30 C
Phnom Penh

ទិដ្ឋភាព​​ឥណ​​ទាន​កា​​បូន​នៅ​កម្ពុជា​​​ នៅ​តែ​មិន​ទាន់​មានលទ្ធភាព​ផ្តល់​ប្រាក់ចំណូល​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំ​ណា​ង​ស​ហ​គមននិង​មន្ត្រី​​​ទទួល​បន្ទុកគម្រោង​​​ឲ្យ​ដឹង​ថា ​គម្រោង​​​ពា​ណិជ្ជកម្ម​​កា​បូ​ន​​​នៅ​តែមិនទាន់​មាន​លទ្ធភាពរក​ប្រាក់​​ចំណូល​សម្រាប់​​សហ​គមន៍នៅឡើយ​។ គម្រោង​នេះ​​ទទួល​បានការ​គាំទ្រ​តែ​ពី​អង្គការសហ​ប្រជា​ជាតិ​ប៉ុណ្ណោះ ហើយ​​សកម្មភាព​កាប់​ឈើ​ នៅ​ក្នុ​ង​ប្រទេស​នេះ​ បន្ត​គំ​រាម​កំ​ហែ​ង​​ដល់​ព្រៃ​​ឈើ​​​ដែល​​អាច​​រក​​ចំ​ណូល​​​បា​ន​​រា​ប់​សិប​លាន​ដុល្លារ​​នៅ​រយៈ​​ពេល​​៣០​​​ឆ្នាំខាង​មុខ។

អង្គការ​ក្រៅ​រដ្ឋាភិបាល ផេក (NGO Pact) បាន​និង​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ ប្រែក្លាយ​ព្រៃ​ទំហំ​ ៦៨.០០០​ហិកតា​នៅ​​ខេត្តឧត្តរមានជ័យ​ឲ្យទៅ​ជា​តំបន់រក​ប្រាក់​ចំណូល តាំង​ពី​ឆ្នាំ​២០០៧​ ដោយ តាមរយៈ​ការ​លក់​ឥណទាន​កាបូននៃ​ព្រៃឈើ​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ស្រឡាញ់​បរិស្ថាន​​នៅលោក​ខាង​លិច​។

ក៏ប៉ុន្តែ​ ​មក​ទល់​ពេល​នេះ កម្មវិធី​នេះ​មិន​អាច​ជួយរក្សា​អ្នក​ទិញ​ឥណទាន​កាបូន​ណា​មួយ​​ឡើយ ហើយ​អង្គការ​ Pact បាន​បញ្ឈប់​កា​រ​ផ្តល់​មូលនិធិដល់ គម្រោងនេះក្នុង​ខែកក្កដា ជា​ហេតុ​​ធ្វើ​ឲ្យ​​សហគមន៍​ខ្វះ​ប្រាក់​សម្រាប់​ប្រយុទ្ធ​​ប្រឆាំង​អ្នក​កាប់​ឈើ​ខុស​ច្បាប់​។គ្មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ​ ពីព្រោះ​ថ្ងៃ​ទី ២០​ខែ​ឧសភា ដែល​ត្រូវ​បាន​កំណត់​សម្រាប់​រដ្ឋាភិបាល​ ដើម្បី ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​មក​ដល់ ​ដោយ​មិន​​អា​ច​បរិ​យាយ​បា​ន និង​​បាន​កន្លង​ផុត​​ដោយ​គ្មាន​ការ​ចុះ​ហត្ថលេខា​។

លោកស្រី សារ៉ា ស៊ីត (Sarah Sitts) នាយិ​កា​​រ​អង្គការ​ Pact ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​បាន​ ថ្លែង​​ថា ការ​ខក​ពេល​វេលា​កំណត់​​មិន​គួរ​ឲ្យ​មាន​​​​ម្តង​ហើយ​ម្តង​ទៀត​នោ­ះ​ទេ ពីព្រោះ​ការ​លក់​ឥណទាន​កាបូ​ន​នៅ​ពេល​នេះ ពិត​ជា​មាន​សារៈសំខាន់ខ្លាំង ក្នុងការផ្តល់​​មូល​និធិ​ដល់​គម្រោង​នេះ និង​ដើម្បីការ​ពារ​ព្រៃ​ឈើ​។

លោក​ស្រី​បាន​ថ្លែង​ថា “យើង​សង្ឃឹម​ថា នឹង​មាន​ការ​លក់ឥណទាន​នេះ​ ដើម្បី​ទ្រទ្រង់​​ការ​ចំណាយលើ​កា​រ​​​អនុវត្ត​ដែល​កំពុងដំណើរ​ ការ​​នៅ​ពេល​ការ​ផ្តល់​មូលនិធិ​របស់​ម្ចាស់​ជំ​នួយ ​បាន​​ចប់​​កាល​នៅ​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​”។

លោក​ស្រី​បាន​បន្ថែម​ថា “យើង​សង្ឃឹម​ថា រដ្ឋបាល​ព្រៃឈើ​នឹង​ព្រម​ព្រៀង​លើ​ផែន​ការ​ផ្តល់​ឲ្យ​បន្ទាប់​ ដើម្បីទិញ​ឥណទាន​ក្នុង​ការ​ផ្តល់​មូ​ល​និធិ​សម្រាប់​កា​រ​​អនុវត្ត​​​ ដែល​​​ចាំបាច់​​យ៉ាងខ្លាំង​​ក្នុងគម្រោង​នេះ។ ពួកគេ​ប្រាប់​យើង​ ​ថា ពួក​គេ​ក៏​បានរៀប​​ចំ​​ធ្វើ​ដូច្នេះ​ដែរ”។

លោក​ស្រី​ លេសលី ឌ័រ​ឈីនហ្គ័រ ( Leslie Durschinger) ភ្នាក់ងារ​ផ្នែក​ទី​ផ្សារ​នៅ​​​ Terra Global Capital  ជា​ក្រុម​ហ៊ុន​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុងសាន់​ហ្វ្រាន់​សីុស្កូ ដែលទទួល​ខុស​ត្រូវ​ក្នុងការ​ផ្តល់​ប្រភព​ និង​ការ​រក្សា​​ការលក់​ឥណ​ទាន​កាបូន ក្នុងកម្មវិធី​​ពាណិជ្ជកម្ម​កាបូន​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​​ បានមា​ន​ប្រ​សាសន៍ថា បច្ចុប្បន្ន​នេះ ក្រុម​ហ៊ុន​នេះ​កំពុង​តែ​ចរចា​ ដោយ​ មាន​ក្តីសង្ឃឹម​ ជា​មួយ​អ្នក​ទិញ​មួយចំនួន​។

លោក​ស្រី ឌ័រ​ឈីនហ្គ័រ បាន​លើក​ឡើង​​ក្នុង​អីុ​ម៉េល​មួយ​ថា ក៏​​ប៉ុន្តែ  “ខណៈ​ដែល​​ការ​ធ្វើ​ជំនួញ​កាបូន​តម្រូវ​ឲ្យ​មាន​ការ​ចរចា​ ហើយ​​ពេល​ខ្លះ​មា​ន​ដំណើ​រការដេញ​ថ្លៃ​ដោយ​​ប្រកួត​ប្រជែង​​ក៏​ដោយ​ ​ក៏​វា​ជាការ​លំបាក​ក្នុ​ងការ​ព្យាករ​​​ ថា តើ​ការ​លក់​នេះ​នឹង​កើត​ឡើង​នៅពេល​ណា​។ ​យើង​សង្ឃឹម​ថា នឹងមាន​ការ​លក់​ខ្លះ​ត្រូវ​បាន​​បញ្ចប់​មុ​ន​ដំណាច់ឆ្នាំនេះ​”។

ក្រោម​គម្រោង​កាត់​បន្ថយ​ការ​ភាយ​ឧស្ម័ន​ ចេញ​ពីសកម្មភាព​បំផ្លាញ និង​កា​រ​សឹក​រេចរឹល នៃ​ព្រៃឈើ​(REDD)​ ក្រោម​ការ​​គាំទ្រ​ដោយ​​អង្គការ​សហ​ប្រជា​ជាតិ​ កាបូ​ន​​​មាន​​​នៅ​ក្នុង​ដើម​​​ឈើ​ក្នុង​ព្រៃ​ឈើ​១៣សហគមន៍​​​ដែល​​ត្រូវ​បាន​​លក់​ឲ្យ​ក្រុម​ហ៊ុននានា ​ ដើម្បី​ជា​ការ​ប៉ះប៉ូវ​​ប៉ះលើ​បរិស្ថាន​ និង​លើ​ស្ថាន​ភាព ​​ដែល​​​​​ដើមឈើ​មិនត្រូ​វ​បាន​ផ្តួល​​រំលំ​។

ក៏​ប៉ុន្តែ សហគមន៍​ដែល​រស់​នៅក្នុង​ព្រៃ​ការពារ​ក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ ​​លើក​ឡើង​​​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើតឡើង​ក្នុង​តំបន់​នេះ ​ហើយ​អង្គ​ភាព​ល្បាត​​​ដែល​ត្រូវ​ពិនិត្យ​តាម​ដាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នេះ​លែង​មាន​​មូល​និធិ​​ទៀត​ហើយ​។

លោក​ សា ថ្លៃ ប្រធាន​បណ្តាញ​ព្រៃ​ឈើ​សហគមន៍​ខេត្ត​ឧត្តរមាន​ជ័យ​បាន​មាន​ប្រ​សា​សន៍ថា “ ការ​កាប់​ឈើ​ និង​ការ​រាន​ព្រៃ​សម្រាប់​​ការ​ទន្ទ្រាន​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​កំពុង​តែ​កើនឡើង​ជាលំដាប់​”។ លោក សា ថ្លៃ បាន​អះអាង​ថា ព្រៃឈើ​ដែល​រង​ផលប៉ះ​ពាល់​ខ្លាំង​បំផុត​នៅ​ក្រៅ​ព្រៃ​សហគមន៍​ទាំង​១៣នេះ ​ព្រៃ​សហគមន៍រំដួល​វាសនា​​ ត្រូវ​បាន​​ផ្តួលរំលំ​ប្រមាណ​​ជា​៤០.០០០ ហិកតា​ក្នុង​ចំណោម​ព្រៃ​ការពារ​៦.០១៦​ហិកតា​។

លោក​បាន​ថ្លែង​ថា “ព្រៃ​ក្រោមគម្រោង REDD  សម្រាប់​ពាណិជ្ជកម្ម​កាបូន​នឹង​លែង​នៅ​សល់​ ដោយ​សារ​តែ​អ្នក​កាប់​ឈើ​ ដែល​មាន​តាំងពីទាហាន​[កង​យោធពល​ខេមភូមិន្ទ​] រហូតដល់​អ្នក​ចំណូលស្រុក និងអាជ្ញា​ធរ​មូល​ដ្ឋាន​”។ លោក​បន្ថែម​ថា ប្រាក់​ប្រមាណ​ជា ១០.​០០០ដុល្លារ​ក្នុង​មួយ​ខែ​តម្រូវ​ឲ្យ​មាន​ការ​សាង​សង់​មូល​ដ្ឋាន​ និង​បង្កើន​ការ​ល្បាត​​ទប់​ស្កាត់​អ្នក​កាប់​ឈើ​នៅ​ក្នុ​ង​តំបន់ព្រៃការពារ​។

លោក ឡេវ សែត ប្រធាន​ព្រៃសហ​គមន៍​​ សង្គ្រោះ​ព្រៃ​ឈើ​មាន​មូល​ដ្ឋាន​នៅ​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង បាន​ឲ្យដឹងថា ប្រជាជន​មួយចំនួន​នៅ​ក្នុង​​សហគមន៍របស់​លោក​អស់​សង្ឃឹម​ក្នុង​កម្ម​វិធី​ REDD ប៉ុន្តែ សកម្មជន​នៅ​ក្នុង​តំបន់​នេះ​កំពុង​តែ​បន្ត​ប្រថុយ​ជីវិត​របស់​ពួក​គេ​ក្នុងការ​ល្បាតព្រៃ​ឈើ​។

លោក​មា​​​ន​​​​ប្រសាសន៍​ថា “សមាជិក​ខ្លះ​ក្នុង​​ចំ​ណោម​សមាជិក​សហ​គមន៍​នេះ ក៏​អស់​សង្ឃឹម​ផង​ដែរ​ពីព្រោះ​ពួក​គេ​បាន​ធ្វើ​ការ​អស់​រយៈពេល​ច្រើន​ឆ្នាំមក​ហើយ និង​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ ​ប៉ុន្តែ មិន​បាន​​ទទួល​អ្វី​ឡើយ​”។

លោក​បាន​បន្ត​ថា “ប្រសិន​បើ​យើង​គ្មាន​ប្រាក់​ យើង​មិន​អាច​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ទេ​ ហើយ​គម្រោង​ពាណិជ្ជកម្ម​កាបូន​នឹង​បរាជ័យ”។ លោក​បន្ថែម​ថា សកម្ម​ជន​​ក្នុង​តំបន់​នេះ​បាន​ទទួលការ​គំរាម​កំហែង​ពីទាហាន​មិន​ឲ្យ​ល្បាត​ និង​រាយ​ការ​ណ៍​អំពី​អ្នក​កាប់​ឈើទេ។

លោក​ឧត្តម​សេនីយ៍​ទោ សាន​ សៀ បញ្ជា​កា​រ​រង​កង​ពល​ធំ​ថ្មើ​រ​ជើង​លេខ​២​នៃកង​យោធ​​ពល​ខេមរភូមិន្ទ​ បាន​លើក​ឡើង​ថា វត្ត​មាន​របស់​យោធា​នៅ​ក្នុង​ព្រៃ​នេះ​ត្រូវ​បាន​រដ្ឋា​ភិបាល​​សម្រេច​យល់​ព្រម​ ហើយ​បាន​បដិ​សេធ​​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​​ កាប់​ឈើ​​​ខុស​ច្បាប់​។ លោក​បាន​ថ្លែង​ថា “ យើង​នៅ​ទី​នេះ​ពី​ព្រោះ​សម្តេច ហ៊ុន សែន បាន​យល់​ព្រម​​ឲ្យ​​យើង​សង់​មូល​ដ្ឋាន​ដើម្បី​ការ​ពារ​ប្រទេស​។​​ចំពោះការ​ចោទ​ប្រកាន់​ទាំ​ងឡាយ​ ខ្ញុំ​សូម​​បញ្ជាក់​​ថា ទាហានមិន​បាន​ផ្តួលរំលំ​ដើម​ឈើ​ក្នុង​ព្រៃ​នេះ​ទេ​ ពីព្រោះ​យើង​ត្រូវ​ការ​ដើម​ ឈើ​ដើម្បី​ផ្តល់​ម្លប់​ដល់​យើង​”៕

ប្រែ​សម្រួល​ដោយ ចេវ​ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស