33 C
Phnom Penh

នគរបាល​ឃាត់​ខ្លួនមនុស្ស​បី​នាក់​ពីបទ​លួច​បន្លំ​លុយ​ចំនួន​២,៣​លានដុល្លារ​ពីធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមនគរ​បាល​រាជ​ធានី និង​របាយ​ការណ៍​ស្តី​ពី​ការ​ចាប់​ខ្លួន​បង្ហាញ​ថា អតីត​អ្នក​គ្រប់​គ្រង​ម្នាក់​នៅធនាគារ​កាណាឌីយ៉ា និង​អតីត​បុគ្គលិក​ពីរ​នាក់​ទៀត​នៃ​ធនាគារនេះ​ ត្រូវ​បានចាប់​ខ្លួនកាលពី​ថ្ងៃ​ច័ន្ទ ចំពោះ​ការ​ប្រើ​​ប័ណ្ណ​ឥណទាន​ដើម្បី​លួច​​បន្លំ​យក​លុយ​ចំនួន​២,៣​លាន​ដុល្លារ​ពី​គណនី​​នៅ​ធនាគារ​ ABA និង​ធនាគារ SBC។

ត្រឹម​ល្ងាច​ម្សិល​មិញ​នេះ សាលា​ដំបូងរាជ​ធានី​ភ្នំពេញមិន​ទាន់​បាន​ចោទ​ប្រកាន់​មនុស្ស​ទាំងបី​នាក់​នេះ​ពី​បទ​ល្មើស​ណា​មួយ​ទេ រីឯ​មេធាវី​របស់​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ម្នាក់​បាន​បដិសេធ​ថា កូន​ក្តី​របស់​គាត់​មិនជាប់​ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​នេះទេ។

លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍ថា មន្ត្រី​នគរ​បាល​បាន​ចាប់​ខ្លួន​ឈ្មោះ យ៉េត សុភក្ត្រា អាយុ​៣០​ឆ្នាំ ជា​អតីត​អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​ធនាគារ​កាណាឌីយ៉ា រួមជាមួយ​និង​មិត្ត​ប្រុស​របស់​នាង ឈ្មោះ ស៊ុន សៅនិន អាយុ​៣៣​ឆ្នាំ ក៏​ជា​អតី​ត​បុគ្គលិក​ធនាគារ​នេះ​ផង​ដែរ ពីបទ​លួច​ដក​យក​លុយ​ពី​គណនី​នៅ​ធនាគារ​ ABA និង SBC ហើយ​បន្ទាប់​មក​យក​លុយ​នោះ​ទៅ​ដាក់​នៅ​ធនាគារកាណាឌីយ៉ា។ ជន​សង្ស័យ​ទី​៣ឈ្មោះ ឡេង ស៊ុនទ្រី ត្រូវ​បាន​សាក​សួរ​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី​នេះ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​តែ​ម្តង។ លោក ជួន ណារិន បាន​មាន​ប្រសាសន៍​ថា “​ នគរ​បាល​បាន​ចាប់​ខ្លួនពួក​គេ​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ប្តឹង​ចោទពួក​គេ​ពីបទ​លួច​លុយ​ប្រហែល​២,៣​លាន​ដុល្លារ​”។

លោក មាស​ ច័ន្ទ​ពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​អមសាលា​ដំបូង​បាន​មាន​ប្រសាសន៍​ថា កញ្ញា សុភក្ត្រា និង​លោក សៅនិន ត្រូវ​បាន​ចាប់​​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ ហើយ​នាំ​​មក​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិល​មិញ ប៉ុន្តែ មិនទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ។ លោក ច័ន្ទ​ពិសិដ្ឋ បានមានប្រ​សាសន៍​ថា “ ខ្ញុំ​មិនទាន់​បាន​ចោទ​ប្រកាន់​ពួក​គេ​ទេ ពី​ព្រោះ​ខ្ញុំសាក​សួរ​ពួក​គេ​មិនទាន់​ចប់​ ហើយ​នឹងបន្ត​សាក​សួរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទៀត”។

យោង​តាម​របាយការណ៍​នគរ​បាល​បង្ហាញ​ថា ដើមបណ្តឹង​ឈ្មោះ ជួង អឹុងហេង បាន​រាយការណ៍​ប្រាប់​នគរ​បាល​ថា កញ្ញា សុភក្ត្រា បាន​យក​លុយ​ចំនួន​២,៣​លាន​ដុល្លារ​ដាក់​បញ្ចូល​ទៅ​ក្នុង​គណនី​នៅ​ធនាគារ​កាណា​ឌីយ៉ាចាប់​តាំង​ពី​គាត់​ឈប់​ធ្វើ​ការ​ឲ្យ​ធនាគារ​នេះ​ កាល​ពី​ខែ​មីនា។ របាយ​ការណ៍​នគរ​បាល​បង្ហាញ​ថា កញ្ញា សុភក្ត្រា និង​គូកន​របស់​នាង​​បាន​លួច​​បន្លំ​ប្រើ​ប័ណ្ណ​ឥណ​ទានចំនួន​ប្រាំ ដើម្បី​ដក​យក​លុយ​ពី​ម៉ាស៊ីនអេធីអឹម របស់​ធនាគារ​ ABA និង​ធនាគារ SBC មុនពេល​យក​លុយ​នោះ​ទៅ​ដាក់​ចូលក្នុង​គណនី​ដែល​គាត់​បាន​បង្កើត​នៅ​ធនាគារ​កាណាឌីយ៉ា។

មេធាវី​របស់​ កញ្ញា សុភក្ត្រា និង​លោក សៅនិន មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាលពីម្សិលមិញ។ លោក​ស្រី ម៉េង សុភារី មេធាវី​របស់​លោក ស៊ុនទ្រី បាន​និយាយ​ថា កូន​ក្តី​របស់​លោក​ស្រី​មិន​ជាប់​ពាក់​ព័ន្ធ​នឹងគម្រោង​លួច​បន្លំ​លុយ​នេះ​​ទេ​។ លោក​ស្រី​បាននិយាយ​ថា “កូនក្តី​ខ្ញុំ​មិន​បាន​រួម​គំនិត​​ជាមួយ​អ្នកទាំង​ពីរ​នាក់​នេះ​ទេ”៕

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស