆ្នោត​នេះ” ដោយ​បន្ថែម​ថា ប្រទេស​ផ្សេង​ទៀត​បាន​អំពាវ​នាវ​ឲ្យ​ភាគី​ជាប់​ពាក់​ព័ន្ធ​ដោះ​ស្រាយ​​​បញ្ហា​​ទាំង​នេះ​ទៅ​តាម​រដ្ឋធម្ម​នុញ្ញ​របស់​កម្ពុជា​”។ លោក ស៊ុន សួន បាន​ថ្លែង​បន្ថែមថា “យើង​​​ក៏​មាន​ការ​សោក​ស្តាយ​ផង​ដែរ ដែល​មាន​ឧបទ្ទវហេតុ​អាក្រក់​បាន​កើត​ឡើង​ជា​ពិសេស​​នៅ​តំណាក់​កាល​ចុង​ក្រោយ​នេះ”។ លោក​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​​ពីការ​​បន្ត​អាណត្តិ​ថ្មី​​របស់​លោក ស៊ូបេឌី ថា ប្រសិន​បើ​​មាន​ការ​យល់​ព្រម​មែន​ ​នឹង​បង្ហាញ​​ពី​ឆន្ទៈរបស់​ប្រទេស​កម្ពុជា​​ក្នុង​ការ​បន្ត​កិច្ច​ពិភាក្សា​របស់​ខ្លួន​ជា​មួយ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​​ទទួល​បន្ទុក​សិទ្ធិមនុស្ស​។

វត្តមាន​របស់​លោក ស៊ូបេឌី  នៅ​ចំពោះ​មុខ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ និង​បន្ត​ដល់​ថ្ងៃ​នេះ ដែល​នៅ​ពេល​នោះ ​នឹង​មាន​ការ​​ដាក់​ជូន​សេចក្ដី​​​ប្រកាស​មួយ​របស់់​សហ​សម្ព័ន្ធ​អន្តរជាតិ​សម្រាប់​​សិទ្ធិមនុស្ស​ និង​អង្គការ​ក្នុង​ស្រុក​លីកាដូ និង​អាដហុក​ ដែល​រៀប​រាប់​ពី​ក្តី​កង្វល់​របស់​ខ្លួន​”អំពី​ការ​​រំលោភ​លើ​សិទ្ធិ​កាន់​កាប់​​ដីធ្លី​ និង​ផ្ទះ​សម្បែង​​ដែល​កំពុង​កើត​មាន​ឡើង​​យ៉ាង​ធ្ងន់​ធ្ងរ និង​ជា​ប្រព័ន្ធ ការ​បំភិតបំភ័យ​ ការ​​យា​រយីមក​លើ​អ្នក​ការ​ពារ​សិទ្ធិ​កម្ពុជា​និង​ការ​បំបិទ​សំឡេង​​ឯករាជ្យ​ក្នុង​ប្រទេស​តាម​រយៈការ​រិត​បន្តឹង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​​ដោយ​សន្តិវិធី​”៕

ប្រែសម្រួល​ដោយ ឃិន ណៃ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស