អតីតអ្នកភូមិសហគមន៍បឹងកក់ជាង២០០នាក់ បានធ្វើការតវ៉ាកាលពីម្សិលមិញនៅក្រៅសាលារាជធានីភ្នំពេញ ដើម្បីទាមទារសុំប្រាក់សំណងបន្ថែមទៀតពីលើចំនួនទឹកប្រាក់ដំបូងដែលពួកគាត់ទទួលបាននៅពេលដែលត្រូវបានគេបណ្តេញចេញដោយបង្ខំពីតំបន់បឹងកក់ កាលពីឆ្នាំ២០០៩។
អ្នកតវ៉ាដែលបានទទួលប្រាក់សំណងពីក្រុមហ៊ុនស៊ូកាគូ ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន ដើម្បីបើកផ្លូវឲ្យគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ចម្រូងចម្រាសរបស់លោក ឡៅ ម៉េងឃិន អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជានោះ ទទួលបានសំណងចំនួន៨.៥០០ដុល្លារ ឬទទួលយកជម្រើសទី២ គឺទទួលបានប្រាក់២លានរៀល និងផ្ទះល្វែងតូចមួយនៅកន្លែងតាំងលំនៅថ្មីស្ថិតក្នុងខណ្ឌដង្កោ។
បន្ទាប់ពីអតីតអ្នកភូមិបឹងកក់បានតវ៉ានៅខាងក្រៅសាលារាជធានីកាលពីម្សិលមិញរយៈពេលប្រហែល៣០នាទីមក លោក ឃួង ស្រេង អភិបាលរងរាជធានីបានអញ្ជើញពួកគាត់ឲ្យចូលទៅក្នុងសាលារាជធានី ដើម្បីឲ្យពួកគេដាក់សំណើជាផ្លូវការជាមួយអាជ្ញាធរ។
លោក ឃួង ស្រេង បាននិយាយទៅកាន់អ្នកតវ៉ាថា “ខ្ញុំគ្មានសិទ្ធិដោះស្រាយបញ្ហាជូនបងប្អូនទាំងអស់គ្នាទេ ប៉ុន្តែខ្ញុំនឹងយកសំណើរបស់បងប្អូនទាំងអស់គ្នាជូនលោកអភិបាល ប៉ា សុជាតិវង្ស ដើម្បីសម្រេច”។
អ្នកស្រី សៀ ណារ៉េត អាយុ៥៥ឆ្នាំ តំណាងអ្នកភូមិជាង៩០០គ្រួសារ ដែលបានទទួលយកប្រាក់សំណងកាលពីឆ្នាំ២០០៩បាននិយាយថា អតីតអ្នកភូមិបឹងកក់សង្ឃឹមថា នឹងទទួលបានប្រាក់សំណងបន្ថែមទៀតពីរដ្ឋបាលថ្មីសាលារាជធានី ដោយសារអ្នកភូមិភាគច្រើនគិតថា ពួកគាត់ត្រូវបានគេបង្ខំឲ្យចាក
ចេញពីផ្ទះសំបែងរបស់ខ្លួនដោយអយុត្តិធម៌ដោយមិនទទួលបានប្រាក់សំណងគ្រប់គ្រាន់។
អ្នកស្រី ណារ៉េត បាននិយាយថា “លោក ឃួង ស្រេង បានអនុញ្ញាតឲ្យមន្ត្រីរបស់លោកបំពេញបែបបទឲ្យពួកយើងទាំងអស់គ្នា ដោយបញ្ជាក់ពីទំហំដីរបស់យើង ជាមួយព័ត៌មានពីសៀវភៅគ្រួសារដើម្បីឲ្យពួកគេអាចទទួលស្គាល់ថា យើងគឺជាគ្រួសារដែលត្រូវបានបណ្តេញចេញពីដីមែន។ យើងទាំងអស់គ្នានឹងទាមទារឲ្យសាលារាជធានីដោះស្រាយបញ្ហានេះឲ្យបានឆាប់ បន្ទាប់ពីយើងបានដាក់ជូនបែបបទទាំងនេះរួច ពីព្រោះយើងត្រូវការប្រាក់សំណងសមរម្យ ដើម្បីទិញផ្ទះថ្មី”។
អ្នកស្រី ណារ៉េត បានបន្ថែមថា “ចាប់តាំងពី២០០៩មក ជីវភាពរបស់គ្រួសារភាគច្រើនបានធ្លាក់ចុះ ហើយអ្នកដែលរស់នៅក្នុងតំបន់នោះបានជំពាក់បំណុលគេវ័ណ្ឌក ដោយសារព្យាយាមបង់ប្រាក់សម្រាប់ផ្ទះថ្មី”។
កូនៗរបស់គ្រួសារដែលត្រូវបានបណ្តេញចេញនោះ ក៏ជួបបញ្ហាបែបនេះដែរ ដោយបានឈប់រៀន ពីព្រោះឥឡូវនេះពួកគេត្រូវជួយរកប្រាក់ឪពុក-ម្តាយ។
លោក ភួង សុភី អាយុ៥៦ឆ្នាំ ដែលមានដីមួយក្បាលទំហំ១៦ម៉ែត្រគុណនឹង៣០ម៉ែត្រនៅក្នុងតំបន់បឹងកក់បាននិយាយថា គាត់សមតែទទួលបានប្រាក់សំណង១៥.០០០ដុល្លារ ពីព្រោះគាត់ត្រូវបានបណ្តេញចេញដោយគ្មានផ្តល់សំណងឡើយ។ លោកបាននិយាយថា “ប៉ុន្តែ ខ្ញុំគិតថា សាលារាជធានីនឹងមិនស្វែងរកដំណោះស្រាយឲ្យយើងទេ ពីព្រោះនេះគ្រាន់តែជាការសន្យាខ្យល់តែប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ សោម សារុន