38 C
Phnom Penh

ក្រឡា​បញ្ជី​ម្នាក់​ផ្សេង​ទៀត​​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​ប្រព្រឹត្តអំពើ​ពុក​រលួយ​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​និង​​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​លើក​ឡើង​ថា ក្រឡា​បញ្ជី​ម្នាក់​​នៅ​សាលា​ដំបូង​​​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​​ពាក់​ព័ន្ធ​នឹង​ការ​សង្ស័យ​​ពីបទ​​​ប្រព្រឹត្តអំពើ​ពុក​រលួយ​ និង​​ទទួល​​ប្រាក់​សំណូក​ ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ក្រឡា​បញ្ជី​តែ​មួយ​ផ្នែក​នោះ​មិន​អាច​សម្រេច​សំណុំ​រឿង​​តុលាការ​​បាន​ទេ​ ហេតុ​​ដូច្នេះ​​​ចាំ​បាច់​ត្រូវ​តែ​​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​​លើ​​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​​មន្ត្រី​តុលា​ការ​​ថ្នាក់​លើ​​។

លោក​ ចាន់​ កុសល​ ស្នង​ការរង​​​នគរបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​បាន​មាន​​ប្រសាសន៍​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ការ​ជាមួយ​នគរបាល​មូល​ដ្ឋាន​ ដើម្បី​ចាប់​ខ្លួន​​លោក​​ សួង​ សុខ​ហេង អាយុ​២០​ឆ្នាំ​ ដែល​ជា​​ក្រឡា​បញ្ជី​ផ្ទាល់​​របស់​លោក​ ផាន វណ្ណរ័ត្ន​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​។ លោក​​ ចាន់​ កុសល បាន​លើក​ឡើង​ថា លោក​ សុខ ហេង​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ហើយ​បន្ទាប់​មក​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​គាត់​​មក​រាជធានី​ភ្នំពេញ​ ដើម្បី​សាក​សួរ​កាល​ពី​ម្សិលមិញ​”។

លោក​​ស្នង​ការ​រង​នគរបាល​ ចាន់​ កុសល​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​​ចោទ​ប្រកាន់​លោក​ សុខ​ ហេង ឲ្យ​បាន​ជាក់​លាក់​នោះ​ឡើយ​ ប៉ុន្តែ​លោក​បាន​​មាន​​ប្រសាសន៍​ថា ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​ប្រាក់​សំណូក​ពី​ជន​ដែល​​គេ​សង្ស័យ​ថា បាន​រក​ស៊ី​ឈើ​គ្រញូង​​ដោយ​ខុស​ច្បាប់​។
លោក​​បាន​មាន​ប្រសាសន៍ថា “ មនុស្ស​ជា​ច្រើន​​បាន​និយាយ​រិះគន់​គាត់​​ ​ថា គាត់​បាន​ដោះ​លែង​​ជន​ល្មើស បន្ទាប់​ពី​ទទួល​ប្រាក់​សំណូក​​រួច​”។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួ​យ​មួយ​រូប​ដែល​​និយាយ​ក្នុង​លក្ខខណ្ឌ​​អនាមិក​​បាន​បញ្ជាក់ថា លោក​ សុខ ហេង​ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​រាជធានីភ្នំពេញ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ដើម្បី​សាក​សួរ​នៅ​ព្រឹក​នេះ​។ ទាំង​លោក​​ វណ្ណរ័ត្ន និងលោក​ អាំង មៀល​តី មិន​អាច​​​ទាក់​ទង​សុំ​ការពន្យល់​បាន​ឡើយ​។

លោក​ ចាន់ សុវេ៉ត​ អនុ​ប្រធាន​​​ផ្នែក​ឃ្លាំ​មើល​​នៅ​អង្គការ​អាដ​​ហុក​បានមាន​ប្រសា​សន៍​ថា ចាំ​បាច់​​ត្រូវ​តែ​មាន​​ការ​ខិត​ខំបន្ថែម​​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​ប្រព្រឹត្តអំពើ​​ពុក​រលួយ​នៅ​ក្នុង​ចំណោម​​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​​ជួរ​រដ្ឋាភិបាល​ និង​​​នៅ​តុលាការ​។ លោក​បាន​លើ​កឡើង​ថា “យើង​ស្វាគមន៍​​ចំពោះ​ការ​​ចាប់​ខ្លួន​ក្រឡា​បញ្ជី​​​ខេត្ត​​ ប៉ុន្តែ​​ខ្ញុំ​សូម​​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ចាត់​វិធាន​ការ​បន្ថែម​​ ពីព្រោះ​មន្ត្រី​ជា​ច្រើន​​បាន​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​”។

លោ​ក ព្រាប​ កុល​ នាយក​ប្រតិបត្តិ​​នៅ​អង្គការ​តម្លា​ភាព​កម្ពុជា​បាន​លើក​ឡើង​ថា ក្រឡា​បញ្ជី​​តែង​តែ​ជា​អ្នក​ប្រព្រឹត្តអំពើ​ពុក​រលួយ​នៅ​ក្នុង​តុលាការ​។
លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ក្រឡា​បញ្ជី​តែ​មួយ​ផ្នែក​​នោះ​មិន​អាច​ធ្វើ​ការ​​ដោះ​ស្រាយ​ ឬ​ក៏​សម្រេច​រឿង​ក្ដី​បាន​ឡើយ​”។ លោក​​បាន​បន្ត​ថា “ ហេតុ​ដូច្នេះ​​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​​ធ្វើ​ការ​ស៊ើប​អង្កេត​​បន្ថែម​ទៀត​ ដោយ​​យក​ក្រឡា​បញ្ជី​ធ្វើ​ជា​សាក្សី​”។

កាល​ពី​ខែ​កក្កដា​ តុលាការ​កំពូល​​​បាន​បដិសេធ​ការ​សុំ​នៅ​​ក្រៅ​ឃុំ​​របស់​​ក្រឡា​បញ្ជី​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេចក្ដី​ទុក​ចិត្ត​ដោយ​បាន​​យក​ប្រាក់​២៥០.០០០​ដុល្លារ​ពី​អ្នក​ជំនួញ​ម្នាក់​ ដែល​ចង់​ឲ្យតុលាការ​លើក​លែង​​ការ​​ចោទ​ប្រកាន់​​នោះ​។ ក្រឡា​បញ្ជី​រូប​នេះ​បាន​អះអាង​ថា លុយ​ភាគ​ច្រើន​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោក​ចៅ​ក្រម​ កែ សាខន ដែល​គាត់​ធ្វើ​ការ​ឲ្យ​៕

(រាយការណ៍​បន្ថែម​​ដោយ​ Lauren Crothers)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស