30.1 C
Phnom Penh

ការ​ផ្តល់​សំណងចំពោះ​កា​រផ្ត​ន្ទាទោស​ដាក់​​ពន្ធ​នាគារ​មិន​ត្រឹមត្រូវ ​ទំនង​ជា​មិន​មាន​ទេ​នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ចំនួន​២.០៧៣​ថ្ងៃ​ ប៊ន សំណាង និង​ សុខ​ សំអឿន ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ឲ្យ​រួច​ទោស​កាល​ពី​ថ្ងៃ​ពុធ ពី​បទ​សម្លាប់​លោក ជា​ វិជ្ជា មេ​ដឹក​នាំ​សហ​ជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ កាល​ពី​ឆ្នាំ​២០០៤។

ចាប់​តាំងពី​ការ​ចាប់​ខ្លួនពួក​គេ​ទាំង​ពីរ​ កាល​​​​ពី​ថ្ងៃ​ទី​២៨​ខែ​មករាឆ្នាំ​នោះមក រឿង​ក្តី​នេះ​ត្រូវ​​​​បាន​បញ្ជូន​​វិលចុះវិល​ឡើងរវាង​តុលា​ការ​ផ្សេងៗ​។ ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨​ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ផ្តន្ទា​ទោស​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១២។

កាល​ពី​ម្សិល​មិញ ប៊ន សំណាង មិន​ទាន់​បាន​​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ស្វែង​រក​សំណង​ពី​ការ​ផ្ទន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ដោយមិន​ត្រឹម​ត្រូវ​នេះ​ ឬ​យ៉ាង​​ណា​នៅ​ឡើយ​ទេ។

ប៊ន សំណាង ​និយាយថា “ខ្ញុំ​មិន​ទាន់​ប្រាកដ​​​​ថា តើ​ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទាម​ទារ​សំណង​ឬ​ក៏​អត់​​ទេ ខ្ញុំ​នឹង​ពិភាក្សា​រឿង​នេះ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​សិន។ ប៉ុន្តែ សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ចង់​ទាម​ទារ​សំណង​ទេ ពី​ព្រោះ​ការ​ដោះ​លែង​​ខ្ញុំ​គឺវា​គ្រប់​គ្រាន់​ទៅ​ហើយ​”។ លោក សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់​នៅ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​បុរស​ទាំងពីរ​នាក់​នេះ​មាន​សិទ្ធិ​​ទទួល​បាន​ប្រាក់​សំណង​ភ្លាមៗ​ដូច​បណ្តា​ប្រ​ទេស​ផ្សេង​ទៀត​ក៏​ដោយ ក៏​ឱកាស​នៃ​ការ​ទទួល​បាន​គឺ​តិច​តួច​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ការ​លំបាក​ណាស់​។​ទី​១ តម្រូវ​ឲ្យ​​អ្នក​ទាំង​ពីរ​នេះ​ដាក់​ពាក្យ​បណ្តឹងសិន​។ ទី២ ពួក​គេ​ត្រូវ​មាន​ភ័ស្តុ​តាង​បង្ហាញពី​ពេល​ដែល​ត្រូវ​គេ​ចាប់​ខ្លួន នគរ​បាល​ដឹង​ថា ពួក​គេ​​​​មិន​មែន​ជា​ឃាតករ​ពិត​ប្រាកដ​ និង​ដឹងថា គេ​ចាប់​​​អ្នក​ទាំង​ពីរ​​ដាក់​ពន្ធនាគារ​​​ក្នុង​នាម​ជា​អ្នក​​ត្រូវ​គេ​ទម្លាក់​កំហុស​”។

លោក​បាន​បន្ថែម​ថា បុរស​ទាំង​ពីរ​នេះ​ក៏​ត្រូវ​ស្វែង​រក​មេធាវីខ្លាំង​​ដែល​មាន​ឆន្ទៈ​ដោះ​ស្រាយ​រឿង​ក្តី​នេះ​ផង​ដែរ​។ លោក សុក សំអឿន បាន​មាន​ប្រសា​សន៍​ថា “ បន្ទាប់​មក​ពួក​គេ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល” ដោយស៊ី​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​នគរ​បាល​ណា​ដែល​បាន​ចាប់​ខ្លួន​ពួក​គេ។ លោក​​មាន​ប្រសាសន៍​ថា “ ហើយ​បន្ទាប់​​​​មក​សំណួរ​គឺ​ថាៈ តើ​តុលាការ​មាន​សេចក្តី​​ក្លាហាន​គ្រប់​គ្រាន់​​ដើម្បី​​ស្វែង​រក​យុត្តិ​ធម៌​​ឲ្យ​​ពួក​គេ​ដែរ​ឬ​ទេ​?”។

​ឧទាហរណ៍ ដូចជា​នៅ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​ដំណើរ​ការ​នេះ​គឺ​ងាយ​ស្រួល​ជាង​ឆ្ងាយ​ណាស់។ ប្រសិន​បើ​ការ​វិនិ​ច្ឆ័យ​ចុង​ក្រោយ​រក​ឃើញ​ថា​ ជនណា​ម្នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​មិន​ត្រឹម​ត្រូវ ហើយ​បាន​ជាប់​ពន្ធនាគារ​រួច​ហើយ​នោះ ទទួល​បាន​ប្រាក់​សំណង​យ៉ាង​តិច​២៥​អឺរ៉ូ ប្រហែល​៣៥​ដុល្លារ​ចំពោះ​ការ​ជាប់​ពន្ធនា​គារ​ក្នុង​មួយ​ថ្ងៃ​ៗ។

រដ្ឋា​ភិបាល​សហ​ព័ន្ធ​ជាអ្នក​ផ្ត​ល់​ប្រាក់​សំណង​នេះ នេះ​បើ​យោង​តាម​មាត្រា​៧​នៃ​ច្បាប់​អាល្លឺ​ម៉ង់​ស្តី​ពី​ការ​ផ្តល់​សំណង​​សម្រាប់​​ការ​កាត់​ទោស​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​ ដែល​ច្បាប់​នេះ​​ក៏​​ចែង​ផង​ដែរ​ថា អាច​ដាក់​ពាក្យ​បណ្តឹង​ទាម​ទារ​ប្រាក់​សំណង​បន្ថែម​បាន។ តាម​ច្បាប់​អាល្លឺ​ម៉ង់ ប៊ន សំណាង និង សុខ​ សំអឿន នឹង​ទទួលបាន​ប្រាក់​តិច​បំផុត​ចំនួន​ ៧២.៥៥៥​ដុល្លារក្នុង​ម្នាក់ៗ។

យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា​ សហ​រដ្ឋ​អាមេរិកវិញ ការ​ផ្តន្ទា​ទោស​មិន​ត្រឹម​ត្រូវ​ អ្នក​ដាក់​ពាក្យ​បណ្តឹង​​ទទួល​បាន​ប្រាក់​សំណង​ច្រើន​បំផុត​​១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​​ចំពោះ​ការ​ផ្តន្ទា​ទោស​ខុស ហើយ​បើ​តាម​ច្បាប់​នេះ​ ប៊ន សំណាង និង​ សុខ សំអឿន​ អាច​​​ទទួល​​ប្រាក់​ច្រើន​បំផុត​២០៧.៣០០​ដុល្លារ​។
លោកមេធាវី សុក​ សំអឿន បានមាន​ប្រសា​​​​សន៍ថា ចាំ​បាច់​ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ដើម្បី​​បង្កើត​ប្រព័ន្ធ​ស្រដៀង​គ្នា​នេះ ​ដើម្បី​​ផ្តល់​ប្រាក់សំណង​ដល់ជន​ស្លូត​ត្រង់​ ដែល​បាន​ជាប់​ពន្ធនា​គារ​ បន្ទាប់​ពី​ការ​ផ្តន្ទោ​ទោស។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​អាច​​​​ធ្វើ​រឿង​នេះ​បាន​ ហើយ​ត្រូវ​គិត​អំពី​កំណែ​ទម្រង់​ច្បាប់​នៅ​ពេល​អនាគត… ហើយ​​រដ្ឋា​ភិបាល​ត្រូវ​តែ​ផ្តល់​សំណង​ដល់​ជន​ណា​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មិន​ត្រឹម​ត្រូវ។ បញ្ហានេះ​ក៏​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ផង​ដែរ​ថា នគរ​បាល​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ក្នុង​ការ​ស្វែង​រក​ភ័ស្តុតាង​​​​មុន​ពេល​ពួក​គេ​ចាប់​​ខ្លួន​នរណា​ម្នាក់”៕

ប្រែ​សម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស