កាលពីម្សិលមិញលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិរួមជាមួយនឹងព្រះសង្ឃរាប់សិបអង្គ និងអ្នកគំាទ្ររាប់រយនាក់ បានធ្វើពិធីបង្សុកូលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅស្ដូបរំឭកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ១៦នាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍បោកគ្រាប់បែកមួយនៅក្នុងបាតុកម្មរបស់គណបក្សប្រឆាំងកាលពីឆ្នាំ១៩៩៧។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ថ្ងៃនេះយើងមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិ ដែលបានតស៊ូប្រឆាំង ដើម្បីសេរីភាព។ យើងបន្តទាមទាររកយុត្តិធម៌ ជាពិសេសសម្រាប់បាតុករដ៏អង់អាចដែលបានស្លាប់អំឡុងហេតុការណ៍បោកគ្រាប់បែក”។
លោក សម រង្ស៊ី បានរួចផុតពីស្លាប់ក្នុងហេតុការណ៍បោកគ្រាប់បែកនោះ ហើយវាជាពេលវេលាអច្ឆរិយៈមិនគួរឲ្យជឿនៅក្នុងអាជីពនយោបាយរបស់លោក។អ្នកគាំទ្ររាប់រយនាក់បានរងរបួស អង្គរក្សម្នាក់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីការពារលោក សម រង្ស៊ី ពីការផ្ទុះគ្រាប់បែកនោះ។ លោក សម រង្ស៊ី ធ្លាប់បានព្យាយាមដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងតុលាការមួយនៅសហរដ្ឋអាមេរិកពីបទជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងករណីបោកគ្រាប់បែកនេះ។
ប៉ុន្តែលោក សម រង្ស៊ី បានដកពាក្យបណ្ដឹងនេះចេញវិញ ជាផ្នែកនៃកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលកាលពីឆ្នាំ២០០៥ ដែលបានអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តពីការរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសនៅមុននោះ បន្ទាប់ពីបទចោទប្រកាន់ប្រឆាំងរូបលោកត្រូវបានដកនៅក្នុងតុលាការកម្ពុជា ជាហេតុធ្វើឲ្យអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង។
ខណៈដែលបច្ចុប្បន្នស្ដូបរំឭកវិញ្ញាណក្ខន្ធនេះគឺជាចំណុចជួបជុំសម្រាប់គណបក្សប្រឆាំង វាក៏ជាការរំឭកដល់វប្បធម៌និទណ្ឌភាពនៅក្នុងតុលាការរបស់កម្ពុជា ដែលបានធ្វើឲ្យបទល្មើសហិង្សាយ៉ាងច្រើន ដោយខ្លះក្នុងចំណោម នោះត្រូវគេជឿថា ជាហេតុផលនយោបាយ ត្រូវបានស៊ើបអង្កេតមិនគ្រប់ជ្រុងជ្រោយ ហើយមិនត្រូវបានផ្ដន្ទាទោស។
ក្រោយពីទទួលលទ្ធផលអាក្រក់បំផុតរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាចាប់តាំងពីឆ្នាំ១៩៩៨មក បូករួមជាមួយនឹងការលេចចេញនូវគណបក្សសង្គ្រោះជាតិដែលមានរួបរួមគ្នា និងដ៏មានប្រជាប្រិយភាពនោះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានជជែកពិភាក្សាគ្នាអំពីការធ្វើកំណែទម្រង់ចាប់តាំងពីខ្លួនបានបង្កើតរដ្ឋាភិបាលថ្មី កាលពីសប្ដាហ៍មុនមក។
នៅក្នុងសុន្ទរកថាមួយរយៈពេលប្រាំមួយម៉ោងកាលពីថ្ងៃពុធ លោក ហ៊ុន សែន បានសន្យាថានឹងមានរដ្ឋាភិបាលមួយដែលមានតម្លាភាព និងមានការទទួលខុសត្រូវច្រើនជាងមុន ហើយបានលើកឡើងថា កំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធតុលាការមានការយឺតយ៉ាវ។
កាលពីថ្ងៃសុក្រ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការធ្វើកំណែទម្រង់ ដោយប្រាប់មន្ត្រីរដ្ឋាភិបាលនៅក្នុងពិធីមួយថា “យើងចាំបាច់ត្រូវកែប្រែទម្រង់នៃការគ្រប់គ្រងនិងការដឹកនាំ”។
ទោះបីជាបណ្ដាអ្នកជំនាញខាងច្បាប់បានលើកឡើងថា ពួកគេមានសុទិដ្ឋិនិយមថា ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជានឹងមានភាពប្រសើរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុន ពីព្រោះពេលនេះគណបក្សប្រជាជនកម្ពុជា កំពុងព្យាយាមសាងទំនុកចិត្តពីប្រជាពលរដ្ឋ ដើម្បីកុំឲ្យចាញ់ឆ្នោតនាពេលអនាគតនោះ ពួកគេក៏បានលើកឡើងដែរថា ការទាមទាររកយុត្តិធម៌សម្រាប់បទល្មើសប្រព្រឹត្តិអំឡុងពេលកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ទំនងជាមិនអាចធ្វើតាមបានឡើយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា “រដ្ឋាភិបាលមិនបានខិតខំប្រឹងប្រែងទាល់តែសោះក្នុងការនាំខ្លួនជនល្មើស [នៃហេតុកាណ៍បោកគ្រាប់បែកក្នុងឆ្មាំ១៩៩៧] មកផ្ដន្ទាទោសឡើយ ដូច្នេះខ្ញុំមានមន្ទិលថា ពួកគេនឹងមិនធ្វើអ្វីគ្រប់យ៉ាងទេនៅរយៈពេលប្រាំឆ្នាំបន្ទាប់”។
លោកបានមានប្រសាសន៍ទៀតថា ទោះបីជាវាជារឿងល្អក្នុងការពិនិត្យសើរើបទល្មើសធំៗ ដើម្បីឲ្យសាធារណជនមានការជឿជាក់លើប្រព័ន្ធតុលាការក្ដី ក៏គណបក្សប្រជាជនកម្ពុជាទំនងជាមិនធ្វើកំណែទម្រង់ ដែលអនុញ្ញាតឲ្យមានប្រព័ន្ធតុលាការឯករាជ្យពេញលេញ ដែលអាចសើរើឡើងវិញបានឡើយនូវសំណុំរឿងមួយចំនួនដែលគេប្រហែលជាចង់រក្សាទុកវាជាការសម្ងាត់។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ចាំបាច់ត្រូវមានការសម្រុះសម្រួល ពីព្រោះគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឡើយ។ [ការសម្រុះសម្រួល នឹងត្រូវតែធ្វើឡើង] គឺមិនត្រឹមតែលើការស៊ើបអង្កេតពីបទល្មើសកន្លងមកប៉ុណ្ណោះទេ។គណបក្សប្រជាជនកម្ពុជា ប្រហែលជាចង់បានប្រព័ន្ធតុលាការមួយដែលមានប្រសិទ្ធភាពជាងនេះ ប៉ុន្តែមិនមែនជាប្រព័ន្ធតុលាការដែលឯករាជ្យទាំងស្រុងនោះទេ”។
លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការស៊ើបអង្កេតលើហេតុការណ៍បោកគ្រាប់បែកនេះ “កំពុងតែបន្ត” ហើយថា ជាផ្នែកមួយនៃអាណត្តិកំណែទម្រង់របស់ខ្លួន ក្រសួងនឹងជំរុញឲ្យតុលាការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយសារបទល្មើសហិង្សាផ្សេងៗទៀតដែលបានកន្លងផុតដោយមិនបានផ្ដន្ទាទោសជនល្មើស។
លោកបានមានប្រសាសន៍ថា “យើងមិនបានបិទសំណុំរឿង “ការបោកគ្រាប់បែក” នេះទេ ពីព្រោះការស៊ើបអង្កេតកំពុងតែបន្ត ដើម្បីស្វែងរកជនល្មើស។ ក្រសួងយុត្តិធម៌កំពុងតែខិតខំប្រឹងប្រែងជំរុញ្ឲ្យតុលាការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ [ដោយសារបទល្មើសមុនៗ]។ នេះគឺជាកំណែទម្រង់របស់ក្រសួងយុត្តិធម៌”។
ប្រសិនបើរដ្ឋាភិបាលពិនិត្យសើរើបទល្មើសហិង្សាដែលមួយចំនួនជំរុុញដោយហេតុផលនយោបាយ ដែលបានកន្លងផុតទៅភាគច្រើនដោយគ្មានការផ្ដន្ទាទោសជនល្មើសក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះនោះវាមានសំណុំរឿងច្រើនណាស់។
កាលពីខែកុម្ភៈ ឆ្នាំ២០០៣ លោក ឱម រ៉ាតសាឌី អ្នកនយោបាយគួរឲ្យគោរពម្នាក់ និងជាសមាជិកលេចធ្លោរបស់គណបក្សហ្វុ៊នស៊ិនបិុច ត្រូវបានជនល្មើសចូលទៅជិត ហើយបាញ់ប្រហារនៅចំពោះមុខសមាជិកគណបក្សផ្សេងៗទៀតនៅឯភោជនីយដ្ឋានមួយកន្លែង។ ដោយព្យយាមធ្វើឲ្យការបាញ់ប្រហារនោះមើលទៅដូចករណីប្លន់ ដំបូងឃាតករបានគេចខ្លួន រួចក៏ត្រឡប់មកវិញដើម្បីយកទូរស័ព្ទតម្លៃថោករបស់លោក រ៉ាត សាឌី មុនពេលគេចខ្លួន។ លោក រ៉ាតសាឌី បានស្លាប់ក្រោយពេលទៅដល់មន្ទីរពេទ្យ។
នគរបាលបានចាប់ខ្លួនទាហានពីរនាក់មកពីអង្គភាពកងកុម្ម៉ង់ដូឆត្រយោងចំពោះឃាតកម្មនេះ។ជនទាំងពីរនេះនិយាយថា ពួកគេសម្លាប់ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សរាជានិយមរូបនេះ ដើម្បីប្លន់យកទូរស័ព្ទដែលពួកគេនិយាយថា ក្រោយមកពួកគេបានគ្រវែងចូលក្នុងទន្លេបាសាក់។ ពួកគេត្រូវបានតុលាការកាត់ទោសភ្លាមៗ និងសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។សមាជិកគណបក្សរាជានិយមមិនជឿវា ជាករណីប្លន់ទេ ដោយអះអាងថា ឃាតកម្មនេះជារឿងនយោបាយ។ កាលពីដើមខែមីនា ឆ្នាំ២០០៣ ក្រសួងមហាផ្ទៃទទួលស្គាល់ថា ខ្លួនមិនជឿថា វាជាករណីប្លន់ទេ។ក្រសួងនេះបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេត ប៉ុន្តែមិនទាន់មានការវិវឌ្ឍទេនៅក្នុងសំណុំរឿងនេះ។
កាលពីខែមករាឆ្នាំ២០០៤ លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏សំខាន់ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅខាងក្រៅតូបលក់កាសែតមួយកន្លែងជាប់របងវត្តលង្កាក្នុងរាជធានីភ្នំពេញ។ ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវបានតុលាការផ្ដន្ទាទោសច្រឡំឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទមនុស្សឃាតនេះ ត្រូវបានសម្រេចលើកលែងការចោទប្រកាន់កាលពីសប្ដាហ៍មុន។ ឃាតករពិតប្រាកដដែលសម្លាប់លោក ជា វិជ្ជា កំពុងគេចខ្លួននៅឡើយ។
កាលពីខែឧសភាឆ្នាំនោះ មេដឹកនាំមួយរូបទៀតនៃសហជីពសេរីកម្មករ គឺលោក រស់ សុវណា្ណរ៉េត ត្រូវបានឃាតករបាញ់សម្លាប់ ខណៈពេលលោកកំពុងជិះម៉ូតូ។ កាលពីខែកុម្ភៈ ឆ្នាំ២០០៧ លោក ហ៊ី ប៊ុតធី មេដឹកនាំសហជីពមួយរូបទៀតនៃសហជីពសេរីកម្មករត្រូវបានបាញ់ស្លាប់ ខណៈពេលលោកកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្រោយចេញពីការងារវេនយប់នៅរោងចក្រសាន់តិចក្នុងរាជធានីភ្នំពេញ។ ដូចករណីសម្លាប់លោក ជា វិជ្ជា ដែរ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះក្នុងករណីទាំងពីរនេះ ហើយជនល្មើសមិនដែលត្រូវបាននាំខ្លួនមកផ្ដន្ទាទោសទេ។
កាលពីខែកក្កដា ឆ្នាំ២០០៨ អ្នកកាសែតឈ្មោះ ឃឹម សំបូរ និងកូនប្រុសរបស់លោកត្រូវបានឃាតករបាញ់ស្លាប់នៅពេលល្ងាចនៅលើកំណត់ផ្លូវមួយ ដែលមានមនុស្សធ្វើដំណើរទៅមកច្រើន បន្ទាប់ពីចេញពីហាត់ប្រាណនៅស្ដាតអូឡាំពិក។ លោក ឃឹម សំបូរ បម្រើការងារឲ្យស្ថាប័នកាសែតមនសិការគាំទ្រគណបក្សប្រឆាំង ដែលសរសេរចុះផ្សាយពីអំពីអំពើពុករលួយ ការចាប់យកដី និងផែនការអាក្រក់ផ្នែកនយោបាយ។ បុរសទាំងពីរជិះម៉ូតូមួយគ្រឿង ដែលបានបាញ់សម្លាប់លោក ឃឹម សំបូរ និងកូនប្រុសរបស់លោកកំពុងគេចខ្លួននៅឡើយ។
លោក ហេង សេរីឧត្តម អ្នកកាសែតវីរជនខ្មែរ ត្រូវបានឃាតករសម្លាប់កាលពីខែកញ្ញា ឆ្នាំ២០១២ មិនយូរប៉ុន្មានក្រោយពីលោកបានសរសេរអត្ថបទលាតត្រដាងពីការពាក់ព័ន្ធរបស់មន្ត្រីកងរាជអាវុធហាត់នឹងការកាប់ឈើខុសច្បាប់។ លោកបានក្លាយជាអ្នកកាសែតទី១១ ដែលត្រូវបានឃាតករសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤មក។ រហូតមកទល់ពេលនេះគ្មានឃាតករសម្លាប់អ្នកកាសែតណាម្នាក់ត្រូវបានផ្ដន្ទាទោសទេនៅក្នុងប្រទេសកម្ពុជា។
ហើយកាលពីឆ្នាំមុន លោក ឈុត វុទ្ធីសកម្មជនការពារបរិស្ថានដ៏លេចធ្លោ ត្រូវបានបាញ់សម្លាប់នៅក្នុងខេត្តកោះកុង បន្ទាប់ពីកងរាជអាវុធហត្ថនិងទាហានបម្រើការជាសន្តិសុខឯកជនឲ្យក្រុមហ៊ុនដែលគ្រប់គ្រងគម្រោងទំនប់វារីអគ្គិសនីមួយ បានហៅរថយន្តរបស់គាត់ឲ្យឈប់។ បន្ទាប់ពីការស៊ើបអង្កេតលើករណីឃាតកម្មដែលរងការរិះគន់យ៉ាងខ្លាំងនេះ មានសន្តិសុខម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទសម្លាប់ លោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថ ដែលគេចោទប្រកាន់ថា បានបាញ់សម្លាប់ លោក ឈុត វុទ្ធី មុនពេលបាញ់សម្លាប់ខ្លួនឯង។
ដោយនៅមានសំណុំរឿងជាច្រើនមិនទាន់ដោះស្រាយ លោកស្រី មូរ សុខហួរ សមាជិកសភាមកពីគណបក្សប្រឆំាងបានមានប្រសាសន៍ថា កំណែទម្រង់ប្រព័ន្ធតុលាការត្រូវតែមានការរួមបញ្ចូលនូវការផ្តល់លទ្ធភាពឲ្យជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះអាចស្នើឲ្យមានការស៊ើបអង្កេតបន្តចំពោះសំណុំរឿងរបស់ខ្លួន។
លោកស្រីបានមានប្រសាសន៍ថា “សំណុំរឿងកន្លងមកមិនអាចសើរើបានទេ ប្រសិនបើគ្មានកំណែទម្រង់ដ៏ស៊ីជម្រៅនោះ។ ហើយមូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយដែលយើងចង់ឲ្យមានការសើរើសំណុំរឿងចាស់ៗនេះពីព្រោះការប្រព្រឹត្តបទឧក្រិដ្ឋទាំងនោះ សុទ្ធតែបានផ្តោតលើបុគ្គលសំខាន់ៗដូចជា លោក ជា វិជ្ជា និងការវាយប្រហារដោយគ្រាប់បែក ដែលមានគោលដៅយ៉ាងច្បាស់ជាដើម”។
លោកស្រី បានមានប្រសាសន៍បន្តថា “វាមិនមែនជាផ្នែកមួយនៃការចរចា [ដើម្បីទម្លាយភាពជាប់គាំងនយោបាយនោះទេ] ប៉ុន្តែនៅពេលកំណែទម្រង់កំពុងដំណើរការ ហើយយើងមានប្រព័ន្ធតុលាការឯករាជ្យមួយនោះ អ្នកដែលនៅរស់រានមានជិវិតអាចស្នើឲ្យមានការស៊ើបអង្កេតឡើងវិញចំពោះសំណុំចាស់ៗ”។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា ជាអង្គការផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ បានលើកឡើងថា លទ្ធភាពដែលអាចនាំឲ្យមានការសើរើសំណុំរឿងចាស់ៗឡើងវិញ នឹងអាចរារាំងដល់លទ្ធភាពនៃកំណែទម្រង់ពិតប្រាកដនៅក្នុងប្រព័ន្ធតុលាការ។ លោកបានបន្ថែមថា “ជួនកាល ប្រសិនបើសំណុំរឿងនោះ ជាប់ទាក់ទិននឹងរឿងនយោបាយ ខ្ញុំគិតថា យើងគួរតែផ្តោតលើពេលអនាគត ជាជាងការជីកកកាយរឿងចាស់ៗឡើងវិញ។ បើពុំដូច្នោះទេ នឹងមិនអាចមានកំណែទម្រង់ឡើយ”។
តែទោះជាយ៉ាងណា លោក ឡុង បញ្ញវុធ បុគ្គលិកមួយរូបនៅអង្គការ Cambodian Justice Initiative បានលើកឡើងថា សម្រាប់ “បទឧក្រិដ្ឋជាប្រព័ន្ធបែបនេះ” ដូចជាការវាយប្រហារដោយគ្រាប់បែក និងការធ្វើឃាតមេដឹកសហជីពជាដើម ប្រសិនបើបង្កើតឲ្យមានគណៈកម្មការស្វែងរកការពិតជាពិសេសមួយនោះ ប្រហែលជាអាចលាតត្រដាងបទឧក្រិដ្ឋដល់សាធារណជន និងធ្វើឲ្យពលរដ្ឋជឿជាក់កាន់តែខ្លាំងលើភាពឯករាជ្យនៃប្រព័ន្ធតុលាការនៅកម្ពុជា។
លោក បានមានប្រសាសន៍ថា “ខ្ញុំចង់និយាយថា វាមានសារៈសំខាន់ណាស់ដែលបទឧក្រិដ្ឋធំៗ ដូចជាការវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ១៩៩៧ជាដើម ត្រូវតែមានការស៊ើបអង្កេតដោយគណៈកម្មការស្វែងរកការពិតបែបនេះ”។ លោក បានគូសបញ្ចាក់ថា អាជ្ញាយុកាលនៃបទមជ្ឈិមនៅក្នុងប្រទេសកម្ពុជាគឺមានរយៈពេល១០ឆ្នាំ ហេតុដូច្នេះវាអាចរារាំងដល់ការផ្តន្ទាទោសឧក្រិដ្ឋជននៅក្នុងសំណុំរឿងមួយចំនួន។
លោកបានមានប្រសាសន៍បន្ថែមថា “ដើម្បីធ្វើឲ្យសាធារណជនមានជំនឿចិត្តកាន់តែខ្លាំង យើងត្រូវតែទុកឱកាសឲ្យប្រជាពលរដ្ឋពិភាក្សា និងរិះគន់ពីបញ្ហាដែលកំពុងតែកើតឡើង”។ លោកបានបន្ថែមថា កំណែទម្រង់ដ៏សំខាន់បន្ថែមទៀតនោះ គឺត្រូវតែលុបបំបាត់ច្បាប់ដែលរារាំងពលរដ្ឋមិនឲ្យរិះគន់មន្ត្រីរដ្ឋាភិបាល និងការសម្រេចចិត្តរបស់ពួកគេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ និងជាសាស្ត្រាចារ្យច្បាប់បានលើកឡើងថា រាជរដ្ឋាភិបាលជាដំបូងត្រូវតែបង្កើតប្រព័ន្ធតុលាការឯករាជ្យមួយ ដែលតុលាការអាចបើកការស៊ើបអង្កេតសំណំុរឿងចាស់ៗ ដែលជនរងគ្រោះមិនដែលទទួលបានយុត្តិធម៌ពីមុនមក។ លោកបានមានប្រសាសន៍ថា “ មិនគ្រាន់តែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែយើងទាំងអស់គ្នាត្រូវតែជួយដោះស្រាយបញ្ហាអតីតកាលរបស់យើង និងធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើបទឧក្រិដ្ឋទាំងឡាយណាដែលបានកើតឡើងតាំងពីឆ្នាំ១៩៩៣មក។ យើងមិនគួរបណ្តោយឲ្យមាននិទណ្ឌភាពនោះទេ”៕
ប្រែសម្រួលដោយ តែម សុខុម