មន្ត្រីពាក់ព័ន្ធបានឲ្យដឹងថា មនុស្សចំនួនពីរនាក់ទៀតបានស្លាប់នៅក្នុងខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយសារទឹកជំនន់ដែលបានឆកយកជីវិតជនរងគ្រោះយ៉ាងតិច៣០នាក់ ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះត្រូពិចក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះបានធ្វើឲ្យទឹកទន្លេមេគង្គទម្លាយច្រាំង ហើយបានធ្វើឲ្យជន់លិចសហគមន៍រាប់ពាន់នៅក្នុងខេត្តចំនួន១០។
ទោះបីជាទឹកជំនន់នៅក្នុងតំបន់មួយចំនួនបានបង្ហាញសញ្ញាស្រកចុះខ្លះកាលពីម្សិលមិញក៏ពិតមែន ប៉ុន្តែព្យុះទីហ្វុងវូទីប (Wutip)ដែលត្រូវបានព្យាករថា ជាព្យុះត្រូពិចកំណាចបំផុតក្នុងតំបន់ក្នុងរយៈពេលប្រាំពីរឆ្នាំនេះ បានវាយលុកប្រទេសវៀតណាម កាលពីយប់ថ្ងៃម្សិលមិញ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា ការកើនឡើងនូវកម្រិតទឹកជំនន់អាចធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះរបស់កម្ពុជា។
លោក កែវ វី នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ខេត្តកំពង់ចាម បន្តរងគ្រោះខ្លាំងបំផុតដោយសារតែព្យុះថ្មីៗនេះ ។ លោកមានប្រសាសន៍ថា “ មនុស្សពីរនាក់ទៀតបានស្លាប់នៅក្នុងខេត្តកំពង់ចាម ដោយកុមារចំនួន១០នាក់ ស្ថិតក្នុងចំណោមមនុស្សចំនួន១៨នាក់ ដែលបានបាត់បង់ជីវិត។ មនុស្សយ៉ាងតិច៣០នាក់ បានលង់ទឹកស្លាប់ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារទឹកជំនន់កើនឡើងដល់៤៣នាក់ហើយ គិតរហូតមកទល់នឹងពេលនេះនៃឆ្នាំនេះ ខណៈមនុស្សចំនួន៩.៥០៩គ្រួសារត្រូវបានជម្លៀសចេញ ផ្ទះចំនួន៦៧.៥៥១ខ្នងបានជន់លិច ហើយប្រជាជនចំនួន៨១.៣៥៧គ្រួសារបានរងនូវការប៉ះពាល់”។
ក្នុងពេលជាមួយគ្នានេះ ប្រជាជនជាង១៧០គ្រួសារនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅកំពុងរង់ចាំជំនួយនៅឡើយទេ កាលពីម្សិលមិញ ចាប់តាំងពីពេលច្រាំងទន្លេបាសាក់ បានបាក់នៅក្នុងសង្កាត់ច្បារអំពៅ២កាលពីចុងសប្ដាហ៍មុន ដោយបង្ខំឲ្យពួកគាត់ចាកចោលផ្ទះសំបែងរបស់ខ្លួន។ នៅម្ខាងនៃច្រាំងទន្លេក្នុងភូមិដើមស្លែងកាលពីម្សិលមិញ មនុស្សជាង៥០នាក់បានប្រមូលផ្ដុំគ្នាកកកុញ ក្នុងផ្ទះឈើសង់ផុតពីដីមានតែមួយបន្ទប់ ដែលគ្មានកន្លែងនៅសល់សូម្បីតែសម្រាប់មនុស្សម្នាក់ទៀតផង។ អ្នកភូមិបាននាំគ្នាដាំបាយនៅក្នុងខ្ទះក្បែរនោះ សម្រាប់មនុស្សទាំង១២គ្រួសារក្នុងផ្ទះនោះទទួលទាន។
បុរសអាយុ៣២ឆ្នាំម្នាក់បាននិយាយថា “តើលោកគិតថា មានមនុស្សប៉ុន្មាននាក់ទៀតដែលអាចរស់នៅក្នុងផ្ទះដែលមានបុរស ស្ត្រី និងកុមាររស់នៅផ្ដុំគ្នាច្រើនបែបនេះបាន? យើងរស់នៅទីនេះបួនថ្ងៃហើយ គ្មានអង្គការកាកបាទក្រហម ឬអង្គការក្រៅរដ្ឋាភិបាលណាមួយមកជួយយើងទេ។ អភិបាល [ស្រុកនេះ] បានមកកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានចាកចេញទៅវិញបន្ទាប់ពីរាប់ចំនួនមនុស្សរួច”។
លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស (Caritas) បានឲ្យដឹងថា អង្គការរបស់លោកនៅមិនទាន់ទទួលបានព័ត៌មានណាមួយពាក់ព័ន្ធនឹងខណ្ឌមានជ័យទេ ដោយពេលនេះកំពុងបន្តកិច្ចប្រឹងប្រែងសង្គ្រោះក្នុងបណ្ដាខេត្តរងការប៉ះពាល់បំផុតនៅក្នុងប្រទេសនេះ។ លោកបានមានប្រសាសន៍ថា ប្រសិនបើមានតំបន់ណាមួយ [ ក្នុងខណ្ឌមានជ័យ] ដែលត្រូវការជំនួយ យើងត្រូវទទួលបានព័ត៌មានពីអាជ្ញាធរខណ្ឌ ឬរាជធានីជាមុនសិន”។
បច្ចុប្បន្ន អង្គការការីតាស កំពុងផ្ដល់សេវាសង្គ្រោះដល់ប្រជាជនចំនួន១.៥០០គ្រួសារនៅក្នុងខេត្តកំពង់ចាម ៥៤០គ្រួសារនៅក្នុងខេត្តក្រចេះ និង១.៥០០គ្រួសារក្នុងខេត្តរតនៈគិរី ក្នុងចំណោមខេត្តផ្សេងៗទៀត ភាគច្រើនគឺនៅក្នុងតំបន់ជម្លៀសដែលគេហៅថា “តំបន់មានសុវត្ថិភាព” ដែលត្រូវបានខណ្ឌចែកជាពិសេសក្រោមការរៀបចំរបស់អាជ្ញាធរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការក្រៅរដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា “យើងកំពុងផ្ដល់តង់ ស្បៀងអាហារ ធុងទឹកដែលមានទឹកស្អាតចំនួន១.០០០លីត្រ បង្គន់អនាម័យចល័ត និងសម្ភារអនាម័យមួយចំនួនទៀត”។
នៅចម្ងាយប្រហែល១០០ម៉ែត្រ លើទួលពីកន្លែងប្រជាជនប្រមូលផ្ដុំគ្នានៅក្នុងភូមិដើមស្លែង ប្រជាជនជាង៣០គ្រួសារដែលបានប្រមូលផ្ដុំគ្នានៅលើទីធ្លាតូចមួយក្នុងវត្តមួយកន្លែងបាននិយាយថា ខ្លួនមិនគិតថាតំបន់នេះសមនឹងឲ្យឈ្មោះថា ជា “តំបន់មានសុវត្ថិភាព” ទេ ហើយថា ពួកគាត់បាននាំគ្នារើទៅបរិវេណនេះ ដោយការសម្រេចចិត្តដោយខ្លួនឯង។
អ្នកស្រី ម៉ៅ សំនៀង អាយុ៣២ឆ្នាំ និយាយថា “ខ្ញុំគ្មានជម្រើសឡើយ ផ្ទះរបស់ខ្ញុំម្ខាងបានដួលរលំទៅក្នុងទន្លេ ហើយខ្ញុំបារម្ភខ្លាចកូនប្រុសអាយុប្រាំឆ្នាំរបស់ខ្ញុំលង់ទឹកស្លាប់”។ អ្នកស្រីបានបន្តថា “ប្រជាជនផ្សេងទៀតបានមកទីនេះកាលពីថ្ងៃសុក្រ ពេលទឹកក្រោមផ្ទះរបស់ខ្លួនបានឡើងដល់ត្រឹមក ប៉ុន្តែគ្មានអ្នកណាមកជួយទេ ដោយពួកគេគ្រាន់តែមករាប់មនុស្ស ហើយកត់ឈ្មោះរបស់យើងប៉ុណ្ណោះ ដូច្នេះយើងនឹងទៅវិញនៅពេលទឹកស្រក” ដោយបានបន្ថែមថា ពួកគាត់គ្មានបង្គន់ ឬទឹកស្អាតប្រើប្រាស់ទេ។
លោកស្រី ខារ៉ូលីន មឹកខសលែន (Caroline McCausland) នាយកប្រចាំប្រទេសនៃអង្គការ Action Aid Cambodia ដែលកំពុងចេញប្រតិបត្តិការនៅក្នុងបណ្ដាខេត្តរងការប៉ះពាល់បំផុត បានឲ្យដឹងថា ធម្មតា អាជ្ញាធររាជធានី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា ត្រូវសម្របសម្រួលកិច្ចប្រឹងប្រែងសង្គ្រោះក្នុងរាជធានីភ្នំពេញ។ លោកស្រីបានមានប្រសាសន៍ថា “បើតាមយើងដឹង អាជ្ញាធរកំពុងតែត្រៀមខ្លួនចុះទៅ [ខណ្ឌមានជ័យ] ប៉ុន្តែប្រសិនបើពួកគេមិនទាន់ចុះទៅទេនោះ វាគឺជាការសម្រេចចិត្តរបស់អាជ្ញាធរខណ្ឌ និងរាជធានី”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា លោកមិនដឹងថា តើមានការរៀបចំផែនការអ្វី ដើម្បីជួុយប្រជាជនក្នុងខណ្ឌមានជ័យទេ ប៉ុន្តែបានបញ្ជាក់ថា សាលារាជធានីកំពុងតាមដានស្ថានការណ៍។ លោកបានថ្លែងថា “លោកអភិបាលរាជធានីភ្នំពេញ នឹងចុះទៅពិនិត្យមើលស្ថានភាព [នៅថ្ងៃនេះ]”។
លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា លោកបានចុះទៅតែតំបន់មួយចំនួនប៉ុណ្ណោះ។
លោក គ្រួច សាមឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានឲ្យដឹងថា កាកបាទក្រហមរាជធានីភ្នំពេញ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ហើយបានបញ្ជាឲ្យសាខានៅតាមខណ្ឌទាំងអស់កត់ត្រាចំនួនគ្រួសារដែលបានរងការប៉ះពាល់ដោយសារទឹកជំនន់។ លោកបានមានប្រសាសន៍ថា “ នៅពេលយើងកត់ត្រាចំនួនគ្រួសាររងគ្រោះរួចរាល់ហើយ យើងនឹងចុះជួយពួកគេភ្លាម”។
លោក អ៊ែនឌ្រូ ម័រ (Andrew Moore) នាយកប្រចាំប្រទេសនៃអង្គការសង្គ្រោះកុមារ (Save the Children)ដែលកំពុងផ្ដោតគោលដៅលើគ្រួសាររងគ្រោះក្នុងតំបន់ដាច់ស្រយាលនៅភាគខាងកើតនៃប្រទេសកម្ពុជា បានឲ្យដឹងនៅក្រៅរាជធានីភ្នំពេញថា ការឆ្លើយតបដែលមានការសម្របសម្រួលចំពោះគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ គឺដំណើរការល្អអាចទទួលយកបាន។
លោកមានប្រសាសន៍ថា “កម្រិតនៃការឆ្លើយតបដែលគេត្រូវការចាំបាច់ក្នុងឆ្នាំ២០១១ គឺមិនទាន់ត្រូវការនៅពេលនេះនៅឡើយទេ ហើយណាមួយទឹកជំនន់កំពុងស្រកចុះផង។ ពិតណាស់ថា បញ្ហាពេលនេះគឺស្ថិតនៅត្រង់ថាតើព្យុះត្រូពិចបន្តបន្ទាប់ទៀតនឹងធ្វើឲ្យស្ថាន ភាពកាន់តែអាក្រក់ទៅឬអត់”៕
ប្រែសម្រួលដោយ កង សុធា