28.4 C
Phnom Penh

ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ឈាន​​​ដល់​​​កម្រិត​​​ប្រកាស​​​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ពាក់​​​ព័ន្ធ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជាជន​​​ជិត​​​៨.០០០គ្រួសារ​​​ត្រូវ​​​បាន​​​​​​ជម្លៀស​​​ទៅ​​​កាន់​​​ទីទួល​​​មាន​​​សុវត្ថិភាព​​​ ចាប់​​​តាំង​​​ពី​​​​​​​​​ទឹក​​​ជំនន់​​​ដ៏អាក្រក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុនមក​​​ ហើយ​​​​​​កុមា​​​រ​​​ចំនួន​​​ពីរនាក់​​​ទៀត​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា បាន​​​លង់​​​ទឹក​​​ស្លាប់​​​ កាល​​​ពីចុង​​​សប្តាហ៍​​​នេះ​​​​​​ ធ្វើ​​​ឲ្យ​​​ចំនួន​​​​​​អ្នក​​​ស្លាប់​​​នៅ​​​ទូទាំង​​​ប្រទេស​​​កើន​​​ដល់​​​យ៉ាង​​​តិច​​​២៨​​​នាក់​​​ហើយ ក្នុ​​​ង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​​​​​​​។

នៅ​​​រាជធានី​​​ភ្នំពេញ​​​ ដែល​​​កម្រិត​​​ទឹក​​​បាន​​​កើន​​​ជិត​​​ដល់​​​កម្រិត​​​ប្រកាស​​​អាសន្ន​​​​​​ កាល​​​ពី​​​ម្សិល​​​មិញ​​​នោះ​​​ ប្រជាជន​​​ចំនួន​​​១៦១គ្រួសារ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ចេញ​​​ពី​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ ចាប់​​​តាំ​​​ង​​​ពីថ្ងៃ​​​សុក្រ​​​មក ដោយ​​​ប្រជាជន​​​រាប់​​​ពាន់​​​​​​គ្រួសារ​​​កំពុង​​​ប្រឈម​​​នឹង​​​បញ្ហា​​​លិច​​​លង់​​​ផ្ទះ​​​សំបែង​​​ និង​​​បញ្ហា​​​អនាម័យ​​​នៅ​​​ឡើយ​​​។

លោក​​​ កែវ វី​​​ ប្រធាន​​​ខុទ្ទ​​​កាល័យ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កុមារ​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​បាន​​​ស្លាប់​​​កាល​​​ពីថ្ងៃ​​​សៅរ៍ នៅ​​​ក្នុង​​​ខេត្ត​​​កំពង​​​់​​​ចាម​​​ ដែល​​​ប្រជាជន​​​រាប់​​​ពាន់​​​គ្រួសារ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ទៅ​​​កាន់​​​ទីទួល​​​មាន​​​សុវត្ថិភាព​​​។

លោកបាន​​​មាន​​​ប្រសាសន៍ថា “កុមា​​​រ​​​ពីរ​​​នាក់​​​បាន​​​លង់​​​ទឹក​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​។ កុមារអាយុ​​​៦​​​ឆ្នាំ​​​ម្នាក់​​​បាន​​​លង់​​​ទឹក​​​​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃុំ​​​សម្បួរ ស្រុក​​​បាធាយ​​​ ហើយ​​​កុមារី​​​អាយុ​​​២​​​ឆ្នាំ​​​ម្នាក់​​​ទៀត​​​ ក៏​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​លង់​​​ទឹក​​​នៅ​​​ក្នុង​​​ស្រុក​​​ក្រូច​​​ឆ្មា​​​ ដែរ​​។ មនុស្ស​​​យ៉ាង​​​តិច​​​២៨​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​រយៈពេល​​​ពីរ​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​​​​ទាំង​​​កុមារ​​​ចំនួន​​​១៦​​​នាក់​​​ផង​​​ដែរ​​​ ធ្វើ​​​ឲ្យ​​​ចំនួន​​​អ្នក​​​ស្លាប់​​​សរុប​​​​​​ដោយសារ​​​ទឹក​​​ជំនន់​​​កើន​​​ដល់​​​៤៤នាក់​​​ហើយ​​​ គិត​​​រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​នៃ​​​ឆ្នាំ​​​នេះ​​​។

នៅ​​​ទូទាំង​​​ប្រទេស​​​ ប្រជាជន​​​សរុប​​​ចំនួន​​​៧.៨៩៧​​​គ្រួសារ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ចេញ​​​ ផ្ទះ​​​ចំនួន​​​៦២​​​.០៣៦ខ្នង​​​បាន​​​ជន់​​​លិច​​​ ហើយ​​​​​​​​​ប្រជា​​​​​​ជន​​​ចំនួន​​​៧៣.៦១៦គ្រួសារ​​​ នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​​​​បាន​​​រងការ​​​ប៉ះពាល់​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​។ កាល​​​ពីម្សិល​​​មិញ​​​ ទឹក​​​ទន្លេ​​​មេគង្គ​​​បាន​​​កើន​​​១៤​​​សង់​​​ទីម៉ែត្រ​​​ នៅ​​​ស្ថាន​​​ីយ​​​ជលសាស្ត្រ​​​ទន្លេ​​​​​​បាសាក់​​​ចតុមុខ​​​​​​ដល់​​​កម្ពស់​​​១០,២មែ៉ត្រ​​​ គឺ​​​ក្រោម​​​កម្រិត​​​ប្រកាស​​​អាសន្ន​​​១០,៥​​​ម៉ែត្រ​​​ បន្តិច​​​ប៉ុណ្ណោះ​​​។

លោក​​​ កែវ​​​ វី បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​កម្រិត​​​ទឹក​​​កើ​​​ន​​​ឡើង​​​បន្ត​​​ទៀត​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​មាន​​​ការ​​​ព្រួយបារម្ភ​​​អំពី​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​នេះ​​​ ព្រោះ​​​កាល​​​ពីថ្ងៃ​​​សៅរ៍ កម្រិត​​​ទឹក​​​បាន​​​កើន​​​ដល់​​​កម្ពស់​​​១០,២០​​​ម៉ែត្រ​​​ ហើយ​​​អាច​​​កើន​​​ឡើង​​​ដល់​​​កម្រិត​​​ប្រកាស​​​អាសន្ន​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ”។

នៅ​​​តាម​​​បណ្តោយ​​ច្រាំង​​​ទន្លេ​​​បាសាក់​​​ក្នុង​​​សង្កាត់​​​ច្បារ​​​អំពៅ​​​២​​​ ប្រជាជន​​​បាន​​​ដើរ​​​លុយ​​​ទឹក​​​ភក់​​​កម្ពស់​​​១​​​ម៉ែត្រ​​​ ដែល​​​បាន​​​ជន់​​​លិច​​​ផ្ទះ​​​របស់​​​ពួក​​​គេ​​​​​​ចាប់​​​តាំង​​​ពី​​​ទឹក​​​ទន្លេ​​​បាន​​​ធ្វើ​​​ឲ្យ​​​បាក់​​​ច្រាំង​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​មក​​​។ ប្រជាជន​​​មួយ​​​ចំនួន​​​បាន​​​ក្រាល​​​ផ្លូ​​​វដើរ​​ធ្វើ​​ពី​​​ឈើ​​​​​​បណ្តោះ​​​អាសន្ន​​​ ។

ខណៈ​​​ប្រជាជន​​​ជាច្រើ​​​ន​​​ត្រូវ​​​បាន​​​ជម្លៀស​​​ទៅកាន់​​​ទីទួល​​​មាន​​​សុវត្ថិភា​​​ព​​​នៅ​​​ក្បែរ​​​​​​នោះ ​​​រួច​​​ហើយ​​​នោះ​​​​​​ ប្រជាជន​​​រាប់​​​រយ​​​គ្រួសារ​​​ទៀត​​​​​​នៅ​​​បន្ត​​​ដាំស្ល​​​ ទទួល​​​ទាន និង​​​សម្រាក​​​ក្នុង​​​ខ្ទម​​​​​​​​​លើ​​​ទឹក​​​ត្រឹម​​​ចង្កេះ​​​ ជាហេតុ​​​ធ្វើ​​​ឲ្យ​​​​​​កុមារ​​​ជា​​​ច្រើន​​​​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ប្រឈម​​​នឹង​​​គ្រោះ​​​ថ្នាក់​​​យ៉ាង​​​ខ្លាំង​​​។

លោក ជា ណារិន ជាមេដឹកនាំ​​​សហ​​​គមន៍​​​អាយុ​​​៥០​​​ឆ្នាំ​​​នៅ​​​ក្នុង​​​សង្កាត់​​​នេះ​​​បាន​​​និយាយ​​​ថា “ ទឹកលិច​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ ​​​គឺ​​​បាន​​​ឡើង​​​ដល់​​​ត្រឹម​​ពោះ​​​ទៅ​​​ហើយ​​​ ហើយ​​​គ្មាន​​​នរណា​​​ម្នាក់​​​​​​មក​​​ជួយ​​​យើង​​​ទេ​​​។ មនុស្ស​​​មួយ​​​ចំនួន​​​​​​គ្មាន​​​បង្គន់​​​ប្រើ​​​ប្រាស់​​​ឡើយ​​​​​​ ​​​ពួក​​​គេ​​​កំពុង​​​ប្រើ​​​ប្រាស​​​់​​​ទឹក​​​លិច​​​នោះ​​​តែ​​​ម្តង​​​  ហើយ​​​វា​​​បាន​​​បង្ក​​​ក្លិន​​​អាក្រក់​​​ខ្លាំង​​​ណាស់​​​។ កូន​​​ៗ​​​របស់​​​ខ្ញុំ​​​បាន​​​​​​រាក​​​រូស​​​ទៀត​​​ផង​​​​​​។ យើង​​​ពិបាក​​​​​​ទុក​​​ក្មេង​​​ៗ​​​នៅ​​​ក្នុង​​​ផ្ទះ​​​គ្រប់​​​ពេល​​​ណាស់​​​ ដូច្នេះ​​​ពួក​​​វា​​​បាន​​​​​​ទៅ​​​លេង​​​​​​ក្នុង​​​ទឹក​​​ ហើយ​​​យើង​​​បារម្ភ​​​ខ្លាច​​​វា​​​លង់​​​ទឹក​​​ដូចនៅ​​​ក្នុង​​​ខេត្ត​​​ផ្សេង​​​ៗ​​​ទៀត​​​​​​”។

លោក​​​ ណារិន ធ្វើការ​​​នៅ​​​កន្លែង​​​អារ​​​ឈើ​​​ទល់​​​មុខ​​​កន្លែង​​​ដែល​​​ធ្លាប់​​​ជា​​​ផ្លូវ​​​​​​នៅ​​​ទល់​​​មុខ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ ប៉ុន្តែ រោង​​​ជាង​​​បាន​​​លិច​​​ទឹក​​​ ហើយ​​​​​​​​​​​​ឈើ​​​ក៏​​​បាន​​​សើម​​​ ធ្វើ​​​ឲ្យការ​​​ងារ​​​ជាប់​​​គាំង​​​។ លោក​​​បាន​​​និយាយថា “ យើង​​​ត្រូវ​​​ការ​​​កាក​​​បាទ​​​ក្រហម​​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ ឬ​​​អាជ្ញាធរ​​​មក​​​ជួយ​​​យើង​​​ ព្រោះ​​​ប្រសិន​​​បើ​​​យើង​​​មិន​​​​​​អាច​​​ធ្វើ​​​ការ​​​បាន​​​ យើង​​​គ្មាន​​​លុយ​​​ទិញ​​​អាហារ​​​ ឬ​​​ទឹក​​​ស្អាត​​​ប្រើ​​​ប្រាស់​​​ទេ​​​។ គ្រួសារ​​​ទាំង​​​ប៉ុន្មាន​​​នៅ​​​ទីនេះ​​​សុទ្ធ​​​តែ​​​បាន​​​រង​​​ការ​​​ប៉ះ​​​ពាល់​​​ទាំង​​​អស់​​​”។

នៅ​​​ក្នុង​​​ភូមិ ​​​ច្រាំង​​​បាក់​​​ ឯណោះវិញ​​​ កម្មករ​​​​​​សំណង់​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ម្នាក់​​​ ឈ្មោះ យឿង​​​ ​​​យឹង អាយុ​​​​​​៣២​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា  ផ្ទះ​​​របស់​​​ខ្លួន​​​បាន​​​រង​​​ការ​​​ជន់​​​លិច​​​ទាំង​​​ស្រុង​​​អស់​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ មកហើយ​​​ ហើយ​​​ខ្លួន​​​កំពុង​​​មានការ​​​ព្រួយ​​​បារម្ភ​​​ពី​​​កូនៗ​​​ចំនួន​​​ពីរនាក់​​។

យឿង យឹង​​​ បាន​​​និយាយថា “នៅ​​​ក្រោម​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​  ទឹក​​​លិច​​​មាន​​​កម្ពស់​​​១,៥​​​ម៉ែត្រ​​​ ដូច្នេះ​​​វា​​​ពិត​​​ជាពិបាក​​​ខ្លាំង​​​ណាស់​​​។ នៅ​​​ផ្ទះ​​​ជាន់​​​​​​ខាងក្រោម​​​បាន​​​លិច​​​អស់​​​ទៅ​​​ហើយ​​​ ដូច្នេះ​​​ខ្ញុំ​​​មិន​​​អាច​​​ដាំស្ល​​​ ឬ​​​ប្រើ​​​បង្គន់​​​បាន​​​ទេ​​​”។

យឿង​​​ យឹង បាន​​​ចង្អុល​​​ទៅកូន​​​តូចៗ​​​ចំនួន​​​ពីរនាក់​​​ដែល​​​ឈរ​​​នៅ​​​ពីក្រោយ​​​គាត់​​​នៅ​​​លើ​​​ក្តារ​​​​​​​​​ឆ្លង​​​បណ្តោះ​​​អាសន្ន​​​តូច​​​មួយ​​​ ហើយ​​​បាន​​​​​​និយាយ​​​ថា គាត់​​​មា​​​នការ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ពួក​​​វា​​​លង់​​​ទឹក​​​ ព្រោះ​​​ពួក​​​វា​​​សុទ្ធតែ​​​មិនចេះ​​​ហែល។

គាត់​​​បាន​​​និយាយថា “មិនទាន់​​​មាន​​​កាក​​​បាទ​​​ក្រហម​​​ ឬអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ណា​​​មួយ​​​មក​​​ជួយ​​​យើង​​​ទេ​​​” ដោយ​​​បាន​​​បន្ថែម​​​ថា ទោះជាទឹក​​​លិច​​​យ៉ាង​​​ណា​​​ ក៏​​​គាត់​​​នៅ​​​តែ​​​ត្រូវ​​​ទៅ​​​ធ្វើ​​​ការ​​​ដែរ​​​ ខណៈ​​​ប្រពន្ធ​​​របស់​​​គាត់​​​​​​នៅ​​​ផ្ទះ​​​មើល​​​កូន​​​។

លោក​​​ យ៉េន វុធ ចៅសង្កាត់​​​ច្បារ​​​អំពៅ​​​២​​​ បាន​​​ឲ្យ​​​ដឹងថា ប្រជាជន​​​ជាង​​​៦០​​​គ្រួសារ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ទៅកាន់​​​ទីទួល​​​មាន​​​សុវត្ថិភាព​​​នៅ​​​ក្នុង​​​ភូមិ​​​ ដើមស្លែង​​​១ កាល​​​ពីចុង​​​សប្តាហ៍​​​ដោយ​​​ប្រជាជន​​​ជាង​​​១.០០០គ្រួសារ​​​ទៀត​​​នៅ​​​​​​តាម​​​បណ្តោយ​​​ទន្លេ​​​បាន​​​រង​​​ការ​​​ប៉ះពាល់​​​​​​ដោយសារ​​​ទឹក​​​ជំនន់​​​បច្ចុប្បន្ន​​​នេះ​​​។

លោក ឡុង​​​ ឌីម៉ង់​​​ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជាជន​​​ជាង​​​១៦០​​​​​​គ្រួសារ​​​​​​ត្រូវ​​​បាន​​​ជម្លៀស​​​ទៅ​​​កាន់​​​ទី​​​ទួល​​​មាន​​​​​​សុវត្ថិភាព​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ប្ញស្សីកែវ​​​ និង​ខណ្ឌ​​​មាន​​​ជ័យ​​​រួ​​​ច​​​ហើយ​​​​​​។ លោក​​​បាន​​​ថ្លែង​​​ថា “អាជ្ញាធរ​​រាជ​​​ធានី​​​បាន​​​​​​ទទួល​​​បទបញ្ជា​​​ពី​​​រដ្ឋាភិបាល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​រាជធានី​​​ ហើយ​​​ឥឡូវ​​​នេះ​​​​​​យើង​​​កំពុង​​​ត្រៀម​​​ផ្តល់​​​ជំនួយ​​​ដល់​​​គ្រួសារ​​​ដែល​​​បាន​​​រងការ​​​ប៉ះពាល់​​​នៅ​​​ក្នុង​​​តំបន់​​​ទាំង​​​អស់​​​នោះ​​”។

ខេត្ត​​​ស្ទឹងត្រែង​​​ ក្រចេះ កំពង់​​​ធំ កំពង់​​​ចាម​​​​​​ កណ្តាល​​​ បន្ទាយ​​​មាន​​​ជ័យ ឧត្ត​​​រមាន​​​ជ័យ​​​ និង​​​ខេត្ត​​​ព្រះវិហារ​​​ បាន​​​រង​​​គ្រោះ​​​ខ្លាំង​​​បំផុត​​​​​​ដោយ​​​​​​សារ​​​ទឹក​​​ជំនន់​​​ក្នុង​​​រយៈពេល​​​ពីរ​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ ប៉ុន្តែភ្លៀង​​​ធ្លាក់​​​ខ្លាំងបង្ក​​​ឡើង​​​ដោយ​​​​​​​​ព្យុះ​​​ត្រូពិក ឈ្មោះ វូទីព (Wutip) ​​​ ដែល​​​បាន​​​បោក​​​បក់​​​កាត់​​​ប្រទេសឡាវ​​​ ​​​ពីសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ កាល​​​ពីថ្ងៃ​​​សុក្រ បាន​​​ធ្វើ​​​ឲ្យ​​​ទឹក​​​ជំនន់​​​រាល​​​ដាល​​​​​ដោយ​​​រាជធានី​​​ភ្នំពេញ និ​​​ង​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​​​​ទទទួល​​​ការ​​​ព្រមាន​ថ្មី​​​។

លោក ចាន់ ថា ជាប្រធាន​​​រដ្ឋបាល​​​ខេត្ត​​​ព្រៃវែង​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កម្រិត​​​ប្រកាសអាសន្ន​​​ត្រូវ​​​បាន​​​ប្រកាស​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ពេល​​​ទឹក​​​ជំនន់​​​កើ​​​នដល់​​​កម្ពស់​​​​​​៧,៥​​​ម៉ែត្រ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ឥឡូវ​​​នេះ​​​​​​ស្រុក​​​ចំនួន​​​ប្រាំពីរ​​​ក្នុង​​​ខេត្ត​​​​​​ព្រៃវែង​​​​​​ បាន​​​រង​​​ការ​​​ប៉ះពាល់​​​ដោយសារ​​​ទឹក​​​ជំនន់​​​ ហើយ​​​យើង​​​បាន​​​ជម្លៀស​​​ប្រជាជន​​​ចំនួន​​​២៩៥​​​គ្រួសារ​​​​​​ទៅ​​​កាន់​​​ទី​​​ទួល​​​មាន​​​​​​សុវត្ថិភាព​​​​​​ កាល​​​ពី ថ្ងៃ​​​សៅរ​​​៍ ​​​និង​​​ថ្ងៃ​​​អាទិត្យ ខណៈផ្ទះ​​​ចំនួន​​​១០.៤១៤​​​​​​ខ្នង​​​ បាន​​​រង​​​ការ​​​ជន់​​​លិច​​​”។

មន្ត្រីសុខាភិបាល​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភថា ទឹក​​​ជំនន់​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​បញ្ហា​​​សុខភាព​​​ខ្លាំង​​​ ដោយ​​​សារ​​​កង្វះ​​​ទឹក​​​ស្អាត​​​សម្រាប់​​​ទទួល​​​ទាន​​​ និង​​​ប្រើ​​​ប្រាស់​​​កំពុង​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​រាក​​​រូស​​​។

លោក​​​ស្រី ម៉ែន នារីសុភ័ក្រ​​​ អ្នក​​​នាំពាក្យ​​​​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​ បាន​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញថា កិច្ច​​​ប្រឹង​​​ប្រែង​​​សង្គ្រោះ​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​កំពុង​​​ចាប់​​​ផ្តើម​​​រួច​​​ទៅ​​​ហើយ​​​ ប៉ុន្តែ លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍ថា លោក​​​ស្រី​​​មិន​​​ដឹង​​​ថា ពេល​​​ណា​​​ទើប​​​ប្រជាជន​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​រង​​​ការ​​​ជន់​​​លិច​​​ក្នុ​​​ង​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​ទទួលជំនួយ​​​ទេ​​​ ។

លោកស្រី សុភ័ក្រ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ សម្តេចម៉ែ នរោត្តម​​​ មុនីនាថ បាន​​​ប្រទាននូវ​​​​​​អំណាយ​​​ជាព្រះរាជទ្រព្យ​​​ចំនួន​​​​​​១០.០០០ដុល្លារ​​​ដល់​​​កាកបាទក្រហម​​​ ដើម្បី​​​រួម​​​ចំណែក​​​ដល់​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ជួយ​​​សង្គ្រោះ​​​ដែល​​​កំពុង​​​បន្ត​​​៕​​​

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស