29.3 C
Phnom Penh

កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិនទ្រី​​​ឈប់​សម្រាក​​​អំឡុងពេលបុណ្យ​ភ្ជុំបិណ្ឌ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​​បាន​លើ​ក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ ក្រុមហ៊ុន​ស៊ិនទ្រី ដែល​ជា​ក្រុម​ហ៊ុន​​ប្រមូល​សំរាម​តែ​មួយ​គត់​ក្នុង​រាជ​ធានី​ភ្នំពេញ​ នឹង​មិន​អាច​​ប្រមូ​ល​សំរាម​បាន​ទេ​ ដោយ​​សារ​តែ​​៧៧​ភាគ​រយ​នៃ​កម្មករ​​របស់​​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ឈប់​សម្រាក​រយៈ​ពេល​បី​ថ្ងៃ​។

ប្រជាពលរដ្ឋ​​​រស់​នៅ​រាជធានី​ភ្នំពេញ​ក៏​​ត្រូវ​បាន​ជូន​ដំណឹង​​ដែរថា រយៈ​ពេល​ពីរ​ថ្ងៃ​បន្ថែម​ពី​​លើ​នេះ​ សេវា​ប្រមូល​សំរាម​​ក្នុង​រាជ​ធានី​ភ្នំពេញ​នឹង​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ ពីព្រោះ​​កម្មករ​ប្រមូល​សំរាម​ត្រូវ​ធ្វើ​​ដំណើរ​​ទៅ​​តាម​បណ្ដា​ខេត្ត​ ដើម្បីជួប​ជុំ​គ្រួសារ​​។ សេចក្ដី​ជូន​ដំណឹ​ង​នេះ​មាន​ខ្លឹម​សារ​ថា “ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​​ យើង​សូម​ជូន​ដំណឹង​​ដល់​ប្រជាពល​រដ្ឋ​​ទាំង​អស់​ សូម​មេត្តា​វិច​ខ្ចប់​ និង​រក្សា​ទុក​សំរាម​​របស់​​ខ្លួន​នៅ​ក្នុង​ផ្ទះ​ ហើយ​កុំ​យក​​បោះ​​ចោ​ល​នៅ​តាម​ទី​សាធារណៈ​ ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​​​​​​ដល់​សណ្ដាប់ធ្នាប់​សា​ធា​រណៈ សោភ័ណភាព អនាម័យ និង​បរិស្ថាន​”។​

ការ​អំពាវនាវ​​​ឲ្យ​សាធារណជន​​ចូល​រួម​ចំណែក​​នៅ​ក្នុង​កិច្ច​ការ​នេះ​ គឺ​ជា​​សំណើ​សម​ហេតុផល​ក្រោម​​កាលៈ​ទេសៈ​នេះ​ ប៉ុន្តែ​ត្រឹម​​រសៀល​​ថ្ងៃ​ម្សិលមិញ​ មុន​ពេល​ថ្ងៃ​ឈប់​សំរាក​​​​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ បាន​ចាប់​ផ្ដើម​សំរាម​​បាន​​គរ​​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​នៅ​លើ​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ធ្វើ​ឲ្យ​​មាន​​ទិដ្ឋភាព​អាក្រក់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​​ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​ដែរ​។

នៅ​ឯ​ចំណុច​កាច់​ជ្រុង​​​នៃ​ផ្លូវ​លេខ​១៣ និង​​ផ្លូវ​លេខ​១១៤​ អាជីវករ​ម្នាក់​ ដែល​លក់​បង្អែម និង​នំ​ខ្មែរ បាន​សម្លឹង​មើល​​គំនរ​សំរាម​​នៅ​​ចំ​កណ្ដាល​​នៃ​ចំណុច​​ផ្លូវ​ប្រសព្វ ពេល​គាត់​​​ដើរ​​ទៅ​ជិត​​​អតិថិជន​របស់​គាត់​។

យុវជន​​ ឃៀន សាពូន​ អាយុ​២៤​ឆ្នាំ​ ដែល​​ជា​អាជីវករ​លក់​ដូរ​​បាន​និយាយ​ថា “វានឹង​ធុំ​ក្លិន​​ស្អុយ​ខ្លាំង​អំឡុង​រយៈពេល​បី​ថ្ងៃ​នេះ​ ហើយ​សំរាម​ទាំង​អស់​នេះ​នឹង​ជះ​ផល​ប៉ះ​ពាល់​ដល់​អាហារ​ និង​​អតិថិជន​របស់​​ខ្ញុំ​។ ប៉ុន្តែ​វា​ជា​ស្ថាន​ភាព​ពិបាក​ ពីព្រោះ​កម្មករ​ប្រមូល​សំរាម​​ក៏​គួរ​តែ​អាច​ទៅ​ស្រុក​កំណើត​ ដើម្បី ចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែរ”។

សេចក្ដីប្រកាស​សុំឲ្យ​មាន​ការ​​យោគយល់​​​នេះ​ត្រូវ​បាន​​ចែ​ក​រំលែ​ក​ដល់​អាជីវករ​​ផ្សេងៗ​ទៀត​នៅ​ក្នុង​រាជធានីភ្នំពេញ​។ អ្នក​ស្រី​ សោម​ ឡាង អាយុ​៤២​ឆ្នាំ​​បាន​​បើក​អាហារ​ដ្ឋាន​​លក់​អាហារ​សមុទ្រ​របស់​​គាត់​​នៅ​តាម​ចិញ្ចើ​ម​ផ្លូវ​​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥១​​នៅ​ក្បែរ​​​ថង់​សំរាម​ពណ៌​ខ្មៅ​បែក​ធ្លាយ​ដែលមិន​ត្រូវ​បាន​ប្រមូល​​កាល​ពី​មួយ​យប់​មុន​នោះដែល​ជះ​ក្លិន​ស្អុយ​អាក្រក់។

អ្នកស្រីនិយាយ​ថា “យើង​លក់​អាហារ​សមុទ្រ​ ដូច្នេះ​​វា​ធុំក្លិន​អាក្រក់​ណាស់​ ប៉ុន្តែ​មាន​កម្មករ​ [ប្រមូលសំរាម]​ ​​តិចតួច​ណាស់​​នៅ​ចុង​សប្ដាហ៍​នេះ​។ ខ្ញុំ​មិនអាច​ទ្រាំមើល​រហូតដល់​ [អ្នក​ប្រមូល​សម្រាម​] មក​ដល់​ទេ​ ដូច្នេះ​ខ្ញុំ​នឹងប្រមូល​សំរាម​នេះ​​​ទៅ​ចាក់​ចោ​ល​ដោយ​ខ្លួន​ឯង​ ម្យ៉ាង​ទៀត​​ក៏​នឹង​គ្មាន​អតិថិជន​មកដែរ​”។ អ្នក​ស្រី​បាន​បន្ថែម​ថា វា​ជា​ការ​ប្រសើរ​ដែល​កម្មករ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាមួយ​ក្រុម​គ្រួសារ​​របស់​ខ្លួន។​អ្នក​ស្រី​បាន​និយាយ​ថា “ពួកគេ​ក៏​ជាប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែរ”។

លោក សេង ចំរើន ​នាយក​រង​ក្រុម​ហ៊ុន​ស៊ិន​ទ្រី បាន​មាន​ប្រ​សាសន៍​ថា ដោយនៅ​សល់​​កម្ម​ករ​តិច​តួច​ត្រឹម​តែ​៤០០នាក់​ក្នុង​ចំណោម​កម្មករ១.០៥០នាក់​​​នៅ​ធ្វើ​ការ​នៅ​ចុង​សប្តាហ៍​នេះ សេវា​ប្រមូលសំរាម​​​ពេល​យប់​់នឹងផ្អាកជា​បណ្តោះ​អាសន្ន​​ ហើយ​បុគ្គ​លិក​ដែល​នៅ​សេស​សល់​នឹង​ត្រូវ​​បញ្ជូន​ឲ្យ​ទៅ​​ប្រមូល​សំរាម​តាម​ផ្លូវ​នៅ​ពេល​ថ្ងៃ។ លោក​បាន​​មាន​ប្រសាសន៍​ថា “យើង​​ឲ្យ​ថ្លៃ​ឈ្នួលដល់បុគ្គលិកដែល​នៅ​ធ្វើការចន្លោះ​ពី​១៥.០០០​រៀល​ទៅ​២០.០០០​​រៀល​បន្ថែម​ទៀត​ដែលមាន​ចំនួន​ទ្វេ​ដង​​នៃ​ប្រាក់​កម្លាំង​ប្រចាំ​ថ្ងៃ​របស់​ពួកគេ”។

ប៉ុន្តែ​​ប្រាក់លើកទឹកចិត្ត​បន្ថែម​នេះ​​​មិន​គ្រប់គ្រាន់​​នឹង​​​អាច​រារាំង​កម្ម​ករ​មិន​​ត្រ​ឡប់​ទៅ​ស្រុក​កំណើត​បាន​ទេ។ លោក អឹម អន អ្នកបើក​បរ​​រថ​យន្ត​ប្រមូល​សំរាមវ័យ​៣១​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម ​បាន​និយា​ថា “ខ្ញុំ​នឹង​ទៅ​ស្រុក​ [នៅ​ថ្ងៃ​នេះ] ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្ញុ​ំអំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទោះបី​ជា​ក្រុមហ៊ុន​​ផ្ដល​់​ប្រាក់​ឈ្នួលទ្វេដង​ដល់​​ខ្ញុ​ំ​ក៏ដោយ​ ក៏​ខ្ញុំ​នៅ​តែ​ត្រូវ​ទៅ​ដដែល​”។

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​ និង​អាជីវករនានា​ត្រូវ​បាន​ជូន​ដំណឹង​​អំពី​ស្ថានភាព​នេះ​ ហើយ​គួរ​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​ស្អាត។​ លោក​​​​​មាន​ប្រសាសន៍ថា “កម្មករ​​ក្រុម​​​ហ៊ុន​ស៊ិន​ទ្រី​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​​​ដែរ​ ដូច្នេះ​ពួក​គេ​មាន​សិទ្ធិ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​​ ដើម្បី​ចូលរួម​ក្នុង​ពីធី​បុណ្យ​ភ្ជុំបិណ្ឌ​”៕

ប្រែសម្រួលដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស