កាលពីម្សិលមិញ ប្រជាពលរដ្ឋក្រុងភ្នំពេញ បានសម្តែងការធុញទ្រាន់ និងហួសចិត្តពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំបែកឯតទគ្គកម្មថ្លែងសុន្ទរកថារយៈពេល៥ម៉ោងកាលពីឆ្នាំមុន ស្តីពីការបោះបង្គោលព្រំដែន ដោយលើកនេះលោកបានចំណាយពេលដល់ទៅជាង៦ម៉ោង ដើម្បីថ្លែងអំពីកំណែទម្រង់រដ្ឋាភិបាល ដែលលោកនិយាយថា ត្រូវបានរៀបចំផែនការរួចរាល់ហើយ។
ជាការធ្វើឲ្យនឹកឃើញដល់វេទិការិះគន់ខ្លួនឯងនៅជុំវិញពិភពលោក ដែលក្នុងនោះ សមាជិកបក្សសារភាពពីភាពបរាជ័យរបស់លោកជាសាធារណៈ និងប្តេជ្ញាធ្វើការផ្លាស់ប្តូរដើម្បីអនាគតគណបក្សនោះ លោក ហ៊ុន សែន បានសន្យាកែប្រែវិធីសាស្ត្រដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សរបស់លោកបានបាត់បង់អាសនៈយ៉ាងច្រើននៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ។
លោក ហ៊ុន សែន បានថ្លែងដោយសន្យាជាថ្មីម្តងទៀតថា នឹងលុបបំបាត់អំពើពុករលួយដោយចាប់ផ្តើមពីថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ក្រោមថា “យើងត្រូវរៀនទទួលស្គាល់ការពិត ក្នុងនោះមានទាំងតាមរយៈការបង្កើតវេទិកាសម្រាប់ការពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាជន ដែលត្រូវធ្វើឡើងជាទៀងទាត់ផងដែរ”។ លោក ហ៊ុន សែន បានបន្តក្នុងសុន្ទរកថាដែលត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ចំនួនប្រាំបួនថា “ខ្ញុំសូមនិយាយអំពីបញ្ហានេះ ហើយកុំឲ្យបញ្ហាទាំងនេះកើតឡើងដដែលៗក្នុងអាណត្តិទី៥នេះ”។
រូបភាពរបស់លោក ហ៊ុន សែន លើកញ្ចក់ទូរទស្សន៍មួយគ្រឿងនៅភោជនីយដ្ឋានមួយកន្លែងក្បែរផ្សារអូរប្ញស្សីកាលពីម្សិលមិញ គឺទាក់ទាញអ្នកទស្សនាបានតិចជាងភាពយន្តគំនូរជីវចលនៅក្នុងប៉ុស្តិ៍ ខាតធូន នែតវើក (Cartoon Network) លើកញ្ចក់ទូទស្សន៍មួយគ្រឿងទៀតក្បែរគ្នានោះផង ដោយអ្នកទស្សនាបានសម្តែងការហួសចិត្តចំពោះការថ្លែងសុន្ទរកថាដែលពេលនោះបានឈានចូលម៉ោងទី៦ទៅហើយនោះ។
លោក ឈី គង់ ជាអាជីវករអាយុ៤១ឆ្នាំ បាននិយាយថា លោកបានបើកមើលការថ្លែងសុន្ទរកថាបំបែកឯតទគ្គកម្មរបស់លោក ហ៊ុន សែន បានមួយវគ្គដែរ ប៉ុន្តែថា លោកគ្មានហេតុផលអ្វីត្រូវមើលគ្រប់វគ្គនោះទេ។ លោក ឈី គង់ បានពន្យល់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន បានធ្វើការសន្យាបែបនេះក្នុងពេលមានវិបត្តិ ដោយលោកបានលើកឡើងពីការប្តេជ្ញាចិត្តច្រំដែលៗរបស់លោក ហ៊ុន សែន ក្នុងការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការចាប់យកដីធ្លីយ៉ាងរាលដាលក្នុងប្រទេសកម្ពុជានេះ។
លោកបាននិយាយថា “ប្រសិនបើគាត់គឺជានាយករដ្ឋមន្ត្រីស្របច្បាប់មួយរូបមែននោះ គាត់ចាំបាច់ត្រូវបង្ហាញថា ខ្លួនអាចរក្សាពាក្យសន្យាស្តីពីការធ្វើកំណែទម្រង់បាន។អ្វីដែលគាត់បានសន្យាពីមុនមក គឺគាត់មិនទាន់ទាំងធ្វើបានផង ហើយវាជាមូលហេតុដែលធ្វើឲ្យប្រជាជនមួយចំនួនលែងជឿទុកចិត្តគាត់។ អ្វីៗគឺស្ថិតនៅត្រង់ថា តើគាត់បានបម្រើប្រទេសជាតិ ឬក៏បម្រើខ្លួនឯង និងគណបក្សរបស់ខ្លួនឯង”។
លោក ណយ សារុំ អាយុ៣៤ឆ្នាំបាននិយាយថា គាត់បានមើលការថ្លែងសុន្ទរកថារបស់លោក ហ៊ុន សែន មួយវគ្គនៅពេលព្រឹក ប៉ុន្តែ បានបិទចោលវិញដោយសារតែធុញពេក។ លោកបាននិយាយថា ខ្លួនជឿថា សុន្ទរកថាផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសនេះ គឺធ្វើឡើងដើម្បីប្រមូលការគាំទ្រចំពោះសេចក្តីសម្រេចរបស់គណបក្សប្រជាជនក្នុងការបង្កើតរដ្ឋាភិបាលឯកបក្សតាមរយៈការយកភាសាកំណែទម្រង់មកធ្វើជាធ្នាក់សម្រាប់ទាក់អ្នកគាំទ្រគណបក្សប្រឆាំង។
លោក សារុំ បាននិយាយអំពីសុន្ទរកថា នេះថា “ វាដូចតែសព្វដងអ៊ីចឹង គឺឆ្កួតសុទ្ធតែម្តង។គាត់និយាយពីការធ្វើកំណែរទម្រង់ និង…ពីវិធីដោះស្រាយបញ្ហាក្នុងពេលអនាគត ប៉ន្តែ វាគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ”។ ប៉ុន្តែ លោក សារុំ បានបន្ថែមថា ខណៈធ្នាក់បែបនេះបានទាក់ទាញគណបក្សប្រឆាំងឲ្យជឿទុកចិត្តក្រោយការបោះឆ្នោតអាណត្តិមុនៗនោះ កម្ពុជាបានឈានចូលសម័យកាលថ្មី ដែលការធ្វើសុន្ទរកថាដូចជារបស់លោក ហ៊ុន សែន លែងមានន័យទៅហើយ។ លោកបាននិយាយថា គាត់ជាមនុស្សហួសសម័យហើយ។ ខ្ញុំមិនដឹងថា ប្រជាជនកម្ពុជាភាគច្រើនគិតយ៉ាងម៉េចទេ ប៉ុន្តែ ក្នុងក្រុមរបស់ខ្ញុំគ្មាននរណាម្នាក់ជឿគាត់ទៀតទេ”។
លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានគូសបញ្ជាក់ថា ការសន្យារបស់លោក ហ៊ុន សែន ក្នុងការលុបបំបាត់អំពើពុករលួយ គឺគ្មានអ្វីគួរឲ្យទាក់ទាញទេ ព្រោះប្រជាជនធ្លាប់បានឮការសន្យាបែបនេះច្រើនដងណាស់រួចទៅហើយ។
លោក គល់ បញ្ញា បានលើកឡើងថា ការសន្យាថ្មីនេះ គឺគ្មានន័យដូចតែការសន្យាកន្លងមក ដោយសារលោក ហ៊ុន សែន បានមានះបង្កើតរដ្ឋាភិបាលដោយមានតែគណបក្សកាន់អំណាចរបស់លោកកាន់កាប់សភា។
លោកបានសួរថា “ ហេតុអ្វីបានជាគាត់មិនសម្រុះសម្រួល ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំងគ្រប់គ្រងសភាទៅ? ប្រសិនបើគាត់ពឹងផ្អែកលើសមាជិកសភាមកពីគណបក្សប្រជាជនរបស់ខ្លួនឯង [ ក្នុងការបង្ក្រាបអំពើពុករលួយក្នុងជួររដ្ឋាភិបាល] នោះវាគ្មានតុល្យភាពអំណាច ដើម្បីធានាថា កំណែទម្រង់ទាំងនេះអាចសម្រេចបានទេ”។
លោក អ៊ាង ឡាយ អ្នកបើករ៉ឺម៉កម៉ូតូក្នុងវ័យ៥១ឆ្នាំ បានសម្តែងការយល់ស្រប។ ដោយលើកឡើងពីសាររបស់លោក ហ៊ុន សែន ឲ្យមន្ត្រីរដ្ឋាភិបាលពុករលួយឆ្លុះមើលខ្លួនឯងក្នុងកញ្ចក់ រួចដុសខ្លួនឲ្យស្អាតពេលកំពុងងូតទឹកដូចរាងកាយរបស់ខ្លួនឯងកក្វក់នោះលោក ឡាយ បាននិយាយថា គេមិនជឿថា គណបក្សកាន់អំណាចអាចលុបបំបាត់ភ្លាមៗនូវអំពើពុករលួយ ដោយគ្មានការត្រួតពិនិត្យតាមដានពីគណបក្សប្រឆាំងទេ។
លោកបាននិយាយថា “ គាត់មិនអាចដុសសម្អាតខ្នងរបស់ខ្លួនឯងបានទេ គឺដូចតែខ្ញុំដែលមិនអាចដុសសម្អាតខ្នងរបស់ខ្លួនឯងដែរ។ចាំបាច់ត្រូវតែមានគណបក្សផ្សេងទៀតដើម្បីជួយលុបបំបាត់អំពើពុករលួយ។ អ្វីដែលគាត់និយាយ គឺជាគោលនយោបាយល្អ ប៉ុន្តែ ខ្ញុំមិនជឿគាត់ ឬគ្មានសង្ឃឹមអ្វីនោះទេ”។
លោក អ៊ុំ រ៉ាម៉ាន អាយុ៧៣ឆ្នាំ ដែលបាននិយាយថា ខ្លួនបម្រើការងារជាមន្ត្រីរាជការស៊ីវិលក្រោមរបបព្រះអង្គម្ចាស់ នរោត្តម សីហនុ សេនាប្រមុខ លន់ នុល និងរបបកុម្មុយនីស្តរបស់លោក ហ៊ុន សែន ក្នុងទសវត្ស៍ ឆ្នាំ១៩៨០នោះបាននិយាយថា ទាល់តែអ្នកផ្សេងឡើងកាន់អំណាច បើមិនដូច្នេះទេលោកគ្មានហេតុផលអ្វីត្រូវរំពឹងថា នឹងមានការផ្លាស់ប្តូរកើតចេញពីការសន្យាខ្យល់របស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះទេ។
លោកបាននិយាយថា “នឹងពុំមានការកែទម្រង់អ្វីទេ ព្រោះសុទ្ធតែជាមនុស្សដដែលៗហ្នឹង គឺក្រុមតែមួយដែលមិនចង់ផ្លាស់ប្តូរ ហើយ [ លោក ហ៊ុន សែន ] ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។ លោក រ៉ាម៉ាន បានពន្យល់ថា បើទោះបីជាអាជ្ញាធរថ្នាក់ក្រោមបានឮសុន្ទរកថារបស់លោក ហ៊ុន សែន ក៏ដោយ ក៏មន្ត្រីថ្នាក់ក្រោមរបស់គណបក្សប្រជាជនកម្ពុជានៅតែពុករលួយ ដើម្បីផ្តល់ជីវភាពរស់នៅដ៏ហ៊ឺហា ដល់ថ្នាក់ដឹកនាំកំពូលរបស់បក្សដដែលដែរ។
លោកបាននិយាយថា “វាមិនអាចទៅរួចទេ។ វាគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។ វាគ្មានថ្ងៃមានប្រសិទ្ធភាពទេ ព្រោះពួកគេមិនដែលដាក់ទោសមន្ត្រីពុករលួយឡើយ ដោយសារតែ [ មន្ត្រីថ្នាក់ក្រោម] ប្រព្រឹត្តអំពើពុករលួយដើម្បីចិញ្ចឹម [ ថ្នាក់លើ] និងដើម្បីធ្វើឲ្យគណបក្សរបស់ខ្លួនខ្លាំងរឹងមាំ”។
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)
ប្រែសម្រួលដោយ កង សុធា