យោងតាមរបាយការណ៍មួយដែលធនាគារអភិវឌ្ឍន៍អាស៊ីចេញកាលពីខែមីនា បានឲ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលមិនបានឆ្លើយតបជាប្រចាំទេ ហើយខ្វះថវិកាប្រចាំឆ្នាំសម្រាប់ចំណាយលើប្រតិបតិ្តការរបស់ខ្លួន ចំណែកឯបុគ្គលិកភាគច្រើនមិនបានដឹងទាល់តែសោះថា ខ្លួនត្រូវធ្វើការងារអ្វីខ្លះនោះទេ។
របាយការណ៍ដែលនិយាយអំពីកិច្ចការផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសរសេរដោយលោក ចេរ៉ូម ខាសសាល (Jerome Casals) ជាអ្នកឯកទេសផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបានសម្ភាសមន្ត្រីដែលធ្វើការនៅស្ថាប័ននេះ ដែលបាននិយាយថា អំឡុងពេលមានគ្រោះមហន្តរាយថ្នាក់ជាតិដូចជាទឹកជំនន់ ស្ថាប័ននេះខ្វះទាំងមូលនិធិ និងសម្ភារផ្សេងៗ ដើម្បីអនុវត្តប្រតិបត្តិការផ្តល់ជំនួយរបស់ខ្លួននៅតាមតំបន់ដាច់ស្រយាល។
របាយការណ៍នេះបានលើកឡើងថា “សម្រាប់រយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយកដ្ឋានប្រតិបត្តិការរបស់ខ្លួនទាំងអស់មិនបានបង្កើតផែនការប្រចាំឆ្នាំ ឬមានប្រាក់កម្ចីសម្រាប់ប្រតិបត្តិការទេ ហើយមិនមានផ្នែកណាមួយក្នុងចំណោមផ្នែកទាំងអស់នេះបានទទួលថវិកាសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំទេ”។ “នាយកដ្ឋានភាគច្រើនមិនមានសម្ភារការិយាល័យសម្រាប់ប្រើប្រាស់ជាប្រចាំទេ ហើយបុគ្គលិកភាគច្រើនមិនមាន ឬមិនដឹងពីការងារដែលខ្លួនត្រូវធ្វើឡើយ”។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលទទួលបន្ទុកគ្រប់គ្រងការងារគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យសម្រាប់ទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺរាតត្បាតទូទាំងប្រទេសកម្ពុជានោះ ត្រូវជួបប្រជុំពីរដងក្នុងមួយឆ្នាំ។ របាយការណ៍នេះលើកឡើងថា “ កិច្ចប្រជុំពីរដងក្នុងមួយឆ្នាំនេះមិនបានធ្វើជាប្រចាំទេ”។ ហើយរបាយការណ៍នេះបានលើកឡើងទៀតថា ជាទូទៅកិច្ចប្រជុំទាំងនោះធ្វើឡើងរាប់ខែបន្ទាប់ពីមានគ្រោះមហន្តរាយធំៗ។
កាលពីឆ្នាំ២០១២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរៀបចំកិច្ចប្រជុំតែម្តងប៉ុណ្ណោះ ហើយកិច្ចប្រជុំនោះគឺដើម្បីពិភាក្សាពីបញ្ហាទឹកជំនន់ដែលបានធ្វើឲ្យប៉ះពាល់ទូទាំងប្រទេស កាលពីឆ្នាំ២០១១ គឺមានរយៈពេលពេញប្រាំខែ បន្ទាប់ពីទឹកជំនន់នោះបានស្រកចុះ។ កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋប្រហែល២៥០នាក់បានស្លាប់ និងជាង១លាននាក់ទៀតបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ដ៏ធំដែលបានញំាញីប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍មកនោះ។ នៅពេលនោះ រដ្ឋាភិបាលបានទទួលរងការរិះគន់ពីអង្គការផ្តល់ជំនួយដែលបានលើកឡើងថា រដ្ឋាភិបាលយឺតយ៉ាវក្នុងការឆ្លើយតប និងចែកអំណោយមិនបានគ្រប់គ្រាន់។
អង្គការ អុកស្វាម នៅកម្ពុជាបានអំពាវនាវជាសាធារណៈឲ្យមានការចូលរួមពីរដ្ឋាភិបាលថែមទៀត ដើម្បីសម្របសម្រួលដល់កិច្ចខំប្រឹងប្រែងជួយសម្រួលដល់គ្រោះមហន្តរាយពីសំណាក់ក្រសួងផ្សេងៗ អ្នកផ្តល់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល។ ពេលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បុគ្គលិកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលត្រូវបានសម្ភាសសម្រាប់ធ្វើរបាយការណ៍នេះបានលើកឡើងពីបញ្ហាជុំវិញការខ្វះធនធានហិរញ្ញវត្ថុ និងសម្ភារផ្សេងៗ ដើម្បីបញ្ជូនទៅឲ្យក្រុមអ្នកជួយសង្គ្រោះដើម្បីអនុវត្តប្រតិបត្តិការរបស់ខ្លួន។
របាយការណ៍នេះលើកឡើងថា ការស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នព្រមទាំងការសន្និដ្ឋាននានាពីការវាយតម្លៃលើកមុនៗទាំងអស់បង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយ និងត្រូវមានការពង្រឹងសមត្ថភាពជាច្រើនទៀតសម្រាប់សម្របសម្រួលនៅក្នុងគ្រោះមហន្តរាយ”។ ទោះបីជាបុគ្គលិកនៅខាងក្នុងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្ទោសទៅលើការខ្វះមូលនិធិ និងធនធាននានា ចំពោះការមិនអាចបំពេញការងារឲ្យបានល្អប្រសើរក៏ដោយ ក៏របាយការណ៍នេះលើកឡើងថា នេះគ្រាន់តែជាលេសប៉ុណ្ណោះ។
យោងតាមរបាយការណ៍នេះឲ្យដឹងថា “ដូច្នេះ ធនធានដែលមានតិចតួចនាពេលបច្ចុប្បន្នដែលមានសារៈសំខាន់នោះ មិនមែនជាហេតុផលដែលអាចទទួលយកបានចំពោះការមិនមានផែនការសកម្មភាពសម្រាប់ប្រតិបត្តិការ និងថវិការបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះទេ”។ “សរុបទៅ របាយការណ៍នេះរកឃើញថា មិនមានមូលដ្ឋានរឹងមាំសម្រាប់អនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះឯកសារគតិយុត្តិ និងគោលនយោបាយសំខាន់ៗ កំពុងស្ថិតនៅក្នុងដំណើរការបង្កើត ហើយមិនទាន់មានការអនុម័តយល់ព្រមនៅឡើយទេ។ នៅថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត មិនមានការបង្កើតគោលនយោបាយទេ ព្រោះពួកគេពឹងផ្អែកទាំងស្រុងលើថ្នាក់ជាតិ សម្រាប់ការបង្កើតគោលនយោបាយនានា”។
លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទេសរដ្ឋមន្ត្រីគ្មានមុខងារច្បាស់លាស់មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ស្ថាប័ននេះគ្មានថវិកាប្រចាំឆ្នាំទេ ពីព្រោះខ្លួនមិនត្រូវការធនធានហិរញ្ញវត្ថុ ហើយថា ភារកិច្ចរបស់ខ្លួនគឺជាអ្នកសម្របសម្រួល មិនមែនជាទីភ្នាក់ងារផ្តល់ជំនួយដោយផ្ទាល់ទេ។ លោក វណ្ណដា ក៏បានមានប្រសាសន៍ដែរថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែងតែធ្វើការជាមួយកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន នៅពេលដោះស្រាយបញ្ហាគ្រោះមហន្តរាយ។
លោក វណ្ណដា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនមានថវិកាទេ ហើយគណៈកម្មាធិការនេះក៏មិនទទួលបានជំនួយដែរ។ គណៈកម្មាធិការនេះគឺជាផ្នែកមួយរបស់រដ្ឋាភិបាល និងមានតួនាទីជាអ្នកសម្របសម្រួល”។ លោកបានមានប្រសាសន៍ថា របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះមិនពិតទេ។ ប្រសិនបើធនាគារអភិវឌ្ឍន៍អាស៊ីមិនសប្បាយចិត្តជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទេ សូមធនាគារនេះកុំធ្វើការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអី”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងថា តើគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានរៀបចំដូចម្តេចទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគ្មានថវិកាទេ។ ប៉ុន្តែ ខ្ញុំគិតថាពួកគេធ្លាប់មានថវិកាសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ ប៉ុន្តែ គណៈកម្មាធិការនេះបានបោះបង់ចោល ហើយពួកគេប្រហែលជាមិនទទួលបានថវិកាថ្មីទេ”។
លោកបានបន្ថែមថា កាកបាទក្រហមកម្ពុជា ទទួលបន្ទុកគាំពារជនរងគ្រោះដោយសារទឹកជំនន់។ លោកបានមានប្រសាសន៍ថា “កាកបាទក្រហមកម្ពុជា ដោះស្រាយគ្រោះមហន្តរាយភាគច្រើន ហើយក៏អាចជាការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែរ។ ចំពោះទឹកជំនន់វិញ កាកបាទក្រហមមានកម្មវិធីល្អមួយ ដែលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋ។ ខ្ញុំមិនដឹងទេអំពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពួកគេមានគោលនយោបាយផ្ទាល់ខ្លួន”។
លោកស្រី ម៉ែន នារីសុភ័គ អនុប្រធានកាកបាទក្រហមកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរបៀបដែលកាកបាទក្រហមធ្វើការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទេ ប៉ុន្តែ បានមានប្រសាសន៍ថា កាកបាទក្រហមរបស់លោកស្រីទទួលខុសត្រូវចំពោះការងារមនុស្សធម៌ភាគច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា “គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពួកគេសម្របសម្រួល។ ប៉ុន្តែ យើងមានបុគ្គលិកផ្ទាល់ខ្លួននៅតាមសាខារបស់យើងនៅទូទាំងប្រទេស”។ លោកស្រីបានបន្ថែមថា បុគ្គលិក១៥០នាក់ធ្វើការឲ្យកាកបាទក្រហមនៅក្នុងរាជធានីភ្នំពេញ រីឯបុគ្គលិកប្រហែល១៥០នាក់ទៀតធ្វើការនៅតាមខេត្ត។
ទឹកជំនន់បានកើតឡើងម្តងទៀតនៅកម្ពុជាអំឡុងរដូវវស្សាឆ្នាំនេះ ហើយប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
កាលពីម្សិលមិញ ទីភ្នាក់ងារផ្តល់ជំនួយនានាបាននិយាយថា ខណៈដែលកម្រិតទឹកជំនន់នៅឆ្នាំនេះទាបជាងឆ្នាំ២០១១នោះ ការឆ្លើយតបពិតជាបានប្រសើរជាងមុន ប៉ុន្តែ ប្រជាពលរដ្ឋរាប់រយនាក់ដែលបានរងគ្រោះដោយសារទឹកជំនន់នៅជាយរាជធានីភ្នំពេញ បានត្អូញត្អែរកាលពីម្សិលមិញថា ពួកគេមិនទាន់ទទួលបានជំនួយណាមួយពីរដ្ឋាភិបាលនៅឡើយទេ៕
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)
ប្រែសម្រួលដោយ មូល គឹមហឿន