41.3 C
Phnom Penh

ជនជាតិ​​​ភាគ​​​តិចទំពួន​​​រងការគំរាម​កំហែងដល់អាយុជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​មេឃុំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅក្នុង​ខេត្ត​រតនគិរី ​​ថាបាន​គំរាម​កំហែង​បុរស​ជន​ជាតិភាគតិច​ទំពួន​បួន​នាក់បន្ទាប់​ពី​ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​រូបលោកថា បាន​​លក់​ដី​សហគមន៍ទៅ​ឲ្យ​ពាណិជ្ជករ​ក្នុង​មូល​ដ្ឋាន​ម្នាក់។

លោក រចំ ណង អ្នក​ភូមិជន​ជាតិ​ភាគតិច​​ទំពួន​នៅក្នុង​ស្រុក​បរកែវ បាន​ចោទ​ប្រកាន់​លោក រម៉ាម ថាំង​ មេឃុំ​ស៊ើងថា បា​ន​គំរាម​កំហែង​រូបលោក ព្រមទាំង​អ្នកភូមិ​​ឈ្មោះ ទឹង គឹម​លូ រចំ ហ៊ុន និង​ ទឹង​ កែវ។ លោក រចំ ណង​ បាន​រៀប​រាប់​ពី​ការ​គំរាម​កំហែង​នោះ​ថា “មេឃុំ​នោះ​​បាន​និយាយថា ប្រសិនបើ​​ខ្ញុំ​ជាប់​គុក​មែន​ យ៉ាងហោច​ណាស់​ ពួកគាត់​​ទាំង​បួន​នាក់​នឹង​ត្រូវ​ស្លាប់ ហើយ​ព្រាត់​​​​ប្រាសពី​ប្រពន្ធ​កូន​របស់​ខ្លួន’ ”។

លោក​បាន​និយាយ​ថា “ បើ​ទោះ​ណា​ជា​គាត់​មិន​បាន​ប្រើពាក្យ​ថា ‘សម្លាប់’ ក៏ដោយ ក៏​មាន​តែ​ការ​ស្លាប់​ប៉ុណ្ណោះ​ទើប​អាច​បំបែក​បំបាក់​យើង​ពី​ក្រុម​គ្រួសារ​របស់​យើង​បាន ដូច្នេះ​គាត់​បាន​បំភិត​​បំភ័យ​ពួកយើង​ដោយ​ការ​និយាយ​ថា យើង​នឹង​បាត់​បង់​ជីវិត​”។ បុរស​ទាំង​បួននាក់​នេះ​តំណាង​អ្នកភូមិ​ជន​​ជាតិ​ដើម​ភាគតិច​៥០គ្រួសារ​នៅក្នុង​សហ​​​​​​​​​​គមន៍​​​នេះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​រតនគិរីកាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ដោយ​ចោទ​ប្រកាន់​ថា លោក រម៉ាម ថាំង​ បាន​លក់​ដី​ទំហំ​៥២ម៉ែត្រ​គុណនឹង​៦២ម៉ែត្រ​ដោយ​ខុស​ច្បាប់​​ក្នុង​តម្លៃ១០.០០០​​​ដុល្លារ​ទៅ​​​​ឲ្យ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ឈ្មោះ ម៉េង។

ដំបូង​ ដីនេះ​មាន​ទំហំ​តែ​១,៥​ហិកតា ទេ និង​ជា​កម្មសិទ្ធិ​របស់​សហគមន៍ជន​ជាតិ​ភាគ​តិច​នៅក្នុង​ភូមិ​ក្លេ ប៉ុន្តែ​​​ ត្រូវ​បាន​ប្រគល់​ទៅ​​​ឲ្យអាជ្ញាធរ​ឃុំកាល​ពី​ឆ្នាំ​២០០៦ យកទៅ​សាង​​​​សង់​ការិ​យាល័យ​ឃុំ​ ​រួម​ជា​មួយ​នឹង​​​សាលា​រៀន ឬក៏​មណ្ឌល​សុខ​ភាព។

លោក រចំ ណង បាន​និយាយ​ថា “បន្ទាប់​ពី​ទទួលបាន​ដី​នេះ​ហើយ​ គេ​បាន​សន្យា​សាង​សង់​សាលា​រៀន ឬ​មណ្ឌល​សុខ​ភាព ដើម្បី​ផល​​​​ប្រយោជន៍​សាធារណៈ​ ប៉ុន្តែ​​មិនដែល​​បាន​​ធ្វើ​អ្វី​ឡើយ​”។ លោក​បាន​បន្ថែម​ថា ផ្ទុយទៅវិញ លោក​ រម៉ាម ថាំង បែរ​ជា“ ឃុប​​​ឃិត​ជា​មួយ​បក្ខពួក របស់​ខ្លួន​ បែង​ចែក​ដី​នេះ​ជា​ក្បាល​តូចៗ​ហើយ​លក់តែម្តង​”។

អ្នក​ភូមិ​ជឿ​ថា ដី​មួយ​ក្បាល​ចុងក្រោយ​ត្រូវ​​​​បាន​លក់​កាល​ពី​ខែ​មីនា ​ហើយ​បាន​បណ្តាល​ឲ្យ​ពួក​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​។ ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ​ លោក រម៉ាម ថាំង​ បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​​​​លើ​រូប​លោក​  ហើយ​បាន​អះអាង​ថា តុលាការ​​​​បានឈប់​ចាត់​ការ​រឿងក្តីនេះ​ហើយ​។ លោក​បាន​មាន​ប្រសាសន៍អំ​ពីការ​បំភិត​បំភ័យ​នេះ​​ថា “ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ រឿង​ក្តី​នៅ​តុលាការ​បាន​បញ្ចប់​ហើយ ពី​ព្រោះ​ខ្ញុំ​គ្មាន​កំហុស​ពាក់​ព័ន្ធ​ការ​លក់​ដី​អតីត​​​ការិយា​​​ល័យ​ឃុំ​ទេ​”។

គេ​មិន​អាច​ទាក់​ទង​ លោក ជា សុភ័ក្រ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ ដើម្បី​សុំអត្ថា​ធិប្បាយ​បាន​ទេ ប៉ុន្តែ លិខិត​មួយ​ច្បាប់​ដែល​ផ្ញើ​មក​ពី​តុលាការ​នេះ ហើយ​ទទួលបាន​កាល​ពី​ម្សិល​មិញ​ និង​ត្រូវ​បាន​បោះ​ត្រាកាល​ពី​ថ្ងៃ​១៧ ខែ​កញ្ញានោះ​មាន​ខ្លឹមសារ​ថា រឿង​ក្តី​នេះ​មិន​ត្រូវ​បាន​ចាត់ការ​ទេ​។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​នេះរបស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​មាន​ប្រសាសន៍​ថា តុលាការ​គួរ​ចាត់​វិធាន​ការ​លើ​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ​ដោយ​ហ្មត់​ចត់​ ពី​ព្រោះ​ការ​បំភិត​បំភ័យ​ដែល​ពួក​គាត់​អះ​អាង​នោះ​គឺជា “ ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់​ធ្ងរ”៕

ប្រែ​សម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស