យោងតាមលិខិតមួយច្បាប់ដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសើរកម្លាំងសន្តិសុខដែលបានការពារសុវត្ថិភាព អំឡុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា និងក្រោយថ្ងៃបោះឆ្នោតរហូតដល់ថ្ងៃកោះប្រជុំសភាលើកដំបូងកាលពីសប្ដាហ៍មុន។
នៅក្នុង “លិខិតសរសើរ” របស់លោក លោក ស ខេង ដែលជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានមានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធបានការពារ “សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការបោះឆ្នោតអាណត្តិទី៥ឲ្យប្រព្រឹត្តទៅដោយរលូន” និងប្រកបដោយភាពជោគជ័យ។
លោក ស ខេង បានសរសេរថា “មតិសាធារណៈជាតិ និងអន្តរជាតិបានវាយតម្លៃថា ការបោះឆ្នោតប្រព្រឹត្តទៅដោយយុត្តិធម៌ សេរី សុវត្ថិភាព គ្មានអំពើហិង្សា និងការបំភិតបំភ័យឡើយ”។ លោកបានបន្ថែមថា កម្លាំងសន្តិសុខបានការពារ “សម័យប្រជុំសភាលើកដំបូងបានយ៉ាងជោគជ័យ”។
ប៉ុន្តែចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាមក អ្នកគាំទ្រគណបក្សប្រឆាំងបានមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញរាប់ម៉ឺននាក់ ដើម្បីតវ៉ាឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពាក់ព័ន្ធការបោះឆ្នោតនោះ ដែលការអំពាវនាវនោះត្រូវបានគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ និងក្រសួងការបរទេសអាមេរិក។
លិខិតរបស់លោក ស ខេង ដែលចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ មិនបានលើកឡើងពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា រវាងយុវជនដែលប្រដាប់ ដោយដុំថ្ម ជាមួយនគរបាល និងកងរាជអាវុធហត្ថ នៅក្បែរស្ពានព្រះមុនីវង្ស ដែលបានបណ្ដាលឲ្យអ្នកឈរមើលម្នាក់ស្លាប់ និងយ៉ាងហោចណាស់មនុស្ស១០នាក់ទៀតរងរបួសដោយគ្រាប់កាំភ្លើងនោះទេ។
លិខិតនេះក៏មិនបានលើកឡើងអំពីការប៉ះទង្គិចគ្នាដ៏ហិង្សាកាលពីថ្ងៃទី២២ ខែកញ្ញា នៅវត្តភ្នំ ដែលបង្កឡើងដោយបុរសមួយក្រុមស្លៀកពាក់ស៊ីវិល និងប្រដាប់ដោយអាវុធ ហើយមានការគាំទ្រពីកងកម្លាំងនគរបាល និងកងរាជអាវុធហត្តទៅលើអ្នកតវ៉ាដោយសន្តិវិធី អ្នកកាសែត និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនោះដែរ។
មន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរខណ្ឌដូនពេញ បានបដិសេធថា ពួកគេមិនបានឃុបឃិតជាមួយក្រុមដែលប្រើដំបងឆក់ និងបាញ់ចំពាមកៅស៊ូទៅលើអ្នកតវ៉ាជាស្ត្រី អ្នកកាសែត និងអ្នកឃ្លាំមើលសិទ្ធិមនុស្សឡើយ។
លោកឧត្តមសេនីយ៏ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធសមនឹងទទួលការកោតសរសើរពីលោក ស ខេង ព្រោះកម្លាំងសន្តិសុខ មាន “ វិន័យល្អ គោរពច្បាប់ និងមានសីលធម៌ល្អ”។ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ បានសន្និដ្ឋានថា “ករណីបុរសម្នាក់ស្លាប់ [នៅក្បែរស្ពានព្រះមុនីវង្ស] គឺដោយសារតែការប៉ះទង្គិចគ្នាប៉ុណ្ណោះ។ ករណីនេះមិនមែនជាចេតនារបស់អាជ្ញាធរឡើយ”។ លោកបានបន្ថែមថា លោកមិនដឹងពីការស៊ើបអង្កេតពាក់ព័ន្ធការស្លាប់នេះឡើយ។ បន្ទាប់មកលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយពីមូលហេតុដែលនគរបាល និងកងរាជអាវុធហត្ថឈរមើលអំឡុងពេលមានការវាយប្រហារពីក្រុមមនុស្សនៅវត្តភ្នំនោះឡើយ៕
ប្រែសម្រួលដោយ សោម សារុន