37 C
Phnom Penh

សាក​សព​ស្ត្រី​ជន​ជាតិ​​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​​កោះ​រ៉ុង​​ក្នុង​ខេត្ត​ព្រះ​សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាកសព​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​រក​ឃើញ​​​នៅ​ក្នុង​ព្រៃ​​លើ​កោះ​រ៉ុង​​​ក្នុង​ខេត្ត​ព្រះសីហនុ​ ជាង​​មួយ​សប្ដាហ៍​បន្ទាប់​ពី​ស្ត្រី​​រងគ្រោះ​បាន​បាត់​ខ្លួន​​ក្រោយ​ពេល​​ចូល​ស្នាក​់​នៅ​​ក្នុង​ផ្ទះ​សំណាក់​មួយនៅ​ទីនោះ​។

នគរបាល​បានលើក​ឡើង​ថា ខ្លួន​នៅ​មិន​ទាន់​សម្រេច​ថា ការ​ស្លាប់​នេះ​ជា​រឿង​​ឃាត​កម្ម​នៅ​ឡើយ​ទេ​​​។ លោក​​ កង​ រិទ្ធី នាយ​ប៉ុស្ដិ៍​សង្កាត់​កោះ​រ៉ុង លើក​ឡើង​​ថា ស្ត្រី​អាយុ​៥៥​ឆ្នាំ​រូប​នេះ​​បាន​ចូល​ស្នាក់​នៅ​​ផ្ទះ​សំណាក់​មួយ​ឈ្មោះ​​ថា Island Palace Bungalows ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ប៉ុន្តែ​​មិ​ន​បាន​វិល​ត្រឡប់​មក​ផ្ទះ​សំណាក់​វិញ​ឡើយ​ បន្ទាប់​ពីទុក​ដាក់​វ៉ាលិស​​របស់​ខ្លួន​​រួច​។

លោក​ រិទ្ធី បានបន្ត​​ថា “អ្នក​ស្រី​​​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ​​តែ​ម្នាក់​ឯង​ បន្ទាប់​ពី​បាន​ដើរ​ទៅ​កាន់​ភ្នំ​នៅ​ខាង​ក្រោយ​ផ្ទះ​សំណាក់​ Island Palace Bungalows” ។ លោក​បាន​បន្ថែម​ថា “អ្នក​ស្រី​គឺ​ជា​ភ្ញៀវ​ទេសចរ​ម្នាក់​ ដែល​​បាន​ធ្វើ​ដំណើរ​​មក​ពី​ខេត្ត​សៀម​រាប ហើយ​បាន​​មក​លេង​នៅ​កោះ​រ៉ុង​នេះ​។ អ្នក​ស្រី​បាន​កក់​បន្ទប់​មួយ​​ ដើម្បី​សម្រាក​​រយៈ​ពេល​​ប្រាំ​យប់​ ប៉ុន្តែ​​​អ្នក​ស្រី​បាន​ត្រឹម​តែ​​ដាក់​​វ៉ាលិស​​របស់​ខ្លួន​​ចូល​​ក្នុង​បន្ទប់​នោះ​ប៉ុណ្ណោះ​។ អ្នក​ស្រី​បាន​ប្រាប់​​បុគ្គលិក​​ផ្ទះ​សំណាក់​ថា គាត់​​នឹង​ត្រឡប់​មក​វិញ​បន្ទាប់​​ពី​​​ត្រឡប់​មកពី​​ដើរលេង​វិញ​ ហើយ​បន្ទាប់​មក​​អ្នក​ស្រី​បាន​ដើរ​តែ​ម្នាក់​ឯង​​ទៅ​ក្នុង​ព្រៃ​”។

បុគ្គលិក​ផ្ទះ​សំណាក់​បាន​ចាប់​ផ្ដើម​​ស្វែង​រក​​ស្ត្រី​រូប​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​មាន​ភ្ញៀវ​ទេសចរ​ផ្សេងៗ​ទៀត​បាន​ជួយ​រក​ផង​ដែរ​។ លោក រិទ្ធី បាន​លើក​ឡើង​ថា “ពួក​គេ​បាន​​ដើរ​ស្វែង​រក​អស់​ជា​ច្រើន​ម៉ោង​ ហើយ​​បន្ទាប់​ពី​​​ដើរ​ស្វែងរក​​​បាន​ប្រហែល​បួន​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​សំណាក់​​ ពួក​គេ​​បាន​រក​ឃើញ​សាក​​សព​ ដែល​ស្អុយ​រលួយ​ទៅ​ហើយ​​នៅ​ក្នុង​ព្រៃ​​ក្នុង​តំបន់​មួយ​ដែល​​មាន​ពស់​ជា​ច្រើន​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ យើង​​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ម៉ោង​ ដើម្បី​ស៊ើប​អង្កេត​ថា តើ​​ហេតុ​​អ្វី​បាន​ជា​គាត់​ស្លាប់​​ ពីព្រោះ​សាកសព​​បាន​​ស្អុយ​រលួយ​ទៅ​ហើយ​”។ លោក​ រិទ្ធី​ បានលើក​ឡើង​ថា នគរបាល​ជឿ​ជាក់​ថា ស្ត្រី​រូប​នេះ​ប្រហែល​ជា​ខ្យល់​គរ​ ឬ​ក៏​ត្រូវ​ពស់​ចឹក​ស្លាប់។

នៅ​ក្នុង​អ៊ីម៉េល​មួយ​ លោក​ សា៊ន​ ម៉ាកគីន​តុស (Sean McIntosh) បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​​ឲ្យ​បាន​ហ្មត់​ចត់​ចំពោះ​​ការ​ស្លាប់​​របស់​ស្ត្រី​រូប​នេះ​។លោក​បានលើក​ឡើង​ថា “ស្ថាន​ទូត​​សហរដ្ឋ​អាមេរិក​​បា​ន​បញ្ជាក់​ថា សាក​​សព​ពលរដ្ឋ​អាមេរិក​​រូប​នេះ​​ត្រូវ​បាន​​រក​ឃើញ​​នៅ​​លើ​កោះ​រ៉ុង​។ យើង​សូម​ស្នើ​ឲ្យ​​អាជ្ញាធរ​កម្ពុជា​​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​​លើ​ហេតុ​ការណ៍​ជុំ​វិញ​នៃ​ការ​ស្លាប់​នេះ​​”។ លោក​ តាក់ វន្ថា ស្នង​ការ​នគរបាល​​ខេត្ត​ព្រះ​សីហនុ​បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​៕

(រាយការណ៍​បន្ថែម​ដោយ Lauren Crothers)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស