ស្ត្រីជនជាតិថៃម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនកូកាអ៊ីនជិត១៣គីឡូក្រាមកាត់តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីឆ្នំាទៅនោះ បាននិយាយការពារខ្លួនកាលពីម្សិលមិញអំឡុងការ កាត់ក្តីអ្នកស្រីនៅសាលាដំបូងរាជធានីភ្នំពេញ ថា ខ្លួនមិនបានធ្វើអ្វីខុសទេ។
ឈ្មោះ ប៊ូចា ហ្វ្រីដាប៉ន (Bucha Freedaporn) អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅពេលអាជ្ញាធរបានរកឃើញថង់ប្លាស្ទីកខ្មៅចំនួន១០ មានគ្រឿងញៀនកូកាអ៊ីន១២,៨៩គីឡូក្រាមនៅក្នុងវ៉ាលិសរបស់គាត់។ ប៊ូចា ហ្វ្រីដាប៉នត្រូវបានចាប់ខ្លួនបន្ទាប់ពីការចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ទៀត ឈ្មោះ រ៉ូតស៊ីរី រុងទីវ៉ា (Rodsiri Rungtiwa) អាយុ២២ឆ្នាំ ដែលមានគ្រឿងញៀនស្ទើរតែមានទម្ងន់ដូចគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែរ។ ការចាប់ខ្លួនស្រ្តីទាំងពីរនាក់នេះ ក្លាយជាការចាប់គ្រឿងញៀនកូកាអ៊ីនធំបំផុតមិនធ្លាប់មាននៅប្រទេសកម្ពុជា។
នៅក្នុងតុលាការកាលពីម្សិលមិញ ឈ្មោះ ហ្វ្រីដាប៉ន បានលើកឡើងថា អ្នកស្រីត្រូវបានស្ត្រីជនជាតិថៃម្នាក់ទៀត ដែលគ្រាន់តែស្គាល់ថា ឈ្មោះ “គង់” ឲ្យប្រាក់ ដើម្បីដឹកវ៉ាលិសមួយពីប្រទេសប្រេស៊ីលទៅកាន់ប្រទេសថៃ កាត់តាមប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ ស្រ្តីរូបនេះបាននិយាយថា “វ៉ាលិសនេះជារបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថា វាមានគ្រឿងញៀននៅក្នុងនោះទេ”។ អ្នកស្រ្តីបានពន្យល់ថា អ្នកបើកបររថយន្តឈ្នួលដែលដឹកខ្លួនទៅកាន់ចំណតអាកាសយានដ្ឋាននៅក្នុងប្រទេសប្រេស៊ីល បានវេចខ្ចប់វ៉ាលិសនេះឲ្យខ្លួន ហើយបានអះអាងថាវាមានតែសម្លៀកបំពាក់ និងទូរស័ព្ទ អាយហ្វូន (iPhone) តែមួយគ្រឿងប៉ុណ្ណោះ។ ស្រ្តីរូបនេះបាននិយាយបន្តថា “ខ្ញុំសូមស្នើឲ្យចៅក្រមដោះលែងខ្ញុំ ដើម្បីឲ្យខ្ញុំអាចត្រឡប់ទៅផ្ទះដើម្បីរស់នៅជាមួយគ្រួសាររបស់ខ្ញុំវិញ”។
លោក ខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា ភ័ស្តុតាងបង្ហាញថា ឈ្មោះ ហ្វ្រីដាប៉ន នឹងត្រូវរកឃើញថា ជាប់ពិរុទ្ធភាពពីបទរត់ពន្ធគ្រឿងញៀន។ សាលក្រមនឹងត្រូវបានប្រកាសនៅថ្ងៃទី ១៦ខែ តុលា។
ក្នុងករណីដោយឡែកមួយទៀតកាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់សវនាការជំនុំជម្រះក្តីលោក តាន់ សេងហាក់ អាយុ៥៣ឆ្នាំ ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីក្នុងខែវិច្ឆិកា នៅពេលនគរបាលបានរកឃើញគ្រឿងញៀនកូកាអ៊ីន មេតំហ្វេតាមីន និងសារធាតុដែលគេមិនស្គាល់ ទម្ងន់១,៥គីឡូក្រាមនៅឯភូមិគ្រិះរបស់គាត់ ក្នុងខណ្ឌសែន សុខ។ លោក សេង ហាក់ ក៏ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ពីបទសមគំនិតជួញដូរគ្រឿងញៀន។
លោក សុំ សុគង់ មេធាវីតំណាងឲ្យលោក សេង ហាក់ បានលើកឡើងម្តងទៀតថា កូនក្តីរបស់លោកបានប្រកែកថា នគរបាលប្រឆាំងការជួញដូរថ្នាំញៀនណាកូទិក បានដាក់ថ្នាំញៀននេះនៅក្នុងផ្ទះរបស់គាត់ ដើម្បីបង្ខូចឈ្មោះគាត់ និងមនុស្ស១១នាក់ទៀតដែលត្រូវបានចាប់ខ្លួន អំឡុងពេលចូលចាប់។លោកបានប្រាប់តុលាការថា “កូនក្តីរបស់ខ្ញុំបដិសេធថា គ្រឿងញៀនដែលនគរបាលបានរកឃើញនៅផ្ទះរបស់គាត់ មិនមែនជារបស់គាត់ទេ”។
អ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួនជាមួយលោក សេងហាក់ រួមទាំងកូនប្រុសរបស់លោកអាយុ២២ឆ្នាំរបស់គាត់ដែរ បានបដិសេធចំពោះការចោទប្រកាន់លើរូបពួកគេ។ សាលក្រមមួយនឹងត្រូវបានប្រកាសនៅថ្ងៃទី២២ ខែតុលាខាងមុខ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី