អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង និងសាច់ញាតិរបស់បុរស ស្ត្រីនិងកុមារសរុប១៦នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែក អំឡុងការតវ៉ាមួយនៅក្នុងឆ្នាំ១៩៩៧នោះ នឹងរៀបចំពិធីបុណ្យបង្សុកូលនៅថ្ងៃនេះ នៅស្ដូបមុខអតីតមន្ទីររដ្ឋសភាក្នុងរាជធានីភ្នំពេញ។

នៅក្នុងលិខិតផ្ញើជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ពិធីបុណ្យបង្សុកូលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ “នឹងឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធវីរបាតុករដែលបានបាត់បង់ជីវិតដោយអំពើភេរវកម្មនៃការវាយប្រហារដោយគ្រាប់បែក” ដែលបានកើតឡើងកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧។
លិខិតដដែលនេះបានឲ្យដឹងថា “យើងសូមស្នើឲ្យលោកអភិបាលផ្តល់ការអនុញ្ញាតនិងជួយការពារសន្តិសុខនិងសុវត្ថិភាព” ដោយបានបន្ថែមថា មនុស្សប្រហែល៥០០នាក់ នឹងចូលរួមនៅក្នុងពិធីបុណ្យបង្សុកូលនេះ។
កាលពីខែកក្កដា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានទៅសួនច្បារមុខអតីតមន្ទីររដ្ឋសភា ជាកន្លែងដែលមានការវាយប្រហារដោយគ្រាប់បែកភ្លាមៗ បន្ទាប់ពីលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពីបានចំណាយពេលបួនឆ្នាំនៅក្នុងការនិរទេសខ្លួនដោយខ្លួនឯង បន្ទាប់ពីលោកត្រូវបានកាត់ទោសពីបទផ្សព្វផ្សាយព័ត៌មានមិនពិតនិងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ វាជាលើកទី១ ហើយ ដែលលោក សម រង្ស៊ី បានវិលត្រឡប់មកមើលស្ដូបរំឭកវិញ្ញាណក្ខ័ន្ធនេះចាប់តាំងពីលោកបានចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩។
រហូតមកទល់ពេលនេះគេមិនទាន់ចាប់ខ្លួនជនដៃដល់ណាម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនេះនៅឡើយទេ ហើយការវាយប្រហារនេះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់១០០នាក់ផ្សេងនាក់ទៀតរងរបួស។ អំឡុងការវាយប្រហារនោះ គ្រាប់បែកបីគ្រាប់ត្រូវបានគប់ចូលទៅក្នុងចំណោមក្រុមកម្មករកាត់ដេរ បាតុករ និងក្រុមគ្រួសាររបស់ពួកគេនៅសួនច្បារមុខវត្តបទុម អំឡុងបាតុកម្មមួយ ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្សសម រង្ស៊ី។
លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកគិតថា វាមិនទំនងដែលថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងស្វែងរកជនដៃដល់នៅពីក្រោយការវាយប្រហារនេះ ដោយសារមានភ័ស្ដុតាងច្បាស់លាស់ បង្ហាញថា មានការជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចខ្លួនឯង។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “យើងមានបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិធ្ងន់ធ្ងរ ច្រើនណាស់នៅក្នុងប្រទេសនេះ ដែលមិនបានចាប់ជនដៃដល់យកមកកាត់ទោស។ ខ្ញុំមិនជឿថា យើងនឹងមានសន្ដិភាពពិតប្រាកដនោះទេ លុះត្រាតែមានការប្ដេជ្ញាចិត្តពីភាគីរដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា សាលារាជធានី នឹងអនុញ្ញាតឲ្យរៀបចំពិធីនេះ ប៉ុន្តែចង់ឲ្យពិធីបុណ្យនេះ បញ្ចប់ទៅវិញត្រឹមពេលថ្ងៃត្រង់។ លោកបានមានប្រសាសន៍ថា ”យើងក៏ស្នើឲ្យគណបក្សសង្គ្រោះជាតិកុំប្រើឧគ្ឃោសនស័ព្ទផងដែរ ពីព្រោះវារំខានដល់ព្រះសង្ឃដែលសូត្រធម៌នៅវត្តបទុម”។
លោកយាយ លី ណារី អាយុ៧១ឆ្នាំបាននិយាយថា លោកយាយនៅតែសោកសង្រេងចំពោះការបាត់បង់កូនប្រុសឈ្មោះ ឌួង ដារ៉ាវុធ ជាអង្គរក្សរបស់លោក សម រង្ស៊ី ដែលបានស្លាប់ដោយសារការវាយប្រហារដោយគ្រាប់បែកនេះ។ លោកយាយបាននិយាយថា “យើងអាចទិញទ្រព្យសម្បត្តិដែលបាត់បង់មកវិញបាន ប៉ុន្តែយើងមិនអាចទិញជីវិតមនុស្សបានទេ។ ខ្ញុំគ្មានសង្ឃឹមថា អាជ្ញាធរនឹងស្វែងរកចាប់ខ្លួនជនដៃដល់នោះទេ”៕
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន )
ប្រែសម្រួលដោយ អ៊ូច សូនី