ពីរខែបន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនេះ មន្ត្រីឃុំ-សង្កាត់ទូទាំងប្រទេសកាលពីម្សិលមិញបានចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលមានរយៈពេល២០ថ្ងៃ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសថា ឈ្មោះស្ទួនគ្នាចំនួន២៧០.០០០ឈ្មោះនឹងត្រូវលុបចោលពីបញ្ជីឈ្មោះបោះឆ្នោត ដែលត្រូវបានប្រើកាលពីខែកក្កដា។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋប្រហែល៣៣៧.០០០នាក់ នឹងគ្រប់អាយុ១៨ឆ្នាំ បើគិតចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាមក គឺមានន័យថា ពួកគេឥឡូវនេះមានសិទ្ធិមកចុះឈ្មោះបោះឆ្នោតហើយ បើពុំដូច្នោះទេការចុះឈ្មោះជាសាធារណៈលើកក្រោយនឹងត្រូវរង់ចាំរហូតដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។
លោក ទេព នីថា បានមានប្រសាសន៍តាមទូរស័ព្ទថា យោងតាមបញ្ជីឈ្មោះឆ្នាំ២០១២ ដែលគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័ររបស់គ.ជ.ប.មានឈ្មោះស្ទួនគ្នាចំនួន២៧០.០០០ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលចាំបាច់ត្រូវតែលុបចោល។ លោក ទេព នីថា បានបន្តថា ដោយគាំទ្រចំពោះតួលេខនេះ មន្ត្រីឃុំ-សង្កាត់ ដែលបានត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដោយដៃ បានរកឃើញថា មានឈ្មោះចំនួនជាង១៣០.០០០ឈ្មោះជាឈ្មោះស្ទួនគ្នា ឬក៏ជាឈ្មោះរបស់ប្រជាពលរដ្ឋណាដែលបានស្លាប់ ឬក៏ចាកចេញពីស្រុកកំណើតរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “យើងគិតថា ឈ្មោះស្ទួនគ្នា ដែលត្រូវបានរាយការណ៍ដោយអាជ្ញាធរឃុំ-សង្កាត់ គឺវាជាន់គ្នានឹងឈ្មោះនៅក្នុងទិន្នន័យ ដែលគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័ររបស់គ.ជ.ប.”។ លោកបានមានប្រសាសន៍ទាក់ទិននឹងឈ្មោះស្ទួនគ្នាចំនួន២៧០.០០០ឈ្មោះថា “ឈ្មោះទាំងនេះ នឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត”។ លោកបានបន្តថា “នៅក្នុងចំណោមឈ្មោះចំនួន១៣០.០០០ឈ្មោះ ជាឈ្មោះរបស់ប្រជាពលរដ្ឋណាដែលបានស្លាប់ ឬក៏ចាកចេញពីស្រុកកំណើតរបស់ខ្លួនក៏នឹងត្រូវលុបចោលដែរ”។ លោក ទេព នីថា បានបន្តទៀតថា “ ឈ្មោះស្ទួនគ្នាបានកើតឡើងនេះ ពីព្រោះស្មៀនឃុំ-សង្កាត់បានចុះឈ្មោះអ្នកបោះឆ្នោតដោយដៃដោយមិនបានប្រើកុំព្យូទ័រឡើយ”។
នៅក្នុងថ្ងៃបោះឆ្នោតកាលពីខែកក្កដា អ្នកបោះឆ្នោតជាច្រើន ដែលត្រូវបានសម្ភាសនៅតាមការិយាល័យបោះឆ្នោតនានាបាននិយាយថា ពួកគាត់បានជួបប្រទះនឹងបញ្ហានៅពេលខ្លួនព្យាយាមចូលទៅបោះឆ្នោត។ អ្នកបោះឆ្នោតភាគច្រើនបាននិយាយថា ខ្លួនបានរកឃើញថា ឈ្មោះរបស់ខ្លួនត្រូវគេគូសចោល ពីព្រោះមានអ្នកផ្សេងទៀតបានបោះឆ្នោតដោយប្រើឈ្មោះរបស់ពួកគាត់។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលសរសេរដោយដៃមួយកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានទាមទារឲ្យកែទម្រង់ នៃដំណើរការចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន បើពុំដូច្នេះទេដំណើរការនេះត្រូវពន្យារពេលសិន។ គណបក្សប្រឆាំងបានលើកឡើងថា “គណបក្សសង្គ្រោះជាតិទាមទារឲ្យផ្អាក ឬក៏ពន្យារពេលការចុះឈ្មោះបោះឆ្នោត និងទាមទារឲ្យមានការត្រួតពិនិត្យចំពោះគ.ជ.ប.ដែលបានកំណត់ពេលវេលាចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា ពីព្រោះវាជារដូវវស្សា ហើយប្រជាពលរដ្ឋកំពុងតែរកផលប៉ះពាល់ដោយសារទឹកជំនន់”។
នៅមុនថ្ងៃបោះឆ្នោតកាលពីខែកក្កដា ទាំងគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាសីុនតោន សុទ្ធតែបានប៉ាន់ប្រមាណថា មានអ្នកបោះឆ្នោតរហូតដល់ទៅ ១.០០០.០០០នាក់បានបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយសារតែបញ្ហាទាក់ទិននឹងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប. ។
ដោយការពារចំពោះការបោះឆ្នោតនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីថ្ងៃច័ន្ទបានប្រាប់ទីស្ដីការគណៈរដ្ឋមន្ត្រីថា អង្គការ ខុមហ្វ្រែល និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ “បានបំប៉ោងចំនួនអ្នកបោះឆ្នោត” ដែលមិនអាចបោះឆ្នោតបាន។ លោក សុខ អាន បានមានប្រសាសន៍ថា “នៅពេលគ.ជ.ប.ទាមទារឲ្យបង្ហាញភ័ស្ដុតាំងស្ដីពីចំនួនអ្នកបោះឆ្នោត ដែលបានបាត់ឈ្មោះ គណបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលបានបដិសេធមិនផ្ដល់បញ្ជីឈ្មោះបោះឆ្នោត ដែលពួកគេអះអាងថា អ្នកបោះឆ្នោតបានបាត់ឈ្មោះរបស់ខ្លួននោះឡើយ”។
លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយិកាប្រចាំប្រទេសរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានលើកឡើងកាលពីម្សិលមិញថា អ្វីៗដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យបានព្យាករថា នឹងកើតឡើងនៅថ្ងៃបោះឆ្នោត ពិតជាបានកើតឡើងមែន ហើយលោកស្រីបាននិយាយថា ពួកគេមិនបានបង្ហាញឈ្មោះ សម្ងាត់សម្រាប់ការស្ទង់មតិរបស់ខ្លួនឡើយ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបានមានប្រសាសន៍ថា គុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតនឹងនៅតែមានបញ្ហា ប្រសិនបើប្រព័ន្ធចុះឈ្មោះបោះឆ្នោតនៅតែដដែលនោះ។ លោកបានលើកឡើងថា “ប្រព័ន្ធសព្វថ្ងៃមិនអាចធានាពីគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតបានឡើយ”។ លោកបានបន្ថែមថា “ ប្រព័ន្ធសព្វថ្ងៃគឺជាស្ថិតិ។ គេមិនអាចផ្លាស់ប្ដូរប្រព័ន្ធសព្វថ្ងៃបានទេ ពីព្រោះវាត្រូវបានចែងនៅក្នុងច្បាប់រួចហើយ ហើយគ.ជ.ប. ក៏មិនបានផ្ដល់អនុសាសន៍ណាមួយ ដើម្បីផ្លាស់ប្ដូរប្រព័ន្ធនោះដែរ”។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា គ.ជ.ប. “មានសិទ្ធិអំណាច ដើម្បីស្នើឲ្យមានការកែប្រែច្បាប់” ប៉ុន្តែគ.ជ.ប.មិនបានធ្វើដូច្នេះឡើយ។ លោកបានថ្លែងបន្ថែមថា “ គ.ជ.ប. គឺអសមត្ថភាព។ ពួកគេមិនបានខិតខំធ្វើការដើម្បីធ្វើឲ្យប្រព័ន្ធ [បោះឆ្នោត] ប្រសើរឡើងឡើយ។ ពួកគេបានយកលេសថា ខ្លួនគ្រាន់តែធ្វើអ្វីៗតាមតែប្រព័ន្ធប្រតិបត្តិច្បាប់ប៉ុណ្ណោះ ”។
លោកបានថ្លែងថា “ពួកគេមិនបានដាក់ច្បាប់នេះទៅឲ្យសមាជិកសភាធ្វើវិសោធនកម្ម ឬក៏កែប្រែប្រព័ន្ធនេះឡើយ។ គ.ជ.ប. របស់យើងគឺមិនបានធ្វើដូច្នេះទេ”។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងអ្វី ដែលលោក គល់ បញ្ញា បានលើកឡើងលោក ទេព នីថា បានមានប្រសាសន៍កាលពីម្សិលមិញថា គ.ជ.ប. គ្មានសិទ្ធិស្នើឲ្យសមាជិកសភា ធ្វើវិសោធនកម្មច្បាប់លើច្បាប់បោះឆ្នោតដែលមានស្រាប់នោះទេ។ លោកបានមានប្រសាសន៍ថា “យើងមានតួនាទីត្រឹមតែអនុវត្តច្បាប់ប៉ុណ្ណោះ”។
លោកចៅសង្កាត់ច្បារអំពៅ២ យិន វុធ បានលើកឡើងថា នៅសង្កាត់ច្បារអំពៅ២ក្នុងរាជធានីភ្នំពេញអ្នកបោះឆ្នោតមិនសូវជាមានចំណាប់អារម្មណ៍ទៅចុះឈ្មោះបោះឆ្នោតនោះឡើយកាលពីម្សិលមិញ ដោយសារតែកំពុងជួបប្រទះនឹងទឹកជំនន់ ហើយឆ្នាំក្រោយមិនមែនជាឆ្នាំដែលមានការបោះឆ្នោតនោះ។
លោកចៅសង្កាត់ប៉ោយប៉ែតក៏បានលើកឡើងដែរថា នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក៏មិនសូវមានអ្នកចាប់អារម្មណ៍ទៅចុះឈ្មោះបោះឆ្នោតដែរ។
លោកបានមានប្រសាសន៍ថា “ទោះបីជាយើងបានប្រើឧគ្ឃោសនសព្ទ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការចុះឆ្នោតបោះឆ្នោតនិងការទៅត្រួតពិនិត្យឈ្មោះបោះឆ្នោតក៏ដោយ ក៏អ្នកភូមិភាគច្រើននៅតែមិនសូវជាចាប់អារម្មណ៍ដែរ”៕
(រាយការណ៍បន្ថែមដោយ Lauren Crothers ម៉ិច ដារ៉ា និង គីម ចាន់)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង