សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានបើកសវនាការសម្រាប់ករណីជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិស្រីលង្កាម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់កាតធនាគារក្លែងក្លាយ ដើម្បីដកយកប្រាក់រហូតដល់៥០.០០០ដុល្លារពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំមុន។
យោងតាមព្រះរាជអាជ្ញារង ហៀង សុភ័ក្រ បានឲ្យដឹងថា ឈ្មោះ ដេលវីន ចូសេព (Delvin Joshap) អាយុ៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី បានធ្វើជាមេគំនិតប្រព្រឹត្តបទល្មើសនេះ ហើយក៏ជាប្រភពនៃកាតក្លែងក្លាយទាំងនេះផងដែរ ខណៈដែលឈ្មោះ អារូណា សាឡាម វីនណូ រ៉ាច (Aruna Salam Vinorajh) អាយុ៣៤ឆ្នាំ ជនជាតិស្រីលង្កា ត្រូវបានបញ្ជូនឲ្យទៅដកយកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារសាជីវកម្មធនាគារសិង្ហបុរី ដែលមាននៅទូទាំងរាជធានីភ្នំពេញ។
លោក ហៀង សុភ័ក្រ បានមានប្រសាសន៍ ថា “ឈ្មោះ ដេលវីន ចូសេព បានបញ្ជាឲ្យឈ្មោះ អារូណា សាឡាម វីនណូរ៉ាច ប្រើប្រាស់វីហ្សាខាតក្លែងក្លាយនៅតាមម៉ាស៊ីន អេធីអឹម បីលើក។ ឈ្មោះទាំងនេះជាប់ទោសបីបទល្មើសនេះ”។
ឈ្មោះ សាឡាម វីនណូរ៉ាច បាននិយាយថា ខ្លួនបានជួបឈ្មោះ ចូសេព ក្នុងរាជធានីភ្នំពេញ មួយខែមុនពេលខ្លួនត្រូវបានចាប់ខ្លួន ពោលគឺនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ ហើយបានសារភាពថា ខ្លួនបានដកយកប្រាក់ពីម៉ាស៊ីដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារសាជីវកម្មធនាគារសិង្ហបុរី ក៏ប៉ុន្តែ ឈ្មោះនេះបានអះអាងថា ខ្លួនមិនបានដឹងថា កាតធនាគារទាំងនេះជាកាតក្លែងក្លាយទេ។
ឈ្មោះ សាឡាម វីនណូរ៉ាច បាននិយាយថា “ ការពីដំបូង គេបានឲ្យខ្ញុំទៅដកប្រាក់ក្នុងចន្លោះពី២.០០០ទៅ៣.៦០០ដុល្លារ បីលើក”។ ឈ្មោះនេះបាននិយាយបន្តទៀតថា ខ្លួនបានប្រើប្រាស់វីហ្សាខាតជាច្រើន នៅម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារសាជីវកម្មសិង្ហបុរី ដើម្បីដកប្រាក់សរុបចំនួនប្រហែល១៥.០០០ដុល្លារ ក្នុងរយៈពេលពីរថ្ងៃ។
ឈ្មោះនេះបាននិយាយថា “លុយទាំងអស់នោះគឺជារបស់ឈ្មោះ ចូសេព។ គាត់ឲ្យកាតធនាគារចំនួន៣៦មកខ្ញុំ ហើយបន្ទាប់មកបានឲ្យ១០ភាគរយនៃចំនួនទឹកប្រាក់សរុបមកខ្ញុំ។ តើខ្ញុំធ្វើម៉េចដឹងថា កាតនោះជាកាតក្លែងក្លាយទៅ បើ[សន្តិសុខនៅម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ] មិនចាប់ខ្ញុំ ហើយម៉ាស៊ីននោះបានបញ្ចេញលុយឲ្យខ្ញុំយកនោះ?”
ចំណែកឯឈ្មោះ ចូសេព បានសារភាពថា ខ្លួនបានយកប្រាក់ប្រហែល១៥.០០០ដុល្លារពីធនាគារសាជីវកម្មសិង្ហបុរី។ ឈ្មោះនេះបាននិយាយថា “ខ្ញុំសារភាពថា ខ្ញុំបានប្រព្រឹត្តបទល្មើសនេះ នៅពេលនគរបាលចាប់ខ្ញុំ ប៉ុន្តែ ពួកគេចោទថា ខ្ញុំយកប្រាក់៤០.០០០ដុល្លារឬ ៥០.០០០ដុល្លារ។ នេះមិនពិតទេ”។ធនាគារសាជីវកម្មសិង្ហបុរី កំពុងទាមទារប្រាក់សរុបចំនួនជាង១៣៣.០០០ដុល្លារមកវិញ។ ចៅក្រម តែ សំអាង បានឲ្យដឹងថា តុលាការ និងចេញសាលក្រមនៅថ្ងៃទី១១ ខែក្រោយ៕
ប្រែសម្រួលដោយ កង សុធា