អ្នកពិគ្រោះយោបល់ផ្នែកសំណង់ជនជាតិអាមេរិកកាំងម្នាក់ និងទេសចរជនជាតិជប៉ុនម្នាក់ត្រូវបានចោរបាញ់ប្លន់ឲ្យរងរបួសយ៉ាងធ្ងន់ អំឡុងពេលប្លន់ពីរករណីដាច់ដោយឡែកពី គ្នានៅក្នុងរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍នេះ ដោយធ្វើឲ្យស្ថានទូតជប៉ុនសម្តែងកង្វល់កាលពីម្សិលមិញចំពោះសុវត្ថិភាពរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។
លោក ម៉ូរៃស៍ ឡ អាយុ៥៧ឆ្នាំ ដែលរស់នៅក្នុងប្រទេសកម្ពុជាត្រូវបានចោរប្លន់បាញ់ចំក្រលៀន នៅម៉ោងប្រហែល៧យប់កាលពីថ្ងៃសុក្រ នៅពេលដែលគាត់កំពុងដើរទៅផ្ទះជាមួយប្រពន្ធរបស់គាត់ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀតកាលពីយប់ថ្ងៃសៅរ៍ ទេសចរជនជាតិជប៉ុនឈ្មោះ សាគីកូ តាកាយាណាជី អាយុ៣៣ឆ្នាំ ត្រូវបានចោរបាញ់ប្លន់ត្រូវចំជើងឆ្វេងនៅជិតផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញនៅម៉ោងប្រហែល៨យប់។
លោក ឡ ដែលមានសភាពស្លេកស្លាំង និងញាប់ញ័រនៅក្នុងបន្ទប់ដាច់ដោយឡែកមួយ បន្ទាប់ពីវេជ្ជបណ្ឌិតបានវះកាត់ក្រលៀននិងភ្លៅឆ្វេងរបស់គាត់កាលពីយប់ថ្ងៃសុក្រ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បានរៀបរាប់ពីហេតុការណ៍នៅមុនការបាញ់ប្រហារនោះ រីឯប្រពន្ធរបស់គាត់ឈ្មោះ ដេប៊ី អាយុ៥៧ឆ្នាំដែរនោះ បានរៀបរាប់ពីហេតុការណ៍ដែលគាត់បានជួបប្រទះ។
ប្តី-ប្រពន្ធនេះបាននិយាយថា ពួកគេកំពុងដើរទៅផ្ទះ មកពីកន្លែងបរិភោគអាហារល្ងាច ស្រាប់តែនៅពេលនោះមនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿងបានជិះតាមក្រោយពួកគេនៅតាមផ្លូវតូចមួយជិតចំណុចប្រសព្វរវាងផ្លូវលេខ៣០៨ និងផ្លូវលេខ២១។
អ្នកស្រី ឡ បាននិយាយថា “ពួកគាត់បានដើរតាមកាច់ជ្រុងមួយដែលងងឹតខ្លាំងណាស់។ ហើយពួកចោរបានមកស្ងាត់ៗ ហើយអ្នកជិះពីក្រោយដែលមានកាំភ្លើងបានលោតចុះមកក្បែរខ្ញុំ”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីបានប្រគល់កាបូបដៃអ្នកស្រីទៅឲ្យចោរភ្លាមៗ ដែលនៅក្នុងកាបូបនោះមានតែលុយបន្តិចបន្តួច និងទូរស័ព្ទអាយហ្វូនរបស់អ្នកស្រី ហើយអ្នកស្រីបានចាប់ផ្តើមស្រែកឲ្យគេជួយ។
លោក ឡ បន្តថា “ខ្ញុំនៅចម្ងាយប្រហែលបីជំហានខាងមុខប្រពន្ធខ្ញុំ ហើយបន្ទាប់មកខ្ញុំបានឮគាត់ស្រែក ហើយខ្ញុំបានងាកក្រោយហើយគិតថា នេះគឺជាការលេងសើច។ ប៉ុន្តែ មិនដឹងថា ជនទាំងពីរនេះជានរណាទេ ពួកគេមានកាំភ្លើងទាំងពីរនាក់។ ពួកគេបានត្រៀមបាញ់មកលើពួកគាត់។ ខ្ញុំអាចមើលឃើញទឹកមុខដ៏មាំរបស់ពួកគេ”។ លោក ឡ បាននិយាយអំពីការបាញ់ដ៏ឃោរឃៅនេះថា “ដូច្នេះ ខ្ញុំគ្រាន់តែបានប្រាប់ពួកគេថា កុំប៉ះពាល់ប្រពន្ធខ្ញុំ! កុំប៉ះពាល់ប្រពន្ធខ្ញុំ! ហើយពួកគេបានយកកាបូបប្រពន្ធខ្ញុំ ហើយឡើងជិះម៉ូតូចេញទៅ។ នៅពេលដែលពួកគេជិះម៉ូតូចេញ ពួកគេបានបាញ់ខ្ញុំតែម្តង”។
លោក ឡ បាននិយាយថា បន្ទាប់មកគាត់ត្រូវបានគេដឹកតាមរ៉ឺម៉កម៉ូតូទៅមន្ទីរពេទ្យកាល់ម៉ែត ដែលនៅទីនោះគាត់ត្រូវបានវះកាត់ភ្លាមៗ។ គ្រាប់កាំភ្លើងបានចូលតាមក្រលៀនលើ ហើយធ្លាយតាមក្រលៀនក្រោម និងហួសមកត្រូវភ្លៅរបស់គាត់ទៀត ដោយធ្វើឲ្យមានស្នាមរបួសកន្លែងគ្រាប់ចេញយ៉ាងធំ”។
គ្រួសារនេះបានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្លាស់ទៅផ្លាស់មករវាងរាជធានីភ្នំពេញ និងរដ្ឋហាវ៉ៃ។ លោក ឡ ធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកសំណង់ ចំណែកឯប្រពន្ធរបស់គាត់ជាអ្នកស្ម័គ្រចិត្តនៅមណ្ឌលកុមារកំព្រាមួយ។
ការបាញ់ប្លន់ពីសំណាក់មនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿងនេះ កើតមានឡើងបន្ទាប់ពីការវាយប្រហារដោយមនុស្សពាក់ម៉ាស់មុខស្លៀកពាក់ស៊ីវិលទៅលើអ្នកកាសែតបរទេស និងអ្នកតវ៉ាអហិង្សានៅវត្តភ្នំ កាលពីថ្ងៃទី២២ ខែកញ្ញា។ មិនទាន់មាននរណាម្នាក់ត្រូវបានចាប់ខ្លួនឲ្យទទួលខុសត្រូវចំពោះការវាយប្រហារដែលបានកើតឡើងនៅពេលយប់ ក្រោមការឃ្លាំមើលពីនគរបាលប្រឆាំងកុបកម្មនេះទេ។
លោក មុំ ស៊ីថា នាយការិយាល័យនគរបាលជនបរទេសរាជធានី បានមានប្រសាសន៍កាលពីម្សិលមិញថា “ នគរបាលមិនទាន់ស្គាល់ជនល្មើសក្នុងអំពើប្លន់កាលពីថ្ងៃសុក្រនេះនៅឡើយទេ។ លោកបានមានប្រសាសន៍ថា នគរបាលរាជធានីកំពុងសហការជាមួយកងកម្លាំងផ្សេងទៀត ដើម្បីស្វែងរកចោរប្លន់ទាំងនេះ ប៉ុន្តែ រកពួកគេមិនទាន់ឃើញទេ”។
លោកបានបន្ថែមថា ចោរប្លន់ប្រដាប់អាវុធពីរនាក់ស្រដៀងគ្នានេះ បានបាញ់ប្លន់អ្នកស្រី តាកាយាណាជី ជាទេសចរជនជាតិជប៉ុននៅម៉ោងប្រហែល៨យប់ កាលពីថ្ងៃសៅរ៍។ លោកបានមានប្រសាសន៍ថា “ សកម្មភាពរបស់ពួកគេស្រដៀងគ្នានឹងជនល្មើសដែលបានបាញ់ប្លន់កាលពីថ្ងៃសុក្រ។ ពួកគេបានប្លន់ជនជាតិជប៉ុនម្នាក់នៅកាច់ជ្រុងផ្លូវលេខ១១០ និងផ្លូវលេខ១៣”។ លោកបន្ថែមថា នគរបាលមិនទាន់មានតម្រុយនៅក្នុងអំពើប្លន់ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍នេះទេ។
លោក យូស៊ីហ៊ីរ៉ូ ហ៊ីគូជី អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍តាមទូរស័ព្ទកាលពី ម្សិលមិញថា អ្នកស្រី តាកាយាណាជី កំពុងដើរម្នាក់ឯងនៅជិតផ្សាររាត្រីជាតំបន់ទេសចរណ៍ដ៏ពេញនិយម ស្រាប់តែនៅពេលនោះអ្នកស្រីត្រូវបានគេបាញ់ចំភ្លៅឆ្វេង។
លោក ហីុគូជី បានមានប្រសាសន៍ថា “ ជនល្មើសបានចូលមកព្យាយាមឆក់កាបូបអ្នកស្រី ហើយអ្នកស្រីមិនព្រមឲ្យ ដូច្នេះពួកគេក៏បានបាញ់មួយគ្រាប់ចំភ្លៅអ្នកស្រី ហើយអ្នកស្រីត្រូវបាននាំទៅមន្ទីរពេទ្យ”។ ប៉ុន្តែ លោកបដិសេធមិនប្រាប់ថា អ្នកស្រី តាកាយាណាជី កំពុងសម្រាកព្យាបាលនៅទីណាទេ។
លោក ហីុគូជី បានមានប្រសាសន៍ថា “ ខ្ញុំបានឮថា អ្នកស្រីមិនអីទេ។ អ្នកស្រីមិនមានស្ថានភាពធ្ងន់ធ្ងរឡើយ”។ លោកបានបន្ថែមថា ក្បាលគ្រាប់ដែលបៀមជាប់នៅក្នុងជើងជនរងគ្រោះនោះ គ្រោងវះយកចេញកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយស្ថានទូតជប៉ុននឹងចេញសេចក្តីប្រកាសជូនដំណឹងប្រាប់់ប្រជាពលរដ្ឋជប៉ុនដែលរស់នៅក្នុងរាជធានីភ្នំពេញេអំពីគ្រោះថ្នាក់នៃការរស់នៅក្នុងប្រទេសកម្ពុជា។
កាលពីខែមីនា ពាណិជ្ជករជនជាតិជប៉ុន ឈ្មោះ គីតាគុរ៉ា កូសេ ត្រូវបានបាញ់ស្លាប់នៅខាងក្រៅផ្ទះរបស់គាត់នៅសង្កាត់បឹងកេងកង១ ដោយជនប្រដាប់អាវុធពីរនាក់ជិះម៉ូតូមួយគ្រឿង ដែលបានប្លន់គាត់យកលុយដែលគាត់បានលេងល្បែងឈ្នះនៅកាស៊ីណូ ណាហ្គាវើល អស់ចំនួន១០.០០០ដុល្លារ។
លោកបានមានប្រសាសន៍ថា “យើងមិនអាចរារាំងប្រជាពលរដ្ឋជប៉ុនមិនឲ្យមកប្រទេសកម្ពុជាបានទេ ប៉ុន្តែ យើងនឹងជូនដំណឹងពួកគេឲ្យបានច្បាស់លាស់ថា ប្រសិនបើបងប្អូនចង់មកប្រទេសកម្ពុជា បងប្អូនត្រូវតែប្រុងប្រយ័ត្នជានិច្ច។ ខ្ញុំមិនអាច [ធានា] ស្ថានទូតមិនអាចធានាថា មានសុវត្ថិភាព១០០ភាគរយទេ”។
លោក ហ៊ីគូជី បានមានប្រសាសន៍ថា ស្ថានទូតជប៉ុន ក៏កំពុងពិចារណាថា តើការបាញ់អ្នកស្រី តាកាយាណាជី បង្ហាញពីអស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ដោយសារការជាប់គាំងផ្នែកនយោបាយនាពេលថ្មីៗនេះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឬយ៉ាងណា។ លោកបានមានប្រសាសន៍ថា “ យើងត្រូវវិភាគដោយប្រុងប្រយ័ត្នថា តើហេតុការណ៍នេះពាក់ព័ន្ធនឹងស្ថានភាពនយោបាយឬមិនពាក់ព័ន្ធ”។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យរដ្ឋ និងឯកជនទទួលបន្ទុកគោលនយោបាយទេសចរណ៍ ក៏បានមានប្រសាសន៍ដែរថា ការបាញ់ប្លន់កាលពីចុងសប្តាហ៍នេះ ដែលត្រូវបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គឺជាកង្វល់។ លោកបានមានប្រសាសន៍ថា “បទល្មើសទាំងនេះកើតឡើងក្រោយពី ការបោះឆ្នោត យើងចង់ឲ្យមានសុវត្ថិភាព និងសន្តិសុខដូចពីមុនអ៊ីចឹង។ យើងសូមស្នើឲ្យនគរបាលពង្រឹងសន្តិសុខ និងសុវត្ថិភាពរបស់ទេសចរទាំងអស់”។
លោក ចន ស៊ីម៉ុន ជំនួយការមន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈនៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការបាញ់លោក ឡ កាលពីម្សិលមិញនេះទេ។ លោកបានលើកឡើងនៅក្នុងអីុម៉េលថា “យើងកំពុងឃ្លាំមើលស្ថានភាពសន្តិសុខក្នុងប្រទេសកម្ពុជា ហើយយើងជំរុញឲ្យជនជាតិអាមេរិកស្វែងរកព័ត៌មានសន្តិសុខនៅតាមវិបសាយរបស់យើង”។
កាលពីខែមករា ឆ្នាំ២០១២ លោក រីឆាដ អាស័រ ជនជាតិអាមេរិក អាយុ២៤ឆ្នាំត្រូវបានអង្គរក្សម្នាក់បាញ់ចំគូទនៅតាមផ្លូវលេខ៥១ នៅពេលអង្គរក្សរូបនោះប៉ុនប៉ងរារាំងជនរងគ្រោះរូបនេះមិនឲ្យវាយប្រហារទៅលើរថយន្តដែលចៅហ្វាយរបស់គេកំពុងជិះ។
លោក ឡ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលពីម្សិលមិញបាននិយាយថា ទោះបីជាលោកមិនមានការស្អប់ខ្ពើមចំពោះប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏ការចាប់អារម្មណ៍របស់លោកចំពោះប្រទេសនេះទាំងមូលបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង។
គាត់បាននិយាយថា “យើងមិនមានកំហឹងចំពោះនរណាម្នាក់ទេ យើងគ្រាន់តែមានការសោកស្តាយដែលមនុស្សពីរនាក់អាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសមួយ។ ឥឡូវនេះភ្នំពេញខុសពីមុន”។ កាលពីម្សិលមិញ គេមិនអាចទាក់ទងលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិបានទេ៕
ប្រែសម្រួលដោយ មូល គឹមហឿន