27 C
Phnom Penh

សហ​រដ្ឋ​​​អា​មេ​​រិក​​ស្នើ​​គណ​បក្សជាប់ឆ្នោតទាំងពីរធ្វើ​កា​រ​​​រួ​ម​គ្នា​ដើម្បី​ប្រជា​​ជ​ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ថ្ងៃ​​អ​ង្គារ ​ក្រ​សួ​ង​កា​រ​បរទេ​ស​​​​អា​មេរិក​បា​ន​អំ​​​ពា​វ​នាវ​​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា​​គ្រប់​​​គ្រង​​អំណា​​ច​ និង​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​​​ដែល​​ជា​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​ឲ្យ​ “ធ្វើ​​កា​រ​​​រួ​ម​​គា្ន” និង​​​​អំ​​ពាវ​នា​វ​ម្ត​ង​ហើយ​ម្តង​ទៀត​ឲ្យ​មា​ន​ការ​​​ពិ​និត្យ​​​ឡើង​វិ​ញប្រកប​ដោយ​តម្លាភាពលើ​ភា​ព ​​មិ​ន​ប្រ​ក្រ​តី​​​ក្នុង​ការ​បោះឆ្នោតជ្រើ​ស​​រើស​តំណាង​រាស្ត្រ​ក្នុ​ងខែ​កក្កដា​​​។

​លោក​ស្រី​ ចិន ផ្សាគី (Jen Psaki)  អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​ថា “សហ​រដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មេដឹកនាំ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ ដែល​កំពុង​​គ្រប់​គ្រង​អំណាច​ និង​គណបក្ស​​សង្គ្រោះ​ជាតិ​ធ្វើ​ការ​រួ​ម​គ្នា​ ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិ​តគ្នា​ដោយ​យក​ប្រយោជន៍​របស់​ប្រជាជ​ន​កម្ពុជា​ជា​​ធំ​”។

សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍នេះ​ ​ក្រោយសម័យ​ប្រជុំ​រដ្ឋសភា​​កាល​ពីថ្ងៃ​ច័ន្ទ​ ​ដែល​មា​​ន​តែ​សមាជិក​សភា​មកពីគណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​បាន​ចូល​រួម ខណៈ​ដែលគណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​​​សម័យ​ប្រជុំ​នេះ ពី​ព្រោះ​ខ្លួន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ក្នុង​ភាព​មិន​ប្រក្រ​តី​នៃការ​បោះ​ឆ្នោត​។

សេចក្តីថ្លែង​ការណ៍នេះ​មាន​ខ្លឹម​សារ​ថា “សហ​រដ្ឋ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​ទៅលើ​ដំណើ​រការ​ប្រជាធិបតេយ្យ​ ក៏​ប៉ុន្តែ មិនមែន​​គាំទ្រ​គណបក្សន​យោ​បាយ​ ឬ​បុគ្គល​ណា​មួយ​ឡើយ​។ ក្នុ​ងបរិបទ​នេះ​ យើងនៅ​តែ​ជឿ​ថា គួរ​តែ​មាន​​ការ​ពិនិត្យ​ឡើ​ងវិ​ញ​ប្រកប​ដោយ​តម្លា​ភាព​ និង​គួរ​ឲ្យ​ជឿ​ជាក់ លើ​ភាព​មិន​​ប្រក្រ​តី​​​ក្នុងការ​បោះ​ឆ្នោត​កាល​ពីខែ​កក្កដា​ ដើម្បី​វាយ​តម្លៃ​ និង​លើក​ឡើ​ង​អំពី​កំហុស​ក្នុង​ដំណើ​រ​ការ​បោះ​ឆ្នោត​ និង​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជានូវទំនុក​ចិត្ត​ធំធេង​ជាង​នេះ​លើប្រព័ន្ធ​បោះឆ្នោត​។ យើង​ជំរុញ​​ឲ្យ​គណ​បក្ស​ទាំង​អស់ចាប់​យក​ឱកាស​នេះ ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ប្រសើ​រ​ឡើង​ និងអនុវត្ត​កម្មវិធីកំ​ណែ​ទម្រង់​ប្រកប​ដោយ​អត្ថន័យ​ធំធេង​ ដែល​ពង្រឹង​នីតិ​រដ្ឋ​ និង​បង្កើ​ន​ការ​គោរព​សិទ្ធិ​មនុស្ស​”។

បើ​ទោះជា​មាន​ការ​អំពាវ​នាវ​ឡើង​វិញ​ឲ្យ​​មាន​ការ​​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ក៏​ដោយ​ ក៏​លោក​ ជាម​ យៀប សមាជិក​សភា​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​លើក​ឡើង​ថា ភាព​មិន​ប្រក្រតី​ក្នុងការ​បោះ​ឆ្នោត​ត្រូវ​បា​ន​ដោះ​ស្រាយ​រួចរាល់​ហើយ​។ លោក​បាន​មាន​ប្រសាសន៍អំពី​សេចក្តី​ថ្លែង​ការណ៍របស់​ក្រសួ​ងការ​បរទេស​អាមេរិក​ថា ​ “ពួក​គេ​គួរ​តែ​យល់​អំពី​ច្បាប់​កម្ពុជា​។ ប្រអប់​​សុវត្ថិភាព​ត្រូវ​បើក​ហើយ​​។ គ្មាន​នរណា​​លួច​សន្លឹក​ឆ្នោត​របស់​ពួក​គេ​ទេ​។ ប្រសិន​បើ​​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​​​បាន​លួច​សន្លឹក​ឆ្នោត​មែន​នោះ​ ម៉្លេះ​យើង​ទទួល​បាន​១២២​អាសនៈ​ហើយ​​ ប៉ុន្តែ​ យើង​ទទួល​បាន​តែ​​៦៨​អាសនៈ​ប៉ុណ្ណោះ​ ចុះពី​៩០​អាសនៈ។ ក្រសួង​ការ​បរទេស​អាមេរិកគួរ​តែ​ធ្វើ​ការ​ស្រាវ​​ជ្រាវ​របស់​ខ្លួន​ ហើយ​កុំឲ្យ​បក្ស​សង្គ្រោះ​ជាតិ​​ប្រើ​​គណ​បក្ស​ប្រជាជន​ជា​លេស​​របស់​ខ្លួន​”។

លោក​ ផៃ​ ស៊ី​ផាន អ្នក​នាំពាក្យ​ទីស្តីការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ​គណបក្ស​ប្រជាជ​ន​កម្ពុជា​​ “ស្វាគមន៍​” អនុសាសន៍​របស់​​សហរដ្ឋ​អាមេរិក​ឲ្យ​គណបក្ស​ទំាង​ពីរធ្វើ​ការ​រួមគ្នា ហើយ​ក៏​ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សភា​ដែរ។ លោក​ថ្លែង​ថា “ក្នុង​នាម​ជា​ប្រជា​ជន​កម្ពុជា​ យើង​ក៏​ស្វាគមន៍​អនុ​សាសន៍​នោះ​ដែរ​ ហើយ​​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ជា​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​បក្ស​សង្គ្រោះជាតិ​ឲ្យ​ចូល​អង្គុយ​ក្នុង​រដ្ឋ​សភា។ យើង​គ្មាន​ជំហរ​ណា​មួយ​​ប្រឆាំង​នឹង​គណ​បក្ស​​សង្គ្រោះ​ជាតិ​នោះ​ទេ​។ យើង​ចាត់​ទុក​ពួក​គេ​​​​ជា​ដៃ​គូ​មួយ។​យើង​ស្វាគមន៍​ពួក​គេ​”៕

ប្រែ​សម្រួល​​ដោ​យ ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស