32 C
Phnom Penh

យុវជន​បី​នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​អំឡុង​ពេល​ជិះ​ម៉ូតូ​ដេញតាម​វាយក្រុម​ម្ខាងទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​នគរ​បាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា យុវជន​បីនាក់​បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​បន្ទាប់ពី​ជិះ​ម៉ូតូ​ដេញ​តាម​គូ​ទំនាស់​ម្ខាងទៀត​​ដែលបាន​ក្លាយ​ជា​ហិង្សា​នៅក្នុង​ខណ្ឌ​ពោធិ៍សែ​នជ័យ ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិល​មិញ។

លោក ប៊ុន សំអាត អធិការ​នគរ​បាល​ខណ្ឌ  មាន​ប្រសាសន៍ថា យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០នាក់ត្រូវ​ក្រុម​ម្ខាងទៀត​មាន​គ្នា​ប្រហាក់​ប្រហែល​គ្នាដែរ​នោះបាន​ជិះ​ម៉ូតូ​ដេញ​ តាម​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​​​​​​​​​​​​​សង្កាត់​ចោម​ចៅ ស្រាប់​តែ​បុរស​ម្នាក់​ក្នុង​ចំណោម​បុរសទាំង​នោះ​​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​​​​​​​​​តែម្ត​ង​ ដោយ​ធ្វើ​ឲ្យ​​​​យុវជន​​​​បី​នាក់​រង​របួស។

លោក ប៊ុន សំអាត​ បាន​មាន​ប្រសាសន៍ថា “នគរ​បាល​មិន​ទាន់​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​ណាម្នាក់​ទេ ហើយ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​​​ករណី​នេះ​នៅ​ឡើយ”។
លោក​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ គេ​ស្គាល់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ទាំង​បី​នាក់​នេះ​ហើយ​គឺ​ឈ្មោះ សុខ ផល្លា អាយុ​​​១៨ឆ្នាំ ឈិត វុទ្ធី អាយុ១៨ឆ្នាំ និង​ ជា តុលា អាយុ១៧ឆ្នាំ។

មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា នៅ​ក្នុង​ឧបទ្ទវហេតុដាច់​ដោយ​ឡែក​មួយ​ទៀត​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ លោក​​​​​​ ឈាង​ សេង​ថៃ អាយុ៤៥ឆ្នាំ​ ជា​អ្នក​រត់​តាក់​ស៊ី​ ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ត្រង់​ពោះ​នៅ​​​ក្នុង​ខេត្ត​កំពង់​ចាម​នៅពេល​ដែល​បុរស​ម្នាក់​បាន​បាញ់​គាត់​ ពេល​គាត់​បើក​រថយន្ត​​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀម​រាប ដោយ​​​យក​កាំ​ភ្លើងមក​ភ្ជង់​គាត់​​ប៉ុន​ប៉ង​ប្លន់​យក​រថយន្ត​​​​​កាមរី​របស់​គាត់​។

លោក អត តារា អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍ថា “ជន​សង្ស័យ​បាន​បាញ់​​​​បុរស​រូបនេះ​ ពី​ព្រោះ​គាត់​មិន​ព្រម​ប្រគល់​រថយន្ត​ឲ្យ​”។​ លោក អ៊ិត តារា បាន​មាន​ប្រសាសន៍​បន្ថែម​​​​ទៀត​ថា ករណី​បាញ់​នេះ​បាន​កើត​ឡើង​នៅ​​​ពេល​ដែល​បុរស​​ពីរនាក់​បាន​ដើរ​ទៅ​កាន់​រថយន្ត​វិញ បន្ទាប់​ពី​បត់​ជើង​តូច​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៧១ ស្ថិត​នៅក្នុង​ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម។

លោក​បាន​មាន​ប្រសាសន៍ថា “ចោរ​ប្លន់​បាន​បាញ់​គាត់​ [លោក សេងថៃ]​​ ត្រូវ​ត្រង់​ពោះ ហើយ​បាន​រុញគាត់​ចេញ​ពី​ផ្លូវ​ ហើយ​បើក​​រថយន្ត​ចេញ​ទៅ​បាត់​”។
លោក​បាន​បន្ថែម​ថា លោក​ សេងថៃ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ហើយ​ថា នគរ​បាល​មិន​ទាន់ស្គាល់​​អត្ត​​​សញ្ញាណ​ជន​សង្ស័យ​នៅ​ឡើយ​ទេ៕

ប្រែសម្រួលដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស