29 C
Phnom Penh

គណបក្សប្រឆាំង​​គំរាម​ធ្វើ​​​មហា​​​កូដ​​​កម្ម​ការងារទូទាំង​​​​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្សប្រឆាំង​​បាន​ប្រកាស​ថា គណ​បក្ស​​របស់​លោក​​អាច​នឹង​​រៀប​ចំ​​ឲ្យ​មាន​​កូដ​កម្ម​ការងារ​ទូទាំង​ប្រទេស​​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​​មាន​​​ភាព​​​​​​ចម្រូង​​​ចម្រាស​ ហើ​យ​លោក​​បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិក៏អាច​​នឹង​​ចាប់​ផ្ដើម​យុទ្ធនា​ការ​​ជា​អន្តរជាតិ​ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋា​​​ភិបាល​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ក្លាយ​ជា​រដ្ឋាភិ​បាល​មិន​ស្រប​ច្បាប់ផង​ដែរ​​។

ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី នេះ​​បាន​ធ្វើ​ឡើង​​មួយ​ថ្ងៃ​ បន្ទាប់ពី​​សមា​ជិក​សភា​​​​​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង ​កាន់​អំណាច  ​​បោះឆ្នោត​​គាំទ្រ​​លោក​ ហ៊ុន សែន​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​មួយ​អាណត្តិ​ប្រាំ​ឆ្នាំ​ទៀត​ និង​បាន​អនុម័ត​លើ​ការ​រុះរើ​​គណៈរដ្ឋ​មន្ត្រី​ដ៏​ធំ​របស់​លោក​។

លោក​ សម រង្ស៊ី បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​​ទីស្នាក់​ការ​កណ្ដាល​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “គំនិត​​ផ្ដួចផ្ដើម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​​គឺ​អាច​​ទៅរួច​​ ហេតុដូច្នេះ​ថ្ងៃ​ណា​មួយ​​ យើង​នឹង​អំពាវនាវ​ឲ្យ​មាន​កូដកម្ម​ទូទាំង​ប្រទេស​។ គ្រប់​រោង​ចក្រ​ មន្ត្រី​រាជការ​គ្រប់​រូប​ និង​​ហាង​លក់​​ដូរ​ទាំង​អស់​​ នឹង​ឈប់​​ធ្វើ​ការ​នៅ​ក្នុង​ថ្ងៃ​នោះ​ នេះ​គឺ​ជា​គំនិត​មួយ​ដែល​អាច​ទៅរួច​​”។​

លោក​បាន​មានប្រសាសន៍​ថា “យើង​នឹង​ធ្វើ​យុទ្ធនាការ​ទូទាំង​ពិភព​លោក​ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបា​ល​នេះ​មិន​ស្រប​ច្បាប់​”។ លោក​​បាន​​លើក​​ឡើង​​បន្ត​ទៀត​ថា “យើង​នឹង​អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​អន្តរជាតិនៅ​ក្នុង​កិច្ច​ព្រម​​ព្រៀង​សន្ដិ​ភាព​ក្រុង​ប៉ារីស​ថ្កោល​ទោស​រដ្ឋាភិបាល​​ ដែល​ទើប​តែ​នឹង​​បង្កើត​ថ្មី​នេះ​​។ ហើយ​ធ្វើ​អ្វី​ ដែល​យើង​អាច​ធ្វើ​បាន​​ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នេះ​​ដឹង​ខ្លួន​ថា មិន​ស្រប​ច្បាប់​”។

មន្ត្រី​ទូត​ ដែល​តំណាង​​ឲ្យ​ម្ចាស់​ជំនួយ​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី​មួយ​ចំនួន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​​បាន​ចូល​រួម​​នៅ​ក្នុង​សម័យ​​​ប្រជុំ​សភា​លើក​ដំបូង​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​ពហិការ​​មិន​ចូល​សម័យ​ប្រជុំ​នេះ​ក៏​ដោយ​។ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​បាន​បញ្ជាក់​​ បន្ទាប់​ពី​​ការ​បើក​សម័យ​ប្រជុំ​លើក​​ដំបូង​នេះ​ថា ការ​ចូល​រួម​​របស់​​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​​មិន​មែន​​បង្ហាញ​ពី​ការ​គាំទ្រ​រដ្ឋាភិបាល​នោះ​ទេ​។

នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​បា​ន​បញ្ជាក់​ថា ខ្លួន​​ចង់​បាន​តំណែង​​ជា​ប្រធាន​សភា​​​នៅ​ក្នុង​កិច្ច​ចរចា​​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​ លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​​មិ​ន​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​ ដែល​ថា ភាព​មិន​ប្រក្រតី​អំឡុង​ការ​បោះឆ្នោត​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ត្រូវ​តែ​មាន​ការ​​ស៊ើប​អង្កេត​​មុន​ពេល​​ខ្លួន​យល់​ព្រម​ចូល​រួម​ជាមួយ​រដ្ឋាភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឡើយ​។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​អំឡុង​ការ​ថ្លែង​សុន្ទរកថានៅ​ទី​ស្ដីការ​​គណៈ​រដ្ឋ​មន្ត្រី​​​ កាល​ពី​ម្សិលមិញ​ថា ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​រៀប​ចំ​មហាបាតុកម្ម​បន្ត​ទៀត​​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ លោក​នឹង​បញ្ចេញ​ខ្សែ​អាត់​សំឡេង​​មួយ​នៃ​ការ​ចរចា​ ដែល​បង្ហាញ​ថា លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ ជា​អនុ​ប្រធាន​បាន​​បោះ​បង់​ការ​ទាមទារ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​។

លោក​ សម រង្ស៊ី បាន​ថ្លែង​ថា សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​តែ​ធ្វើ​ពហិការ​ទាំង​៥៥​រូប​​ នឹង​ទទួល​​យក​​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​ “លុះ​ត្រា​តែ​មាន​ការ​​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ពីភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​” រួម​ទាំងការ​បង្កើត​​​កម្ម​វិធី​​កំណែទម្រង់​ ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ចាប់​​​យក​ដី​ធ្លី​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ត​ទៀត​ផង​ដែរ​​។​

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ត​ថា “[យើង​] ចង់​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​របស់​ខ្លួន​ ដើម្បី​អនុ​វត្ត​កំណែទម្រង់​សំខាន់​ៗជាមុន​សិន មុន​ពេល​យើង​យល់​ព្រម​​ចូល​រួម​​ប្រជុំ​​នៅ​ក្នុង​រដ្ឋ​សភា ពីព្រោះ​ប្រសិន​បើ​យើង​ចូលរួម​ក្នុង​ពេល​ឥឡូវ​ ដោយ​គ្មាន​ជំហរ​ច្បាស់​លាស់​ណា​មួយ​ វា​នឹង​ឥត​ប្រយោជន៍​​ទាំង​ស្រុង​ ពីព្រោះ​​នៅ​ពេល​​យើង​ចូល​រួម​ជាមួយ​អស់​លោក​ទាំង​នោះ​ យើង​នឹង​គ្មាន​អំណាច​ឡើយ​”។ លោ​ក​បាន​​បន្ថែម​ទៀត​ថា “ខ្ញុំ​គិត​ថា ឥទ្ធិ​ពល​របស់​យើង​​នៅ​ខាង​ក្រៅ​រដ្ឋ​សភាឥឡូវ​នេះ​គឺ​ខ្លាំង​ណាស់​​​ ដោយ​សុខ​ចិត្ត​បន្ត​​ថ្កោល​ទោស​​ការ​ធ្វើ​​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ និង​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​សព្វថ្ងៃ​មិន​ស្រប​ច្បាប់​ជា​ជាង​​ចូល​រួម​ប្រជុំ​នៅ​ក្នុង​រដ្ឋ​សភា​”។

លោក​ ជាម យៀប ដែល​​កាល​ពី​ថ្ងៃ​អង្គារ​​ត្រូវ​បាន​តែង​តាំង​​ជា​ថ្មី​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មការ​ហិរញ្ញវត្ថុ​ និង​ថវិកា​​ដ៏​មាន​ឥទ្ធិពល​​ក្នុង​រដ្ឋ​សភា​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ញុះ​​លោក​ សម រង្ស៊ី ឲ្យ​បញ្ចុះ​បញ្ចូល​សហ​គមន៍​អន្តរជាតិ​ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​​​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​។ លោក​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​​ជម្រាប​ប្រាប់​លោក​ សម រង្ស៊ី ថា សូម​អញ្ជើញ​ជម្រាប​ប្រាប់​​ប្រទេស​ប្រមាណ​ជាង​២០០​ទាំង​អស់​នោះ​ឲ្យ​ធ្វើ​ដូច្នេះ​​ចុះ​។ វា​នឹង​គ្មាន​​បាន​ការ​អ្វី​ទេ​ ពីព្រោះ​ឥឡូវ​នេះ​​យើង​​មាន​រដ្ឋសភា​​ ​រដ្ឋាភិបាល​ និង​តុលាការ​​រួច​ហើយ​”។

លោក​ ជាម យៀប​ បាន​លើក​ឡើង​បន្ថែម​ថា “លោក​ សម រង្ស៊ី មាន​ស្មារតី​ក្បត់​​ជាតិ​​ ព្រោះ​លោក​បាន​ប្រាប់​​អន្តរជាតិ​កុំ​ឲ្យ​ផ្ដល់​ជំនួយ​​​មក​ប្រទេស​កម្ពុជា​”។
លោក​ អូ៊ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​លើក​ឡើង​ថា ខណៈ​​​កូដ​កម្ម​ការ​ងារ​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ផ្សេង​ៗ​ទៀត​ ក្នុង​ការ​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​​ឯក​បក្ស​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ ​អាច​មាន​ប្រសិទ្ធិភាព​​​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​គណ​បក្ស​កាន់​អំណាច​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន​នោះ​ គណ​បក្ស​ប្រឆាំង​​ទំនង​ជា​​​មិនអាច​​បង្ខំ​ឲ្យ​លោក ហ៊ុន សែន​​ ដោះ​ស្រាយ​ការ​ទាម​ទារ​​សព្វ​ថ្ងៃ​របស់​ខ្លួន​ឡើយ​។

លោក​ អ៊ូ វីរៈ​ បាន​មានប្រសាសន៍​ថា “វា​អាស្រ័យ​លើ​​អ្វី​ ដែល [​​គណបក្ស​សង្គ្រោះ​ជាតិ​] ទាម​ទារ​។ ប្រសិន​បើ​​គណបក្ស​សង្គ្រោះ​ជាតិ​​ចង់​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ ខ្ញុំ​គិត​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​យល់​ព្រម​​ឡើយ​ ពីព្រោះ​​ប្រសិន​បើ​ [គណបក្ស​ប្រឆាំង​] ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ អ៊ីចឹង​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​​របស់​​គណបក្ស​ប្រជាជន​កម្ពុជានេះ​​នឹង​គ្មាន​សិទ្ធិអំណាច​ធ្វើ​អ្វី​ៗបាន​ឡើយ​”។

លោក​​បាន​​លើក​ឡើង​ថា “ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ទាម​ទារ​អ្វី​សមហេតុ​​សម​ផល​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ធ្វើ​បាន​ ខ្ញុំ​គិត​ថា សម្ពាធ​ប្រហែល​ជា​មាន​ប្រសិទ្ធិ​ភាព​”។ លោក​បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ទំនង​ជា​នឹង​មិន​​បញ្ចុះ​បញ្ចូល​សហ​គមន៍​អន្តរជាតិ​​ឲ្យ​​ជួយ​សម្រេច​បំណង​របស់​ខ្លួន​  ដែល​​​ចង់​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​​នោះ​ឡើយ​ ដ៏​រាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​តែ​​បើក​ទ្វា​រ​ចំហ​សម្រាប់​គណបក្ស​ប្រឆាំង​​​ឲ្យ​ចូល​រួម​​ដឹកនាំ​ប្រទេស​នោះ​។

លោក​បាន​លើក​ឡើង​ថា “ខ្ញុំ​គិត​ថា វា​គឺ​ជា​ល្បែង​មួយ​ដ៏គ្រោះ​ថ្នាក់​ពីព្រោះ​ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​ នឹង​មិន​រួប​រួម​គ្នា​ឡើយ​ ហើយ​នឹង​មិន​​រួម​គ្នា​​ដើម្បី​ [ថ្កោល​ទោស​រដ្ឋាភិ​បាល​​ឯកបក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​] ឡើយ​ ជា​ពិសេស​នៅ​ពេល​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បើក​ទ្វា​រ​ចំហរ​​សម្រាប់​​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​នៅ​តែ​ផ្ដល់​អាសនៈ​​ទៅ​ឲ្យ​គណ​បក្ស​សង្គ្រោះ​​ជាតិ​នោះ​”។

លោក​ស្រី ធីតា ឃឹះ  ប្រធាន​គណៈ​កម្ម​ការ​ ដើម្បី​លើក​​កម្ពស់​​​ស្ត្រី​ក្នុង​ឆាក​នយោ​បាយ​​​បាន​លើក​ឡើង​ថា វាអាច​ទៅ​រួច​ ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​​មាន​បំណង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ដោយ​ធ្វើ​ឲ្យមាន​ការ​​រំខាន​ដល់​សេដ្ឋ​កិច្ច​ ជាពិសេស​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ដែល​​​ចូល​រួម​ចំណែក​ជាង​​៨០​ភាគ​រយ​​នៃ​ទំហំ​​នាំ​ចេញ​សរុប​របស់​ប្រទេស​​កម្ពុជា​ និង​ដែល​​ផ្ដល់​ការងារដល់​​កម្មករ​កម្មការិនី​​ប្រមាណ​៥០០.០០០​នាក់​នោះ​។

លោក​ស្រី​​បាន​មានប្រសាសន៍​ថា “ខ្ញុំ​គិត​ថា វា​អាច​ទៅ​រួច​ ដែល​​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​ [ប្រមែ​ប្រមូល​កម្មករ​កម្ម​ការិនី​ឲ្យ​ធ្វើ​កូដកម្ម​នោះ]។ ប្រសិន​បើ​យើង​​ក្រឡេក​មើល​អ្វី​ដែល​ [កម្មករ​កម្មកា​រិនី] កំពុង​តែ​លើក​ឡើង​នោះ​​ វា​នឹង​ជា​ឱកាស​​តែ​មួយ​គត់​សម្រាប់​ពួក​គេ​ដើម្បី​ទាម​ទារ​អ្វី​ៗ​ដែល​​ខ្លួន​​ចង់​បាន​ និង​ដែល​ខ្លួន​​​បាន​ទាម​ទារ​ពី​មុន​មក​នោះ​។ ទោះ​បី​ជា​មិន​មែន​សម្រាប់​​កម្ម​ករ​កម្មការិនី​ទាំង​អស់​ក៏​ដោ​យ​ ប៉ុន្តែ​វា​អាច​ប្រហែល​ជា​សម្រាប់​កម្មករ​កម្មការិនី​មួយ​ចំនួន​ធំ​ដែរ​”។

លោក​ ជា មុនី​ មេដឹកនាំ​សហជីព​សេរី​កម្មករ ដែល​មាន​សម្ពន្ធ​ភាព​ជាមួយ​គណ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា លោក​នឹង​​ប្រមែ​​ប្រមូល​សមាជិក​ជិត​១០០.០០០​នាក់​​​របស់​​លោក​​ឲ្យ​មក​ធ្វើ​កូដកម្ម​​នេះ​។

លោក​ អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរកម្ពុជា​​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​បាន​លើក​ឡើង​ថា លោក​​ចំា​បាច់​​ត្រូវ​តែ​ពិចារណាអំពី​ផល​ប៉ះពាល់​​នៃ​ការ​ធ្វើ​កូដ​កម្ម​នេះដល់​​​សមាជិក​របស់​លោក​ និង​ ដើម្បី​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​​ថា តើ​កូដកម្មនេះ​ធ្វើ​ដើម្បី​អ្វី​ឲ្យ​ពិត​ប្រាកដ​។

លោក​ សោម​ អូន​ ប្រធាន​ក្រុម​ប្រឹក្សា​សហ​ជីព​ជាតិ​កម្ពុជា​​ ដែល​មាន​កម្មករ​កម្មកា​រិនី​រាប់​ម៉ឺន​នាក់​​បានលើក​ឡើង​ថា លោក​គ្មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​គំាទ្រ​​សំណើ​ឲ្យ​មាន​កូដ​កម្ម​របស់​លោក​ សម រង្ស៊ី ឡើយ​។​ លោក​បាន​មាន​ប្រសាសន៍​​ថា “កម្មករ​កម្មកា​រិនី និង​ខ្ញុំ​មិន​ដែល​គិត​ថា ចង់​ចូល​រួម​ក្នុង​ការ​ធ្វើ​បាតុ​កម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ពីព្រោះ​យើង​ដឹង​ថា គាត់​ [លោក សម រង្ស៊ី] ធ្វើ​បាតុកម្ម​​គឺ​ដើម្បី​តែ​អំណាច​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​”។

នៅ​ពេល​គណបក្សសង្គ្រោះជាតិ​​មាន​បំណង​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស​​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​កម្ពុជា​នោះ​លោក​ស្រី ធីតា ឃឹះ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​គួរ​តែ​​ដាក់​សម្ពាធ​លើ​រដ្ឋាភិ​បាល​តាម​រយៈ​មហា​បាតុកម្ម​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ជា​មុន​សិន​ មុន​ពេល​ម្ចាស់​ជំនួយ​អន្តរជាតិ​​ពិចារណា​ដាក់​ទណ្ឌកម្ម​ ឬ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​សព្វថ្ងៃ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ត​​ថា “ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​​នឹង​មិន​មាន​​ប្រតិ​កម្ម​អ្វី​ឡើយ ​​ទាល់​តែ​​មាន​មហន្តរាយ​ដ៏​ធំ​កើត​ឡើង​​នៅ​ទី​នេះ​សិន​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស