38 C
Phnom Penh

ជន​សង្ស័យ​ត្រូវបានដោះលែង​ ប៉ុន្តែគ្មាន​​​​​សង្ឃឹមអាច​រក​យុត្តិ​ធម៌​ឲ្យ​ជន​រង​គ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទី​បញ្ចប់ លោក សុខ សំអឿន និងលោក​ ប៊ន សំណាង​ បានចាក​ចេញពី​មណ្ឌលកែប្រែ​១​នៃ​ពន្ធនាគារ​​ព្រៃ​ស​ កាល​ពីម្សិលមិញ​ ​ដោយ​ធ្វើ​ឲ្យ​ពួក​គេ​​ព្យាយាម​បំភ្លេច​នូវ​រឿង​រ៉ាង​​ដ៏​អាក្រក់​ ដែល​បាន​កើត​ឡើង​អស់​រយៈ​ពេលជិត​មួយ​ទស​វត្សរ៍​ ព្រោះ​អំឡុងពេល​នោះ​ពួក​គេ​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយ​មិន​ត្រឹម​ត្រូវ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្នុង​ម្នាក់ៗ​ពី​បទ​ធ្វើ​ឃាត​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហ​ជីព​សេរី​កម្មករដែល​​មាន​ប្រជា​​​​​​​ប្រិយ​ភាព​។

មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការកំពូលបាន​សម្រេច​​​​​​​ឲ្យ​បុរស​ទាំង​ពីរ​នាក់​រួច​ទោស​ដោយ​សារខ្វះ​ភ័ស្តុតាងនោះ ពួក​គេត្រូវ​បាន​ដឹក​ចេញ​​​​ពី​​បរិ​វេណ​​​​ធំ​មួយ​នៃ​ពន្ធនាគារ​ព្រៃ​ស ក្នុង​នាម​ជា​មនុស្ស​មាន​សេរី​ភាព​នៅ​ម៉ោង​ប្រហែល​១១ ព្រឹក។ នៅពេល​ពួក​គេ​ដើរ​ទៅ​ជិត​វត្ត​អង្គ​មេត្រី​នៅជិតនោះ បុរស​ទាំង​ពីរ​នាក់​យូរៗ​ម្តង​បាន​លើកដៃ​សំពះ​សាច់​ញាតិ​ ​អ្នក​ជូន​ពរ​ និង​​អ្នក​សារព័ត៌​មានដែល​បាន​​មក​ជួប​ជុំ​គ្នា​។ នៅ​ពេល​​​ដែល​ពួក​គេ​ទៅ​ដល់​វត្ត​នោះ​ ពួក​គេ​បាន​​ជួប​ជុំគ្រួសារ​របស់​ពួក​គេ​ឡើង​វិញ ហើយ​បាន​​យក​​ទេយ្យទាន​ទៅ​ប្រគេន​ព្រះ​សង្ឃ​។

នៅ​ពេល​ពួក​គេ​អង្គុយ​ជិត​គ្នា​ ព្រះ​សង្ឃ​បាន​ស្រោច​ទឹក​ឲ្យ​ពួក​គេ​ ហើយ​ពួក​គេ​បាន​ផ្លាស់​សម្លៀក​បំពាក់​ចាស់ ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ថ្មី​ ដើម្បី​បង្ហាញពី​ជីវិត​ថ្មី។ បន្ទាប់​មក​បុរស​ទាំង​ពីរ​បាន​ឱប​សាច់ញាតិ​របស់​ខ្លួន ហើយ​កូន​ស្រី​អាយុ​៣ឆ្នាំ​របស់​ សុខ សំអឿន បាន​ឱប​ឪពុករបស់​​នាង​ ហើយ សុខ សំអឿន​ ញញឹម​ឱប​ថើប​កូន​ស្រី​របស់​គាត់​។ សម្រាប់​ សុខ សំអឿន និង​ ប៊ន សំណាង ជីវិត​ថ្មី​ទើប​តែ​ចាប់​ផ្តើម​ឡើង​វិញ​។ ដោយ​ពេល​នេះ​អនាគត​របស់​ខ្លួន​មិន​ទាន់​​​​ច្បាស់​លាស់​នោះ​ បុរស​ទាំងពីរ​នាក់​បាន​​និយាយ​ថា ពួក​គេ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ទេ​នៅ​​​ពេល​អនាគត។

លោក ឃឹម ប៉ុណ្ណ ចៅ​ក្រម​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​​ប្រាប់​តុលា​ការ​កាល​ពី​ថ្ងៃ​អង្គារ​ថា អ្នក​ទាំង​ពីរមិន​មាន​សិទ្ធិ​ទទួលបាន​សំណង​ហិរញ្ញ​វត្ថុ​ទេ​ ថ្វី​បើ​ពួ​កគេ​បាន​ជាប់​ពន្ធ​នា​គារ​ជាច្រើនឆ្នាំ​ដោយ​មិន​ត្រឹម​ត្រូវ​ក៏​ដោយ។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសា​សន៍​ថា លោក​សោក​ស្តាយ​ណាស់​ ដែល​តុលា​ការ​​មិន​ព្រម​ផ្តល់​សំណង​។

ទោះ​ជា​យ៉ាងណា សម្តេចម៉ែ នរោត្តម​ មុនីនាថ បានសន្យា​ផ្តល់​ថវិកា​ឲ្យ​ពួក​គេ​ម្នាក់​៥០០​ដុល្លារកាលពី​ម្សិល​មិញ​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ចាប់​ផ្តើម​ជីវិត​ថ្មី​ឡើង​វិញ​។

ប៊ន សំណាង បាននិយាយ​ថា “ខ្ញុំ​សូម​អរ​គុណ​សម្តេច​ម៉ែ ដែល​បាន​ប្រទាន​ប្រាក់​៥០០​ដុល្លារ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​សូម​អរគុណ​អង្គការ​លីកាដូ ដែល​បាន​ផ្តល់​ប្រាក់​១០០​ដុល្លារ អង្ករ​​​​​​​​​​២០​គីឡូក្រាម និងរបស់​របរ​ផ្សេងៗ​ទៀត​មក​ឲ្យ​ខ្ញុំ​ នៅពេលដែល​យើង​ស្ថិត​ក្នុង​ពន្ធនា​​​គារ​។ ខ្ញុំ​មានការភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ខ្ញុំឮ​​​ថា ​​​តុលាការ​កំពូល​សម្រេច​ដោះ​លែង​ខ្ញុំ​”។

លោក​ សុខ សំអឿន បាន​និយាយ​ថា គាត់​ជឿថា សេចក្តីសម្រេច​កាលពីថ្ងៃ​អង្គារ​នេះ នឹង​ផ្លាស់​ប្តូរជីវិត​គាត់​​។ គាត់​បាន​និយាយថា នៅពេល​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ផ្តន្ទា​ទោស​ខ្ញុំ​ដំបូង​​ឲ្យ​ជាប់​ពន្ធនា​គារ​២០​ឆ្នាំ​នោះ​ ខ្ញុំ​បាន​គិត​ថា ជីវិត​របស់​ខ្ញុំ​ចប់​ហើយ”។ ប៉ុន្តែ ម្តាយ​របស់​គាត់​ឈ្មោះ ប្រោះ ធឿយ អាយុ​៦៧​ឆ្នាំ ដឹង​ច្បាស់​ថា កូន​គាត់​នឹង​រួច​ខ្លួន​ បន្ទាប់​ពី​បាន​​ជួប​​ជាមួយ​គ្រូ​ទាយ​ម្នាក់​។ អ្នក​ស្រី​បាន​និយាយ​ថា “គាត់​ទាយ​ថា កូន​របស់​ខ្ញុំ​នឹង​រួច​ខ្លួន ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា តុលាការ​នឹងសម្រេច​ដោះ​លែង​គាត់”។

ដោយ​នៅទីបញ្ចប់​ជនដែល​ត្រូវគេ​ទម្លាក់​កំហុស​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​នោះ​ ឥឡូវ​នេះ​មាន​ការ​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឃាត​លោក​ ជា វិជ្ជា វិញ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា ឆ្នាំ​២០០៤ ដោយ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​យ៉ាង​កៀក នៅ​ពេល​កំពុង​អាន​កាសែត​ ឌឹ ខេមបូឌា ដេលី នៅក្រៅ​វត្ត​លង្កា ក្នុង​ខណ្ឌ​ចំការមន​​រាជ​ធានី​ភ្នំពេញ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​កាលពី​ម្សិលមិញ​​ គណ​បក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋ​សភា​ ដោយ​សារ​តវ៉ា​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​នោះ​ បាន​លើក​ឡើង​​ថា នៅ​តែ​មាន​ចម្ងល់​ថា តើ​នរណា​ជា​អ្នកសម្លាប់​ លោក ជា វិជ្ជា​​។

គណ​បក្សនេះ​បាន​លើក​ឡើង​ថា “ការ​កាត់​ទោស​មិន​ត្រឹម​ត្រូវ​លើ​ជន​ដែល​ត្រូវ​គេ​​​​ទម្លាក់​កំហុស​ទាំង​ពីរ​នាក់​ អស់​រយៈ​ពេល​​​​ជិត​​​​មួយ​ទសវត្សរ៍ មិន​ត្រឹម​តែ​បង្ហាញពី​ការ​រំលោភ​​​​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះទេ ប៉ុន្តែ ថែម​ទាំង​​ប្រព័ន្ធ​យុត្តិ​ធម៌​ផងដែរ​ដែល​នឹង​បន្ត​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​ខ្មៅ​ងងឹត លុះ​ត្រា​តែ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ពិត​ប្រាកដ​។ ការ​​​សម្លាប់លោក ជា វិជ្ជា​ ដ៏​ឃោរ​ឃៅ​បែប​នេះ មិន​អាច​បញ្ចប់​បាន​ទេ លុះត្រា​តែ​រក​ឃាតករ​ពិត​ប្រាកដ​មក​កាត់​ទោស​សិន”។

ប៉ុន្តែ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​អ្នក​ជំនាញ​​ការ​ងារ​បាន​និយាយថា ពួក​គេ​​មិន​ជឿ​ថា ​មាន​​ការ​ស៊ើប​អង្កេត​ ឬ​មាន​លទ្ធ​ផល​ធំ​ដុំ​ឡើយ​។ ចាប់​តាំង​ពី​​ បុរស​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ពីបទ​សម្លាប់​លោក​ ជា វិជ្ជា ហើយ​​ធ្វើ​ឲ្យ​អ្នក​កាន់​ទុក្ខ​​រាប់​ពាន់​នាក់​មក​ចូល​រួម​ដង្ហែ​សព​គាត់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះមក​​ គ្រួសារ​ជន​រង​គ្រោះ​ និង​បុគ្គ​​លិក​អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ភ័ស្តុតាង​ទាំង​អស់​​បង្ហាញពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​រដ្ឋា​ភិបាល​នៅ​ក្នុង​ឃាតកម្ម​នេះ។

មាន​ការ​ចោទ​ប្រកាន់​ដោយ​ផ្ទាល់​​មក​លើ​​មន្ត្រី​ជាន់​ខ្ពស់​​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​សហ​ជីពដ៏​មាន​ប្រជា​ប្រិយ​ភាព​នៅ​កម្ពុជា​រូប​នេះ​កាល​ព​ី​ឆ្នាំ​២០០៦ ដែល​នៅ​ពេល​នោះ​លោក​ ហេង ពៅ​ អតី​ត​ស្នង​ការ​នគរ​បាល​រាជ​​​​ធានី​ភ្នំ​ពេញ​ បាន​ផ្តល់​បទ​សម្ភាស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ទស្ស​នា​វដ្តីបារាំង L’Express ហើយ​បាន​និយាយ​ថា លោក ហុក​ ឡងឌី ដែល​​​​នៅពេល​នោះ​ជា​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង​ជា​មនុស្ស​​ជិត​ស្និទ្ធ​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រឌិត​រឿង​ក្តី​ប្រឆាំង​បុរស​ទាំង​​​​ពីរ​នាក់ ដើម្បី​បិទ​បាំង​ដាន​ឃាតករ​ពិតប្រាកដ​។

លោក ហេង ពៅ ដែល​នៅពេលនោះ​គឺជា​ទី​ប្រឹក្សា​ផ្នែក​សន្តិ​សុខ​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​អនុរដ្ឋ​លេខា​ធិការ​​​ក្រ​សួង​​មហា​ផ្ទៃ មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ពេល​ដែល​គាត់​ភៀស​ខ្លួន​ពី​​​​​កម្ពុជា​​​​​​​មុន​ពេល​គេ​​ចាប់​ខ្លួន​គាត់​​ពី​បទ​មនុស្ស​ឃាត និង​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ទៀត ​​ដែល​បាន​​​ប្រព្រឹត្តឡើង​ដោយ​មាន​ជំនួយ​ពី​អង្គភាព​មន្ត្រី​ ​​​នគរ​​​បាល​មួយ​។

លោក មឿន តុលា ប្រធាន​កម្ម​វិធី​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​​​គមន៍​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​គិត​ថា ពួក​គេ​នឹង​​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ ពី​ព្រោះ​រឿង​ក្តី​នេះ​ពាក់​ព័ន្ធនឹង​មន្ត្រី​ជាន់​ខ្ពស់”។ លោក​បាន​បន្ថែម​ថា “ខ្ញុំមិន​មាន​សុទិដ្ឋិ​និយមចំពោះ​ការ​សន្យា​ស៊ើប​អង្កេត​លើ​ឃាតកម្ម​នេះ​ទេ ពី​ព្រោះ​ខ្ញុំ​មិន​គិត​ថា នឹង​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​ដើម្បី​​ផ្តល់​ផល​ប្រយោជន៍​រួម​ដល់​ប្រជា​ពល​រដ្ឋ​នោះទេ។ អ្វី​ដែល​ពួក​គេ​ធ្វើ​ គឺ​ដើម្បី​ការ​ពារ​តែ​ផល​ប្រយោ​​​ជន៍​​របស់​ពួក​គេ​ប៉ុណ្ណោះ”។​

រឿង​ក្តី​របស់​ ប៊ន សំណាង និង​ សុខ សំអឿន បាន​ឆ្លង​កាត់​ប្រព័ន្ធ​តុលាការ​កម្ពុជា​អស់​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ពួក​គេ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ពី​ឃាត​កម្ម​នោះ។

សវនាការ​កាត់​ទោស​ពួក​គេ​ត្រូវ​បាន​លោក ហ៊ីង ធីរិទ្ធិ ដែល​នៅ​ពេលនោះជា​ចៅក្រម​សាលា​ដំបូងរាជ​ធានីភ្នំពេញ​ច្រានចោល​កាល​​​ពី​ថ្ងៃ​១៩ ខែមីនា ឆ្នាំ​២០០៤ ដោយ​លោក​លើក​​​​​​​ឡើង​ថា ខ្វះ​ភ័ស្តុតាង។ ប៉ុន្តែ លោក ធូ មណី ចៅ​ក្រម​​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ភ្លាមៗ​​កែ​ប្រែ​សេចក្តី​សម្រេច​របស់​លោក ហ៊ីង ធីរិទ្ធិ ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា ដោយ​គ្មាន​មូល​ហេតុ​ ហើយ​បាន​បង្គាប់​​​​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​ទាំងពីរ​ពី​បទ​ឃាត​កម្ម​នេះ​ឡើង​វិញ ទោះ​បី​ជា​មិន​មាន​ការ​បង្ហាញ​​​​ភ័ស្តុតាង​ក៏​ដោយ។

​ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ផ្តន្ទា​ទោស​ពី​បទ​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥ ហើយ​ត្រូវ​បានផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​២០​ឆ្នាំ។ ក្រោយ​មក​តុលាការ​កំពូល​បាន​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​ឲ្យ​សាលា​ឧទ្ធ​រណ៍​​​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៨​ ដោយ​សារ​ខ្វះ​ភ័ស្តុតាង​ និង​ដោយ​សារ​​មាន​ការ​តាម​ដាន​ដិត​ដល់​លើ​រឿង​ក្តីនេះទាំង​នៅ​​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។ ប៉ុន្តែ សាលា​ឧទ្ធរណ៍​បាន​សម្រេច​​ផ្តន្ទា​ទោស​អ្នក​ទាំង​ពីរ​ឡើង​វិញ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២​ ពី​បទ​ឃាត​កម្ម​នេះ។

លោក សំ ប្រជា​មានិត ប្រធាន​ខុទ្ទ​កា​ល័យ​​លោក អង្គ វង្សវឌ្ឍានា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ហើយ​មន្ត្រី​តុលាការ​កំពូល​ និង​មន្ត្រី​សាលា​ដំបូង​​ ក៏​បាន​បដិ​សេធ​មិនធ្វើ​អត្ថា​ធិប្បាយ​ដែរថា តើនឹង​មានការ​ស៊ើប​អង្កេត​ថ្មី​លើ​ឃាត​កម្ម​លើ​លោក ​​​ជា វិជ្ជា ឬ​អត់​នោះទេ។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា ជា​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដោយឥត​គិត​ថ្លៃ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​គិត​ថា ការ​ស៊ើប​អង្កេត​លើ​រឿង​ក្តី​ដែល​មាន​អាយុ​កាល​ជិត​១០​ឆ្នាំ​នេះ នឹង​ទទួលបាន​ផ្លែ​ផ្កា​ ឬថា ​អាច​នាំ​ឃាតករ​ពិត​ប្រាកដ​យក​មក​ផ្តន្ទា​ទោស​បាន​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ ចំណុច​មួយ​គឺ​ទាក់​ទង​ទៅ​នឹង​សមត្ថ​ភាព​ ពី​ព្រោះ​បទ​ឧក្រិដ្ឋ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​​ហើយ ហើយ​ពេល​នេះ ​ខ្ញុំ​មិន​​មាន​ទំនុក​ចិត្ត​លើនគរ​បាល​​កម្ពុជា​​ថា ពួក​គេ​អាច​សើុប​អង្កេត​រឿង​ក្តី​បែប​នេះ​បានទេ​។ ខ្ញុំ​មិន​ជឿ​ថា ពួក​​គេ​​អាច​រក​ឃាតករ​ពិត​ប្រាកដ​ឃើញ​ឡើយ​”។

ឃាតកម្ម​លើ​លោក ជា វិជ្ជា ស្ថិត​នៅ​ក្នុង​ចំណោម​ឃាតកម្ម​​ដែល​​អូស​បន្លាយ​​ពេល​​​ជា​ច្រើន​នៅ​កម្ពុជា​ ដែល​គេ​មិន​អាច​រក​ឃាតករ​ឃើញ​​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក រួម​មាន​អ្នក​ចម្រៀង តារា​ភាព​យន្ត អ្នក​នយោ​បាយ អ្នក​កាសែត​ ព្រម​ទាំងរឿង​ក្តី​ជា​ច្រើន​ទៀត​​ដែល​​​​គេ​ជឿ​ថា ជា​រឿង​នយោ​បាយ​ និង​មាន​ការ​ឃុប​ឃិត​ពី​កង​កម្លាំង​របស់​រដ្ឋា​ភិបាល​ ដូចជា​ ការ​គប់​គ្រាប់​បែក​ដៃ ឆ្នាំ​១៩៩៧ ដែល​បាន​​​សម្លាប់​មនុស្ស​ជាង​១០​នាក់​ និង​ធ្វើ​ឲ្យ​រង​របួស​ជាង​១០០​នាក់​ទៀត នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ដូច​ករណី​សម្លាប់​​លោក ជា វិជ្ជា នេះដែរ គេ​មិន​ដែល​ចាប់​​ជន​ណា​​ម្នាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស