28 C
Phnom Penh

ឯកអគ្គរាជទូត​ជប៉ុន​​និង​នគរបាលនឹង​ជួប​ប្រជុំ​គ្នា​​បន្ទាប់​ពី​​ការ​បាញ់​ប្លន់​ទេសចរ​ជនជាតិ​ជប៉ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​មន្ត្រី​ស្ថានទូត​ជប៉ុន​ម្នាក់​ បាន​ឲ្យ​ដឹង​ថា ឯក​អគ្គរាជទូត​ជប៉ុន​​​គ្រោង​នឹង​​ជួប​ជាមួយ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ដើម្បី​ពិភាក្សា​​អំពី​​ការ​​បាញ់​ប្លន់​លើ​ទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់​ក្នុង​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិលមិញ​បាន​លើក​ឡើង​​ថា ខ្លួន​​ “មាន​ការ​ព្រួយ​បារម្ភ”​ ចំពោះ​​ការ​​បាញ់​ប្លន់​ស្រដៀង​គ្នា​​ទៅ​លើ​​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សំណង់​ជន​ជាតិ​អាមេ​រិ​កាំង​​ម្នាក់​​ កាល​ពី​ថ្ងៃ​សុក្រ​។

លោក​ យ៉ូស៊ីហ៊ីរ៉ូ ហ៊ីគូជី (Yoshihiro Higuchi) អនុ​ប្រធាន​​បេសកកម្ម​ស្ថានទូត​ជប៉ុន​​បាន​មាន​ប្រសាសន៍​ថា “ឯកអគ្គរាជទូត​​របស់​យើង​នឹង​ជួប​​​ជាមួយ​​​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​​ជា​លើក​ដំបូង​ ដើម្បី​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​​របស់​យើង​ និង​ដើម្បីស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិ​បាល​​ខិតខំ​អស់​ពី​សមត្ថភាព​​នៅ​ក្នុង​ការ​កំណត់​​អត្ត​សញ្ញាណ​​ជន​ដៃ​ដល់​ ព្រម​ទាំង​​ស្នើ​ឲ្យ​នគរ​បាល​​បំពេញ​ការងារ​​​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​”។

នៅ​ម៉ោង​ប្រហែល​៨យប់​ កាល​ពី​ថ្ងៃ​សៅរ៍ ទេស​ចរ​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ សាគីកូ តាកាយ៉ាណាជី (Sakiko Takayanagi) អាយុ​៣៣​ឆ្នំា ត្រូវ​បាន​ចោរ​ប្លន់​បាញ់​​ត្រូវ​ចំ​ភ្លៅ​ឆ្វេង​ ខណៈ​​កំពុង​​ដើរ​នៅ​ជិត​ផ្សារ​រាត្រី​ក្នុង​​ខណ្ឌ​ដូន​ពេញ​។

លោក​ ហ៊ីគូជី បាន​មាន​ប្រសាសន៍​ថា គ្រូ​ពេទ្យ​​​ដែល​បាន​​វះកាត់​ឲ្យ​​អ្នក​ស្រី​ តាកាយ៉ា​ណាជី កាល​ពី​យប់​​ថ្ងៃ​សៅរ៍​ បាន​​យក​គ្រាប់​ចេញ​ពី​​ភ្លៅ​របស់​​​គាត់​ដោយ​ជោគ​ជ័យ​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “គាត់​​​មិន​អាច​កម្រើក​បាន​ទេ​ ហេតុ​ដូច្នេះ​គាត់​ត្រូវ​សម្រាក​ព្យាបាល​​ក្នុង​មន្ទីរពេទ្យ​ចំនួន​ពីរ​​ថ្ងៃ​​ទៀត​ មុន​ពេល​​គាត់​​​អាច​​ធ្វើ​ដំណើរ​ត្រ​ឡប់​​ទៅ​ប្រទេស​​ជប៉ុន​វិញ​”។

កាល​ពី​ម្សិលមិញ​ លោក​ ចន ស៊ីម៉ុន (John Simmons) អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេ​រិក​​​បាន​បន្ថែម​ក្ដី​ព្រួយ​បារម្ភ​របស់​លោក​​លើ​ក្ដី​ព្រួយ​បារម្ភ​របស់លោក​ ហ៊ីគូជី​ ដែល​បាន​​សម្ដែង​​ក្ដី​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​អាទិត្យ​ចំពោះ​សុវត្ថិភាព​ពល​រដ្ឋ​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​។

លោក​ ស៊ីម៉ុន​ បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​កំពុង​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​​ចំពោះ​បទ​ឧក្រិដ្ឋ​សព្វថ្ងៃ​ ដែល​កើត​ឡើង​​លើ​ពល​រដ្ឋ​អាមេរិកាំង​ និង​ជន​បរទេស​ផ្សេងៗ​ទៀត​​ក្នុង​រាជធានី​ភ្នំពេញ​។ យើង​​អំពាវនាវ​ឲ្យ​អាជ្ញា​ធរ​ធ្វើ​​ការ​ស៊ើប​អង្កេត​​ជា​បន្ទាន់​​និង​​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​នាំ​​ជន​ដៃ​ដល់​​មក​​ផ្ដន្ទាទោស​​កុំ​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​​តទៅ​មុខ​ទៀត​”។

នៅ​ម៉ោង​ប្រហែល​៧​យប់​ កាល​ពី​ថ្ងៃ​សុក្រ​ លោក​ ម៉ូរៃស៍ ឡ (Maurice Law) និង​អ្នក​ស្រី​ ដេប៊ី ឡ (Debbie Law) ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ និង​ដែល​សុទ្ធ​តែ​មា​ន​អាយុ​៥៧​ឆ្នាំ​​ កំពុង​​​ដើរ​ទៅ​ផ្ទះ​ បន្ទាប់ពី​​​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួច​ ខណៈ​នោះ​​បុរស​​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​បាន​បាញ់​ពួកគាត់​​នៅ​ក្បែរ​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​លេខ​៣០៨ និង​លេខ​២១ ក្នុង​​ខណ្ឌ​ចំការ​មន​។ ហើយ​បន្ទាប់ពី​អ្នក​ស្រី​ ដេប៊ី ឡ បាន​ប្រគល់​​កាបូប​​ និង​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូន​របស់​គាត់​រួច​​ ​ខ្មាន់​កំាភ្លើង​បាន​បាញ់​លោក​​ ម៉ូរៃស៍ ឡ ត្រូវ​ចំ​ក្រលៀន រួច​ក៏​គេច​ខ្លួន​បាត់​។

អ្នក​ស្រី​ ឡ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា វា​មិន​ទាន់ច្បាស់​ទេ​ថា តើ​ពេល​ណា​​ប្ដី​របស់​គាត់​​អាច​ត្រឡប់​ទៅ​ផ្ទះ​​វិញ​នោះ​។ អ្នក​ស្រី​បាន​​និយាយ​បន្ថែម​​ថា “យើង​មិន​ដឹង​ទេ​នៅ​​ពេល​​នេះ​។ វា​អាស្រ័យ​ទៅ​លើ​កា​រ​ព្យា​បាល​”។ លោក​ ឡ ត្រូវ​បាន​វះកាត់​កាល​ពី​យប់​ថ្ងៃ​សុក្រ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​​ កន្លែង​ដែល​គ្រូ​ពេទ្យ​​កំពុង​ព្យាបាល​​ស្នាម​របួស​​​ចំនួន​បួន​កន្លែង​នៅ​​ក្រលៀន​ និង​នៅ​ភ្លៅ​ឆ្វេង​ ដែល​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​និង​​មន្ត្រី​សាលា​រាជធានី​​បាន​លើក​ឡើង​​ថា ​ពួក​គេ​បាន​ជួប​​ប្រជុំ​គ្នា​​កាល​ពី​ម្សិលមិញ ដើម្បី​ពិភាក្សា​ពី​ការ​​ស៊ើប​អង្កេត​​រួម​​លើ​ករណី​បាញ់​ប្លន់​ទាំង​ពីរ​ ដែល​​សុទ្ធ​តែ​ប្រព្រឹត្តឡើង​ដោយ​ខ្មាន់​កំា​ភ្លើង​ចំនួន​​ពីរ​នាក់​ជិះ​ម៉ូតូ​តែ​មួយ​ដូចគ្នា​។

លោក​​វរសេនីយ៍​ឯក ពល​ ដាវី មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​​បាន​​លើក​ឡើង​ថា​ “នៅ​ក្នុង​​ថ្ងៃ​នេះ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​​អង្គភាព​ទាំង​ពី​រ​​បាន​​បើក​​ការ​​ប្រជុំ​ ដើម្បី​​ស្វែង​រក​ជន​សង្ស័យ​​”។ លោក​បាន​បន្ថែម​ថា “កង​កម្លាំង​របស់​យើង​​​មិន​អាច​​ធ្វើ​ព្រងើយ​កន្តើយ​​ចំពោះ​បញ្ហា​នេះ​បាន​ទេ​​ ពីព្រោះ​​​វា​ពាក់​ព័ន្ធ​នឹង​​​ការ​បាញ់​ប្លន់​លើ​​​ភ្ញៀវ​​ទេស​ចរ​”។

លោក​ឧត្តម​សេនីយ៍​ទោ​ រ័ត្ន​ ស្រេង​ មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​រាជធានី ដែល​ទើប​តែ​តែង​តាំង​ថ្មី​បាន​មាន​​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តែ​ស្វែង​រក​​ខ្មាន់​កំាភ្លើង​ហើយ​។ លោក​ឧត្តម​សេនីយ៍​ទោ​ រ័ត្ន​ ស្រេង បាន​មាន​ប្រសាសន៍​បន្ត​ដោយ​មិន​ផ្ដល់​​ព័ត៌មាន​លម្អិត​​បន្ថែម​ថា “កង​កម្លាំង​របស់​យើង​កំពុង​តែ​តាម​ស្វែង​រក​ពួក​គេ​ [ជន​សង្ស័យ] ​ហើយ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស