38 C
Phnom Penh

ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​សហ​​​ភាព​​​អឺរ៉ុបចង់​​​ឃើញគណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេហ​ទំព័រ​ព័ត៌​មាន​ដ៏​ពេញ​និយម Cambodia Express News (CEN) បាន​រាយការណ៍​កាល​ពី​ម្សិល​មិញថា លោក ហ្សង់​ហ្រង់​ស័រ កូតាំង (Jean-Francois Cautain) ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​បាន​ប្រាប់​លោក​ សុខ អាន​ ឧប​នាយក​រដ្ឋ​មន្ត្រី​​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា សហ​ភាព​អឺរ៉ុប​ចង់​ឃើញ​គណ​បក្ស​សង្គ្រោះជាតិ​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋ​សភា​។

​គេហទំព័រ​ព័ត៌​មាន CEN បាន​រាយការណ៍​ថា ប្រសាសន៍​របស់​លោក កូតាំង លើកឡើង​អំឡុង​កិច្ច​ប្រជុំ​ជាមួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​នៅ​ទី​ស្តី​ការគណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ព្រឹក​ម្សិល​មិញ។ ​​គេហទំព័រ​នេះ​បាន​រាយការណ៍​ទៀតថា “លោក ហ្សង់​ហ្រង់​ស័រ កូតាំង ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​​​​ថា ជំហ​របស់​លោក​គឺ​ចង់​ឃើញ​គណ​បក្ស​ឈ្នះ​​​​ឆ្នោត​ទាំង​ពីរ​អង្គុយ​នៅ​ក្នុង​រដ្ឋ​សភា ដើម្បី​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​​​​កាន់​តែ​ប្រសើរ​ឡើង”។

រដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ​​នេះ​ បាន​កោះ​ប្រជុំកាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដោយ​​​​មាន​វត្ត​មាន​សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៦៨​រូបរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន តែ​ប៉ុណ្ណោះ។ គណ​បក្ស​សង្គ្រោះជាតិ​បាន​ប្តេជ្ញា​ធ្វើ​ពហិ​ការ​មិន​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​ លុះ​ត្រា​​តែ គណ​បក្ស​ប្រជា​ជន​កម្ពុជា​យល់​ព្រម​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន​ និង​ធ្វើ​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​អំពី​ភាព​មិន​ប្រក្រតី​​អំឡុង​ការ​បោះ​ឆ្នោត​​​​ជាតិ​ កាលពី​ខែ​កក្កដា​សិន។

លោ​កស្រី ប៉ោក ពូន មន្ត្រី​ព័ត៌​មាន​របស់​គណៈ​ប្រតិ​ភូ​សហ​ភាព​អឺរ៉ុប​បាន​អះ​អាង​ថា លោក កូតាំង និង​លោក សុខ អាន​បាន​ជួប​គ្នា​។ លោក​ស្រី ប៉ោក ពូន បាន​លើក​ឡើង​តាម​អីុម៉េលថា “ ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​ថា រដ្ឋ​សភា​មិន​អាច​បម្រើ​ឲ្យ​គោល​បំណង​របស់​ខ្លួន​ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ជាប់់​ឆ្នោត​ឡើយ  ហើយ​ថា គណ​បក្ស​​​​ជាប់​ឆ្នោត​​គួរ​សហ​ការ​គ្នា​​បំពេញ​តួនាទី​​​នៅ​ក្នុង​​​​​រដ្ឋ​សភា​​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ផ្តល់​ឲ្យ​”។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​​​គណ​បក្ស​សង្គ្រោះ​ជាតិបាន​មាន​ប្រសាសន៍​ថា ការ​ចរចា​បន្ថែម​ទៀត​ជាមួយ​គណ​បក្ស​កាន់​​​​អំណាច និង​ការ​សម្រប​សម្រួល​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា គឺ​ជា​ការ​ចាំបាច់​ណាស់ មុន​ពេល​គណ​បក្ស​សង្គ្រោះ​ជាតិ​ពិចារណា​ទទួល​​​​យក​អាសនៈ​របស់​ខ្លួន។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​ចង់​ឃើញ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​នេះ។ តួនាទីនេះ​មិន​មែន​សម្រាប់​ពួក​យើង​ទេ​។ វា​ជា​តួនាទី​របស់​សហ​ភាព​អឺ​រ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​។ យើង​មាន​ឆន្ទៈ​ចូល​រួម​ក្នុង​ជំនួប​ទាំង​នោះ ប៉ុន្តែ ការ​សម្រប​សម្រួល​ត្រូវ​ធ្វើ​មុន​ពេល​យើង​ចូល​រួម បើ​មិន​ដូច្នោះ​​​ទេ បញ្ហា​នឹង​នៅ​តែ​កើត​មាន​ដដែល”។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​ចង់​សើុប​អង្កេត​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ​នោះ​ ពួក​គេ​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​ផ្តល់​តួនាទី​មួយ​ចំនួន​ដល់​ពួក​យើង​ដើម្បី​បែងចែក​​​អំណាច​ឲ្យ​មាន​តុល្យ​ភាព​”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប “ចង់​ឃើញ​គណ​បក្ស​ប្រឆាំង​ទទួល​យក​អាសនៈ​របស់​ខ្លួន ហើយ​ធ្វើ​​​​ការ​សម្រុះ​សម្រួល​រវាង​គណ​បក្ស​ទាំង​ពីរ”៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស