35 C
Phnom Penh

នៅ​​ឯកំពង់​​​ចម្លងអ្នក​លឿង​មាន​​ករណី​​សូក​ប៉ាន់​មន្ត្រី​នគរ​បាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​រៀង​រាល់​ឆ្នាំ ប្រជាពល​រដ្ឋ​រាប់ម៉ឺន​នាក់​​ឆ្លង​ទន្លេ​មេគង្គ​ពី​ខេត្ត​កណ្តាល​ទៅ​ខេត្ត​ព្រៃ​វែង​ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្លួន។​ ​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ដែល​​តម្រង់​ជួរ​នៅ​កំពង់​ចម្លង​អ្នក​លឿង​ និង​ដក​ដង្ហើម​ស្រូប​ផ្សែង​រថ​យន្ត​រាប់​ពាន់​គ្រឿង​នោះ​ ​ទ្រាំ​រង់​ចាំ​​រហូត​ដល់​មួយ​ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​អ្នក​​មាន​លុយ​វិញ​​អាច​ឆ្លង​បាន​​ក្នុង​រយៈ​ពេល​​មិន​ដល់​មួយ​ម៉ោងផង​។

អ្នក​ដែល​បាន​តម្រង់​​ជួរ​នៅ​​មុខ​គេ​​​​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​កាល​ពី​ម្សិល​មិញ​ នៅ​ទល់​នឹង​ច្រវាក់​​បិទ​ផ្លូវ​ចូល​ស្រឡាង​​នោះ គឺអ្នក​ដែល​បាន​មក​ដល់​មុន​គេ​តាំង​ពី​មុន​ថ្ងៃ​រះ​។ ទោះ​ជា​យ៉ាង​ណា មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ស្ថិត​នៅជួរ​មុខ​ដែរ​នោះ គឺ​ជា​អ្នកដែល​បាន​សូក​ប៉ាន់​ឲ្យ​មន្ត្រី​នគរ​បាល​ប្រហែល​៥​ដុល្លារ​ ដើម្បី​ឆាប់​បាន​ឆ្លង​ចូល​ទៅ​ស្រឡាង​តាម​ផ្លូវ​កាត់​​។ ទៅ​ហួស​ពី​កន្លែង​​កក​ស្ទះ​ចរាចរណ៍​​នោះ​ មន្ត្រី​នគរ​បាល​ចរាចរ​ពីរនាក់​បាន​​ឈរ​យាម​ផ្លូវ​ចេញ​​ចូល​ដោយ​សេរី​​មួយ​​នៅ​ខាង​ស្តាំ​ផ្លូវ​ជាតិ​លេខ​១។

មន្ត្រី​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនា​​​មិក​បាន​និយាយ​ថា “ ប្រសិនបើ​ពួក​គេ​ចង់​ទៅ​​​​ត្រង់​វា​មិនអីទេ។ ប៉ុន្តែ ផ្លូវ​នេះ​ជិត​ហើយ​លឿន​​​​ជាង”។ មន្ត្រី រូប​នេះ​បាន​​ចង្អុល​​ប្រាប់​ទៅ​​​ផ្លូវ​វាង​​​​ដែល​​មិន​កក​ស្ទះ​ ហើយ​ភ្ជាប់​មក​ផ្លូវ​ជាតិ​លេខ​​​​១​វិញ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ច្រវាក់​ឃាំង​​​ផ្លូវ​មិន​ឲ្យ​មនុស្ស​ដើរ​ចូល​​ក្នុង​ស្រឡាង​។
គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​មាន​ការ​យោគ​យល់​ចំពោះ​ប្រជាពល​រដ្ឋ​។ ប្រសិន​បើ​ពួក​គេ​ចង់​ចូលតាម​ផ្លូវ​កាត់​ គេ​ត្រូវ​ឲ្យ​លុយ​យើង​ខ្លះ​។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​ត្រូវ​ទៅ​ត្រង់​”។

នៅពេល​សួរ​ថា តើ​គាត់​ដឹង​ថា អ្វី​ដែល​គាត់​​​​កំ​ពុង​ធ្វើ​ជា​ការ​ខុស​ច្បាប់​ ឬ​យ៉ាង​ណា​នោះ មន្ត្រី​រូប​នេះ​បាន​និយាយ​ថា “ប្រសិន​បើ​​​លោក​ចង់​ដឹង​បន្ថែម​ទៀត​ លោក​​សួរ​មេ​ធំ​ទៅ​”។ ចម្ងាយ​ប្រហែល​ពីរបី​រយ​ម៉ែត្រ​ពី​កំពង់​ចម្លង​នេះ មាន​ផ្លូវ​កាត់​ទី​២​ដែល​មាន​មន្ត្រី​នគរ​បាល​ឈរ​យាម​ដោយ​ទុក​​សម្រាប់​តែ​រថយន្ត​ក្រុង និង​រថយន្ត​ដឹក​ទំនិញ​ធំៗ​ប៉ុណ្ណោះ។

ពេល​រង់​ចាំ​នៅ​ក្នុង​ជួរ​នោះ បុគ្គលិក​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ ខៃណាំ អាយុ​២៤​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា គាត់​បាន​ឲ្យ​លុយ​នគរ​បាល​ចំនួ​ន​៧០​ដុល្លារ​ ដើម្បី​ចូល​តាមផ្លូវ​កាត់​នោះ​និង​បាន​ទៅ​ដល់​ស្រឡាង​មុន​គេ​បង្អស់។​ គាត់​បាន​និយាយ​ថា “ខ្ញុំ​បាន​ចំណាយ​លុយ​៧០​ដុល្លារដើម្បី​ចូល​តាម​ផ្លូវ​កាត់​នេះ។ យើង​ចំណេញ​ពេល​​បួនទៅ​ប្រាំម៉ោង ព្រោះ​ចរា​ចរណ៍​មាន​ស្ថាន​ភាព​បែប​នេះ​នៅ​ថ្ងៃ​បុណ្យ​។ យើង​តែង​តែ​​ចំណាយ​លុយ​ដើម្បី​ធ្វើ​ឲ្យ​អតិ​ថិ​ជន​របស់​យើង​សប្បាយ​ចិត្ត”។

នៅ​ត្រង់​ចំណុច​ដដែល​នេះ បុគ្គលិក​​ក្រុម​ហ៊ុន​​ដឹក​អ្នក​ដំណើរ ភ្នំពេញ​សូរិយា ម្នាក់​ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា គាត់​មិន​បានឲ្យ​លុយ​នគរ​បាល​ទេ ហើយ​គាត់​សុខ​ចិត្ត​រង់​ចាំ​ច្រើន​ម៉ោង​ ពី​ព្រោះ​ក្រុម​ហ៊ុន​ សូរិយា មិន​សូក​ប៉ាន់​ទេ​។

លោក រស់ ចន្ថា អធិការ​នគរ​បាល​ស្រុក​លើក​ដែកបានបដិសេធ​ថា មន្ត្រី​របស់​លោក​មិន​បាន​យក​លុយ​ពីអ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ស្រឡាង​នេះ​ទេ​។
លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​បញ្ជាក់​ច្បាស់​ថា “នគរ​បាល​របស់​យើង​មិន​អាច​យក​លុយ​បាន​ទេ​ ពី​ព្រោះ​មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ទៅ​កាន់​ស្រឡាង​នេះ​”។

នៅ​ពាក់​កណ្តាល​ផ្លូវ​កាត់​មួយ​ គេ​ឃើញ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​​រាប់​លុយ​យ៉ាង​ច្រើនដែល​បាន​យក​ពី​អ្នក​ធ្វើ​ដំណើរ​។ មនុស្ស​មួយ​ចំនួន​ដែល​បាន​សូក​ប៉ាន់​ឲ្យ​នគរបាល​​បាន​​ចោទ​នគរ​បាល​ថា បាន​ជំរិត​យក​លុយ​​ដោយ​ផ្ទាល់​។

លោក សេក ធី អាយុ៣២​ឆ្នាំ ដែលបាន​ចេញ​តាម​ផ្លូវ​ផ្សេង​ជាមួយ​គ្រួសារ​របស់​គាត់​នោះ​បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា វា​ជា​ការ​ងារ​ធម្មតា​របស់​ពួក​គេ​ក្នុងការ​យក​លុយ​ពី​យើង​ ប៉ុន្តែ​ ពួក​គេ​បាន​យក​លុយ​ពី​ខ្ញុំ​បី​កន្លែង​ផ្ សេង​​គ្នា​នៅ​ថ្ងៃ​នេះ វា​ច្រើន​ពេក​ហើយ”។ គាត់​បាន​និយាយ​ថា “ប្រសិន​បើពួក​គេ​គ្រាន់​តែ​យកលុយ​ផឹក​កាហ្វេ​នោះ វា​មិន​អី​ទេ ប៉ុន្តែ​ ខ្ញុំ​បាន​ឲ្យ​លុយ​គេ​អស់​២០.០០០​រៀល​រួច​ហើយ ហើយ​ខ្ញុំ​នៅ​តែ​មិន​ទាន់​​ទៅ​ដល់​ស្រឡាង​ទៀត”។ គាត់​បានបន្ថែម​ថា គាត់​បាន​មក​ដល់​អ្នក​លឿង​មួយ​ម៉ោង​មុន​នោះ​។

អ្នក​ផ្សេង​ទៀត​ ដែល​មិនមាន​លុយ​ ឬ​មិន​ព្រម​ចំណាយ​លុយ​សូក​ប៉ាន់​នោះ​បាន​រង់​ចាំ​យ៉ាង​យូរ​។ បុរស​អាយុ​៥៤​ឆ្នាំ ម្នាក់​ដែល​គ្រាន់​តែ​ប្រាប់​ថា គាត់​ឈ្មោះ សុខា និង​​នៅ​ចម្ងាយ​ប្រហែល​​៥០០​ម៉ែត្រ​ពី​កំពង់​ចម្លង​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក បាន​និយាយថា “​យើង​បាន​មក​ដល់​មុន​ម៉ោង​៧​ព្រឹក​។​ មាន​មន្ត្រី​ពុក​រលួយ​ច្រើន​ណាស់​ដែល​អនុញ្ញាត​ឲ្យ​គេ​ចូលតាម​ផ្លូវ​ផ្សេង៕

ប្រែ​សម្រួល​ដោយ មូល គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស