កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការអភិវឌ្ឍតិចតួចបំផុតចំនួន៤៩នៅក្នុងពិភពលោក ហើយជិតពាក់កណ្ដាលនៃចំនួនអ្នកបោះឆ្នោតនៅក្នុងប្រទេសមិនពេញចិត្តនឹងរដ្ឋាភិបាលបច្ចុប្បន្នទេ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា៧២ភាគរយជាទូទៅសប្បាយរីករាយ និងចំណាយពេលជាច្រើនរបស់ខ្លួនសើច ញញឹម និងជាទូទៅពេញចិត្តនឹងជីវិតរស់នៅ។
នោះគឺជាការសន្និដ្ឋាននៃការស្ទង់មតិមួយចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយក្រុមហ៊ុនស្រាវជ្រាវលំដាប់ពិភពលោក Gallup ដែលដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងចំណោមប្រទេសចំនួនពាក់កណ្ដាលនៅលេខរៀងខាងលើនៃប្រទេសចំនួន១៤៣ ដែលត្រូវបានស្ទង់មតិពាក់ព័ន្ធនឹង “អារម្មណ៍វិជ្ជមាន” នៅក្នុងឆ្នាំ២០១២។
យោងតាមសន្ទស្សន៍ទទួលអារម្មណ៍វិជ្ជមាន (Positive Experience Index) ជាញឹកញាប់ប្រជាពលរដ្ឋកម្ពុជាមានអារម្មណ៍ល្អតិចជាងប្រជាជននៅក្នុងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ប៉ុន្តែជាទូទៅពួកគេមានអារម្មណ៍វិជ្ជមានច្រើនជាងពលរដ្ឋនៅក្នុងប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសសិង្ហបុរី។ ពលរដ្ឋ៧៧ភាគរយនៅក្នុងសហរដ្ឋអាមេរិក មានអារម្មណ៍វិជ្ជាមាន ពោលគឺខ្ពស់ជាងតួលេខនៅក្នុងប្រទេសចិនបន្តិច ដោយប្រជាជនចិន ដែលទទួលអារម្មណ៍វិជ្ជមានជាប្រក្រតីមាន៧៤ភាគរយ។
ខណៈពេលដែលអ្នកស្រាវជ្រាវសាកសួរអំពីភាពគួរឲ្យជឿទុកចិត្តបាន និងអត្ថប្រយោជន៍នៃការស្ទង់មតិ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១២នោះ ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Gallup ធ្វើឡើងក្រោយពីមានការស្ទង់មតិផ្សេងៗមួយចំនួនទៀត ដែលបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅមានទស្សនវិជ្ជមានចំពោះការរស់នៅរបស់ខ្លួន។
របាយការណ៍នេះលើកឡើងថា ក្រុមអ្នកសិក្សាស្រាវជ្រាវនៅក្រុមហ៊ុន Gallup បានសាកសួរប្រជាពលរដ្ឋកម្ពុជាជាង១.០០០នាក់នូវសំណួរមែន ឬមិនមែនមួយចំនួន ដើម្បីរកឲ្យឃើញ “ថា តើពួកគេមានអារម្មណ៍រីករាយច្រើន មានអារម្មណ៍ថា ខ្លួនទទួលបានការគោរព សម្រាកបានស្រួល សើច និងញញឹមច្រើន ហើយសិក្សា ឬធ្វើអ្វីមួយគួរឲ្យចាប់អារម្មណ៍នៅថ្ងៃបន្ទាប់ឬយ៉ាងណា”។
លោក អ៊ុច សារិន អាយុ៦៣ឆ្នាំជាមន្ត្រីរាជការចូលនិវត្តន៍មួយរូប ដែលបម្រើការងារនៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានឈប់សម្រាកបន្តិចពីការដើរហាត់ប្រាណនៅលើសួនមួយតាមបណ្ដោយមហាវិថីសីហនុ ហើយនិយាយថា លោកគិតថា របាយការណ៍របស់់ក្រុមហ៊ុន Gallup គឺត្រឹមត្រូវ។
លោកបាននិយាយថា “ខ្ញុំយល់ស្របនឹងរបាយការណ៍នេះ ពីព្រោះខ្ញុំតែងតែមានអារម្មណ៍រីករាយ។ កូនៗ និងសាច់ញាតិរបស់ខ្ញុំធ្វើល្អចំពោះខ្ញុំ ដោយពួកគេនាំខ្ញុំទៅទស្សនានៅតំបន់រមណីដ្ឋានទេសចរណ៍នានា”។ ប៉ុន្តែលោកបានលើកឡើងថា ជម្លោះនយោបាយដែលកំពុងតែកើតមានរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានធ្វើឲ្យលោកព្រួយបារម្ភតិចតួច។
លោកបាននិយាយថា “នយោបាយជះផលប៉ះពាល់ដល់មនុស្សគ្រប់គ្នា ពីព្រោះប្រជាពលរដ្ឋយល់ឃើញថា ពួកគាត់ពិបាករកស៊ី ហើយយើងមានការព្រួយបារម្ភនៅពេលកូនៗរបស់យើងចេញទៅក្រៅ ប្រសិនបើស្ថានភាពនយោបាយមិនល្អ”។ ស្ត្រីជាកម្មករសំណង់ម្នាក់ឈ្មោះ អ៊ូ ជ្រៀន អាយុ២៨ឆ្នាំ ដែលអង្គុយនៅឯតុមួយក្នុងបរិវេណការដ្ឋានសាងសង់ស្ដូបរំឭកវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ ជិតវិមានឯករាជ្យ បាននិយាយថា ជាធម្មតាគាត់ព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រាក់កាស។
គាត់និយាយថា “ពេលខ្លះខ្ញុំមានអារម្មណ៍សប្បាយ ហើយពេលខ្លះមិនសប្បាយទេ។ ខ្ញុំគ្មានពេលសម្រាកទេ ពីព្រោះខ្ញុំមានការងារយ៉ាងច្រើន ដែលត្រូវធ្វើ រួមទាំងការប្រមូលសំរាម និងការចម្អិនអាហារផងដែរ។ ពេលខ្លះខ្ញុំនិយាយលេងសើចជាមួយកម្មកររួមការងារជាមួយខ្ញុំ ប៉ុន្តែខ្ញុំនៅតែមានរឿងជាច្រើនដែលត្រូវគិត ជាពិសេសគិតថាធ្វើយ៉ាងណាដើម្បីរកប្រាក់ឲ្យបានសម្រាប់សាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំ។ អ្វីៗនឹងពិបាកសម្រាប់ខ្ញុំ ប្រសិនបើខ្ញុំគ្មានលុយ”។
យុវជន សិរី ដាវីន អាយុ១៧ឆ្នាំជាសិស្សរៀននៅវិទ្យាល័យហ្សាម៉ាន់ ដែលអង្គុយញាំតែគុជជាមួយមិត្តភក្តិម្នាក់នៅផ្លូវម្ខាងទៀតពីអ្នកស្រី អ៊ូ ជ្រៀន បាននិយាយថា រូបគេគ្មានបញ្ហាអ្វីឡើយចំពោះការរស់នៅរបស់ខ្លួន។ យុវជនរូបនេះនិយាយថា “ខ្ញុំចូលគេងនៅម៉ោងប្រហែល១២ ដូច្នេះខ្ញុំគិតថាខ្ញុំសម្រាកបានគ្រប់គ្រាន់។ខ្ញុំកំពុងស្ថិតក្នុងវិស្សមកាលនៅឡើយ ដូច្នេះវាជារឿងល្អ។ កាលពីម្សិលមិញ ខ្ញុំបានទៅក្លឹបហាត់ប្រាណ ហើយបានប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ហាត់ប្រាណមួយចំនួនសម្រាប់ធ្វើឲ្យសាច់ដុំឡើង។យើងសុទ្ធតែមានបញ្ហា ប៉ុន្តែយើងត្រូវតែជម្នះដោះស្រាយវា”។
ខណៈពេលដែលការស្ទង់មតិជាច្រើនបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តនឹងស្ថានភាពរស់នៅរបស់ខ្លួននោះប្រជាពលរដ្ឋប្រហែល៣០ភាគរយកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយព្រោះពួកគេទទួលបានប្រាក់ចំណូលតិចជាងមួយដុល្លារក្នុងមួយថ្ងៃ។ ការស្ទង់មតិមួយទៀតដែលក្រុមហ៊ុន Gallup បានធ្វើកាលពីឆ្នាំ២០១២បង្ហាញ ថា ប្រទេសកម្ពុជាស្ថិតនៅលេខរៀងចុងក្រោយគេបង្អស់នៅតំបន់អាសីុនៅក្នុងការវាយតម្លៃពី “សុខុមាលភាព”។ នៅពេលស្នើសុំឲ្យពួកគេវាយតម្លៃពីសុខុមាលភាពផ្ទាល់ខ្លួន និងទស្សនរបស់ពួកគេចំពោះអនាគតភ្លឺស្វាងនោះ ប្រជាពលរដ្ឋកម្ពុជាតែ៣ភាគរយប៉ុណ្ណោះបានលើកឡើងថា ពួកគេ “ជោគជ័យ” ដោយផ្ដល់៧ពិន្ទុ ឬខ្ពស់ជាងនេះឲ្យខ្លួនឯងក្នុងចំណោម១០ពិន្ទុ។
នៅក្នុងការស្ទង់មតិនោះប្រជាពលរដ្ឋកម្ពុជា ៧៥ភាគរយបានលើកឡើងថា ពួកគេកំពុង “តស៊ូពុះពារ” រីឯ២២ភាគយទៀតនិយាយថា ពួកគេជួបទុក្ខលំបាក។ ថ្វីបើយ៉ាងនះក្តី ក៏ប្រជាពលរដ្ឋកម្ពុជា បានដាក់ពិន្ទុឲ្យ“បទពិសោធប្រចាំថ្ងៃ” របស់ខ្លួន ៧,៦ពិន្ទុក្នុងចំណោម១០ពិន្ទុ ដែលជាពិន្ទុខ្ពស់បំផុតមួយនៅក្នុងតំបន់។
នេះបែងចែកដាច់ពីគ្នារវាងទស្សនវិជ្ជមានរបស់ប្រជាពលរដ្ឋចំពោះជីវិតរស់នៅរបស់ខ្លួន នៅពេលពួកគេនៅតែតស៊ូពុះពារគ្រាន់តែដើម្បីរស់រាននោះ ភាគច្រើនគឺដោយសារតែអ្វីដែលអ្នកសិក្សាស្រាវជ្រាវ Ian Ramage ហៅថា “ មុខងារនៃក្តីរំពឹងទាប”។
លោក Ian Ramage នាយកក្រុមហ៊ុន Angkor Research and consulting បានលើកឡើងថា “យើងមានចលនាសាធារណៈដ៏ធំមួយសម្រាប់ការផ្លាស់ប្ដូរ ហើយពេលនោះប្រជាពលរដ្ឋនិយាយថា ‘ អ្វីៗប្រសើរឡើងហើយ’ ។ ប៉ុន្តែបច្ចុប្បន្នអ្វីៗប្រសើរជាងពីមុនច្រើន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “អ្វីៗបានកែប្រែយ៉ាងឆាប់រហ័ស។ អ្វីៗប្រសើរឡើង តែមិនច្រើនទេ ប៉ុន្តែខ្ញុំអាចមើលឃើញមូលហេតុដែលពួកគេវិជ្ជមានខ្លាំង។ នៅក្នុងជីវិតរបស់ពួកគេនាពេលថ្មីៗនេះ [ប្រជាពលរដ្ឋកម្ពុជា] មានការកែប្រែវិជ្ជមានសំខាន់ៗ”។
ការស្ទង់មតិមួយធ្វើឡើងកាលពីខែមករា ដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញថា ៧៩ភាគរយ នៃអ្នកឆ្លើយសំណួរចំនួន២.០០០នាក់គិតថា ប្រទេសកម្ពុជា “ត្រូវបានដឹកនាំក្នុងទិសដៅត្រឹមត្រូវ” ដោយពួកគេភាគច្រើនលើកឡើងពីការស្ថាបនាផ្លូវថ្នល់ជាសំអាង។
របាយការណ៍មួយផ្សេងទៀតរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលត្រូវបានចេញផ្សាយកាលពីខែមីនា បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាមានទស្សនវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះប្រព័ន្ធអប់រំនៅក្នុងប្រទេសនេះ ដែលត្រូវបានវាយតម្លៃថា ជាប្រព័ន្ធអប់រំអន់បំផុតមួយនៅក្នុងតំបន់។ នៅក្នុងការស្ទង់មតិនោះប្រជាពលរដ្ឋកម្ពុជា៩៤ភាគរយបានលើកឡើងថា ពួកគេពេញចិត្តនឹងគុណភាពនៃការអប់រំនៅក្នុងប្រទេសកម្ពុជា ជាអត្រាខ្ពស់បំផុតនៅក្នុងចំណោមប្រទេសចំនួន១៨៧ ដែលត្រូវបានរាប់បញ្ចូលនៅក្នុងរបាយការណ៍នេះ។ ប៉ុន្តែតើមានភ័ស្ដុតាងបន្ថែមទៀត ដែលបង្ហាញពីក្ដីរំពឹងទាបដែរឬទេ? ។
លោក ហ៊ាន សុខុម ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់បានមានប្រសាសន៍ថា ការស្ទង់មតិ ដែលវាស់ស្ទង់សូចនាករពាក់ព័ន្ធនឹងសុភមង្គល និងសុខុមាភាពមិនបានកំណត់និយមន័យផ្សេងៗគ្នានៅក្នុងតំបន់ផ្សេងនៃពិភពលោកទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា សុភមង្គល [សម្រាប់ប្រជាពលរដ្ឋកម្ពុជា] ពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ពួកគេអាចចិញ្ចឹមគ្រួសាររបស់ខ្លួនបាន ពួកគេអាចរស់បានជាមួយគ្រួសារទាំងមូលរបស់ពួកគេបាន ពួកគេអាចទទួលបានសន្ដិភាព ដោយគ្មានសង្គ្រាម ពួកគេមានសេរីភាពក្នុងការរកទទួលទាន ដោយគ្មានការគ្រប់គ្រងដូចអំឡុងរបបខ្មែរក្រហមជាដើម”។
លោក ហ៊ាន សុខុម បានមានប្រសាសន៍បន្ថែមទៀតថា “កត្តាទាំងអស់នេះហើយ ដែលញុំងឲ្យប្រជាពលរដ្ឋនិយាយថា ពេលនេះខ្ញុំរីករាយមានសុភមង្គល។ ទោះបីជាពួកគេក្រីក្រក៏ដោយ ក៏ពួកគេនៅតែនិយាយថា ពួកគេរីករាយដែរ”៕
ប្រែសម្រួលដោយ តែម សុខុម