34 C
Phnom Penh

សាលាឧទ្ធរណ៍តម្កល់​សាលក្រម​ពាក់ព័ន្ធ​​រឿងក្តី​ចាប់រំលោភ​បូក​​នៅរាជ​​​ធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ឧទ្ធរណ៍​បាន​តម្កល់​​​​​សាល​​ក្រម​​ផ្តន្ទាទោស​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញឲ្យ​បុរស​បី​នាក់​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំកាល​ពី​ខែ​កុម្ភៈ ពី​បទ​រំលោភ​បូកលើក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ បាន​សម្រេច​ឲ្យ​ជន​សង្ស័យ​ទី​៤ ដែល​មិន​ត្រូវ​បាន​​ចាប់​ខ្លួន​​នោះ ​​រួ​ច​ទោស​។

ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ងួន អ៊ឹម បាន​មាន​ប្រសាសន៍​ថា “[សាលា​​​ឧទ្ធរណ៍] ​​​បាន​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​​​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​​​​ ពី​បទ​រំលោភ​នេះ… ប៉ុន្តែ បាន​សម្រេច​​​​ឲ្យ​ឈ្មោះ ជា ឈុនលី រួច​ផុតពី​​បទ​រំលោភ​​នេះ និង​បាន​លុប​​​​ចោល​ការ​ផ្តល់​សំណង​​របស់ ជា ឈុនលី ហើយ​​លុប​ចោល​ដីកា​ចាប់​ខ្លួន​ជន​នេះ​ទៀត”។

ហន ហុង អាយុ​២០​ឆ្នាំ ពេជ្រ ស៊ីដេត អាយុ​​​​២២​ឆ្នាំ ទិត សុខខី អាយុ​២០​ឆ្នាំ និង ជា ឈុន​​​លី អាយុ២១​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​១ ខែ​ឧសភា ឆ្នាំ​មុនពី​បទ​រំលោភ​បូក​ បន្ទាប់​ពី​ឪពុក-ម្តាយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​​​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌ​សែន​សុខ។ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ បាន​ផ្តន្ទា​ទោស​បុរស​ទាំង​បួន​នាក់​នេះ​ឲ្យ​ជាប់​ពន្ធនា​គារ​​​​ម្នាក់ៗ​៧​ឆ្នាំ កាល​ពី​ថ្ងៃ​២១​ ខែ​កុម្ភៈ ហើយ​បាន​បង្គាប់​ឲ្យ​ផ្តល់​សំណង​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ដល់​គ្រួសារ​ជន​រង​គ្រោះ។

លោក គិន វិបុល មេធាវី​ជន​រង​គ្រោះ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា សាល​​​ដីកា​​​​ដែល​សម្រេច​ឲ្យ​ ជា ឈុនលី រួច​ទោស​នេះ​អាច​ទទួល​យក​បាន​ ពី​ព្រោះ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​នេះ​មិន​មែន​ជា​ជន​រំលោភ​ក្នុង​​​​ចំណោម​ជន​រំលោភ​ទាំង​នោះ​ឡើយ។

លោក សួគ៌ា លឹមតារា មេធាវី​តំណាង​ ទិត សុខខី និង​ ពេជ្រ ស៊ីដេត បាន​រិះ​គន់​សាល​ដីកា​នេះ ដោយ​អះ​អាង​ថា ការ​ធ្វើ​កោសល្យ​វិច័យ បាន​បង្ហាញ​ថា ជន​រងគ្រោះ​នៅ​​មាន​ព្រហ្ម​ចារី​នៅ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “កូន​ក្តី​របស់​​​ខ្ញុំអស់ជំនឿ​លើ​តុលាការ​នេះ​​ហើយ ហើយ​​​​ពួក​គេ​ប្រហែល​ជា​មិន​ប្តឹង​សា​ទុក្ខ​ទៅ​តុលាការ​​​​កំពូល​ទេ”។

រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ កាល​ពី​ម្សិល​មិញ បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។
លោក ទូច ធី នាយរង​​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​​​​កាកាប បាន​មាន​ប្រសាសន៍​ថា ឌឿន ចែម អាយុ​​​​២១​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៧​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ឪពុក-ម្តាយ​ជនរង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

លោក ទូច ធី​ បាន​មាន​ប្រសាសន៍​ថា ករណី​​​​រំលោភ​នេះបាន​កើត​ឡើង​នៅ​ពេល​ដែល​ក្មេង​​​​ស្រី​រូប​នេះ​បាន​ដើរ​​ទៅ​កាន់​ហាង​មួយ​នៅ​ម៉ោង​ប្រហែល​៩​យប់ ថ្ងៃ​សៅរ៍។ លោក​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​ត្រូវ​​​​ចាប់​ខ្លួន​ ជន​សង្ស័យ​ឈ្មោះ​ ឌឿន ចែម បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​រួមរ័កជាមួយ​​ជន​រង​គ្រោះ​មែន បន្ទាប់ពី​​មាន​ការ​​ព្រម​ព្រៀង​គ្នា​ ប៉ុន្តែ [ជនម្នាក់ទៀត​​អាយុ​១៧​ឆ្នាំ] បាន​បដិ​​​សេធ​​​​ថា រូប​គេ​មិន​បាន​រំលោភ​ជន​រង​គ្រោះ​ទេ​”។ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញនឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​ទាំង​ពីរ​នេះ​​​នៅ​ថ្ងៃ​នេះ៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស