លោក ប៊ន សំណាង និង លោក សុខ សំអឿន ដែលត្រូវបានផ្តន្ទាទោសមិនត្រឹមត្រូវដាក់ពន្ធនាគារ២០ឆ្នាំ ពីបទសម្លាប់ លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករកាលពីឆ្នាំ២០០៤នោះ ត្រូវបានតុលាការកំពូលសម្រេចឲ្យរួចទោស កាលពីម្សិលមិញ។

ឆ្លើយតបទៅនឹងការសម្រេចឲ្យរួចទោសនេះ លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា បានមានប្រសាសន៍ថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះការរៀបចំការធ្វើឃាតបងប្រុសរបស់គាត់ និងចំពោះការបិទបាំងរឿងនេះ។ សំណើចុងក្រោយរបស់បុរសទាំងពីរនាក់សុំឲ្យមានការដោះលែង បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលប្រាំឆ្នាំ ត្រូវបានលើកយកមកពិភាក្សានៅតុលាការកំពូលកាលពីម្សិលមិញ។
តុលាការកំពូលបានបញ្ជូនរឿងក្តីរបស់បុរសទាំងពីរទៅឲ្យសាលាឧទ្ធរណ៍វិញកាលពីឆ្នាំ២០០៨ សម្រាប់ធ្វើការស៊ើបអង្កេតឡើងវិញ ដោយសារខ្វះភ័ស្តុតាង។ ប៉ុន្តែ សាលាឧទ្ធរណ៍បានផ្តន្ទាទោសបុរសទាំងពីរនាក់ឡើងវិញ កាលពីខែធ្នូ ឆ្នាំ២០១២ ពីបទឃាតកម្មនេះ។
ការសម្រេចឲ្យ សុខ សំអឿន និង ប៊ន សំណាង រួចទោសនេះ មានន័យថា ឃាតករសម្លាប់ លោក ជា វិជ្ជា ពិតប្រាកដមិនទាន់ចាប់ខ្លួនបានទេជិតមួយទសវត្សរ៍ បន្ទាប់ពីការសម្លាប់នេះ ដែលបានកើតឡើងទាំងកណ្តាលថ្ងៃនៅពេលដែលគាត់អានកាសែត ខេមបូឌា ដេលី នៅខាងក្រៅវត្តលង្កានៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
លោក ឃឹម ប៉ុណ្ណ ចៅក្រមជំនុំជម្រះបានប្រកាសបន្ទាប់ពីការពិចារណាអស់រយៈពេលមួយម៉ោង ក្រោយពីបើកសវនាការរយៈពេលបីម៉ោងប្រកបដោយអារម្មណ៍រំជើបរំជួលនោះថា “តុលាការកំពូលសម្រេចលើកលែងការចោទប្រកាន់លើ ប៊ន សំណាង និង សុខ សំអឿន”។ ចៅក្រមរូបនេះបាននិយាយថា “សូមដោះលែង ប៊ន សំណាង និង សុខ សំអឿន ប្រសិនបើជនទាំងពីរនាក់នេះមិនត្រូវឃុំខ្លួនពីបទឧក្រិដ្ឋផ្សេងទេ។ តុលាការកំពូលច្រានចោលសាលដីការបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២”។
ទោះជាយ៉ាងណា លោកចៅក្រម ឃឹម ប៉ុណ្ណ មិនមានសង្ឃឹមថា បុរសទាំងពីរនឹងទទួលបានសំណងចំពោះការជាប់ទោសរយៈពេលប្រាំឆ្នាំរបស់ខ្លួនទេ ដោយលោកលើកឡើងពីមាត្រា២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយបានអះអាងថា មិនមានការបង្ហាញថា បុរសទាំងពីរនាក់បានទទួលរងរបួស ដោយសារការឃុំខ្លួនខុសរយៈពេលប្រាំឆ្នាំនេះទេ។
បន្ទាប់ពីការប្រកាសសាលដីកានេះ មានការទះដៃស្រែកអបអរសាទរនៅក្នុងសាលសវនាការ ហើយ ប៊ន សំណាង អាយុ៣៣ឆ្នាំ និង សុខ សំអឿន អាយុ៤៥ឆ្នាំ បានឱនក្រាបទៅលើឥដ្ឋនៅចំពោះមុខចៅក្រមទាំងប្រាំបួនរូប។ ប៊ន សំណាង ដែលមានអារម្មណ៍ធូរស្រាល និងសប្បាយរីករាយបាននិយាយអំពីសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលអ្នករិះគន់បានរិះគន់ជាយូរមកហើយថា ជាអ្នកគ្រប់គ្រងលើការងាររបស់តុលាការនោះថា “ខ្ញុំសប្បាយណាស់ ហើយខ្ញុំសូមអរគុណតុលាការដែលបានដោះលែងខ្ញុំ។ ខ្ញុំសូមអរគុណសម្តេចយាយ ព្រះមហាក្សត្រ សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង សម្តេច ហេង សំរិន”។
អ្នកស្រី នួន គឹមស្រ៊ី អាយុ៥២ឆ្នាំ ជាម្តាយរបស់ ប៊ន សំណាង និង លោកមេធាវី ជុំ សុវណ្ណាលី បាននិយាយថា នៅទីបញ្ចប់បុរសទាំងពីរនាក់នេះបានទទួលយុត្តិធម៌ហើយ។ លោក សុវណ្ណាលី បានមានប្រសាសន៍ថា “ខ្ញុំគិតថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះការផ្តល់សំណងខូចខាតដល់ពួកគេ ពីព្រោះពួកគេត្រូវបានចាប់ដាក់ពន្ធនាគារ”។
ប៉ុន្តែ លោក ចៅក្រម ឃឹម ប៉ុណ្ណ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសាលដីការបស់លោកថា មិនមានសំណងដល់បុរសទាំងពីរនាក់ ដែលបានជាប់ពន្ធនាគារម្នាក់ប្រាំឆ្នាំពីបទឧក្រិដ្ឋដែលពួកគេមិនបានប្រព្រឹត្តនេះទេ។
សុខ សំអឿន បាននិយាយថា “ ខ្ញុំសូមអរគុណតុលាការកំពូលដែលបានដោះលែងខ្ញុំ ដូច្នេះខ្ញុំនឹងប្រាប់ពិភពលោកថា កម្ពុជាមានយុត្តិធម៌ម្តងទៀតហើយ”។ ប្រពន្ធរបស់គាត់ដែលពកូនស្រីអាយុ៣ឆ្នាំរបស់ពួកគេ ក៏បាននិយាយអំពីអារម្មណ៍ធូរស្បើយរបស់អ្នកស្រីដែរ ហើយបាននិយាយថា តុលាការបានរកយុត្តិធម៌ឲ្យប្តីរបស់គាត់ដែលរងគ្រោះជាយូរមកហើយនេះ។
លោក ហុង គឹមសួន មេធាវីរបស់ សុខ សំអឿន បានមានប្រសាសន៍ថា តុលាការមានហេតុផលនៅក្នុងការកែប្រែសេចក្តីសម្រេចរបស់តុលាការជាន់ទាប។លោក គឹមសួន បានមានប្រសាសន៍ថា “ការប្រកាសសាលដីកានៅថ្ងៃនេះបង្ហាញថា ប៊ន សំណាង និង សុខ សំអឿន មិនមានទោសពីបទឃាតកម្មគិតទុកមុនលើ លោក ជា វិជ្ជា នោះទេ”។ លោកបានបន្ថែមថា តុលាការជាន់ទាបមានកំហុសនៅក្នុងការកាត់ទោសបុរសទាំងពីរនាក់តាំងពីដំបូង។
លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា ដែលបានជាប់ឆ្នោតជាមេដឹកនាំសហជីពសេរីកម្មករ បន្ទាប់ពីការធ្វើឃាតបងប្រុសរបស់គាត់តែងតែអះអាងថា បុរសទាំងពីរនេះត្រូវបានគេទម្លាក់កំហុសចំពោះឃាតកម្មនេះ ហើយថា ការសម្រេចដោះលែងពួកគាត់មានន័យថា មានសំណួរថ្មីដែលត្រូវសួរថា តើហេតុអ្វីបានជាមិនដែលចាប់ខ្លួនឃាតករពិតប្រាកដយកមកផ្តន្ទាទោស។
លោកបានមានប្រសាសន៍ថា “១០ឆ្នាំមកហើយ តុលាការរកឃាតករពិតប្រាកដមិនឃើញទេ។ នេះគឺជាភាពទន់ខ្សោយរបស់រដ្ឋាភិបាល និងតុលាការ”។ លោកបានមានប្រសាសន៍ថា “ នេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងតុលាការក្នុងការស្វែងរកឃាតករពិតប្រាកដ។ ជាយូរមកហើយខ្ញុំមិនដែលគិតថា ប៊ន សំណាង និង សុខ សំអឿន ជាឃាតករនោះទេ។ ពេលនេះ រដ្ឋាភិបាលចាញ់ក្នុងរឿងក្តីនេះ ពីព្រោះខ្លួនមិនអាចស្វែងរកពិរុទ្ធជនពិតប្រាកដ ប៉ុន្តែ រដ្ឋាភិបាលនៅពីក្រោយការសម្លាប់បងប្រុសរបស់ខ្ញុំ”។
នៅក្នុងតុលាការ លោក ឃឹម ប៉ុណ្ណ បានបញ្ជាក់នូវអ្វីដែលគេតែងតែនិយាយថា រឿងក្តីប្រឆាំងនឹងបុរសទាំងពីរមិនមានភ័ស្តុតាងរឹងមាំគ្រប់គ្រាន់ ចម្លើយសាក្សីមិនត្រឹមត្រូវ និងការមិនពិចារណាពីការលើកឡើងថា បុរសទាំងពីរមិនស្ថិតនៅកន្លែងកើតហេតុ។ លោកមានប្រសាសន៍ថា “មានសាក្សីជាច្រើនបញ្ជាក់ថា នៅពេលគេសម្លាប់ លោក ជា វិជ្ជា នោះ ប៊ន សំណាង និង សុខ សំអឿន មិនស្ថិតនៅកន្លែងកើតហេតុទេ ដូច្នេះពួកគេមិនមែនជាឃាតករឡើយ”។ លោកបានបន្ថែមថា សាក្សីម្នាក់បានរាយការណ៍មិនពិតអំពីប្រភេទម៉ូតូដែលឃាតករជិះ។
សាក្សីឈ្មោះ ហ៊ាង ម៉េងហួត ក៏បានឆ្លើយអំឡុងពេលបើកសវនាការជំនុំជម្រះរឿងក្តីបុរសទាំងពីរដែរថា គាត់ស្ថិតនៅជាមួយ សុខ សំអឿន នៅកន្លែងមួយទៀតក្នុងក្រុងនៅពេលដែលឃាតកម្មនេះកើតឡើង។ សាក្សីឈ្មោះ រស់ រ៉ន បាននិយាយថា នៅពេលនោះដែរ ប៊ន សំណាង បានជិះតាក់ស៊ី ចេញពីរាជធានីភ្នំពេញមួយថ្ងៃមុនពេលឃាតកម្មនេះកើតឡើង។
សុខ សំអឿន បានអះអាងពីភាពគ្មានទោសរបស់គាត់តាំងពីដំបូង។ ប៊ន សំណាង បានសារភាពពីដំបូង ប៉ុន្តែ បានប្រាប់តុលាការកំពូលកាលពីឆ្នាំ២០០៨ថា ការសារភាពនេះមិនពិតទេ ពីព្រោះគាត់ឆ្លើយសារភាពដោយសារនគរបាលដែលបានឃុំខ្លួនគាត់នោះវាយគាត់។ អង្គការសិទ្ធិមនុស្សបានស្វាគមន៍សេចក្តីសម្រេចនោះ ប៉ុន្តែ បានទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីនាំយកឃាតករពិតប្រាកដមកផ្តន្ទាទោស។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ការិយាល័យស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការពលកម្មអន្តរជាតិបានលើកឡើងថា ខណៈដែលពួកគេស្វាគមន៍ការសម្រេចឲ្យរួចទោស និងការជិតដោះលែងបុរសទាំងពីរនាក់នេះ ពួកគេបានលើកឡើងសាជាថ្មីអំពីការទាមទាររបស់ស្ថាប័នគ្រប់គ្រងអន្តរជាតិឲ្យមានការស៊ើបអង្កេតហ្មត់ចត់លើការសម្លាប់លោក ជា វិជ្ជា ដើម្បីធានាថា យកឃាតករពិតប្រាកដមកផ្តន្ទាទោស។
អង្គការសិទ្ធិមនុស្សលីកាដូបានចេញសេក្តីថ្លែងការណ៍ចុះហត្ថលេខារួមគ្នាដោយអង្គការក្រៅរដ្ឋាភិបាលប្រាំបួនផ្សេងទៀត ដែលលើកឡើងថា ការសម្រេចឲ្យរួចទោសនេះគួរតែធ្វើជាយូរមកហើយ ហើយត្រូវតែមានការផ្តល់សំណង។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូបានមានប្រសាសន៍ថា “ ប៊ន សំណាង និង សុខ សំអឿន បានបាត់សិទ្ធិសេរីភាពរបស់ខ្លួន និងបានបែកពីក្រុមគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ និងត្រូវបានផ្តន្ទាទោសដោយមិនត្រឹមត្រូវតាំងពីឆ្នាំ២០០៥មក។ ដូច្នេះ ពួកគាត់គួរតែទទួលបានសំណងចំពោះអំពើអយុត្តិធម៌នេះ”។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា ការបើកការស៊ើបអង្កេតកាលពីពេលថ្មីៗលើការសម្លាប់លោក ជា វិជ្ជា នឹងជួយ “ ប្រយុទ្ធប្រឆាំងនិទណ្ឌភាពដ៏រាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
ប៊ន សំណាង និង សុខ សំអឿន ត្រូវបានចាប់ខ្លួនរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការសម្លាប់នោះ ហើយរឿងក្តីនេះត្រូវបានបញ្ជូនទៅធ្វើការជំនុំជម្រះឡើងវិញ ប៉ុន្តែត្រូវបានច្រានចោលកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៤ដោយលោក ហ៊ីង ធីរិទ្ធិ ដែលពេលនោះជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានលើកឡើងថា ខ្វះភ័ស្តុតាង។
លោក មឿន តុលា បាននិយាយពីរឿងរ៉ាងដែលគេដកចៅក្រម ហ៊ីង ធីរិទ្ធិ ថា “ប៉ុន្មានថ្ងៃក្រោយមក លោកត្រូវបានដកចេញពីតួនាទី ហើយត្រូវបានផ្ទេរទៅសាលាដំបូងខេត្តស្ទឹងត្រែង”។ រឿងក្តីនេះចម្លែកណាស់ នៅពេលដែលលោក ធូ មណី ចៅក្រមសាលាឧទ្ធរណ៍បានច្រានចោលសេចក្តីសម្រេចរបស់ចៅក្រម ហ៊ីង ធីរិទ្ធិ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៤ ហើយបានបង្គាប់ឲ្យធ្វើការចោទប្រកាន់បុរសទាំងពីរនេះឡើងវិញពីបទមនុស្សឃាត បើទោះជាមិនមានភ័ស្តុតាងថ្មីក៏ដោយ។
ប៊ន សំណាង និង សុខ សំអឿន ត្រូវបានកាត់ឲ្យជាប់ទោសពីបទសម្លាប់ លោក ជា វិជ្ជា ដោយសាលាដំបូងរាជធានីភ្នំពេញកាលពីខែសីហា ឆ្នាំ២០០៥ ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ បន្ថែមពីលើភ័ស្តុតាងគួរឲ្យសង្ស័យនេះ រឿងក្តីប្រឆាំងបុរសទាំងពីរនាក់នេះត្រូវបានរៀបចំឡើងដោយលោក ហេង ពៅ ដែលពេលនោះជាស្នងការនគរបាលក្រុងភ្នំពេញ ដែលក្រោយមកបានឡើងទៅជាទីប្រឹក្សាផ្នែកសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា ឥឡូវនេះ លោក ហេង ពៅ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១០០ឆ្នាំពីបទឧក្រិដ្ឋជាច្រើនរួមទាំងការសម្លាប់ចៅក្រមសាលាដំបូងរាជធានីផងដែរ។ ពេលដែលលោក ហេង ពៅ បានរត់គេចខ្លួនពីសំណាញ់ច្បាប់ ហើយទៅលាក់ខ្លួននៅប្រទេសសិង្ហបុរី លោកបានសម្ភាសជាមួយទស្សនាវដ្តីបារាំងឈ្មោះ L’Express កាលពីខែសីហា ឆ្នាំ២០០៦ ដែលបានអះអាងយ៉ាងច្បាស់ថា រឿងក្តីទាំងមូលប្រឆាំង ប៊ន សំណាង និង សុខ សំអឿន ត្រូវបានប្រឌិតដោយលោក ហុក ឡងឌី ដែលពេលនោះជាអគ្គស្នងការនគរបាលជាតិ ហើយថា លោក ហុក ឡងឌី បានបញ្ជាឲ្យចាប់ខ្លួនបុរសទាំងពីរនាក់នេះដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលដែលកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។
លោក ហេង ពៅ ត្រូវបានទស្សនាវដ្តី L’Express ដកស្រង់សម្តីដែលនិយាយថា “ខ្ញុំមិនចាំបាច់ចំណាយពេលយូរក្នុងការស្វែងយល់ពីជនសង្ស័យទាំងពីរទេ គឺ ប៊ន សំណាង និង សុខ សំអឿន មិនពាក់ព័ន្ធនឹងអំពើមនុស្សឃាតនេះទេ”។ លោក ហុក ឡងឌី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្លាប់ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០០៨។
ពេលមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិលើរឿងក្តីបុរសទាំងពីរនេះ កាលពីឆ្នាំ២០០៨ តុលាការកំពូលបានតម្កល់សាលដីកាផ្តន្ទាទោសរបស់បុរសទាំងពីរនាក់នេះ ប៉ុន្តែបានបង្គាប់ឲ្យដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ខណៈដែលសាលាឧទ្ធរណ៍បានស៊ើបអង្កេតរឿងក្តីនេះឡើងវិញ។
លោក ហេង ពៅ ដែលកំពុងជាប់ពន្ធនាគារព្រៃស បានបដិសេធមិនផ្តល់សក្ខីកម្មនៅពេលបើកសវនាការកាត់ក្តីបុរសទាំងពីរនេះឡើងវិញកាលពីឆ្នាំមុនឡើយ ដោយអះអាងពីការដែលលោកប្តូរទៅកាន់សាសនាគ្រិស្តថា ជាហេតុផលដែលលោកនៅស្ងៀមបែបនេះ។ ការបើកសវនាការឡើងវិញនោះមានការរិះគន់ស្រដៀងគ្នាពីសំណាក់អង្គការសិទ្ធិមនុស្សនានាជាពិសេសដោយសារមិនមានការបង្ហាញភ័ស្តុតាងថ្មី ហើយបុរសទាំងពីរនាក់នេះត្រូវផ្តន្ទាទោសឡើងវិញតាមសេចក្តីសម្រេចមួយ ដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនោះ។
កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបបាននិយាយថា ការស៊ើបអង្កេតលើការសម្លាប់លោក ជា វិជ្ជា អាស្រ័យថា តើមានដីកាបង្គាប់ពីតុលាការឬអត់។
លោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខបានមានប្រសាសន៍ថា “ប្រសិនបើ [តុលាការកំពូល] បញ្ជាក់ថា បុរសទាំងពីរនេះមិនបានប្រព្រឹត្តអំពើមនុស្សឃាតទេនោះ យើងនឹងបន្តស៊ើបអង្កេតដើម្បីស្វែងរកឃាតករពិតប្រាកដទៀត”៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ មូល គឹមហឿន
និង សោម សារុន