រយៈពេលពីរថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលបានបង្ហាញឲ្យឃើញពីការត្រួតត្រារាជធានីភ្នំពេញក្នុងទិដ្ឋភាពមួយដែលគួរឲ្យកត់សម្គាល់បំផុតនៅក្នុងរយៈពេលច្រើនឆ្នាំនេះ ដោយកងរាជអាវុធហត្ថ និងនគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាពរបស់សមាជិកសភា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសច្ចាប្រណិធានមុនចូលកាន់តួនាទីជាសមាជិកសភាដោយពុំមានវត្តមានរបស់តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង ដែលបានធ្វើពហិការមិនចូលរួមបើកសម័យប្រជុំដំបូង។
ប្រជាជនក្នុងរាជធានីភ្នំពេញដែលភាគច្រើនមានកំហឹងចំពោះការស្បថចូលកាន់តំណែងរបស់លោក ហ៊ុន សែន និងសមាជិកគណបក្សរបស់លោក ដោយពុំមានវត្តមានរបស់សមាជិកសភាទាំង៥៥រូបរបស់គណបក្សប្រឆាំងនោះ បានចោទសួរពីភាពស្របច្បាប់នៃរដ្ឋាភិបាល ដែលបង្កើតឡើងដោយមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។
លោក សូ ធី អាយុ៥៩ឆ្នាំបាននិយាយក្នុងហាងកាហ្វេមួយនៅក្នុងខណ្ឌដូនពេញពេលពន្យល់អំពីមូលហេតុដែលរដ្ឋាភិបាលដាក់ពង្រាយកម្លាំងសន្តិសុខ និងរបាំងលួសបន្លានៅទូទាំងរាជធានីភ្នំពេញថា “មកពីពួកគេមានការភ័យខ្លាច”។ លោក សូ ធី បានលើកឡើងថា លោកជឿថា គណបក្សប្រជាជនកម្ពុជាមានការបារម្ភចំពោះឆន្ទៈកាន់តែមោះមុតរបស់ប្រជាជនក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចំពោះការបដិសេធមិនបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេតអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។ លោក សូ ធី បាននិយាយដោយបន្ទរតាមការរិះគន់របស់គណបក្សប្រឆាំងចំពោះការបោះឆ្នោតកាលពីខែកក្កដាថា “ពួកគេខ្លាចប្រជាជន ព្រោះពួកគេបានបង្កើតរដ្ឋសភាដែលមិនស្របច្បាប់។ ពួកគេខ្លាច ព្រោះពួកគេបានទទួលអាសនៈរបស់ខ្លួនតាមរយៈការលួចបន្លំ”។
ប្រជាជនម្នាក់ទៀតក្នុងរាជធានីភ្នំពេញ ឈ្មោះ សម សារឿន អាយុ៥០ឆ្នាំ បាននិយាយថា ប្រសិនបើរដ្ឋាភិបាលមានការគាំទ្រពីប្រជាជនដូចត្រូវបានបង្ហាញតាមរយៈលទ្ធផលនៃការបោះឆ្នោតមែននោះ រដ្ឋាភិបាលគួរតែមានភាពរីករាយក្នុងការបើកចំហពិធីធ្វើសច្ចាប្រណិធានរបស់សមាជិកសភានេះឲ្យសាធារណជនបានឃើញ។ លោកក៏បានប្រដូចទង្វើថ្មីៗនេះរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទៅនឹងរបបកុម្មុយនីស្តផងដែរ។ លោកបាននិយាយថា “ប្រសិនបើប្រជាជនត្រូវការពួកគេ ពួកគេមិនចាំបាច់ដាក់របាំងលួសបន្លាគ្រប់កន្លែង ដើម្បីបើកសម័យប្រជុំសភាទេ។ ពួកគេមានការភ័យខ្លាចចំពោះប្រជាជនដែលមិនពេញចិត្តពួកគេ…ពួកកុម្មុយនីស្តតែងតែធ្វើអ៊ីចឹងឯង”។
លោក សូ ថា ជាអ្នកបើករ៉ឺម៉កម៉ូតូក្នុងវ័យ៣៤ឆ្នាំបានសម្តែងការយល់ស្របថា វិធានការសន្តិសុខនេះ គឺមានលក្ខណៈហួសហេតុមែន ហើយបង្ហាញថា គណបក្សកាន់អំណាចដឹងច្បាស់ថា ខ្លួនកំពុងជំរុញឲ្យមានការបង្កើតរដ្ឋាភិបាល បន្ទាប់ពីបានបាត់បង់ភាពស្របច្បាប់ និងការគាំទ្រពីសាធារណជន។
លោកបាននិយាយថា “អ្វីដែលខ្ញុំអាចនិយាយបានគឺសុភាសិតខ្មែរដែលថា គោដំបៅខ្នង ក្អែកហើររំលងរម្សាយកន្ទុយ”។
លោក ធន សុវណ្ណរិទ្ធ អាយុ៣៨ឆ្នាំបាននិយាយថា ភាពមានះរបស់រដ្ឋាភិបាលក្នុងការបន្តធ្វើពិធីស្បថចូលកាន់តំណែង ទោះបីជាពុំមានការចូលរួមពីគណបក្សសង្គ្រោះជាតិនេះ គឺអាចបង្កើតបញ្ហារឹតតែធំសម្រាប់ខ្លួនឯងក្នុងពេលអនាគត។ លោកបាននិយាយថា “វាមិនមែនជារដ្ឋាភិបាលស្របច្បាប់ទេ។ការដាក់របាំងលួសបន្លានេះមានន័យថា រដ្ឋាភិបាលមានភាពផ្តាច់ការ…[ហើយចំណុចនេះ] នឹងធ្វើឲ្យប្រជាជនកាន់តែហ៊ានចេញមុខប្រឆាំងខ្លាំងឡើង”។
លោក សូ វណ្ណ អាយុ៤៧ឆ្នាំដែលនិយាយថា ខ្លួនបានចូលរួមក្នុងការធ្វើបាតុកម្មដែលបានផ្តួលរំលំរបបកុម្មុយនីស្តនៅប្រទេសហុងគ្រី ខណៈរូបលោកកំពុងសិក្សានៅទីនោះក្នុងឆ្នាំ១៩៨៩នោះ បានសម្តែងការយល់ស្របថា សាធារណជនដែលកំពុងមានកំហឹងស្រាប់ទៅហើយនោះនឹងផ្ទុះកំហឹងរឹតតែខ្លាំងឡើង ប្រសិនបើរដ្ឋាភិបាលនៅតែមិនបើកចំហចំពោះការចរចាជាមួយគណបក្សប្រឆាំង។
លោកបានមានប្រសាសន៍ថា “វាដូចជាការសប់កង់អ៊ីចឹង។ ប្រសិនបើមានខ្យល់ច្រើនពេក ថ្ងៃណាមួយវានឹងផ្ទុះមិនខាន ហើយប្រជាពលរដ្ឋនឹងតវ៉ាឲ្យមានការផ្លាស់ប្តូរ” ដោយលោកបានព្យាករពីលទ្ធផលដែលអាចកើតមាន ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឆ្លើយតបទៅនឹងបញ្ហាខ្វះភាពស្របច្បាប់របស់ខ្លួនតាមរយៈការប្រើកម្លាំង។ លោកបានបន្តថា “ប្រជាពលរដ្ឋនឹងមិននៅស្ងៀមទេ ព្រោះពួកគេមិនសប្បាយចិត្តជាមួយនឹងរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលនេះបានលួចប្លន់អំណាចពីគណបក្សប្រឆាំង”។
លោក ជប់ ចិត្ត នាយប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខបានឲ្យដឹងកាលពីយប់ម្សិលមិញថា របំាងលួសបន្លានៅជុំវិញព្រះបរមរាជវាំងត្រូវបានដកចេញវិញហើយ បន្ទាប់ពីមានបញ្ជាពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបក្រោយពេលពិធីស្បថចូលកាន់តំណែងរបស់លោក ហ៊ុន សែន នៅរដ្ឋសភាបានបញ្ចប់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបដិសេធថា វត្តមានរបស់កងកម្លាំងនគរបាលនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះមិនមែនជាសញ្ញាបញ្ជាក់ថា រដ្ឋាភិបាលប្រឈមនឹងបញ្ហាខ្វះភាពស្របច្បាប់ឡើយ ហើយបានលើកឡើងថា វាគឺជាឆ្លើយតបដ៏សមស្របមួយចំពោះការគំរាមធ្វើបដិវត្តពីសំណាក់គណបក្សប្រឆាំង។
លោកបានមានប្រសាសន៍ថា “វាជាបញ្ហា ច្បាប់ និងសណ្តាប់ធ្នាប់ ប្រទេសណាក៏ធ្វើដូច្នេះដែរ។ ក្រោយការបោះឆ្នោត គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យធ្វើបាតុកម្មទូទាំងប្រទេស ហើយក្នុងនាមជារដ្ឋាភិបាល យើងត្រូវព្យាយាមរក្សាសណ្តាប់ធ្នាប់…ប្រឆាំងយុទ្ធសាស្ត្រធ្វើបដិវត្ត” ដោយលោកបានពន្យល់ថា រដ្ឋាភិបាលត្រូវចាត់វិធានការប្រឆាំងសកម្មភាពទាំងឡាយណា ដែលខ្លួនមិនបានប្រឈម អំឡុងការបោះឆ្នោតអាណត្តិមុន។ លោកបានថ្លែងថា “ឥឡូវនេះយើងមានការញុះញង់ពីគណបក្សសង្គ្រោះជាតិ។ ពួកគេហៅរដ្ឋាភិបាលថា យួន ហៅរដ្ឋាភិបាលថា ពុករលួយ និងបានញុះញង់ប្រជាជនឲ្យប្រឆាំងនឹងរដ្ឋាភិបាល ទោះបីជាពួកគេមានសំឡេងភាគតិចក៏ដោយចុះ”៕
(រាយការណ៍បន្ថែមដោយ អ៊ាង ម៉េងឡេង)
ប្រែសម្រួលដោយ កង សុធា