26 C
Phnom Penh

ប្រជាពលរដ្ឋ​​នៅ​តាម​ដង​ទន្លេ​មេគង្គ​ត្រូវ​ជម្លៀស​ចេញ​​រៀង​រាល់​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ត្បូង​ឃ្មុំ, ខេត្ត​កំពង់​ចាម-ពីខែ​វិច្ឆិកា​ដល់ខែ​ឧសភា ទឹក​ទន្លេមេគង្គ​​ស្ងប់​ស្ងាត់​។ ​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​នៅ​តាម​​អាង​ទន្លេ​​​​ដែល​មាន​​ទំហំ​១៥៥.០០០​គីឡូ​ម៉ែត្រ​ក្រឡា ដែល​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន​ប្រាំមួយ​ និង​រាជធានីភ្នំពេញនេះ ក៏​មាន​សភា​ព​ស្ងប់​ស្ងាត់​ដែរ​។

ក្នុង​ពេល​ប៉ុន្មាន​ខែ​នេះ ទន្លេ​នេះ​ផ្ដល់​អាហារ​ ប្រាក់​ចំណូល​ និង​ដីមាន​ជីជាតិ​ដល់​សហគមន៍ដែល​រស់​នៅ​តាម​មាត់​ទន្លេ​នេះ។ ទោះ​ជា​យ៉ាង​ណា ចាប់​ពី​ខែ​កក្កដាមក​ ប្រជា​​​​​​​​​​​​​ពល​រដ្ឋ​ឃ្លាំ​មើល​យ៉ា​ង​ប្រុង​ប្រយ័ត្ន​នៅ​​ពេល​ទឹក​ទន្លេ​មេគង្គ​កើន​ឡើង ហើយ​ជួន​កាល​ទឹក​ទន្លេ​នេះ​ឡើង​ជាប់រហូត​។

អ្នក​ស្រី សុខ ម៉ាយ៉ែន ​អាយុ​៣៥​ឆ្នាំ​មាន​កូន​ប្រាំនាក់ បាន​និយាយ​កាលពី​ម្សិល​មិញ​ថានៅ​ពេល​ទឹក​ហូរ​កាត់​ទ្វារ​ផ្ទះ​របស់​ពួក​គាត់​ លិច​ដល់​រនា​ប​ផ្ទះ​ និង​ហូរ​កួច​យក​របស់​របរ​របស់​ពួកគាត់​នោះ ​យើងត្រូវ​តែ​​ចាក​​ចេញ​។ អ្នកស្រី ម៉ាយ៉ែន បាន​និយាយ​នៅ​ពេល​ឈរ​ក្រោម​ដំបូល​តង់​របស់​គាត់​នៅ​កន្លែង​​ជ្រក​កោន​បណ្តោះ​អាសន្ន​ថា “ ប្រសិន​បើ​ខ្ញុំ​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នាពេល​នេះ ទឹក​ជំនន់​​ប្រហែល​ជា​ហួស​ចង្កេះ​ខ្ញុំទៅ​ទៀត​”។

យោ​ង​តាម​មេភូមិ​​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិនេះ​ ​នៅ​លើ​វាល​ស្រែ​មួយ ​ក្នុង​ឃុំ​ទន្លេ​បិទ​ អ្នកស្រីបាន​ធ្វើ​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​គ្រួសារ​របស់​គាត់​ ហើយ​ប្រជាពល​រដ្ឋ​ប្រហែល​១.២៦០​នាក់​ទៀត​​ក៏​បាន​មក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​បែប​នេះ​ដែរ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​មក​នេះ។

ទឹក​ជំនន់​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រហែល​៣០​នាក់​ចាប់​តាំង​ពី​មា​ន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​មក​ពី​ព្យុះ​ត្រូពិក​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​មក​នេះ​ ដែល​បាន​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​មេគង្គ​ និង​ជន​់​លិច​សហគមន៍​រាប់​ពាន់​ ដូច​ជា​សហគមន៍​នេះជាដើម​​​ក្នុង​ខេត្ត​ចំនួន​១០។ សរុប​ទៅ​ ប្រជា​ពល​រដ្ឋ​ចំនួន​៩.៥០៩​គ្រួសារ​ត្រូវ​​ជម្លៀស​ចេញ​ ​ ផ្ទះ​៦៧.៥៥១​ខ្នង​ ​ត្រូវ​ជន់​​លិច ហើយ​​ប្រជា​​ពល​រដ្ឋ​ចំនួន​៨១​.៣៥៧​គ្រួសារ​​បាន​រង​ផល​ប៉ះ​ពាល់​។

អ្នក​ស្រី​ ម៉ាយ៉ែន​ ​និយាយ​ថា “នៅ​ពេល​ទឹក​​​​​​​​​​​​​​​​ចាប់​ផ្ដើម​កើន​ឡើង​កាលពី​ខែ​កក្កដា យើង​មិន​ព្រួយ​បារម្ភ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា។​ទឹក​បាន​​​​​​​​​​កើន​ឡើ​ង​តិចៗ​​ជា​រៀ​​​ង​រាល់​ថ្ងៃ​ ប៉ុន្តែ​ក្រោយ​​​​​​​​​មក​វា​ចាប់​ផ្ដើម​ឡើង​កាន់​តែ​លឿន​”។ អ្នក​ស្រី​បាន​និយាយ​ថា នៅ​ពេល​ទឹក​ឡើង​​​បាន​ប្រហែលកន្លះ​ម៉ែត្រ​​ អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​កូន​ប្រុស​អាយុ​៧​ឆ្នាំ​របស់​គាត់​ធ្លាក់​ពី​លើ​ផ្ទះ​លង់​ទឹក​ស្លាប់​។

អ្នកស្រី​បាន​និយាយ​​ពន្យល់​ប្រាប់​ពី​វិធី​​ដែល​គាត់​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាមុន​នៅពេល​ពួកគាត់​ដេក​ថា “ខ្ញុំ​បាន​យក​ខ្សែ​មក​​​ចង​ជើង​​កូន​ខ្ញុំ​ជារៀង​រាល់​យប់​ ហើ​យ​ចុង​ខ្សែ​​ម្ខាង​ទៀត​ចង​ជាប់​នឹង​ជើង​ខ្ញុំ។ ប្រសិន​បើ​វាធ្លាក់ ខ្ញុំដឹង​ភ្លាម​”។

​មនុស្ស​ដែល​ស្លាប់​ភាគ​ច្រើន​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះជាកុមារ ដែល​មិន​ចេះ​ហែល​​ទឹក​ ហើយ​ត្រូវ​បាន​ទឹក​ហូរ​កួច​។

អ្នកស្រី​ ម៉ាយ៉ែន ​បាន​និយាយ​ថា អ្នកស្រី​បាន​​​រស់​នៅ​ក្នុង​ភូមិ​​តែ​មួយ​នេះ​ពេញ​មួយ​ជីវិត​អ្នកស្រី ហើយ​គ្រួ​សារ​អ្នកស្រីត្រូវ​បាន​ជម្លៀសចេញ​​ប្រហែល​១០​ដង​កាលពីមុន។​ពួកគាត់​បាន​ជម្លៀស​ចេញ​​នៅ​ពេល​មាន​ទឹ​ក​ជំនន់​ធំ​នៅ​កម្ពុជា​​កាលពី​ឆ្នាំ​២០១១​ ដែល​នៅ​ពេល​នោះ​មនុស្ស​ប្រហែល​២៥០​នាក់​បាន​ស្លាប់​ ព្រម​ទាំង​ទឹក​ជំនន់​​នៅ​ឆ្នាំ​២០០៩​​ដែល​នៅ​ពេល​នោះ ​ព្យុះ​កេតសាណា បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់​។

អ្នកស្រី​​និយាយ​ថា “ មិន​ដែល​មាន​អ្វី​កើត​ឡើង​ចំពោះ​គ្រួសារ​ខ្ញុំទេ ខ្ញុំ​ដឹង​ពី​ទឹក​ទន្លេ​មេគង្គ​ ហើយ​ខ្ញុំ​ដឹ​ង​ពី​របៀប​ត្រៀម​ខ្លួន​”។ កាលពី​ប្រាំមួយ​ថ្ងៃ​មុន ទឹក​បាន​ឡើង​ដល់​រនាប​ផ្ទះ​របស់​អ្នកស្រី​ ម៉ាយ៉ែន ដែល​មាន​កម្ពស់​ជាង​២ម៉ែត្រ នៅចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​មាត់​ទន្លេ​។ អ្នកស្រីបាននិយាយ​ថា    “ នៅពេល​នោះ​ខ្ញុំ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​តែ​ម្ដង​។

ដំបូង​គ្រួសារ​នេះ​បាន​យក​ក្រមាចង​លើ​ផ្ទះ​សម្រាប់ដាក់​អីវ៉ាន់​ស្រាលៗ។ នៅ​ពេល​​ទឹក​​​​លិច​ដល់​រនាប​ផ្ទះ​ ប្ដី​របស់គាត់​បាន​កល់​គ្រែ​ឲ្យ​ខ្ពស់​។ នៅពេល​ទឹក​ឡើង​ដល់​គ្រែ​ដែល​ទើប​កល់​​នោះ ពួកគាត់​បាន​ជម្លៀស​ចេញ​​​តែ​ម្ដង​។

ប្ដី​អ្នកស្រី​ ម៉ាយ៉ែន ដែល​ជា​អ្នក​នេសាទ​ព្យាយាម​នៅ​ក្បែរៗ​ផ្ទះ​លិច​ទឹក​នោះ​ឲ្យ​បាន​ច្រើន​បំផុត​ ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​កុំ​ឲ្យ​ចោរ​លួច​។ សម្លៀក​បំពាក់​ ឧបករណ៍​ និង​ឆ្មា​អាយុ​២០​ឆ្នាំ​របស់គាត់​ គឺ​ជា​របស់​ដែល​​គ្រួសារ​​​​​​​​​​គាត់​អាច​យក​តាម​ទូក​បាន​នៅ​ពេល​ពួកគាត់​សម្រេច​ចាក​ចេញពីផ្ទះ​របស់​ខ្លួន​។
​នៅ​កន្លែង​ជម្លៀស​នោះ ក្មេង​ៗ​យក​ឈើ​គូរូប​ត្រីកោណ​កែង និង​ចតុកោណ​កែង​​នៅ​លើ​ដី​ ឬ​លេង​ជា​មួយ​យ៉ូយ៉ូ។

មិន​មាន​អ្វី​គួ​រ​ឲ្យ​ព្រួយ​បារម្ភ​ច្រើន​ទេ។ ប៉ុន្តែ​អ្នកស្រី​ ម៉ាយ៉ែន មិន​ដែល​គិត​អំពី​ការ​ចាក​ចេញពី​ទន្លេ​មេគង្គ​ទេ។ អ្នកស្រី​​និយាយ​ថា “ផ្ទះខ្ញុំ​នៅ​ទីនេះ​ ពី​ព្រោះ​ទន្លេ​មេគង្គ​នៅ​ទីនេះ ពីព្រោះ​អ្វី​ៗ​ដែលយើង​មាន​ និង​កាន់​កាប់​​អាស្រ័យ​លើ​ទន្លេ​នេះ​ទាំង​អស់​។ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​របស់​គាត់មាន​សុវត្ថិ​​ភាព  លោក សា បូរ៉ា មេភូមិ​ព្រាប​តូច នៅឃុំ​ទន្លេ​បិទ​បាន​ស្នាក់​នៅ​ពេល​ថ្ងៃ​ និង​ជួន​កាល​ពេល​យប់​នៅ​កន្លែង​ស្នាក់​នៅបណ្ដោះ​អាសន្ន​​នេះ ទោះ​ជា​ផ្ទះរបស់គាត់​​មិន​លិច​ទឹ​ក​ក៏ដោយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ផ្ទះ​បង​ប្រុស​ខ្ញុំ​បាន​លិច​ទឹក​ និង​ផ្ទះ​ប្រជាពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​។ ផ្ទះ​ពីរ​ខ្នង​ត្រូវ​បាន​ខូច​ខាត​ទំាង​ស្រុង​”។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ជម្លៀស​​ទៅ​កន្លែង​មាន​សុវត្ថិភាព​ជាច្រើន​សប្ដាហ៍​បែប​នេះគ្មាន​អ្វី​ចម្លែក​ទេ ប៉ុន្តែ​តែង​តែ​មាន​ការ​លំបាក​ជាមួយ​នឹង​ទឹក​ និង​អនាម័យ​លុះ​ត្រាតែ​មាន​អង្គការ​​ផ្ដល់​ជំនួយ​ចុះ​មក​ជួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “លោក​ ញឹម វណ្ណដា អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​បាន​ចុះមក​​មើល​នៅ​ថ្ងៃ​នេះ​ជាលើ​ក​ដំបូង​ ហើយ​អង្គការ​ការីតាស ក៏បាន​ចុះមក​​មើល​ជា​លើក​ដំបូង​ដែរ​កាល​ពី​ម្សិលមិញ និង​បាន​ដាក់​ពាង​ឲ្យ​ចំនួន​១១​និង​បង្គន់​អនាម័យ​មួយ​ចំនួន​ទៀត​​”។

លោក​ បូរ៉ា បាន​មាន​ប្រសាសន៍​ថា ទោះ​ជាយ៉ាង​ណា ជាង​មួយ​សប្ដាហ៍​មក​ហើយ​ប្រជា​​ពល​រដ្ឋ​បន្ទោរ​បង់​នៅ​ក្នុង​ទន្លេ​មេគង្គ ហើយ​ពួកគេ​យក​ទឹក​ពី​ទន្លេ​នេះ​ម​ក​ចម្អិន​អាហារ និងងូត​។ កុមា​​រ​ជាច្រើន​មាន​ជំងឺ​រាក​រូស​។ ប៉ុន្តែ​ឥឡូវ​នេះ​ស្ថាន​ភាព​នេះ​បាន​ប្រសើរ​ឡើង​វិញ​ហើយ​។

កាលពី​ម្សិលមិញ ក្រោយ​​ម៉ោង​ប្រាំបួន​យប់​បន្តិច ​អង្គការ​ការីតាសកម្ពុជា បាន​មក​ដល់​ឃុំ​នេះ​ ដោយ​នាំ​មក​នូវ​អង្ករ​រាប់​ឡាននិង​របស់​របរ​ចាំ​បាច់​ផ្សេងទៀត​ ដើម្បី​ចែក​ជូន​ដល់​អ្នក​ជម្លៀស​ខ្លួន​។

មនុស្ស​មួយ​ក្រុម​មកពី​អង្គការ​សង្គ្រោះ​​កុមារ​  (Save  the  Children)ដែល​បាន​ចុះ​ទៅ​មើល​សហគមន៍​ជម្លៀស​ខ្លួន​បណ្ដោះ​អាសន្ន​នេះ​កាលពី​ម្សិលមិញ​បាន​​​និយាយ​ថា កា​រ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​មាន​ការ​លំបាក​ច្រើន​ណាស់​។

លោកស្រី សួង សុភា ទីប្រឹក្សា​ផ្នែក​តស៊ូ​មតិ​នៅ​អង្គការ​សង្គ្រោះកុមារ បាន​មាន​ប្រសាសន៍​ថា “ដំបូង​យើ​ង​ត្រូវ​ទៅ​​វាយ​តម្លៃ​​ស្ថាន​ភាព​ដើម្បី​​រក​ឲ្យ​ឃើញ​ថា ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​។ ប្រសិន​បើ​យើង​ចេះ​តែ​ចែក​ស្បៀង​អាហារ​ឲ្យ​ប្រជា​​​ពល​រដ្ឋ​ដោយ​​មិន​​ធ្វើ​ផែនការ​​​សោះ​​នោះ មនុស្ស​គ្រប់​គ្នា​នឹង​មក​សុំ​ជំនួយ​ ហើយ​ក្រោយ​​​មក​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ពី​ព្រោះ​​អ្នក​ខ្លះ​​និយាយ​ថា គេ​ទទួល​បាន​តិច​ជា​ង​អ្នក​ផ្សេង​”។

​ទោះ​ជា​យ៉ាង​ណា​ ប្រជា​ពល​រដ្ឋ​​ដែល​មក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​​ដឹង​ពី​បទ​ពិសោធនេះ​ថា ខ្លួន​មិន​អាច​រង់​​​​ចាំ​តែ​អាជ្ញាធរ​ និង​អង្គ​ការ​មក​ជួយ​នោះ​ទេ។ សត្វ​ចិញ្ចឹម​ដេក​នៅក្បែរពួកគេ​នៅ​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នោះ ​ហើយ​ពួកគេ​បាន​សម្លាប់​សត្វ​ពពែ​ និង​សត្វ​មាន់​សម្រាប់​ធ្វើ​អាហារថ្ងៃ​ត្រង់​។ ស្ត្រី​ៗ​ចម្អិត​អាហារ​រួ​ម​គ្នា​ មនុស្ស​​​គ្រប់​គ្នាឃ្លាំមើល​ក្មេង​ៗ ដើម្បី​កុំ​ឲ្យ​ពួកគេ​លេង​នៅ​ក្បែ​ទន្លេ​ពេក ហើយ​បុរស​ៗ​ជួយ​​ដំឡើង​គ្រែ​ឲ្យ​ខ្ពស់​ ដើម្បី​ការពារ​ក្រុម​គ្រួសារ​ពួក​គេ​ពី​សត្វ​ពស់​។

លោក ហុន សុខ ជាកសិករ​អាយុ​៥២​ឆ្នាំ និយាយ​ថា “ខ្ញុំ​មិន​ចង់​ទៅ​នៅ​កន្លែង​​បណ្ដោះ​​​​អាសន្ន​​នេះ​ទេ​ ប៉ុន្តែ​​នៅ​ផ្ទះ​របស់​ខ្ញុំ ទឹក​លិច​ក្បាល​ខ្ញុំ​ទៅ​ហើយ​  ហើយ​វា​គ្រោះ​ថ្នាក់​សម្រាប់​​សត្វគោ​របស់​ខ្ញុំ​”។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​ លោក សុខ និយាយ​ថា គាត់​បាន​ជម្លៀស​សត្វ​ និង​គ្រួសារ​របស់គាត់​ចំនួន​១០​ដង​។ គាត់​ចេះ​ពី​របៀប​ដំឡើង​តង់​ ហើយ​ត្រូវ​ដាំ​ទឹក​ដែល​យក​មក​ពី​ទន្លេ​មេគង្គ​មុន​ពេល​ផឹក​។

គាត់​បាន​និយាយ​ថា ពិតមែន​ហើយ ត្រសក់​ និង​ម្នាស់​ដែល​គាត់​​ដាំ​និង​ដុះ​បាន​ល្អ ​នៅ​កន្លែង​​មាន​ទឹក​ជំនន់​ ហើយ​នឹង​មិន​ធ្វើ​ឲ្យ​គាត់​​និង​គ្រួសារ​គាត់​ប៉ះ​ពាល់​​ទេ​។ ទោះ​ជា​យ៉ាង​ណា ដូច​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​​ជា​ច្រើន​ទៀត​ដែរ​ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​នៅ ពេល​សួរថា តើ​គាត់​ចង់​ផ្លាស់​​ចេញ​​ឬ​​អត់​នោះ​​។​គាត់​បាន​និយាយ​ថា “ខ្ញុំ​តែ​ង​តែ​រស់​នៅ​ទី​នេះ។ ទឹក​ជំនន់​តែង​តែ​រំខាន​ខ្ញុំ​ ប៉ុន្តែ​នេះគឺ​ជា​ទឹក​ទន្លេ​មេគង្គ​ ខ្ញុំ​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ទេ”៕

ប្រែ​សម្រួល​ដោយ មូល គឹម​ហឿន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស