នៅពេលគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចជាយូរមកហើយធ្វើសច្ចាប្រណិធាន ដើម្បីដឹកនាំរដ្ឋាភិបាលមួយអាណត្តិប្រាំឆ្នាំទៀត ខណៈគណបក្សសង្គ្រោះជាតិធ្វើពហិការមិនព្រមចូលរួមប្រជុំសភា ដោយសារតែភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ មានរបាយការណ៍ថ្មីមួយលើកឡើងថា ការអភិវឌ្ឍដែលនឹងជួបបញ្ហាច្រើននៅថ្ងៃអនាគតរបស់ប្រទេសកម្ពុជាអាចសម្រេចទៅបាន លុះត្រាតែរដ្ឋាភិបាលធ្វើកំណែទម្រង់ដ៏គួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យប្រជាធិបតេយ្យមានភាពប្រសើរឡើង។
ការវិភាគដ៏ស៊ីជម្រៅមួយរបស់វិទ្យាស្ថានបណ្ដុះបណ្ដាលនិង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាយូរមកហើយជាមួយរដ្ឋាភិបាលបានសិក្សាទៅលើការអភិវឌ្ឍជាងពីរទសវត្សន៍កន្លងមកនេះរបស់ប្រទេសកម្ពុជា ហើយបានបង្ហាញពីបញ្ហាប្រឈមជាច្រើនដែលប្រទេសកម្ពុជាកំពុងប្រឈមសព្វថ្ងៃ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏ច្បាស់លាស់។
របាយការណ៍នេះបានលើកឡើងថា ទោះបីជាប្រទេសកម្ពុជាបានធ្វើឲ្យមានការអភិវឌ្ឍ “ដែលគួរឲ្យកត់សម្គាល់” ចាប់តាំងពីខ្លួនស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំងបំផុត និងពេលខ្លួនទើបតែចាប់ផ្ដើមលទ្ធិប្រជាធិបតេយ្យកាលពី២០ឆ្នាំមុនក៏ដោយ ក៏ការអភិវឌ្ឍដ៏យឺតយ៉ាវរបស់រដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គ ធំៗទាំងពីរនេះនឹងលែងធ្វើឲ្យអ្នកបោះឆ្នោតដែលមានក្ដីរំពឹងខ្ពស់ មានជំនឿចិត្តទៀតហើយ។
CDRI បានលើកឡើងថា លើសពីនេះទៅទៀតរដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់ឲ្យបានឆាប់រហ័ស បើពុំដូច្នោះទេ អ្វីៗដែលខ្លួនខិតខំអស់រយៈពេលជាង២០ឆ្នាំមកនេះនឹងបាត់បង់ទៅដោយងាយ។ របាយការណ៍របស់ CDRI បានលើកឡើងបន្តថា “[របាយការណ៍នេះ] មានសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់ប្រទេសកម្ពជា ដោយឈរលើការអភិវឌ្ឍដ៏រឹងមាំមុនៗរបស់ខ្លួន ហើយធ្វើដំណើរឆ្ពោះទៅរកសង្គមមួយដែលមានភាពល្អប្រសើរ មានភាពរុងរឿង និងយកចំណេះដឹងជាមូលដ្ឋាន ប៉ុន្តែគេបានកត់សម្គាល់ឃើញថា លទ្ធផលនៃការអភិវឌ្ឍនៅដាច់ឆ្ងាយពីគោលដៅនៅឡើយ។ ប៉ុន្តែ ការអភិវឌ្ឍដែលមានតិចតួចនេះពុំមែនមានន័យថា ប្រទេសកម្ពុជាបរាជ័យនោះទេ”។
របាយការណ៍នេះបានលើកឡើងទៀតថា កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពអាចសម្រេចទៅបានលុះត្រាតែមានការធ្វើឲ្យប្រសើរឡើងនូវវិស័យសុខាភិបាល អប់រំ ឧស្សាហកម្ម បរិស្ថាន ការវិនិយោគ អភិបាលកិច្ចល្អ សមភាព និងការធ្វើឲ្យមានលទិ្ធប្រជាធិបតេយ្យនៅទូទាំងប្រទេសកម្ពុជា។
បើយោងតាមការប្រៀបធៀបរបស់របាយការណ៍នេះ រវាងកម្ពុជាទៅនឹងប្រទេសដែលមានប្រាក់ចំណូលស្រដៀងគ្នាចំនួនប្រាំមួយនៅក្នុងតំបន់អាស៊ី ដូចជា ប្រទេសឡាវ វៀតណាម ភូមា បង់ក្លាដែស នេប៉ាល់ និងប្រទេសបា៉គីស្ថាននោះ ឃើញថាប្រទេសកម្ពុជាមានកំណើនខ្លាំងជាងគេចាប់តាំងពីឆ្នាំ១៩៩៤មកម៉្លេះ។
របាយការណ៍នេះបានលើកឡើងថា “ចាប់តាំងពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១១ កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាជាមធ្យមគឺ៧.៨ភាគរយ។ហើយបើប្រៀបធៀបទៅនឹងបទដ្ឋាននៅតំបន់អាស៊ី និងពិភពលោកវិញ កំណើនសេដ្ឋកិច្ចក្នុងកម្រិតនេះគឺគួរឲ្យចាប់អារម្មណ៍ណាស់”។
បើគិតមកត្រឹមខែមេសា ឆ្នាំ២០១៣ ប្រាក់ចំណូលក្នុងបុគ្គលម្នាក់ៗនៅប្រទេសកម្ពុជា បានកើនឡើងពីប្រហែល២៤០ដុល្លារ នៅក្នុងឆ្នាំ១៩៩៣ ដល់៩៧០ដុល្លារ ដោយទាបជាងប្រាក់ចំណូលគំរូពិភពលោក ជាមធ្យម១.០២៥ដុល្លារបន្តិចប៉ុណ្ណោះ។ គំរូនេះត្រូវបានធនាគារពិភពលោកយកមកប្រើប្រាស់ ដើម្បីកំណត់ចំណាត់ថ្នាក់ឲ្យប្រទេសដែលមានប្រាក់ចំណូលទាបជាងមធ្យម” ហើយរបាយការណ៍នេះបានលើកឡើងថា ចំណាត់ថ្នាក់នេះនឹងអាចសម្រេចទៅបានត្រឹមឆ្នាំ២០១៥។
របាយការណ៍នេះបានលើកឡើងបន្ថែមថា ប៉ុន្តែទិន្នន័យដែលបង្ហាញពីកំណើនសេដ្ឋកិច្ចវិជ្ជមាននេះមិនអាចបិទបាំងវិសមភាពសង្គម និងសេដ្ឋកិច្ចដែលកើតមាននៅក្នុងសង្គមសព្វថ្ងៃបានទេ ក៏ដូចជាបញ្ហានៃភាពងាយរងគ្រោះផ្នែកនយោបាយ ដែលអាចធ្វើឲ្យកំណើននេះធ្លាក់ចុះទាំងស្រុងផងដែរ។ហើយដើម្បីឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពប្រទេសកម្ពុជាត្រូវតែដោះស្រាយបញ្ហាទាំងអស់នេះ។ ពាក់ព័ន្ធនឹងវិបុលភាពសម្រាប់ទាំងអស់គ្នា និងវិសមភាពវិញ ទោះបីជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើងច្រើនក៏ដោយ ក៏នៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។
កាលពីឆ្នាំ២០០៩សំណាញ់សុវត្ថិភាពក្រោមមូលនិធិរបស់រដ្ឋាភិបាល ទទួលបានចំណែកតែមួយភាគរយប៉ុណ្ណោះពីផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ហើយបើធៀបនឹងប្រទេសវៀតណាម ចំណែកនេះតិចជាងចំណែកនៅប្រទេសនេះខ្លាំងណាស់ ពីព្រោះសំណាញ់សុវត្ថិភាពនៅប្រទេសវៀតណាម ទទួលបានចំណែក៤,៧ភាគរយពីផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ នៅប្រទេសកម្ពុជា កម្មវិធីសំណាញ់សុវត្ថិភាពមានដូចជា សុខុមាលភាពកុមារ ជំនួយថែទាំសុខភាព និងអត្ថប្រយោជន៍សម្រាប់ពេលគ្មានការងារធ្វើជាដើម។
រីឯអាយុកាលរស់នៅជាមធ្យមរបស់ប្រជាពលរដ្ឋកម្ពុជាវិញ គឺត្រឹម៦៣,៦ឆ្នាំ ប៉ុណ្ណោះដែលទាបជាងគេបំផុតក្នុងចំណោមប្រទេសដែលយកមកប្រៀបធៀបគ្នាទាំងអស់ ហើយប្រទេសកម្ពុជាក៏មានចំនួនគ្រូពេទ្យតិចជាងគេផងដែរ ពោលគឺមានតែ០,២ ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋចំនួន១.០០០នាក់។
ហើយទាក់ទិននឹងការអប់រំវិញ ប្រទេសកម្ពុជា នៅតែប្រឈមនឹងបញ្ហាគួរឲ្យកត់សម្គាល់ជាច្រើន។ របាយការណ៍នេះលើកឡើងថា “មនុស្សពេញវ័យដែលយ៉ាងហោចណាស់បានរៀនត្រឹមថ្នាក់មធ្យមសិក្សា គឺមានចំនួនប្រហែល១៦ភាគរយតែប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ពោលគឺទាបជាងគេបំផុតក្នុងចំណោមប្រទេសដែលលើកយកមកប្រៀបធៀបទាំងនេះ”។
របាយការណ៍នេះបានលើកឡើងបន្ថែមថា “ទោះបីជាលទ្ធផលនៃការអភិវឌ្ឍមុនៗបានធ្វើឲ្យប្រទេស និងសង្គមនានាមានទំនុកចិត្តលើខ្លួនឯងខ្លាំងដើម្បីឆ្ពោះទៅរកការអភិវឌ្ឍនៅថ្ងៃអនាគតក៏ដោយ ក៏ការអភិវឌ្ឍនេះមិនអាចធានាពីជោគជ័យនៅថ្ងៃអនាគតបានឡើយ”។ ឧទាហរណ៍ ប្រទេសដែលមានប្រាក់ចំណូលទាបជាងមធ្យមនឹងជួបបញ្ហាជាច្រើនប្រសិនបើកំណើនសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកទៅលើវិស័យតែមួយគត់ ដូចជាវិស័យកាត់ដេរជាដើមនោះ។
ដោយដកស្រង់ពីតួលេខកាលពីឆ្នាំ២០១០ របស់ធនាគារពិភពលោក របាយការណ៍នេះបានលើកឡើងថា ផលិតផលក្នុងវិស័យកាត់ដេរចូលរួមចំណែក៨៧ភាគរយក្នុងបរិមាណផលិតកម្មសរុប។ របាយការណ៍នេះបានលើកឡើងបន្ថែមថា “ ក្នុងចំណោមប្រទេសដែលលើកយកមកប្រៀបធៀបទាំងអស់គ្មានប្រទេសណាមួយពឹងផ្អែកទៅលើវិស័យតែមួយគត់នោះទេ។ ហើយប្រទេសផ្សេងៗទៀតនៅលើពិភពលោកក៏មិនពឹងផ្អែកទៅលើវិស័យតែមួយគត់ដូចប្រទេសកម្ពុជាដែរ”។ របាយការណ៍នេះបានបន្តថា ប្រទេសកម្ពុជាដែលពឹងផ្អែកទៅលើវិស័យកាត់ដេរតែមួយគត់នោះ គឺលំបាកនឹងធ្វើឲ្យការអភិវឌ្ឍនៅថ្ងៃអនាគត់មាននិរន្តរភាពណាស់។
យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ការពឹងផ្អែកទៅលើឧស្សាហកម្មចម្រុះគឺជាបញ្ហាមួយដែលត្រូវយកមកពិចារណាជាបន្ទាន់ ពីព្រោះប្រទេសកម្ពុជាយកវិស័យកសិកម្មជាវិស័យសម្រាប់ប្រភពការងារដ៏ចម្បង ប៉ុន្តែវិស័យនេះមានការអភិវឌ្ឍតិតតួច។ យោងតាមរបាយការណ៍នេះបានលើកឡើងបន្ថែមថា ការចូលរួមអភិវឌ្ឍន៍តិចតួចនៅក្នុងវិស័យអប់រំរបស់រដ្ឋាភិបាល ក៏ជាបញ្ហាដែលនាំឲ្យមានការខ្វះខាតអ្នកជំនាញសម្រាប់ពង្រីកវិស័យឧស្សាហកម្មផងដែរ។ ហើយការវិនិយោគនានាក៏មិនហូរចូលប្រទេសកម្ពុជាផងដែរ ដោយសារតែអំពើពុករលួយ ភាពរំារ៉ៃនៅក្នុងការផ្ដល់ដីសម្បទាន និងភាពខុសគ្នាក្នុងការគោរពសិទ្ធិមនុស្សរវាងប្រទេសកម្ពុជានិងអន្តរជាតិ។
របាយការណ៍នេះលើកឡើងថា “[ឧទាហារណ៍] លើកលែងការចំណាយថ្លៃបង់ពន្ធ និងការជួញដូរតាមព្រំដែនចេញ កត្តាបរិយាកាសជំនួញរបស់កម្ពុជាមិនសូវផ្ដល់អំណោយផលដល់វិនិយោគិនទេ បើប្រៀបធៀបនឹងប្រទេសវៀតណាម ហើយដោយមិនលើកយកប្រទេសថៃមកនិយាយនោះ កំណែទម្រង់នីតិវិធីសំខាន់ៗ និងការធ្វើឲ្យមានភាពងាយស្រួលគឺជាបញ្ហាមួយចំាបាច់ ដើម្បីបង្កើតឲ្យមានបរិយាកាសជំនួញដែលផ្ដល់អំណោយផលកាន់តែខ្លាំងដល់វិនិយោគិន”។
ទោះបីជារដ្ឋាភិបាលមានគោលបំណងបើកចំហរប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនឲ្យបានកាន់តែច្រើននៅពេលឆាប់ៗនេះក៏ដោយ ក៏របាយការណ៍នេះបានផ្ដល់ក្ដីសង្ឃឹមយ៉ាងស្រពេចស្រពិលថា ប្រទេសកម្ពុជាត្រូវតែផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមជាមុនសិន ហើយអនុសាសន៍ភាគច្រើននោះគឺការរិះគន់ជាយូរមកហើយលើរដ្ឋាភិបាល។
របាយការណ៍នេះលើកឡើងថាការអនុវត្តច្បាប់មានប្រសិទ្ធភាពវាមានសារសំខាន់ដូចការអនុម័តច្បាប់ ដែលនេះជាអនុសាសន៍មួយនៅក្នុងរបាយការណ៍ដែលរដ្ឋាភិបាលមិនសូវជាយកចិត្តទុកដាក់ទេកាលពីមុនមក ហើយថែមទាំងមិនបានអនុវត្តតាមទៀតផង”។ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ បញ្ហាមួយដែលរបាយការណ៍នេះបានលើកឡើងថា ប្រទេសកម្ពុជាគួរតែអនុវត្តដើម្បីធ្វើឲ្យសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនផ្លាស់ប្ដូរកាន់តែឆាប់រហ័សនោះ គឺការធ្វើកំណែទម្រង់ប្រជាធិបតេយ្យ។
របាយការណ៍នេះបានលើកឡើងបន្ថែមថា ប្រទេសដែលដើរតាមលទ្ធិប្រជាធិបតេយ្យគឺត្រូវតែមានប្រព័ន្ធពហុបក្សឯករាជ្យ ការថ្លឹងថ្លែងឲ្យបានល្អប្រសើររវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិរបស់រដ្ឋាភិបាល មានប្រព័ន្ធតុលាការឯករាជ្យ មានការលើកកំពស់សិទ្ធិសេរីភាពប្រជាពលរដ្ឋមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ និងមិនលម្អៀង ហើយផ្លាស់ប្ដូរវប្បធម៌នយោបាយ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋអាចចូលរួមក្នុងការសម្រេចចិត្តឲ្យបានច្រើន”។
ប៉ុន្តែនៅពេលគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈជាងពាក់កណ្ដាលនៃអាសនៈសរុបក្នុងរដ្ឋសភានោះ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអនុវត្តកំណែទម្រង់ណាមួយក្នុងចំណោមកំណែទម្រង់ទាំងនេះនៅមិនទាន់ច្បាស់ទេ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង